កូរ៉ុម

ពីវិគីភីឌា
Jump to navigation Jump to search

កូរ៉ុម គឺជា​ចំនួន​អ្នកចូលរួម​ជា​ចាំបាច់​អប្បបរមា​(​តិច​បំផុត​) ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត ឬ​សកម្មភាព ផ្សេងៗ​ទៀត​របស់​ស្ថាប័ន ឬ​អង្គការ​មួយ​មាន​សុពលភាព​។ ជាទូទៅ កូរ៉ុម​តែង​ត្រូវបាន​កំណត់ថា​មាន​ចំនួន​ភាគ ច្រើន​ដាច់ខាត​(​ពាក់កណ្តាល​បូក​មួយ​) នៃ​ចំនួន​សមាជិក​រប​ស់​ស្ថាប័ន ឬ​អង្គការ​ណាមួយ ក៏ប៉ុន្តែ​ជួនកាល​គេ​អាច កំណត់​តិចជាង ឬ​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត​ក៏​អាច​បាន​។ ហេតុផល​ខ្លះ ដែល​តំរូវ​ឱ្យគេ​កំណត់​ចំនួន​កូរ៉ុម​តិច ជាង​ចំនួន​ភាគច្រើន​ដាច់ខាត គឺ​ដោយសារ​គេ​យល់ថា​កំរិត​នៃ​ប្រជាធិបតេយ្យ​ត្រូវបាន​ស្ថាបនា​ល្អ​ហើយ ហើយ​ការ កំណត់​ចំនួន​តិច​បែបនេះ គឺ​ដើម្បី​ធានា​ឱ្យ​ស្ថាប័ន ឬ​អង្គការ​ណាមួយ​នោះ​ប្រតិបត្តិការ​ទៅបាន​ងាយស្រួល​។ ឯការ កំណត់​ចំនួន​កូរ៉ុម​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត ជាធម្មតា​តែង​ត្រូវបាន​គេ​ពន្យល់ថា​ដើម្បី​ធានា​នូវ​ឯកភាព​ខ្ពស់​។ ​ ​ចំនួន​កូរ៉ុម​នៃ​ស្ថាប័ន ឬ​អង្គការ​នានា ត្រូវតែ​មានចែង​ក្នុង​រដ្ឋធម្មនុញ​ឬក៏​ច្បាប់​គោល​ឬក៏​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​ស្ថាប័ន ឬ​អង្គការ​នោះ ។​ ​ ​នៅក្នុង​ប្រតិបត្តិការ​របស់​អង្គការនីតិប្រតិបត្តិ​នៃ​ប្រទេស​មួយចំនួន អ្នកនយោបាយ​តែង​យក​បញ្ហា​កូរ៉ុម​មក រាំងស្ទះ​គ្នា ដោយ​គេ​នាំគ្នា​មិន​ចូលរួម​ប្រជុំ​ដើម្បី​កុំឱ្យ​គ្រប់​កូរ៉ុម​ដែល​ធ្វើឱ្យ​អង្គ​ប្រ​ជូំ​ណាមួយ​នោះ​គ្មាន​សុពលភាព ។ គេ​ធ្វើបែបនេះ​ដើម្បី​ជាការ​ប្រឆាំង​តប​នឹង​ខ្លឹមសារ​នៃ​របៀបវារៈ​ណាមួយ​ដែល​គេ​មិន​ពេញចិត្ត ។ ​ ​រដ្ឋសភា​កម្ពុជា នៅ​គ្រា​ដំបូង​ដែល​បង្កើតឡើង​នា​ឆ្នាំ​១៩៩៣​បានកំណត់​ចំនួន​កូរ៉ុម​ស្មើនឹង​៧​ភាគ​១០​នៃ​ចំនួន សមាជិកសភា​ទាំងមូល​។ ក៏ប៉ុន្តែ ក្នុង​សកម្មភាព​ជាប្រចាំ​របស់​ខ្លួន អវត្តមាន​របស់​អ្នកតំណាងរាស្ត្រ​បាន​បង្កើតជា ស្ថានភាព​ខ្វះកូរ៉ុម ជារឿយៗ​ដែល​ធ្វើឱ្យ​សម័យប្រជុំ​ពេលខ្លះ​មិនអាច​ដំណើរការ​ទៅបាន ហេតុនេះហើយ ទើប​រដ្ឋ សភា​កម្ពុជា​នីតិកាល​ទី​៣ បានធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង ដោយ​បន្ថយ​ចំនួន​កូរ៉ុម​មក​នៅត្រឹម​ចំនួន​៥០​បូក​១ សំរាប់​ការប្រជុំ ដែល​តំរូវឱ្យមាន​សំឡេង​៥០​បូក​១​ដើម្បី​អនុម័ត​។ សំរាប់​កម្មវត្ថុ​នៃ​របៀបវារៈ ដែល​ត្រូវការ​សំឡេង ២​ភាគ​៣​ដើម្បី​អនុម័ត ចំនួន​កូរ៉ុម​នៃ​សម័យប្រជុំ​សភាជាតិ​កម្ពុជា​នៅតែ​ត្រូវការ​៧​ភាគ​១០​នៃ​ចំនួន​សមាជិកសភា សរុប​ដដែល​។​ ​ ​នៅក្នុង​ព្រឹទ្ធសភា​កម្ពុជា​ឯណោះ​វិញ នា​កំណើត​ដំបូង​ឆ្នាំ​១៩៩៩ កូរ៉ុម​ត្រូវមាន​៧​ភាគ​១០​នៃ​ចំនួន​សមាជិក សរុប បន្ទាប់មក​បានធ្វើ​វិសោធនកម្ម​មាន​ខ្លឹមសា​ដូចគ្នា​នឹង​រដ្ឋសភា​ដែរ ។

ឯកសារយោង[កែប្រែ]

វចនាធិប្បាយប៉ាកកាខ្មែរ