កោះតៅ

ពីវិគីភីឌា
ឆ្នេរខ្សាច់ពីកោះតៅទៅកោះណាងយួន

កោះតៅ (ភាសាថៃៈ เกาะเต่า; ភាសាអង់គ្លេសៈ Koh Tao)​ ជាកោះមួយដែលស្ថិតនៅឈូងសមុទ្រថៃ មានទីតាំងនៅខេត្តសុរ៉ាតថានី (Surat Thani Province) នៃប្រទេសថៃ។ កោះនេះមានរូបរាងស្រដៀងគ្រាប់សណែ្តកគួរ សណ្ឋានដីមានលក្ខណៈជាភ្នំ មានឆ្នេរខ្សាច់ទាំងអស់ចំនួន 11 កន្លែង មានជ្រោយចំនួន 10 កន្លែង មានផ្ទៃក្រឡា 21 គីឡូម៉ែត្រការេ និងមានប្រជាជនចំនួន 1,723 នាក់ មានចំងាយប្រហែល 74 គីឡូម៉ែត្រពីខេត្តឈុមផន (Chumphon Province) និងចំងាយ 110​ គីឡូម៉ែត្រពីខេត្តសុរ៉ាតថានី។ កោះតៅ ជាកោះដែលផ្តុំគ្នារវាងកោះពីរចូលគ្នា គឺកោះតៅ និងកោះណាងយួន (Koh Nang Yuan) មានចំងាយពីគ្នា 480 ម៉ែត្រ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតលាតសន្ធឹងតភ្ជាប់គ្នារវាងកោះទាំងពីរ ដែលជាកន្លែងអ្នកទេសចរណ៍ចូលចិត្តមុជទឹកមើលផ្កាថ្ម។

​ ប្រព័ន្ធគមនាគម[កែប្រែ]

នៅលើកោះតៅមានផ្លូវគោលធំមួយចាក់បេតុងលាតសន្ធឹងតាមបណ្តាយកោះប្រវែងប្រហែល 12 គីឡូម៉ែត្រ និងមានផ្លូវក្រាលគ្រួសក្រហមដែលម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងប្រជាជនរួមគ្នាធ្វើ បែកខ្នែងពីផ្លូវគោលចេញជាច្រើនខែ្ស។ បច្ចុប្បន្នមានសណ្ឋាគារ ផ្ទះសំណាក់ និងរីសតបានបើកដំណើរការនៅលើកោះយ៉ាងច្រើន ជាពិសេសតាមបណ្តោយឆ្នេរខ្សាច់ផ្សេងៗ។

ប្រវត្តិ[កែប្រែ]

ក្នុងឆ្នាំ 1556 កោះតៅ គឺជាគុកសម្រាប់ឃុមឃាំងអ្នកទោសនយោបាយ ដោយសារកោះមួយនេះនៅកណ្តាលឈូងសមុទ្រថៃដាច់ឆ្ងាយពីគេ នៅឆ្ងាយពីច្រាំង និងកោះផ្សេងៗ មានផ្ទៃសមុទ្រធំល្វឹងល្វើយ អាចឃុមអ្នកទោសមិនឱ្យរត់គេចបាន ទើបគេសម្រេចចិត្តនាំយកអ្នកទោសផ្នែកនយោបាយពីកោះតារុតៅ (Koh Tarutao)នៅខាងឈូងសមុទ្រឥណ្ឌាមកឃុមនៅកោះតៅជំនួសវិញ។ អ្នកទោសមួយចំនួនបានធ្លាក់ខ្លួនឈឺ និងស្លាប់នៅពេលដែលត្រូវបានគេឃុំខ្លួននៅកោះនេះ រហូតមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មី ទើបគណៈរដ្ឋមន្រ្តីមានមតិស្នើក្រាបបង្គំទូលព្រះរាជទានទោសដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពនៅថ្ងៃទី 20 តុលា 1944។ ក្រោយមកមានប្រជាជនចាប់ផ្តើមចូលមករស់នៅលើកោះតៅចាប់តាំពីឆ្នាំ 1950 មក ដោយសារជាកោះដែលសំបូរទៅដោយធនធានធម្មជាតិ និងមានទេសភាពស្រស់ត្រកាល ហើយបានអភិវឌ្ឍន៍ជាបន្តបន្ទាប់រហូតក្លាយជាកោះដែលមានឈ្មោះបោះសំលេងទៅលើឆាកអន្តរជាតិ មានអ្នកទេសចរណ៍ជុំវិញពិភពលោកមកកម្សាន្តយ៉ាងច្រើននាពេលបច្ចុប្បន្ន។

 ប្រភពទិន្នន័យផ្សេងៗ[កែប្រែ]

  1. តោះ! ទៅមុជទឹកមើលផ្កាថ្មនៅកោះតៅ Archived 2019-08-05 at the វេយប៊ែខ ម៉ាស៊ីន.
  2. វេបសាយតំបន់ទេសចរណ៍នៅប្រទេសថៃ Archived 2016-03-26 at the វេយប៊ែខ ម៉ាស៊ីន.

ឯកសារយោង[កែប្រែ]

https://en.wikipedia.org/wiki/Ko_Tao

https://th.wikipedia.org/wiki/%E0%B9%80%E0%B8%81%E0%B8%B2%E0%B8%B0%E0%B9%80%E0%B8%95%E0%B9%88%E0%B8%B2