ក្ដារចុចកុំព្យូទ័រ
ក្ដារចុចកុំព្យូទ័រ (អង់គ្លេស៖ Computer Keyboard) គឺជាឧបករណ៍ដ៏សំខាន់មួយ ដែលអនុញ្ញាតឲ្យអ្នកប្រើកុំងព្យូទ័រអាចវាយបញ្ចូលអក្សរឬលេខទៅក្នុងកុំព្យូទ័រ។ ថ្វីបើមានឧបករណ៍បញ្ចូលជាច្រើនទៀតត្រូវបានផលិតមកមែន ក៏ក្ដារចុចនៅតែជាឧបករណ៍បញ្ចូលចម្បងមួយដដែល។
ជាទូទៅ ក្ដារចុចត្រូវបានប្រើសម្រាប់វាយបញ្ចូលអក្សរឬលេខទៅក្នុងកម្មវិធីរៀបចំអត្ថបទ កម្មវិធីកែសម្រួល (editor) និងកម្មវិធីដទៃទៀត។ ប៉ុន្តែលើសពីនេះ វាក៏ត្រូវបានគេយកទៅប្រើក្នុងការលេងហ្គេម បញ្ជាផ្នែកទន់ (software) ជាដើម។ ការងារដ៏សំខាន់មួយទៀត ក្ដារចុចដើរតួជាវត្ថុដ៏សំខាន់មួយសម្រាប់ការវាយបញ្ចូលពាក្យបញ្ជា (command line) ទៅប្រព័ន្ធប្រតិបត្តិការ។
ប្រភេទក្ដារចុច
[កែប្រែ]កត្តាមួយដែលកំណត់ទំហំរបស់ក្ដារចុច គឺវត្តមាននៃគ្រាប់ចុចស្ទួនដែលត្រូវបានដាក់បញ្ចូល ដើម្បីផ្ដល់ភាពងាយស្រួលដូចជា បន្ទះលេខដែលស្ថិតនៅផ្នែកខាងស្ដាំជាដើម។
ក្ដារចុចប្រភេទស្តង់ដារ មានគ្រាប់ចុចពេញលេញទាំងគ្រាប់ចុចមុខងារ (function key), បន្ទះលេខ, បន្ទះបញ្ជា និងគ្រាប់ចុចអក្សរនិងលេខ។ ជាអន្តរជាតិ ក្ដារចុចទូទៅមានគ្រាប់ចាប់ពី ១០២ ទៅ ១០៥ គ្រាប់។
ទំហំឡេបថប
[កែប្រែ]ជាទូទៅ ក្ដារចុចដែលស្ថិតនៅលើឡេបថបតែងត្រូវបានបង្រួមទំហំឲ្យសមទៅនឹងទំហំរបស់ឡេបថប ហើយបន្ទះលេខក៏ត្រូវបានដកចេញដែរ លើកលែងតែឡេបថបដែលមានទំហំធំល្មមអាចដាក់បន្ទះលេខចូលបាន។
កាន់នឹងដៃ
[កែប្រែ]ក្ដារចុចកាន់នឹងដៃនេះ ជាទូទៅត្រូវបានប្រើដើម្បីលេងហ្គេម ពីព្រោះវាងាយស្រួលជាងប្រើក្ដារចុចរាបស្មើនៅលើតុ។
ទំហំមេដៃ
[កែប្រែ]ក្ដារចុចទំហំមេដៃ (thumb-sized) ជាប្រភេទមួយដែលមានទំហំតូច ហើយតែងមាននៅក្នុងឧបករណ៍តូចៗដូចជាទូរស័ព្ទឆ្លាតវៃ (smartphone) ជាដើម។
ទ្រង់ទ្រាយក្ដារចុច
[កែប្រែ]ក្ដារចុចមានទ្រង់ទ្រាយជាច្រើន អាស្រ័យទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រោះមនុស្សផ្សេងៗតែងចង់បានភាពងាយស្រួលក្នុងការវាយបញ្ចូល ដូចជាក្ដារចុចដែលជាក់លាក់មួយដើម្បីសរសេរគណិត សរសេរកម្មវិធីកុំព្យូទ័រ ឬក្ដារចុចសម្រាប់បញ្ចូលអក្សរជាភាសាផ្សេងៗទៀត ប៉ុន្តែនៅក្នុងនោះមានទ្រង់ទ្រាយពីរធំៗដែលត្រូវបានប្រើយ៉ាងទូលំទូលាយ។ ក្នុងនោះមាន QWERTY និង AZERTY ។
ទ្រង់ទ្រាយ QWERTY នេះត្រូវបានយកលំនាំតាមអង្គុលីលេខ ហើយវាជាប្រព័ន្ធភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ដោយឡែក AZERTY ជាក្ដារចុចដែលត្រូវបានប្រើនៅបណ្ដាប្រទេសដូចជាបារាំង បេលហ្ស៊ិក និងប្រទេសជិតខាងផ្សេងៗទៀត។