កំនត់ហេតុ
វត្តអារាមនៅតាមជនបទ
[កែប្រែ]- សព្វថ្ងៃនេះ ដោយអាស្រ័យសម្ភារៈនិយម ឬវត្ថុនិយមបានហូរចូលមកស្រោចលើប្រទេសខ្មែរ ក៏ដូចជាមនុស្សម្នាទាំងសកលលោក ដែលកំពុងតែបង្វែរគំនិតគិតដិតជាប់ទៅនឹងឧបករណ៍ប្រើប្រាសនៃយុគបច្ចេកវិទ្យាខ្ពស់ ដ៏ទំនើបទាន់សម័យ និងបានជំរុញឲ្យមនុស្សមានគំនិតភ្លើតភ្លើនហ៊ឺហា ត្រេកត្រអាលនឹងវត្ថុទាំងអស់នោះហើយ ពួកគេឈប់លែងស្គាល់អ្វីដែលហៅថា សេចក្តីសុខប្រាសចាកអាមិស ឬសម្ភារៈនិយម (និរាមិសសុខ) ដែលជាសេចក្តីសុខជាប់ពាក់ព័ន្ធ ឬទាក់ទងដ៏ជិតស្និទ្ធិទៅនឹងក្រមសីលធម៌ និងសុជីវធម៌។
ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ការអប់រំ និងការសិក្សាដល់ជនជាតិខ្មែរយើងតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ គ្រប់ទីវត្តអារាមមានភិក្ខុសង្ឃអង្គសាមណេរ រួមទាំងកូនសិស្សវត្តជាច្រើន បាននាំគ្នាខិតខំប្រឹងប្រែងរៀនសូត្រអំពីព្រះពុទ្ធសាសនាដែលជាមាគ៌ានាំទៅរកសេចក្តីសុខសុភមង្គល ក្នុងការដំណើរជីវិតបច្ចុប្បន្ន មិនថែមទាំងបុណ្ណោះ ពួកគេទាំងអស់នោះ ក៏គឺអ្នកទ្រទ្រង់អក្សសាស្ត្រនិងវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្ែមរយើងឲ្យបានគងវង់ថែមទៀតផង។ ព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងជនជាតិខ្មែរតាំងពីបូរាណកាលមកម្លេះដូចដែលពួកពុទ្ធសាសនិកជនទាំងឡាយបានយល់ជ្រួតជ្រាបស្រាប់មកហើយ តែដោយឡែកក្នុងកំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាសន៍របស់ពួកបនពល ពត ខៀវ សំផន និងអៀង សារី (១៩៧៥ ដល់ ១៩៧៩) គ្រប់វត្តអារាមបានសាបសូន្យចាកពួកព្រះភិក្ខុសាមណេរនិងកូនសិស្សវត្ត។ សូរស័ព្ទសម្លេងព្រះធម៌ដែលធ្លាប់តែឮកងរំពងព្រៃក៏ស្រាប់តែស្ងាត់ម្លេងព្រះធម៌
បញ្ហាព្រះនិព្វាន
[កែប្រែ]- តើនិព្វានគឺជាអ្វីទៅ?
- មានអស់លោកមួយចំនួនយល់ឃើញថា និព្វានគឺមានរូប មានរាង មានខ័ន្ធទាំង៥គឺ រូបក្ខ័ន្ធ វេទនាខ័ន្ធ សញ្ញាខ័ន្ធ និងវិញ្ញាណក្ខ័ន្ធនៅឡើយ។ ខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព រូបភព និងអរូបភពដែលយើងហៅថាសង្សារវដ្តនោះ។ នៅមានអ្នកប្រព្រឹត្តបដិបត្តិធម៌ខ្លះទៀតបានមានមតិថា និព្វានគឺជាភពមួយដែលមានតែសេចក្តីសុខមិនមានទុក្ខ តែនៅមានបញ្ចក្ខ័ន្ធនៅឡើយដែរ។
នៅមានមតិ និងយោបល់ច្រើនដទៃទៀតមានន័យផ្សេងៗគ្នាទាក់ទងនឹង ព្រះនិព្វាន។ ចុះលោកអ្នកអានវិញយល់ថាព្រះនិព្វានដូចម្តេចដែរ? និព្វានគុណ ឬគុណរបស់ព្រះនិព្វានក្នុងគម្ពីរអភធម្មត្ថសង្គហៈ បានពណ៌នាជាដើមថា អជាតំ និព្វានមិនកើតទៀត អជរា និព្វានមិនចេះចាស់ទ្រុឌទ្រោមគ្រាំគ្រា អព្យាធឹ និព្វានចេះឈឺ ឬមិនមានរោគ (ជម្ងឺ) អមតំ និព្វានមិនមានសេចក្តីស្លាប់ (អម្រឹត្យ) អសង្ខតំ មិនមានបច្ច័យតាក់តែង សន្តិបទំ មានតែសេចក្តីស្ងប់ ឯកន្តំ មានតែសេចក្តីសុខតែម្យ៉ាង។ល។ រីឯព្រះនិព្វានក្នុងបដិច្ចសមុប្បាទបានអធិប្បាយថា ព្រះនិព្វានព្រោះការរលត់ទៅនៃអវិជ្ជា។ សង្ខារទាំងឡាយរលត់ទៅព្រោះការរលត់ទៅរបស់អវិជ្ជា។ល។ សេចក្តីគ្រាំគ្រា សេចក្តីឈឺចាប់គ្រប់បែបយ៉ាង ទុក្ខ សោក ខ្សឹកខ្សួលទាំងឡាយ ដោយសរុបបានដល់ទុក្ខវេទនាដែលកើតឡើងតាមផ្លូវកាយ ទោមនស្សវេទនាដែលកើតតាមផ្លូវចិត្តហ្នឹងឯង។ មាននិព្វានពីរយ៉ាងទៀតគឺ សឧបាទិសេសនិព្វាន សេចក្តីរលត់កិលេសតណ្ហាអស់ដោយឧច្ឆេទប្បហាន (កាត់ផ្តាច់អស់ទាំងឫសគល់មិនមានសល់)១ អនុបាទិសេសនិព្វាន រលត់អស់ទាំងកិលេសតណ្ហា អស់ទាំងបញ្ចក្ខ័ន្ធ១។ ឈ្មោះថាបរិនិព្វាន ព្រោះការរលត់ទៅនៃនិព្វានទាំងពីរនេះឯង ហេតុដូច្នេះមិនមានការអធិប្បាយដទៃឲ្យផ្សេងពីនេះឡើយ។ មាននិព្វានបីយ៉ាងទៀតគឺ អនិមិត្តំ មិនមាននិមិត្ត (គន្លង ដាម ស្នាម លក្ខណៈ) អប្បណិហិតំ ។ សុញ្ញតំ សូន្យមិនមានអ្វីសេះសល់មានន័យថាមិនមានកិលេស និងតណ្ហាសេះសល់។ សូមអស់លោកសាកល្បង់គិតពិចារណាបន្តិចថា តើនិព្វាននុ៎ះ ដូចម្តេចហ្ន៎? យ៉ាងម៉េចបានជាក្នុងព្រះពុទ្ធសាសនានិយាយតែព្រះនិព្វានថាជាសេចក្តីសុខកំពូល ហើយហ៊ានអះអាងថាមិនមានសេចក្តីណាដទៃក្រៅពីនិព្វានទៀតផង។ (យថាវាទី តថាការី) មានសេចក្តីថា ពោលយ៉ាងណា ត្រូវតែធ្វើយ៉ាងនោះ គឺយ៉ាងពោលហ្នឹងឯង។ សូមជម្រាបអស់លោកថា មានពុទ្ធសាសនិកភាគច្រើនដែលនិយាយស្ទាត់មាត់ថា និព្វានៗ ដូច្នេះ តែពួកគាត់នឹងបានយល់ថា និព្វានមានសេចក្តីថាយ៉ាងណាទេ ឬយល់ដែរ តែមិនមែនជាព្រះនិព្វានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្តែង ឬចេះនិព្វានដែលជាមិច្ឆាទិដ្ឋិ (យល់ខុសពីព្រះពុទ្ធតម្រាស់)។ ធម្មចក្កប្បវត្តនសូត្រ ឬបឋមទេសនានៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គបានលើកយកអរិយសច្ច៤យ៉ាងមកសម្តែងដល់ពួកតាបសបញ្ចវគ្គិយ៍មានកោណ្ឌញ្ញៈ ភទ្ទិយៈ វប្បៈ មហានាម និងអស្សជិ ឲ្យបានយល់ពីដំណើរនៃវាលវដ្តសង្សារនេះ ថាជាទុក្ខ (ទុក្ខសច្ច) សារហេតុនៃទុក្ខគឺតណ្ហា (ទុក្ខសមុទយសច្ច) ទីរលត់ទុក្ខគឺនិព្វាន (ទុក្ខនិរោធសច្ច) និងមគ្គសច្ចជាវិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនី បដិបទា)។ យើងបានឃើញពាក្យថានិព្វានគឺទុក្ខនិរោធ(ទីរលត់ទុក្ខហ្នឹងឯង) មានអ្នកប្រាជ្ញមួយចំនួនបានមានប្រសាសន៍ថានិព្វានគឺ ការដែលគ្មានបញ្ហាក្នុងជីវិតបច្ចុប្បន្ន មិនថាការអស់ទៅនៃបញ្ហាក្នុងសង្គមគ្រួសារ ឬក្នុងសង្គមជាតិទាំងមូល។ បញ្ហានោះមានច្រើនអនេក ពុំអាចគណនាបាន តែយើងសង្កត់ធ្ងន់ចំពោះបញ្ហាណាដែលយើងបានជួបប្រទះ ឬកំពុងតែមាន ដូចជាករណីទំនាស់ក្នុងសង្គមគ្រួសារដែលគេចាត់ទុកថាជាបញ្ហាធំបំផុតសម្រាប់សង្គមគ្រួសារក្រីក្រជាពិសេសនៅតាមជនបទចំកាត់មាត់ញក ភាគច្រើនពួកគាត់ពុំសូវបានយល់ដឹងពីអ្វីដែលហៅថាសេចក្តីសុខដ៏ពិតប្រាកដនៃជីវិតគូរស្រករនោះទេ ហេតុដូច្នេះក្នុងនាមយើងជាពុទ្ធសាសនិក គប្បីងាកមកគិតដល់បញ្ហានិងវិធីកែបញ្ហាទាំងនោះឲ្យជីវិតខ្លួនឯងនិងអ្នកដែលយើងស្រឡាញ់គឺគ្រួសារយើង ជាតិយើង មនុស្សជាតិយើងម្តង ព្រោះកន្លងមកហាក់ដូចជាមិនមានអ្នកឲ្យតម្លៃរឿងសេចក្តីសុខនៃជីវិតប៉ុន្មានសោះ តែក៏នៅមានជនមួយក្រុមគិតដល់រឿង ប្រាក់ និងសេចក្តីសុខ តើលុយអាចទិញសេចក្តីសុខបានឬទេ? ដូច្នេះជាដើម។ (នៅមានត)
អគតិ៤
[កែប្រែ]- អគតិ ប្រែថា សេចក្តីលំអៀង ឬដំណើរដែលមិនអាចប្រព្រឹត្តទៅបាន។ ក្នុងព្រះពុទ្ធសាសនាបានលើកឡើងពីបញ្ហាដែលកើតឡើងព្រោះតែភាពមិនទៀងត្រង់របស់មនុស្សគ្រប់រូបវណ្ណៈគ្រប់ជាន់ថ្នាក់ទាំងអស់ មិនថាឡើយជនណាម្នាក់នោះទេ កាលណាមានអគតិធម៌ទាំង៤នេះហើយ ជននោះនឹងរកនូវតុល្យភាពឲ្យខ្លួនឯង ឬសង្គមរបស់គេពុំបានឡើយ ព្រោះហេតុដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងអំពីហេតុដែលជនគ្រប់រូបពុំគួរគប្បីប្រព្រឹត្តបដិបត្តិតាម ព្រោះជាធម៌នាំមកនូវសេចក្តីក្តៅក្រហាយក្នុងសង្គមគ្រួសារផង ក្នុងសង្គមជាតិទាំងមូលផង។ ពាក្យថា អគតិនេះ បើនិយាយឲ្យងាយស្រួលស្តាប់ គប្បីនិយាយថា ភាពអយុត្តិធម៌ ឬភាពនាំឲ្យមានបញ្ហាក្នុងសង្គមនោះឯង។ មនុស្សយើងតែកាលណាមានភាពស្រឡាញ់ចូលចិត្តទៅខាងណាហើយ បើមានរឿងរ៉ាវក្តីក្តាំកើតឡើងរវាងបក្សពួកខ្លួនឯង និងអ្នកដទៃ ជាធម្មតាដែលយើងចូលដៃចូលជើងបក្សពួកខ្លួនឯងនោះ រឿងនេះកើតឡើងពិតប្រាកដនឹងមិនអាចប្រកែកបានឡើយ។ ឳពុកម្តាយកាន់ជើងកូនចៅខ្លួនឯង ខំប្រឹងរកគ្រប់មធ្យោបាយដើម្បីឲ្យខ្លួនឯង និងសង្គមជាតិខ្លួនឯង បានសេចក្តីសុខចម្រើន តែពុំបានគិតដល់អ្នកដទៃប៉ុន្មានដែរថាតើ គេទទួលសេចក្តីទុក្ខព្រោះអំពើមិនយុត្តិធម៌ដែលយើងបានធ្វើប៉ុន្មាននោះដែរ។