កំណាព្យខ្មែរ
Appearance
កំណាព្យខ្មែរ (បទ ពាក្យ៧)
កំណាព្យខ្មែរ (បទ ពាក្យ៧)'
(១) សិល្បៈខ្មែរមានច្រើនអនេក ទំរង់ប្លែកៗល្អអស្ចារ្យ ពេលនេះសូមតែងជាអក្ខរា កំណាព្យថ្លៃថ្លាស្នាដៃខ្មែរ។ (២) រៀននៅសាលាគ្រូបង្ហាត់ ពន្យល់កាត់ៗបទខ្លះដែរ ប៉ុន្តែកវីខ្មែរពូកែ គួរយើងខំថែស្គាល់អោយច្បាស់។ (៣) កំណាព្យជាកាព្យតែងអោយជួន អាចមានពាក្យផ្ទួននៅក្នុងល្បះ ជួនកាលប្រើព្យាង្គរណ្ដំខ្លះ ក្បួនច្បាប់ចំនាស់ពីបុរាណ។ (៤) ចង់តែងកំណាព្យអោយបានល្អ ព្យាយាមបន្តប្រឹងកុំខាន សិក្សាមេកាព្យខំសូត្រអាន ស្វះស្វែងតាមដានសិល្ប៍វិធី។ (៥) កុំចេះតែតែងខុសក្បួនច្បាប់ វោហាសាសព្ទគ្មានដៅទី ចំនាប់ចុងជួនតួនាទី រិះគិតសំភីទំនុកបទ។ (៦) តាមការស្រាវជ្រាវពីឯកសារ ដែលបានរក្សាមកប្រាកដ គេរកឃើញហាសិបបីបទ មិនទាន់ផ្ទៀងផ្ទាត់បទផ្សេងទៀត។ (៧) ក្រុមគណកម្មាការអប់រំ បានប្រមូលផ្ដុំខំបញ្ជ្រៀត មេបទទាំងឡាយជូនដល់ញាតិ សិស្សនិស្សិតឈ្លាតសូត្រកំសាន្ត។ (៨) កាព្យគិតិមានប្រាំពីរឃ្លា រួមផ្សំចូលគ្នាតាមលំអាន មួយឃ្លាបួនព្យាង្គយ៉ាងចំនាណ ចាប់ឲ្យជួនបានចេញមួយល្បះ។ (៩) ព្រហ្មគីតពំនោលឃ្លោងឃ្លា ភុជុង្គលីលាខុសស្រលះ ចំនួនព្យាង្គក្នុងឃ្លានៃល្បះ បញ្ជាក់យ៉ាងច្បាស់ភាពខុសគ្នា។ (១០) បទពាក្យបីដល់ពាក្យដប់មួយ កវីបោះពួយធ្វើការងារ ជ្រើសព្យាង្គតិចច្រើននៅក្នុងឃ្លា និពន្ធតែងជាស្នាដៃថ្មី។ (១១) ប្រឹងគិតយូរក្លាយជាទំលាប់ ក្បួនច្បាប់មិនងាប់ច្នៃបទថ្មី បទទ្វេមាត្រាខិតខំលកលៃ ស្វាសស្វែងក្រឡៃយកពាក្យជួន។ (១២) ផ្អែកលើបទចាស់ខំរិះគិត បញ្ចេញគំនិតចាប់ចុងចួន ជ្រើសយកបទមេល្អហើយសមសួន បញ្ចេញសំនួនអត្ថរសប្លែក។ (១៣) អត្ថបទកំណាព្យច្រើនប្រភេទ បើយើងសង្កេតចេះបែងចែក កំណាព្យបានចូលរួមគ្រប់ផ្នែក ចំរៀងចង្វាក់រណ្តំចិត្ត។ (១៤) លាបពណ៌ផាត់ម្សៅចេញសោភ័ណ្ឌ លើកថែមមួយជាន់បវរពិត បំរើសោត្តន្រ្ទីអារម្មណ៍មិត្ត អ្នកស្តាប់ជក់ចិត្តសប្យាយក្រៃ។
និពន្ធដោយៈ រដ្ឋា ចាន់ថន ៨ សីហា ២០០៩
'''មេកាព្យកំណាព្យខ្មែរ''' ១ បទមេបួន ២ បទបថ្យាវត្ត ៣ បទកាកគិតិ ៤ បទព្រហ្មគីតិ ៥ បទពំនោល ៦ បទបន្ទោលកាក ៧ បទភុជង្គលីលា ៨ បទពាក្យ៦ ៩ បទពាក្យ៧ ១០ បទពាក្យ៨ ១១ បទពាក្យ៩ ១២ បទពាក្យ១០ ១៣ បទពាក្យ១១ ១៤ បទកខ ១៥ បទនមោ ១៦ បទអក្សរលូន ១៧ អក្សរសង្វាស ១៨ បទកង្កែបលោតកណ្តាលស្រះ ១៩ បទកង្កែបលោតលើគោក ២០ បទកង្កែបលោតស្លាក់ពេជ្រ ២១ បទកង្កែបលោតផ្ទាត់ខ្ចៅ ២២ បទនាគបរិព័ទ្ធ ២៣ បទគៀរក្រវាត់ ២៤ បទនាគរាជប្លែងឫទ្ធ ២៥ បទគោព័ទ្ធស្នឹង ២៦ បទសិង្ហតោលេងកន្ទុយ ២៧ បទរមាំងដើរព្រៃ ២៨ បទផ្កាឈូករីក ២៩ បទក្របចក្រវាឡ ៣០ បទម្ករខ្ជាក់កែវ ៣១ បទឆ័ត្របីជាន់ ៣២ បទរលកយោលយាវ ៣៣ បទរលកខ្ទប់ច្រាំង ៣៤ បទសហរា ៣៥ បទវិវិធមាលី ៣៦ បទពស់លេបកន្ទុយ ៣៧ បទសត្វកាងស្លាប ៣៨ បទថយក្រោយចូលព្រែក ៣៩ បទរមាំងបើកបាស ៤០ បទទន្សាយទីសទាស ៤១ បទមាន់ទឹកបណ្ដើរកូន ៤២ បទសារវិទាញរថ ៤៣ បទអើយរ៉ា ៤៤ បទសុក្រទិនវិសាល ៤៥ បទសោរទិនវិសាល ៤៦ បទត្រឡាច ៤៧ បទយត្តិភ័ង្គ ៤៨ បទជាប់ទង ៤៩ បទសបាត់សបឹង ៥០ បទត្រីពិធព័ន្ធ ៥១ បទសឡាបលូន ៥២ បទវង្សវិចិត្រ ៥៣ បទព្រះច័ន្ទបាំងឆ័ត្រ
រៀបរៀងដោយៈ ៨ សីហា ២០២០