ក្រុងខេមរភូមិន្ទ

ដោយវិគីភីឌា
Jump to navigation Jump to search

ប្រវត្តិសាស្ត្រ[កែប្រែ]

បច្ចន្ត​គិរី​ខែត្រ (ថៃ៖ ปัจจันตคิรีเขตร) គឺ​ជា​​អតីត​ក្រុង​មួយ​នៃ​អាណាចក្រ​ខម (ថៃ​ប្រើ​ពាក្យ​ខម ជំនួស​ពាក្យ​ ខ្មែរ) ថៃ​សៀម​បាន​រឹប​អូស​មក​ធ្វើ​ជា​របស់​ខ្លួន​ក្នុង​សម័យ​រជ្ជកាល​ទី​៥ ហើយ​ដែល​ជា​ខែត្រ​ជាប់​ប្រទល់​ដែន​សមុទ្ទ មាន​ភាព​សំខាន់​ដូច​គ្នា​នឹង​ខេត្ត​ចន្ទបុរី (ថៃ៖ จันทบุรี) និង​ខេត្ត​ត្រាត (ថៃ៖ ตราด) ពី​អតីត​ផង​ដែរ។ បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កោះ​កុង នៃ​ខេត្ត​កោះ​កុង​របស់​ប្រទេស​កម្ពុជា។

តាំង​ពី​ដើម​មក កោះ​កុង​គឺ​ជា​ខេត្ត​មួយ​របស់​រាជ​អាណាចក្រ​ខ្មែរ តែ​រហូត​មក​ដល់​សម័យ​ដែល​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម ព្រះ​ចៅ​ក្រុង​សៀម​ក៏​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង​ជា​ផ្នែក​មួយ​របស់​ក្រុង​ត្រាត។

នៅ​គ.ស.​១៨៥៥ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ បាន​មាន​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង ដោយ​ព្រះ​រាជ​ទាន​នាម​ក្រុង​នេះ​ថា ក្រុង​បច្ចន្ត​គិរី​ខែត្រ ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុង​ជាប់​សមុទ្ទ​ផ្នែក​ខាង​កើត​របស់​ថៃ ដោយ​សារ​ជា​ក្រុង​ដែល​មាន​ផ្ទៃ​ដី​ជាប់​នឹង​ប្រទេស​ខ្មែរ និង​ប្រទេស​យួន។

ហេតុ​ដែល​រជ្ជកាល​ទី​៤ (ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ) ព្រះ​រាជ​ទាន​កោះ​កុង​ថា បច្ចន្ត​គិរី​ខែត្រ ក៏​គឺ​ដើម្បី​ឲ្យ​ជួន​នឹង​ក្រុង​ ប្រចួបគីរីខ័ន្ធ (ថៃ៖ ประจวบคีรีขันธ์) ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​របស់​ថៃ ហើយ​ដែល​ក្រុង​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ទទឹង​ដូច​គ្នា។


ទី​តាំង​ក្រុង​ទាំង​ពីរ​នៅ​លើ​កូអឌីនេ​ភូមិសាស្ត្រ

មក​ដល់​គ.ស.​១៨៧៩ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ទ្រង់​ព្រះ​ករុណា​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​អង្គ​ចៅ​ សាយសនិទវង្ស ចាត់​តាំង​ស្ថានីយ​ទាហាន​ជាយ​ដែន​សមុទ្ទ​ភាគ​ខាង​កើត ឯ​ក្រុង​ជល​បុរី បាង​ព្រះ ស្រុក​បាង​លៈមុង ក្រុង​រៈយ៉ង ក្រុង​ក្លែង ក្រុង​ចន្ទបុរី ស្រុក​ខ្លុង ក្រុង​ត្រាត ក្រុង​បច្ចន្ត​គិរី​ខែត្រ និង​កោះ​សមេត​ក្រៅ ដើម្បី​ត​ទល់​នឹង​បារាំង​តាម​ដែន​សមុទ្ទ។

ត​មក​នៅ គ.ស.​១៨៩២ បារាំង​ចាប់​ផ្ដើម​ប្រើ​ទាហាន បង្ខំ​ថៃ ដោយ​លើក​កង​ទ័ព​មក​ដេញ​ទាហាន​ថៃ​ឲ្យ​ចេញ​ពី​ដែន​ដី​ផ្នែក​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជាយ​ដែន​ថៃ​មាន​បញ្ហា​ទ្វេ​ឡើង ហេតុ​ដូច​នេះ​ព្រះ​អង្គ​ក៏​ព្រះ​រាជានុញ្ញាត តែង​តាំង​កម្មការ​ប្រឹក្សា​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ឡើង និង​ចាត់​កង​បញ្ជាការ​ទ័ព​តាម​ក្រុង​ដែន​សមុទ្ទ​ឡើង។

នៅ​គ.ស.​១៨៩៣ រាជការ​សៀម​បាន​តែង​តាំង​ឲ្យ​នាយ​ពល​នាវា​ចត្វា ពញាជល​យុទ្ធ​យោធិន្ទ្រ (André du Plésis de Richelieu) ជា​អ្នក​ចាត់​ការ​​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ភាគ​ខាង​កើត។ ខាង​ក្រសួង​ការ​បរទេស​ក៏​មាន​បញ្ជា​មក​ចៅហ្វាយ​ខែត្រ​នៅ​តំបន់​នេះ ដោយ​រួម​ទាំង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ផង ឲ្យ​ជួយ​ពញាជល​យុទ្ធ​យោធិន្ទ្រ ចាត់​ការ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​ការពារ​ព្រះ​រាជ​អាណា​ខែត្រ។

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ពញា ទូក​ចម្បាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (ថៃ៖ แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (ថៃ៖ แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (ថៃ៖ แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។

តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀត ដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ច័ន្ទ​បុរី ជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ច័ន្ទ​បុរី នៅ​បន្ត​ដដែល។

ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាម ដោយ​មាន​សិទ្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សិទ្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ច័ន្ទ​បុរី រហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សិទ្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សម្រេច​រួច​រាល់…”។


ការ​ប្រគល់​ខេត្ត​ត្រាត​ឲ្យ​ដល់​បារាំង

បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ច័ន្ទ​បុរី អស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ធ្វើ​សិទ្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀត គឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កម្លាំង​ចេញ​ពី​ច័ន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាត (កកន៖ បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំង​ហ្លាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាត និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។ សូម​រំឭក​ថា ឈ្មោះ​ខេត្ត​ត្រាត​នេះ ជា​ឈ្មោះ​ខ្មែរ សម័យ​ដើម ខ្មែរ​ហៅ​ខេត្ត​នេះ​ថា ខេត្ត​ត្រាច ៗ តែ​សៀម​អាន​ពាក្យ​ ត្រាច ថា ត្រាត  ។

តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំង រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សិទ្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សិទ្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយ​ប្រស៊ីដេនត៍ហេងរីភីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាត​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (កកន៖ ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (កកន៖ ថៃ​ហៅ​ព្រះ​ដំបង សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម) សៀមរាប និង​សិរីសោភណ្ឌ (កកន៖ ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាត​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់ គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (កកន៖ រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត, សុរិន្ទ្រ, បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។