Jump to content

កំបោរបាយអ

ពីវិគីភីឌា

កំបោរជាវត្ថុមានសាច់ផូរផង់មានពណ៌សកើតឡើងពីថ្មម្យ៉ាងដែលដុតសុស ឬអំពីសំបកលៀស គ្រំជាដើមហៅថាកំបោរលៀស។ ចំណែកបាយអជាចំណុះធាតុពីរយ៉ាងគឺកំបោរ និងខ្សាច់លាយនឹងសម្រាប់បូកជាមួយសំណង់ធ្វើអំពីឥដ្ឋ ថ្មភក់ ឬថ្មបាយក្រៀមដើម្បីឱ្យផ្ទៃរលោងគឺបំពេញនូវស្នាមប្រះ បន្សាបរមុខតំណឥដ្ឋមុខលាបខ្មុកម្រ័ក្ស[] ហើយជនជាតិខ្មែរចូលចិត្តហៅថាកំបោរបាយអ។ លោក ប៊ែកណាត ហ្វីលីព គ្រួសយ៉េ (Bernard Philippe Groslier) បញ្ជាក់ថា មនុស្សចាប់ផ្តើមប្រើប្រាស់កំបោរបាយអនៅសតវត្សទី១នៃគ្រិស្តសករាជ ដោយជនជាតិក្លឹង្គបានធ្វើពាណិជ្ជកម្មតាមសមុទ្រមកកាន់តំបន់ភូមិភាគអាស៊ីក្នុងសម័យគន្ធារ (Gandhara)នៅប្រទេសឥណ្ឌា[]។ លទ្ធផលកំណាយតំបន់បាថេក្នុងដែនដីអាណាចក្រនគរភ្នំបានរកឃើញព្រះកេស(ក្បាល)ព្រះពុទ្ធបដិមាមួយអង្គដែលឆ្លាក់តាមរចនាបថគន្ធារ។ ដូច្នេះអាចសន្និដ្ឋានបានថា កំបោរបាយអមាននៅដែនដីអាណាចក្រខ្មែរយើងរួចហើយ សិល្បៈករបង្កើតតាមរូបមន្តដោយពឹងផ្អែកជាមូលដ្ឋានលើរូបធាតុដើមដែលមានវត្តមាននៅក្នុងស្រុកគួបផ្សំនឹងពុទ្ធិខ្លះប្រទេសក្លឹង្គ។ តាមភាសាវិទ្យាវិញគេសង្កេតឃើញមានពាក្យសុធាជាភាសាសំស្រ្កឹតក្នុងសិលាចារឹកប្រាសាទបក្សីចាំក្រុង K-២៨៦ ឆ្នាំ៩៤៧ និងសិចារឹកប្រាសាទដំរី K-៦៧៧[]។ ក្រោយពីការសង់សងចាប់កាលណានោះ គេត្រូវគូសព្រាងគំនូវចម្គាក់ក្រឡោតលើផ្ទៃឥដ្ឋឬថ្ម។ កំបោរបាយអដែលជាល្បាយពីសំបកលៀសដុតខ្សាច់ដែលបានដឹកជញ្ជូនពីទន្លេឬស្ទឹងនិងទឹក។ មុនពេលបូកកំបោរបាយអគេត្រូវជះទឹកផ្ទៃជញ្ជាំងឥដ្ឋ ដើម្បីជៀសវាងការស្រូបយកកាល់ស្យូមអ៊ីដ្រុកស៊ីតរហ័សពេកចូលទៅក្នុងអាចបណ្តាលឱ្យកំបោរបាយអមានគុណភាពអន់[]។ តាមធម្មតាគេបូកល្បាយកំបោរបាយអជាច្រើនជាន់ ពាសមុខឱ្យស្មើដោយទុក កន្លែងរចនា។ កំបោរបាយអត្រូវបានគេបូកពាសពីលើប្រាសាទឥដ្ឋ និងប្រាសាទថ្មភក់ ដើម្បីឱ្យផ្ទៃរាបស្មើល្អ មុនលាបម្រ័ក្សណ៍ជាឈ្មោះជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល[]។ គេយកជ័រគ្រើលមកលាយជាមួយល្បាយផ្សេងៗទៀតតាមរូបមន្តដើម្បីថែរក្សាពណ៌បានយូរ។ កំបោរបាយអជាសមាសធាតុផ្សំដោយប្រើសំបកលៀស គ្រំដុតឱ្យក្លាយជាម្សៅរួចរែងយកតែភាពម៉ដ្ឋបន្ទាប់មកលាយជាមួយខ្សាច់ ស្ករត្នោតនិងបបរអង្ករដំណើបតាមរូបមន្តពីសម័យបុរាណដោយសារវាមានភាពស្វិតខ្លាំង មុនបូកកំបោរបាយអគេត្រូវជះទឹកលើសំណង់ធ្វើអំពីឥដ្ឋ ដើម្បីជៀសវាងឥដ្ឋត្រូវការស្រូបយកកាបូនឌីអុកស៊ីត(CO2) នៃក្បាយកំបោរបាយអចូលទៅក្នុងផ្ទៃឥដ្ឋធ្វើឱ្យឥដ្ឋនឹងល្បាយលាយជាប់បានយូរ។ គេបូកបាយអជាច្រើនដងហើយចុងក្រោយ ជាងចាក់ពុម្ពផ្កាភ្ញី ផ្កាទេស ឬទ្វារបាលបិទជាប់ទៅនឹងកំបោរអចាស់[]

ឯកសារយោង

[កែប្រែ]
  1. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រមខ្មែរ។
  2. Bernard Philippe Groslier, 1968 Carrefour des Arts,pp44-45
  3. និស្សិត លី វណ្ណា ឆ្នាំ១៩៩៤ ចម្លាក់កំបោរបាយអខ្មែរ ទំព័រទី២-៣។
  4. Michael S. Falser, 2000. The Pre-Angkorian Temple of Preah Ko,p.37-38.
  5. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រម។
  6. Michael S. Falser, 1904, The Pre-Angkorian Temple of Preah Ko, p.39-40.