Jump to content

កេវដ្តសូត្រ

ពីវិគីភីឌា

កេវដ្តសូត្រ ទី១១

[១៤០] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ​ព្រះមានព្រះភាគ​ជា​ម្ចាស់ ​ទ្រង់​គង់​នៅ​ក្នុង​បាវារិកម្ពវ័ន ជិត​ស្រុក​នាលន្ទា ។ គ្រា​នោះ គហបតិបុត្រ ឈ្មោះ​កេវដ្តៈ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​លុះ​ចូល​ទៅ​ដល់​ហើយ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ លុះ​កេវដ្តៈគហបតិបុត្រ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាបបង្គំ​ទូល​សេចក្តី​នេះ​នឹង​ព្រះមានព្រះភាគ​ថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ស្រុក​នាលន្ទា​នេះ ជា​ស្រុក​ស្តុកស្តម្ភ បរិបូណ៌ (​ដោយ​ទ្រព្យ​របស់​ផ្សេងៗ) មាន​ជន​ច្រើន មាន​មនុស្ស​កុះករ មាន​មនុស្ស​ជ្រះថ្លា​ក្រាស់ក្រែល ចំពោះ​ព្រះមានព្រះភាគ​​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ភិក្ខុ​ណា អាច​នឹង​ធ្វើ​ឥទ្ធិបាដិហារ្យ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌ គឺ​កុសលកម្ម១០ សូម​ព្រះមានព្រះភាគ​បង្គាប់​ភិក្ខុ​នោះ ១ រូប (​ឲ្យ​ធ្វើ) ​កាលបើ​យ៉ាង​នេះ អ្នកស្រុក​នាលន្ទា​នេះ ក៏​នឹង​រឹងរឹត​តែ​ជ្រះថ្លា​ឡើង ក្នុង​ព្រះមានព្រះភាគ​។ កាល​កេវដ្តគហបតិបុត្រ ក្រាបបង្គំ​ទូល​យ៉ាង​នេះ​ហើយ ​ព្រះមានព្រះភាគ​​ទ្រង់​ត្រាស់​នឹង​កេវដ្តគហបតិបុត្រ​ថា ​ម្នាល​កេវដ្តៈ តថាគត​មិន​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាង​នេះ​ថា ​ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ទាំងឡាយ​ចូរ​មក​ធ្វើ​បាដិហារ្យ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌ ដល់​ពួក​គ្រហស្ថ អ្នក​ស្លៀកពាក់​ស​ដូច្នេះ​ឡើយ ។ កេវដ្តគហបតិបុត្រ​បាន​ក្រាបបង្គំ​ទូល​សេចក្តី​នេះ​នឹង​ព្រះមានព្រះភាគ​ជា​គម្រប់២ដងទៀត​ថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ខ្ញុំ​ព្រះអង្គ​មិន​បាន​តាំង​ព្រះមានព្រះភាគ​(​ឲ្យ​សំដែង) ទេ ខ្ញុំ​ព្រះអង្គ​គ្រាន់តែ​ក្រាបបង្គំទូល​យ៉ាង​នេះ​ថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ស្រុក​នាលន្ទា​នេះ ជា​ស្រុក​ស្តុកស្តម្ភ បរិបូណ៌ (​ដោយ​ទ្រព្យ​របស់​ផ្សេងៗ) មាន​ជន​ច្រើន មាន​មនុស្ស​កុះករ មាន​មនុស្ស​ជ្រះថ្លា​ក្រាស់ក្រែល ចំពោះ​ព្រះមានព្រះភាគ​​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ភិក្ខុ​ណា អាច​នឹង​ធ្វើ​ឥទ្ធិបាដិហារ្យ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌​បាន​សូម​ព្រះមានព្រះភាគ​បង្គាប់​ភិក្ខុនោះ ១ រូប (​ឲ្យ​ធ្វើ) ​កាលបើ​យ៉ាង​នេះ អ្នកស្រុក​នាលន្ទា​នេះ​នឹង​រឹងរឹត​តែ​ជ្រះថ្លា​ឡើង​ក្នុង​ព្រះមានព្រះភាគ​។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំ​ទូល​នូវ​សេចក្តី​នេះ​ទៀត) ជា​គម្រប់​៣ ដង​ផង ។បេ។

[១៤១] ​ព្រះមានព្រះភាគ​​ទ្រង់​ត្រាស់ថា ​ម្នាល​កេវដ្តៈ បាដិហារ្យ ៣ ​យ៉ាង​នេះ​ដែល​តថាគត ធ្វើ​ឲ្យ​ជាក់ច្បាស់ហើយ ​ដោយ​បញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯងហើយ អាច​នឹង​សំដែង​បាន​បាដិហារ្យ ៣ ​យ៉ាង​តើ​ដូចម្តេច? គឺ​ ឥទ្ធិបាដិហារ្យអាទេសនាបាដិហារ្យអនុសាសនីបាដិហារ្យ ១ ។ ​ម្នាល​កេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ? ម្នាល​កេវដ្តៈ ភិក្ខុ​ក្នុង​សាសនា​នេះ​បាន​នូវ​ឥទ្ធិវិធី គឺ​ ការតាក់តែង​ឫទ្ធិ​បាន​ជាច្រើន​ប្រការ ​មនុស្ស​ម្នាក់ ​ឲ្យ​ទៅ​ជា​ច្រើន​នាក់​ក៏​បាន​​មនុស្ស​ច្រើន​នាក់ ​ឲ្យ​ទៅ​ជា​ម្នាក់ក៏​បាន​ដើរ​ទៅ​មិន​ជាប់ជំពាក់​នឹង​ទីវាល ទី​ខាងក្រៅ ទី​ខាង​ក្រៅ​ជញ្ជាំង ទី​ខាងក្រៅ​កំពែង ​និង​ទី​ខាងក្រៅ​ភ្នំ ដូច​ជា​ដើរ​ទៅ ក្នុង​អាកាស​ក៏​បាន​ងើបឡើង​ទាំង​មុជ​ចុះ​ក្នុង​ផែនដី ដូច​ជា​ងើប​មុជ ក្នុង​ទឹក​ក៏​បាន​ដើរ​ទៅ​ក្នុង​ទឹក ក៏​មិន​បែកធ្លាយ​ទឹក ដូចជា​ដើរលើ​ផែនដី​ក៏​បាន​ទៅក្នុង​អាកាស​ទាំងភ្នែន ដូច​ជា​សកុណជាតិ ​ដែល​មាន​ស្លាប​ក៏​បាន​យក​ដៃ​ទៅ​ស្ទាបអង្អែល ចាប់ពាល់​នូវ​ព្រះ​ចន្ទ្រ ​និង​ព្រះ​អាទិត្យ​ទាំង​នេះ ​ដែល​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះក៏​បាន​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ​ដោយ​កាយ ដរាប​ដល់​ព្រហ្មលោក​ក៏​បាន​។ កុលបុត្រ​ឯ​ណា​នីមួយ ជា​អ្នក​មាន​សទ្ធា​ជ្រះថ្លា ឃើញ​ភិក្ខុ​នោះ ​ដែល​បាន​នូវ​ឥទ្ធិវិធី​ជាច្រើន​ប្រការ គឺ​មនុស្ស​ម្នាក់ ​ឲ្យ​ទៅ​ជា​ច្រើន​នាក់​ក៏​បាន​​មនុស្ស​ច្រើន​នាក់ ​ឲ្យ​ទៅជាម្នាក់ក៏​បាន​ដើរ​ទៅ​មិន​ជាប់​ជំពាក់​នឹង​ទី​វាល ទី​ខាងក្រៅ ទី​ខាងក្រៅ​ជញ្ជាំង ទី​ខាងក្រៅ​កំពែង ​និង​ខាងក្រៅ​ភ្នំ ដូច​ជា​ដើរទៅ​ក្នុង​អាកាស​ក៏​បាន​ងើប​ឡើង​ទាំង​មុជចុះ​ក្នុង​ផែនដី ហាក់​ដូច​ជា​ងើប​មុជ​ក្នុង​ទឹក​ក៏​បាន​ដើរ​ទៅ​ក្នុង​ទឹក ក៏​មិន​បែកធ្លាយ​ទឹក​ហាក់​ដូច​ជា​ដើរលើផែនដីក៏​បាន​ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន ដូច​ជា​សកុណជាតិ ​ដែល​មាន​ស្លាប​ក៏​បាន​យក​ដៃ​ទៅ​ស្ទាបអង្អែល ចាប់​ពាល់​នូវ​ព្រះចន្ទ្រ ​និង​ព្រះអាទិត្យទាំង​នេះ​ដែល​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះក៏​បាន​ធ្វើអំណាច​ឲ្យ​ប្រព្រឹត្តទៅ ​ដោយ​កាយ ដរាប​ដល់​ព្រហ្ម​លោក​ក៏​បាន​។ កុលបុត្រ​ដែល​មានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់​នូវ​ដំណើរ​ភិក្ខុនោះ ដល់​អ្នកដទៃ ​ដែល​មិនទាន់មានសទ្ធា មិនទាន់មាន​សេចក្តី​ជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជា​អស្ចារ្យ​ពេកណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមាន​បាន​ភាវៈ​នៃ​សមណៈ ជាអ្នក​មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំ​បាន​ឃើញភិក្ខុឯណោះ​ដែល​បាន​នូវ​ឥទ្ធិវិធី​ជាច្រើនប្រការគឺ ធ្វើ​មនុស្ស​ម្នាក់ ​ឲ្យ​ទៅជាច្រើន​នាក់​ក៏​បាន​​មនុស្ស​ច្រើននាក់ ​ឲ្យ​ទៅ​ជា​ម្នាក់វិញ​ក៏​បាន​។បេ។ ធ្វើអំណាច​ឲ្យ​ប្រព្រឹត្តទៅ ​ដោយ​កាយ ដរាបដល់ព្រហ្មលោក​ក៏​បាន​។ ជន​ដែល​មិនទាន់មានសទ្ធាមិនទាន់មាន​សេចក្តី​ជ្រះថ្លា គប្បីនិយាយប្រាប់​ដំណើរ​ភិក្ខុ​នោះ ទៅ​នឹង​កុលបុត្រ ​ដែល​មានសទ្ធាជ្រះថ្លានោះ ​យ៉ាង​នេះថា​ម្នាល​អ្នកដ៏​ចម្រើន​មាន​វិជ្ជាមួយ​យ៉ាង​ឈ្មោះគន្ធារិគឺវិជ្ជា​ដែល​ឫសី​ឈ្មោះគន្ធារៈតាក់តែងទុកមក ភិក្ខុនោះ ​បាន​នូវ​ឥទ្ធិវិធី​ជាច្រើនប្រការ ​ដោយ​វិជ្ជានោះ ។បេ។ ធ្វើអំណាច ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ ដរាបដល់ព្រហ្មលោកក៏​បាន​។ ​ម្នាល​កេវដ្តៈ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច ជន​ដែល​មិន​ទាន់​មានសទ្ធា មិនទាន់មាន​សេចក្តី​ជ្រះថ្លានោះ ​នឹង​គប្បី​និយាយ​ពាក្យ​យ៉ាង​នេះ ទៅ​នឹង​កុលបុត្រ ​ដែល​មានសទ្ធាជ្រះថ្លានោះដែរឬ ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ជននោះ​គប្បីនិយាយដែរ ។ ​ព្រះមានព្រះភាគ​​ទ្រង់​ត្រាស់ថា ​ម្នាល​កេវដ្តៈ តថាគត ពិចារណាឃើញច្បាស់​​នូវ​ទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើប​នឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ។

[១៤២] ​ម្នាល​កេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើ​ដូចម្តេច ?​ ម្នាល​កេវដ្តៈ ភិក្ខុ​ក្នុង​សាសនានេះទាយ​នូវ​ចិត្តខ្លះ ទាយ​នូវ​ចេតសិកខ្លះ [អដ្ឋកថា លោកសំដៅយកសោមនស្ស​ចេតសិក​និង​ទោមនស្សចេតសិក។ ] ទាយ​នូវ​ការត្រិះរិះខ្លះ ទាយ​នូវ​ការពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នក​យ៉ាង​នេះខ្លះ មនោរបស់អ្នក​មានប្រការ​ដូច្នេះខ្លះចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រឯណានីមួយ​ដែល​មានសទ្ធាជ្រះថ្លាឃើញ​ភិក្ខុ​នោះ ​ដែល​ទាយ​នូវ​ចិត្តខ្លះ ទាយ​នូវ​ចេតសិកខ្លះ ទាយ​នូវ​ការត្រិះរិះខ្លះ ទាយ​នូវ​ការ​ពិចារ​ណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នក​យ៉ាង​នេះខ្លះ មនោ​របស់​អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រ​ដែល​មានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់​នូវ​ដំណើរ​ភិក្ខុនោះ ដល់​ជនដទៃ ​ដែល​ជាអ្នក​មិនទាន់មាន​សទ្ធា មិនទាន់​មាន​សេចក្តី​ជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជា​អស្ចារ្យ​ណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរ​ជា​មាន​បាន​ភាវៈ​នៃ​សមណៈ ជាអ្នក​មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំ​បាន​ឃើញ​ភិក្ខុ​ឯណោះ​ដែល​ទាយ​នូវ​ចិត្តខ្លះ ទាយ​នូវ​ចេតសិកខ្លះ ទាយ​នូវ​ការត្រិះរិះខ្លះ ទាយ​នូវ​ការ​ពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នក​យ៉ាង​នេះខ្លះ មនោ​របស់​អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ជន​ដែល​មិនទាន់មានសទ្ធាមិនទាន់​ជ្រះថ្លានោះ គប្បីនិយាយប្រាប់​ដំណើរ​ភិក្ខុ​នោះ ទៅ​នឹង​កុលបុត្រ ​ដែល​មាន​សទ្ធា​ជ្រះថ្លានោះ ​យ៉ាង​នេះថា ​ម្នាល​អ្នកដ៏​ចម្រើន​មាន​វិជ្ជាមួយ​យ៉ាង​ឈ្មោះមណិកា [អដ្ឋកថា ប្រាប់ វិជ្ជាឈ្មោះចិន្តាមណី។ ] ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះ​ទាយ​នូវ​ចិត្តខ្លះ ទាយ​នូវ​ចេតសិកខ្លះ ទាយ​នូវ​ការត្រិះរិះខ្លះ ទាយ​នូវ​ការពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃ ​ដោយ​វិជ្ជានោះថា មនោរបស់អ្នក​យ៉ាង​នេះខ្លះ មនោរបស់អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ​ម្នាល​កេវដ្តៈ អ្នកសំគាល់​នូវ​ហេតុនោះដូចម្តេច ជន​ដែល​មិន​ទាន់​មានសទ្ធា មិនទាន់ជ្រះថ្លា ​នឹង​គប្បី​និយាយ​ពាក្យ​យ៉ាង​នេះ ទៅ​នឹង​កុលបុត្រ ​ដែល​មានសទ្ធា មាន​សេចក្តី​ជ្រះថ្លា​នោះដែរឬ ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ជននោះ​គប្បីនិយាយដែរ ។ ​ម្នាល​កេវដ្តៈ តថាគត កាលពិចារណា​ឃើញ​ច្បាស់ ​នូវ​ទោសក្នុង​អាទេសនាបាដិហារ្យ​នេះឯង ទើប​នឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ ។

[១៤៣] ​ម្នាល​កេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច?​ម្នាល​កេវដ្តៈ ភិក្ខុ​ក្នុង​សាសនានេះ​តែងប្រៀនប្រដៅ​យ៉ាង​នេះថា អ្នក​ទាំងឡាយ​​ចូរត្រិះរិះ​យ៉ាង​នេះចុះ កុំ​ត្រិះរិះ​យ៉ាង​នេះឡើយ អ្នក​ទាំងឡាយ​​ចូរធ្វើទុកក្នុងចិត្ត​យ៉ាង​នេះចុះ កុំធ្វើទុក​ក្នុងចិត្ត​យ៉ាង​នេះឡើយ អ្នកទំាងឡាយ​ចូរលះបង់​នូវ​តម្រេក​​ក្នុងបញ្ចកាមគុណនេះ អ្នក​ទាំងឡាយ​​ចូរដល់​នូវ​លោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ ។ ​ម្នាល​កេវដ្តៈ នេះ​តថាគតហៅថា អនុសាសនីបាដិហារ្យ។

[១៤៤] ​ម្នាល​កេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ។បេ។ (អ្នកប្រាជ្ញគប្បីសំដែង​ឲ្យ​ពិស្តារ ដូចក្នុង​សាមញ្ញផលសូត្រ​ផងចុះ) ។បេ។ ​ម្នាល​កេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ភិក្ខុ​បាន​ដល់​នូវ​ទុតិយជ្ឈាន ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈានហើយសម្រាន្តឥរិយាបថនៅ ។ ​ម្នាល​កេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ញាណទស្សនៈ។ ​ម្នាល​កេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុ​ដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ​ម្នាល​កេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។ ​ម្នាល​កេវដ្តៈ បាដិហារ្យ​ទាំង ៣ ​យ៉ាង​នេះឯង ​ដែល​តថាគតធ្វើ​ឲ្យ​ជាក់ច្បាស់ ​ដោយ​បញ្ញាដ៏ឧត្តម ​ដោយ​ខ្លួនឯង ហើយ​អាច​សំដែង​បាន​។

[១៤៥] ​ម្នាល​កេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា មហាភូតរូបទាំង ៤ នេះគឺ បឋវីធាតុ១អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែន​នៃ​ចិត្តរបស់យោគី​ដែល​តាំង​ខ្ជាប់​ដោយ​សមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង ។ ​ម្នាល​កេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ​ដែល​ឋិត​នៅក្នុង​ឋានចាតុម្មហារាជិកាលុះ​ចូល​ទៅដល់ហើយ ​បាន​សួរ​សេចក្តី​នេះ ​នឹង​ពួកទេវតា​ដែល​ឋិតនៅក្នុងឋានចាតុម្មហារាជិកា​ថា ​ម្នាល​អាវុសោ​ទាំងឡាយ​មហាភូតរូបទាំង ៤ នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ ពួកទេវតា ​ដែល​ឋិតនៅក្នុងឋានចាតុម្មហារាជិកា​បាន​ឆ្លើយតប​សេចក្តី​នេះ ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ យើង​ទាំងឡាយ​នេះឯង មិនដឹងថា មហាភូតរូប​ទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ ​បពិត្រ​ភិក្ខុ តែមានមហារាជ ៤ ​ព្រះអង្គ​ឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​មហារាជទាំង ៤ នោះ គប្បីដឹង​យ៉ាង​នេះថា មហាភូតរូបទាំង ៤ នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា ដូច្នេះ (មិនខាន) ។ ​ម្នាល​កេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជ​ទាំង ​៤ ​ព្រះអង្គ​លុះចូលទៅដល់ហើយ ក៏សួរ​សេចក្តី​នេះ ​នឹង​មហារាជ​ទាំង ៤ ថា ​ម្នាល​អាវុសោ​ទាំងឡាយ​មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះ​សួរ​យ៉ាង​នេះ​ហើយ មហារាជទាំង ៤ ​ព្រះអង្គ​​ឆ្លើយតប​សេចក្តី​នេះ ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ សូម្បី​យើង​ទាំងឡាយ​ក៏មិនដឹង​សេចក្តី​នេះដែរ ។បេ។ ​បពិត្រ​ភិក្ខុ តែមានទេវតា​ទាំងឡាយ​​ដែល​ឋិត​នៅក្នុងឋាន​តាវត្តិង្សឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​ពួកទេវតាទាំងនោះឯង គប្បីដឹង​សេចក្តី​នេះ ។បេ។ ​ម្នាល​កេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ​ដែល​ឋិតនៅក្នុងឋាន​តាវត្តិង្ស លុះចូលទៅដល់ហើយ ក៏​បាន​សួរ​សេចក្តី​នេះ​នឹង​ពួកទេវតា ​ដែល​ឋិតនៅក្នុងឋានតាវត្តិង្សថា ​ម្នាល​អាវុសោ​ទាំងឡាយ​មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ ពួកទេវតា ​ដែល​ឋិត​នៅ​ក្នុង​ឋានតាវត្តិង្ស​ឆ្លើយតប​សេចក្តី​នេះ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ យើង​ទាំងឡាយ​ក៏មិនដឹង​សេចក្តី​នេះដែរ ។បេ។ ​បពិត្រ​ភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈជាធំ​ជាងទេវតា​ទាំងឡាយ​ឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​សក្កទេវរាជនោះឯង គប្បីដឹង​សេចក្តី​យ៉ាង​នេះ ។បេ។ ​ម្នាល​កេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតា​ទាំងឡាយ​លុះចូល​ទៅ​ដល់​ហើយ ក៏សួរ​នូវ​សេចក្តី​នេះ​នឹង​សក្កទេវរាជ ជាធំជាងទេវតា​ទាំងឡាយ​ថា ​ម្នាល​អាវុសោ​មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ ​កាលបើ​ភិក្ខុនោះ​សួរ​យ៉ាង​នេះ​ហើយ សក្កទេវរាជ ជាធំជាងទេវតា​ទាំងឡាយ​​បាន​ឆ្លើយតប​សេចក្តី​នេះ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹង​សេចក្តី​នេះដែរ ។បេ។ ​បពិត្រ​ភិក្ខុ តែមានទេវតា ឈ្មោះ​យាមៈ(ទេវតាឋិតនៅក្នុងឋានយាមៈ) ។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រ​ឈ្មោះតុសិតៈ(ទេវតាឋិតនៅក្នុងឋានតុសិត) ។បេ។ ទេវបុត្រឈ្មោះ​សន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា​ដែល​ឋិតនៅក្នុងឋាននិម្មានរតី) ។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត(ទេវតា ឋិតនៅក្នុងឋាន​បរនិម្មិតវសវត្តី) ។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តីឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​ទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹង​យ៉ាង​នេះថា មហាភូតរូបទាំង ៤ នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន) ។

[១៤៦] ​ម្នាល​កេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះ​វសវត្តីលុះចូលទៅដល់ហើយ ក៏​បាន​សួរ​សេចក្តី​នេះ​នឹង​ទេវបុត្រឈ្មោះ វសវត្តីថា ​ម្នាល​អាវុសោ​មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏​បាន​ឆ្លើយតប​សេចក្តី​នេះ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ ។ ​បពិត្រ​ភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ(ទេវតា ​ដែល​រាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​ពួកទេវតានោះ គប្បីដឹង​សេចក្តី​យ៉ាង​នេះ (មិនខាន) ។បេ។ ​ម្នាល​កេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែន​នៃ​ចិត្ត​របស់​យោគី​ដែល​តាំងខ្ជាប់ ​ដោយ​សមាធិ ផ្លូវជាទីទៅកាន់​ព្រហ្មលោក ក៏កើតប្រាកដឡើង ។

[១៤៧] ​ម្នាល​កេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ​ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏​បាន​សួរ​សេចក្តី​នេះ​នឹង​ទេវតា ​ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្មថា​ម្នាល​អាវុសោ​ទាំងឡាយ​មហាភូតរូប ៤ នេះ ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ ពួកទេវតា ​ដែល​រាប់បញ្ចូលក្នុងពួកព្រហ្ម​បាន​ឆ្លើយតប​សេចក្តី​នេះ ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ យើងក៏មិនដឹង​សេចក្តី​នេះដែរ ។បេ។ ​បពិត្រ​ភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្មគ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើ​បាន​ជាអ្នកឃើញ​ហេតុ​គ្រប់​យ៉ាង​ជាអ្នកធ្វើ​ជនទាំងពួង​ឲ្យ​លុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង [ជាអ្នកចែក​សត្វលោក​ឲ្យ​ទៅជាក្សត្រ ជាព្រាហ្មណ៍ ជា​ដើម​(​ពាក្យ​នេះជា​សេចក្តី​យល់​របស់​ពួក​ព្រហ្មខ្លះៗ) ។ ] សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ​ដែល​ប្រសូតចេញ​មកហើយ​និង​សត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លា​ជាង​យើង​ទាំងឡាយ​មហាព្រហ្មនោះឯង គប្បីដឹង​សេចក្តី​យ៉ាង​នេះថា មហាភូតរូបទាំង ៤ នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន) ។ ភិក្ខុនោះសួរថា ​ម្នាល​អាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា ។ ពួកទេវតានោះ ឆ្លើយតបថា ​បពិត្រ​ភិក្ខុ យើង​ទាំងឡាយ​ក៏មិនដឹងថា ព្រហ្មនៅ​ក្នុងទី​ណា ឬនៅក្នុងទីចំណែក​នៃ​ទិសណាដែរ ​បពិត្រ​ភិក្ខុ ប៉ុន្តែនិមិត្ត​ទាំងឡាយ​តែងប្រាកដ ពន្លឺ​តែង​កើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្ម​នឹង​មានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដ​នៃ​ព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ ។ ​ម្នាល​កេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង ។

[១៤៨] ​ម្នាល​កេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូល​ទៅ​ដល់​ហើយ ​បាន​សួរ​សេចក្តី​នេះ ​នឹង​មហាព្រហ្មនោះថា ​ម្នាល​អាវុសោ មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់​ក្នុង​ទី​ណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយ​តប​សេចក្តី​នេះ​នឹង​ភិក្ខុនោះថា ​បពិត្រ​ភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់​លើ​សត្វ​ឯ​ទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើ​បាន​ជាអ្នកឃើញ​ហេតុ​គ្រប់​យ៉ាង​ជាអ្នកធ្វើ​ជន​ទាំង​ពួង ​ឲ្យ​លុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែង​លោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតា​របស់​សត្វ ​ដែល​ប្រសូត​មកហើយ ​និង​សត្វនៅក្នុងផ្ទៃ។ ​ម្នាល​កេវដ្តៈ ភិក្ខុនោះ ​បាន​សួរ​នូវ​សេចក្តី​នេះ ​នឹង​មហាព្រហ្មនោះ ជា​គម្រប់​២ដងទៀតថា​ម្នាល​អាវុសោ អាត្មាមិនមែនសួរ​អ្នក​យ៉ាង​នេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាច​គ្រប​សង្កត់​លើ​បាន​ជាអ្នកឃើញ​ហេតុ​គ្រប់​យ៉ាង​ជាអ្នកធ្វើ​ជនទាំងពួង​ឲ្យ​លុះក្នុង​អំណាច​របស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាង​សត្វ​ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ​ដែល​ប្រសូតចេញ​មកហើយ ​និង​សត្វនៅក្នុងផ្ទៃ ដូច្នេះទេ ​ម្នាល​អាវុសោ ឯអាត្មាសួរអ្នក​យ៉ាង​នេះថា ​ម្នាល​អាវុសោ មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ ។ ​ម្នាល​កេវដ្តៈ មហាព្រហ្មនោះ ​បាន​ឆ្លើយតប​សេចក្តី​នេះ​នឹង​ភិក្ខុនោះ ជា​គម្រប់​២ដងទៀតថា ​បពិត្រ​ភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើ​បាន​ជាអ្នក​ឃើញ​ហេតុ​គ្រប់​យ៉ាង​ជាអ្នកធ្វើ​ជនទាំងពួង ​ឲ្យ​លុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈ​ក្នុង​លោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង​សត្វ​លោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ​ដែល​ប្រសូតចេញ​មកហើយ​និង​សត្វ​នៅ​ក្នុង​ផ្ទៃ ។ ​ម្នាល​កេវដ្តៈ ភិក្ខុនោះ ​បាន​សួរ​នូវ​សេចក្តី​នេះ ​នឹង​មហាព្រហ្ម ជា​គម្រប់​៣ ដងទៀតថា ​ម្នាល​អាវុសោ អាត្មាមិនមែនសួរអ្នក​យ៉ាង​នេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើ​បាន​ជាអ្នក​ឃើញ​ហេតុ​គ្រប់​យ៉ាង​ជាអ្នកធ្វើ​ជនទាំងពួង ​ឲ្យ​លុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជា​អ្នក​ស្ទាត់ជំនាញ ជាបិតា​នៃ​សត្វ ​ដែល​ប្រសូតចេញ​មកហើយ​និង​សត្វនៅក្នុងផ្ទៃ ដូច្នេះ​ទេ ​ម្នាល​អាវុសោ ឯអាត្មាសួរអ្នក​យ៉ាង​នេះថា​ម្នាល​អាវុសោ មហាភូតរូបទាំង ៤ នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎ ដូច្នេះទេតើ ។

[១៤៩] ​ម្នាល​កេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់​ដើម​ដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយ​សេចក្តី​នេះ​នឹង​ភិក្ខុ​នោះថា​បពិត្រ​ភិក្ខុ ទេវតា ​ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់​នូវ​ខ្ញុំ​យ៉ាង​នេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើ​ឲ្យ​ច្បាស់​នោះ មិនមាន​ឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះ​មុខ​នៃ​ទេវតាទាំង​នោះ​​បពិត្រ​ភិក្ខុ ខ្ញុំ​សោត ក៏មិនដឹងថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ​បពិត្រ​ភិក្ខុ លោកម្ចាស់​លះបង់​ចោល​ព្រះមានព្រះភាគ​ហើយ ដល់​នូវ​ការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បី​ព្យាករណ៍​នូវ​ប្រស្នានេះ ​ដោយ​អំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយ​បពិត្រ​ភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់​ព្រះមានព្រះភាគ​អង្គនោះ ហើយសួរ​នូវ​ប្រស្នានេះចុះ បើ​ព្រះមានព្រះភាគ​​ទ្រង់​ព្យាករ ដល់លោកម្ចាស់​យ៉ាង​ណា លោកម្ចាស់គប្បីចាំទុក​នូវ​សេចក្តី​នោះ​យ៉ាង​នោះចុះ ។

[១៥០] ​ម្នាល​កេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុង​ទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកម្លាំង លាដៃ​ដែល​បត់ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​លាចេញ ។ ​ម្នាល​កេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំ​តថាគតរួច​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ​ម្នាល​កេវដ្តៈ លុះភិក្ខុនោះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​បាន​សួរ​នូវ​សេចក្តី​នេះ ​នឹង​តថាគតថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ​ម្នាល​កេវដ្តៈ កាលភិក្ខុនោះសួរ​យ៉ាង​នេះហើយ តថាគត ក៏​បាន​សំដែង​សេចក្តី​នេះ ​នឹង​ភិក្ខុ​នោះថា​ម្នាល​ភិក្ខុ រឿងធ្លាប់​មានមកហើយថា មានពួកឈ្មួញសមុទ្រ ​បាន​នាំយកសត្វ​ស្លាប​ដែល​ជាសត្វ​មើលឃើញ​ត្រើយសមុទ្រ ហើយចុះទៅ​កាន់សមុទ្រ​ដោយ​សំពៅពួកឈ្មួញទាំងនោះ ​កាលបើ​សំពៅ​ដែល​បើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សី​ដែល​មើលឃើញ​ត្រើយ​សមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិស​ខាង​កើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិស​ខាង​លើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរ​បាត់​ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេ​ក៏ហើរ​ត្រឡប់​មករកសំពៅនោះវិញ ។ ​ម្នាល​ភិក្ខុ ខ្លួនអ្នក ​បាន​ដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍​នូវ​ប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់​នៃ​តថាគត​វិញដូច្នោះឯង​ម្នាល​ភិក្ខុ ។ ប្រស្នានេះ អ្នកមិនត្រូវ​សួរ​យ៉ាង​នេះថា ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​មហាភូតរូប​ទាំង ​៤ ​នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេស​សល់​ក្នុងទីណាហ្ន៎ ដូច្នេះឡើយ ។ ​ម្នាល​ភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរ​យ៉ាង​នេះថា ។

[១៥១] អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅ​ក្នុងទី​ណា (ឧបាទាយរូប) ​ដែល​មានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អក្តី អាក្រក់ក្តី រលត់​ក្នុងទីណា នាម ​និង​រូបរលត់ ឥតមានសេសសល់ក្នុងទីណា ?

សេចក្តី​ដោះស្រាយ ក្នុងប្រស្នាដូច្នេះ ។

[១៥២] វិញ្ញាណ គឺព្រះនិព្វាន មិនមែនជាទីសម្រាប់ឃើញ (​ដោយ​ចក្ខុ​បាន​) ទេ ជាធម្មជាតគ្មានទីបំផុត មានពន្លឺ (កម្មដ្ឋាន) ​ដោយ​ជុំវិញ ។ អាបោធាតុក្តី បឋវីធាតុ​ក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងព្រះនិព្វាន​នោះ​ឡើយ (ឧបាទាយរូប) ​ដែល​មានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ អាក្រក់ក្តី តែងរលត់ក្នុងព្រះនិព្វាន​នោះ​​ នាម​និង​រូប តែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាន​នោះ​ នាម ​និង​រូបនោះ តែងរលត់​ក្នុងព្រះ​និព្វាន​នោះ​ព្រោះរលត់​ទៅ​នៃ​វិញ្ញាណ ។

ព្រះមានព្រះភាគ​​បាន​សំដែងព្រះសូត្រនេះចប់ហើយ ។ កេវដ្តគហបតិបុត្រ ក៏​មានចិត្តរីករាយ ត្រេកអរ​នឹង​ភាសិត របស់​ព្រះមានព្រះភាគ​។

ចប់ កេវដ្តសូត្រ ទី១១ ។

(ព្រះត្រៃបិដក ភាគ ១៥ ទំព័រទី ២០១​ ដល់​ ២២០ សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ​ ; DN 11 - Kevatta (Kevaddha) Sutta: To Kevatta)