ខូប្រា

ពីវិគីភីឌា
ដូងហាល(ខូប្រា)ទាំងមូលដែលមានលក់នៅបង់ហ្គាល័រ​ប្រទេសឥណ្ឌា

ខូប្រា ជាសាច់ដូងហាល សំរាប់យកទៅកែច្នៃជាប្រេងដូង។ អស់រយៈពេលជាយូរមកហើយ ខូប្រា​ត្រូវបានប្រើ​ក្នុង​វប្បធម៌​ក្នុងចំនោម​ប្រជាជន​នៅតាម​បណ្ដាកោះនៅប៉ាស៊ីហ្វិក ។ ខូប្រា​បានក្លាយជាផលិតផល​ពាណិជ្ជកម្ម​យ៉ាងសំខាន់​តាំងពីឆ្នាំ១៨៦០។

ផលិតកម្ម[កែប្រែ]

គេហាលដូងនឹងពន្លឺថ្ងៃ​ដើម្បីផលិតខូប្រា

គេផលិតខូប្រា ដោយបកសំបកដូង វាយបំបែកសំបកវា រួចហាលសំងួតនឹងពន្លឺថ្ងៃ។ ខូប្រា​ជាទូទៅ​ផលិតនៅ​តាមចំការដូងធំៗ នៅតាមអាស៊ីខាងត្បួង និងបណ្ដាកោះហ្វីលីពីន ប៉ាពួញូហ្គីនេ កំរងកោះសូឡូម៉ុន និង វ៉ានូអាទូ។ ចំការដូងខូប្រា​ច្រើនដាំដើមដូង​ចំងាយ​៩ម៉ែត្រពីគ្នា ហេតុនេះ១ហិចតា គេដាំបានតែ១០០ទៅ១៦០ដើម ប៉ុណ្ណោះ។ ដើមដូង១ដើម​ជាមធ្យម​ផ្ដល់ផល​ពី៥០ទៅ៨០ផ្លែ​ក្នុងមួយឆ្នាំ។ នៅវ៉ានូអាទូ​គេអាយលក់បាន ០,២ដុល្លាអាមេរិច​ក្នុង១គីឡូក្រាម (មួយគីឡូក្រាមមាន៨ផ្លែ) ដែលអាចអោយគេរកបាន​ប្រហែល ១៦០០ដុល្លា​ក្នុងមួយហិចតា។

បំរើបំរាស់[កែប្រែ]

តាមរបៀបប្រពៃណី គេកោស​ឬកិន​ខូប្រា​រួច​រំងាស់​ក្នុងទឹក​ដើម្បី​ចំរាញ់​យក់​ប្រេងដូង។ ខូប្រា​៧០%ត្រូវ​គេប្រើសំរាប់​ផលិតប្រេងដូង ហើយ៣០%ទៀត​​សំរាប់ផលិត​ផលិតផល​បន្ទាប់បន្សំ ដូចជានំខូប្រាជាដើម។

ខូប្រា​ក៏ត្រូវបាន​ប្រើជា​ចំនីសត្វពាហនៈ​មានសេះ​និងគោជាដើម។ ដោយសារវាមានប្រេងច្រើន សត្វទាំងនោះច្រើនតែធាត់ទ្រលុក។

ខូប្រា​ត្រូវគេចាត់ទុក​ជាផលិតផល​មានគ្រោះថ្នាក់ ព្រោះវាជារបស់​ឆាប់ឆាបភ្លើង។ គេហាម​មិនអោយ​យកខូប្រាតាមខ្លួន​ពេល​ធ្វើដំនើរតាម​យន្តហោះ ដោយគ្មានការអនុញ្ញាតិ​ត្រឹមត្រូវ​ពី​អាជ្ញាធម៌​មានសមត្ថកិច្ចទេ។