ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
| អក្សរកាត់ | យ.គ.ស.ហ. |
|---|---|
| អ្នកដឹកនាំ | ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន |
| គេហទំព័រ | https://www.youth-cppmef.org/kh |
«ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ហៅកាត់ថា ក.យ.ក. នៃ កសហវ. គឺជាក្បាលម៉ាស៊ីនដឹកនាំ «អង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង» ដែលត្រូវបានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីបំពេញតួនាទីជាសេនាធិការផ្ទាល់ លើកិច្ចការពាក់ព័ន្ធនឹងចលនាយុវជនគណបក្សទូទាំងក្រសួង ដោយដំបូងមានឈ្មោះថា «សកម្មជនយុវជនគណបក្ស»។ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា សកម្មជនយុវជនគណបក្សនេះ ត្រូវបានកែសម្រួលមកជា ក.យ.ក. នៃ កសហវ. និងកំណត់ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវត្រឹមត្រូវ និងច្បាស់លាស់ ដោយរៀបចំដាក់ចេញជាប្រព័ន្ធផ្សារភ្ជាប់នៅគ្រប់អង្គភាពចំណុះគណៈកម្មាធិការគណបក្សក្រសួងទាំងអស់។
នៅក្នុងឆ្នាំ២០២១ គណៈកម្មាធិការគណបក្សក្រសួង បានសម្រេចកែសម្រួលរចនាសម្ព័ន្ធនេះបន្ថែម ឱ្យមានសង្គតិភាពទៅនឹងគោលការណ៍កំណត់ របស់គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្ដាល (យ.គ.ក.)។ ការកែសម្រួលនេះ បាននាំឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង មានរចនាសម្ព័ន្ធ ៤ កម្រិត ដូចដែលកំពុងអនុវត្តរហូតមកដល់បច្ចុប្បន្ន។
ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។
ចក្ខុវិស័យ
យុវជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លាយទៅជាកម្លាំងចលករ ពោរពេញដោយ សមត្ថភាព សាមគ្គី ស្មោះស្ម័គ្រភក្ដី ថ្លៃថ្នូរ រឹងមាំ រស់រវើក និងស្អាតស្អំ ក្នុងការដឹកនាំនិងជំរុញចលនាមហាជនកុះករ សំដៅជំរុញលើកស្ទួយការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីជាឧត្តមប្រយោជន៍និងសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
បេសកកម្ម
កៀរគរកម្លាំង បង្កើត និងបង្កើនកាលានុវត្តភាពជូនយុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចសក្កានុពលរបស់ខ្លួន ជាប្រយោជន៍ដល់ការអនុវត្តគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសង្គមជាតិ។
គោលបំណង
- បណ្តុះបណ្តាលស្មារតីសាមគ្គីភាពនិងកម្លាំងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស
- ផ្សព្វផ្សាយនិងអប់រំកម្មវិធីនយោបាយបក្ស, កម្មវិធីកែទម្រង់ និងសមិទ្ធផលរបស់គណបក្ស ទាំងកម្រិតគោលនយោបាយជាតិ ទាំងកម្រិតវិស័យសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
- គាំទ្រនិងសម្របសម្រួលជាមួយកិច្ចដំណើរការរបស់ កយក នៅក្នុងផ្ទៃក្នុងក្រសួង ព្រមទាំង ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។
រចនាសម្ព័ន្ធ ការទទួលខុសត្រូវ និងអភិក្រមការងារ
រចនាសម្ព័ន្ធ និងការទទួលខុសត្រូវ
ការអនុវត្តផែនការយុទ្ធសាស្ត្រខាងលើ ត្រូវទទួលខុសត្រូវដោយអង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង ក្រោមការដឹកនាំ និងតម្រង់ទិសពីគណៈកម្មាធិការគណបក្ស កសហវ.។ នាដើមនីតិកាលទី៦ នៃរដ្ឋសភា, អង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង មានឈ្មោះថា «ក.យ.ក. នៃ កសហវ.» ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវត្រឹមត្រូវ និងច្បាស់លាស់ ដោយរៀបចំដាក់ចេញជាប្រព័ន្ធផ្សារភ្ជាប់នៅគ្រប់អង្គភាពចំណុះគណៈកម្មាធិការគណបក្សក្រសួងទាំងអស់ ដូចទៅនឹងរចនាសម្ព័ន្ធ ដែលបានអនុវត្តក្នុងនីតិកាលទី៥ នៃរដ្ឋសភា។ នាពេលនោះ ក.យ.ក. នៃ កសហវ. មានលេខាធិការដ្ឋាន មួយ ជាយុវសេនាធិការដ៏រឹងមាំ និងជវភាព ដោយប្រមូលផ្ដុំយុវជនដែលមានបទពិសោធន៍ សមត្ថភាព ពុទ្ធិ និងឆន្ទៈ រួមចំណែក និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រខាងលើ។
ដោយឡែកនៅក្នុងឆ្នាំ២០២១ គណៈកម្មាធិការគណបក្ស កសហវ. បានសម្រេចកែសម្រួលរចនាសម្ព័ន្ធបន្ថែមឱ្យមានសង្គតិភាព ទៅនឹងគោលការណ៍កំណត់របស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្ដាល (យ.គ.ក.)។ ការកែសម្រួលនេះ បាននាំឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង មានរចនាសម្ព័ន្ធ ៤ កម្រិត ដូចដែលកំពុងអនុវត្តរហូតមកដល់បច្ចុប្បន្ន ដែលរួមមាន៖
១. ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.យ.ក. នៃ កសហវ.)
២. ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន (ក.យ.ក. ថ្នាក់មូលដ្ឋាន) នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន
៣. ក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការសាខាបក្សចំណុះផ្ទាល់គណៈកម្មាធិការគណបក្សក្រសួង
៤. ក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការសាខាបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន។
ភារកិច្ចរបស់អង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង មានកំណត់ក្នុងសេចក្ដីកំណត់លេខ ២២/២១ គប.កសហវ. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្ស កសហវ.។ ចាប់ពីពេលនោះមក លេខាធិការដ្ឋាន ដែលជាសេនាធិការផ្ទាល់របស់ ក.យ.ក. នៃ កសហវ. ត្រូវប្រែក្លាយមកផែនចំណុះ ដែលមានសរុបចំនួន ៧។
អភិក្រមការងារ
ផ្អែកលើក្របខ័ណ្ឌរួមខាងលើ, ក.យ.ក. នៃ កសហវ. ត្រូវសម្របសម្រួលជាមួយសាខាគណបក្សក្រោមឱវាទគណៈកម្មាធិការគណបក្ស កសហវ. ដើម្បីរៀបចំផែនការសកម្មភាពលម្អិត ក្នុងទម្រង់ជាផែនការប្រតិបត្តិប្រចាំឆ្នាំ ដែលមានសមានគតិភាព និងសង្គតិភាពជាមួយចង្កោមសកម្មភាព កម្មវិធី បេសកកម្ម និងចក្ខុវិស័យនៃក្របខ័ណ្ឌរួម ព្រមទាំងភ្ជាប់មកជាមួយនូវគម្រោងថវិកាផងដែរ។ ដូចនេះ, ផែនយុទ្ធសាស្ត្រ នៃ ក.យ.ក. នៃ កសហវ. បានសម្របសម្រួលរៀបចំផែនការប្រតិបត្តិរួម របស់អង្គការចាត់តាំងយុវជនគណបក្សប្រចាំក្រសួង ចំនួន ២លើក រួមមាន៖ លើកទី១ នៅដើមឆ្នាំ២០២១ ដោយបានរៀបចំដាក់ចេញនូវ «ផែនការប្រតិបត្តិឆ្នាំ២០២១-២០២៣» និងលើកទី២ នៅចុងឆ្នាំ២០២១ ដោយបានរៀបចំដាក់ចេញនូវ «ផែនការប្រតិបត្តិឆ្នាំ២០២២-២០២៣»។ ផែនការប្រតិបត្តិលើកទី២នេះ ជាបច្ចុប្បន្នកម្មលើផែនការប្រតិបត្តិមុន ដោយបានសម្រួចសកម្មភាព សំដៅអនុលោមតាមផែនការសកម្មភាពគន្លឹះរបស់ យ.គ.ក., ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, និងស្របតាមអនុសាសន៍ណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យ ក.យ.ក. នៃ កសហវ. ផ្ដោតលើការងារគន្លឹះចំនួន ៤ រួមមាន៖ (១) ការងារនយោបាយសតិអារម្មណ៍របស់យុវជនមកកាន់គណបក្ស, (២) ការបែរមុខឆ្ពោះទៅសហគមន៍, (៣) ការកសាងសមត្ថភាពនិងសាមគ្គីភាពផ្ទៃក្នុង និង (៤) ការពង្រឹងការទទួលខុសត្រូវលើការងាររដ្ឋ។
ផែនការប្រតិបត្តិប្រចាំឆ្នាំ មានសកម្មភាពចូលរួមអនុវត្តដោយផែនចំណុះ ក.យ.ក. នៃ កសហវ. ទាំង ៧ និង ក.យ.ក.ថ្នាក់មូលដ្ឋាន នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនគណបក្ស នៃគណៈកម្មាធិការសាខាបក្សចំណុះផ្ទាល់គណៈកម្មាធិការគណបក្ស កសហវ. ចំនួន ១៩ ផងដែរ។ ទិន្នន័យសង្ខេប នៃផែនការប្រតិបត្តិ ឆ្នាំ២០២១-២០២៣ មានដូចតទៅ៖
- ឆ្នាំ២០២១ គ្រោងសកម្មភាពអនុវត្តសរុប ១៨៦ សកម្មភាព
- ឆ្នាំ២០២២ គ្រោងសកម្មភាពអនុវត្តសរុប ៣៣២ សកម្មភាព
- ឆ្នាំ២០២៣ គ្រោងសកម្មភាពអនុវត្តសរុប ២៨៨ សកម្មភាព។
កម្មវិធី
១. ស្មារតី៖ ការរក្សាស្មារតីសាមគ្គីភាព
១.១. ផ្សព្វផ្សាយ
១.២. អនុវត្តរបបប្រជុំជីវភាព
១.៣. ពង្រីកកម្លាំងគាំទ្រ និងបង្កើនសាមគ្គីភាព។
២. សមត្ថភាព៖ ការពង្រឹងសមត្ថភាពអនុវត្ត
២.១. រៀបចំក្របខ័ណ្ឌទស្សនាទាន និងយុទ្ធសាស្រ្តនៃការបណ្តុះបណ្តាល
២.២. បណ្តុះបណ្តាលយុវជនផ្ទៃក្នុង
២.៣. បណ្តុះបណ្តាលជាមួយយុវជនថ្នាក់កណ្តាល។
៣. សហប្រតិបត្តិការ៖ ការពង្រីកកិច្ចសហប្រតិបត្តិការ
៣.១. ពង្រឹងអភិបាលកិច្ចល្អ
៣.២. កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ
៣.៣. កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នបក្សនៃបណ្តាប្រទេសជាមិត្ត។
ទំនាក់ទំនង
អាស័យដ្ឋាន៖
សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព័្ទ ៖
093 99 55 05
092 55 45 44
ឯកសារយោង
ខិតប័ណ្ណសង្ខេបរបាយការណ៍២០១៨ និងផែនការសកម្មភាព២០១៩ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.
ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.
