Jump to content

ខ្លួនទាបប្រើបង្អោង ដៃខ្លីប្រើទំពក់ឈោង ជើងមានឈានជាន់ឡើងអោយខ្ពស់

ពីវិគីភីឌា

"ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ" ជាភាសិតដែលចាស់បុរាណ ក្នុងសង្គមសក្តិភូមិ (dictatorship) បានបង្កើតឡើង ដើម្បីបំបាក់កម្លាំងចិត្តអ្នកក្រ អ្នកតូចទន់ទាប កុំអោយហ៊ានលូកឈោង ប្រាថ្នាខ្ពស់ហួសប្រាណ ហួសសង្គមវណ្ណៈរបស់ខ្លួន ដូចជាអ្នកក្រតូចទាប ដែលប្រាថ្នា ស្រឡាញ់កូនអ្នកធំ ជាគូគាប់ ឬអ្នកមានវណ្ណៈតូចទាប ចង់ប្រឹងប្រាថ្នា ដើម្បីស្វែងរកបុណ្យសក្តិការងារធំដុំ ក្នុងវណ្ណៈសង្គមថ្នាក់លើ ជាដើម។ នៅក្នុងសង្គមបុរាណខ្មែរ គេរាយមនុស្ស ចែកតាមស្រទាប់វណ្ណៈ (ដូចជាវណ្ណៈក្សត្រ វណ្ណៈបព្វជិត វណ្ណៈមន្ត្រី វណ្ណៈសេដ្ឋីអភិជន វណ្ណៈអ្នកងារ ឬបាវបម្រើ។ល។ រួចហើយ គេក៏បង្កើតភាសិតឬពាក្យស្លោក ដើម្បី បង្អាក់ផ្លូវគំនិតមិនអោយអ្នកតូចទាប ងើបឡើង តស៊ូប្រឹងប្រែង ប្រជែងផ្លូវ ជាមួយអ្នកឈរក្នុងវណ្ណៈខ្ពស់ នោះបានឡើយ។ ដូច្នេះ អ្នកក្រ អ្នកតូចទាប អ្នកល្ងង់ គ្មានថ្ងៃនឹងតស៊ូ ដើម្បីភាពលូតលាស់របស់ខ្លួន ហួសព្រំដែនវណ្ណៈ ដែលសង្គមថ្នាក់លើ គូសអោយនោះដែរ។

ចៃដន្យ សង្គមខ្មែរ បានផ្លាស់ប្តូរតាមសម័យកាល ពីសង្គមសក្តិភូមិបុរាណ ឈានចូលមកយុគថ្មីមួយទៀត ដែលពលរដ្ឋម្នាក់ៗ នាំគ្នា រើបម្រះស្វែងរក សិទ្ធសេរីភាព របស់ខ្លួន តាមរយៈឥទ្ធិពល នៃរបបប្រជាធិបតេយ្យ សេរីនិយម។ នៅវេលានេះ យើងសង្កេតឃើញ ថាពលរដ្ឋយើង បានទទួលការសិក្សាជ្រៅជ្រះ មានការស្វែងយល់ នូវគំនិតវិជ្ជមាន និងរីកចម្រើន ជាច្រើន សម្រាប់បណ្តុះបណ្តាលខ្លួន និងបណ្តុះបណ្តាល មនុស្សជាទូទៅ អោយក្លាយជាពលរដ្ឋប្រសើរៗ ជ្រោមជ្រែងជាតិ មិនថា ខ្លួនស្ថិតនៅក្នុងវណ្ណៈណាក៏ដោយ។ ដូច្នេះហើយ ទើបយើងឃើញ សង្គមបច្ចុប្បន្ន បានលាតដៃ យ៉ាងទូលាយ ទទួលស្គាល់ និងត្រងយក នូវពលរដ្ឋទាំងឡាយ មកបម្រើស្រុកទេស តាមរយៈកម្រិតសតិប្រាជ្ញា សមត្ថភាព និងគុណសម្បត្តិប្រសើរ ដទៃទៀត របស់ពលរដ្ឋទាំងនោះ ជាជាងសម្លឹងមើលវណ្ណៈយស ក្រុមគ្រួសាររបស់គេ ដូចនាគ្រាអតីតកាល តទៅទៀត។

ក្នុងសម័យកាលបច្ចុប្បន្ននេះ សង្គមយើងជាទូទៅ ភាគច្រើនបានផ្លាស់ប្តូរទដ្ឋិនិងគំនិត ពីដំណើរ បន្ទុចបង្អាក់កម្លាំងចិត្តមនុស្ស មកលើកកម្លាំងចិត្ត ជំរុញកម្លាំងចិត្តមនុស្ស សាជាថ្មីវិញម្តង។ ហើយដំណើរនៃការជំរុញចិត្តមនុស្ស បណ្តុះកម្លាំងចិត្តមនុស្ស ជាដំណើរប្រសើរបំផុត ក្នុងការសាងប្រទេសជាតិ អោយជឿនលឿននិងមានជោគជ័យ ព្រោះថា កាលបើពលរដ្ឋទាំងឡាយ មានកម្លាំងចិត្តខ្លាំងក្លា ជួយខ្លួនឯង អោយបានក្លាយជាមនុស្សប្រសើរ សង្គមជាតិប្រាកដជាបរិបូណ៌ ទៅដោយពលរដ្ឋប្រសើរ។ កាលណាប្រទេសជាតិបរិបូណ៌ ទៅដោយពលរដ្ឋប្រសើរ មានការចេះដឹងខ្ពស់ នោះប្រទេសជាតិ នឹងមានដំណើរ ឆ្ពោះទៅរកភាពរុងរឿងពណ្ណារាយ ដោយស្វ័យប្រវត្តិ។

តើសុភាសិតខាងក្រោមនេះ

"ខ្លួនទាបប្រើបង្អោង ដៃខ្លីប្រើទំពក់ឈោង ជើងមានឈានជាន់ឡើងអោយខ្ពស់" ឬក៏ "ខ្លួនទាបអោយប្រឹងហាត់តោង ដៃខ្លីអោយប្រឹងហាត់ឈោង ជើងមានហាត់ឈានជាន់ឡើងខ្ពស់"

តើមានអត្ថន័យដូចម្តេចខ្លះ?

ន័យអត្ថានុរូប ឬន័យត្រង់៖

ខ្លួនទាបអោយប្រឹងហាត់តោង៖ ទាបកំពស់រូបកាយ ទាបសុខភាព ប្រឹងហាត់កីឡា ហាត់ប្រាណ នឹងជួយអោយមានសុខភាព ទាំងសាច់ដុំឆ្អឹងឆ្អែង អោយបានកាន់តែរីកដុះដាល មានសុខភាពប្រសើរល្អជាងមុន។ បើសិនមានកិច្ចការអ្វី សម្រាប់ដោះស្រាយ ដោយកម្លាំងសាច់ដុំឬសុខភាព នោះយើងអាចពឹងខ្លួនឯងបានយ៉ាងរវាសរវៃ ហើយមានប្រសិទ្ធភាពបំផុត។

ខ្លួនទាបអោយប្រើបង្អោង៖ បើចង់បេះផ្លែឈើ លើមែកខ្ពស់ បើមិនប្រឹងតោងមែក តោងដើម ច្បាស់ជាឡើងមិនដល់ នឹងបេះផ្លែឈើបាន។ បើសិនឡើងមិនកើត ប្រើបង្អោង ប្រើទំពក់ ប្រើជើងឈានជាន់មែក ជាន់បង្អោង កាន់ទំពក់បេះ។ បើសិនមិនប្រឹងស្រវេស្រវា ប្រើប្រាជ្ញាដោះស្រាយ ប្រើដៃជើងជាទីពឹង ប្រើធនធានដែលមានជុំវិញខ្លួនជាប្រយោជន៍ នោះយើងពិតជាមិនបានផ្លែឈើ បរិភោគឡើយ។

ន័យអត្ថាបដិរូប ឬន័យប្រៀបធៀប៖

ខ្លួនទាបអោយប្រឹងហាត់តោង៖ បើដឹងថា ខ្លួនទាបវិជ្ជា ទាបចំណេះ គប្បីតោងសាលា តោងគ្រូ តោងគម្ពីរ តោងសិល្ប៍វិធីសិក្សា ជួយអោយខ្លួកាន់តែចេះប្រសើរឡើង។ បើដឹងខ្លួនខ្វះខាតចំណេះ ឬទេពកោសល្យ គប្បីស្វែងរកវិធីបណ្តុះបណ្តាលការចេះដឹង និងទេពកោសល្យរបស់ខ្លួន អោយកាន់តែប្រសើរ ជាងមុន ជាលំដាប់ឡើង។

ខ្លួនទាបអោយប្រើបង្អោង ៖ ទាបតែកាយមែនពិត គប្បីប្រើសតិប្រាជ្ញា ជាបង្អោង នាំជីវិត ទៅរកជោគជ៍យ។ ជើងគឺជាសមត្ថភាព របស់ខ្លួនយើង។ ទៅណាមកណា យើងពឹងជើងជាជំនួយ ដើម្បីជួយនាំខ្លួនយើង ទៅដល់ទីខ្ពស់។ បើដឹងថាខ្លួនយើងទាប សូមប្រើប្រាជ្ញាជាបង្អោង ប្រើជើងជាកម្លាំង សមត្ថភាព របស់ខ្លួន ដើម្បីជួយខ្លួនយើង អោយបានដើរឡើងសំដៅ ទៅគោលដៅ នៅទីខ្ពស់ បានប្រសិទ្ធ ទៅតាមកម្រិតនៃការប្រឹងប្រែងរបស់យើង និងតាមឧិកាសដែលហុចអោយ។

ដៃខ្លីប្រើទំពក់ឈោង ៖ ពេលខ្លះ ប្រើដៃប្រើជើង របស់ខ្លួន មិនគ្រប់គ្រាន់ ឬមិនអាចផ្តល់ប្រយោជន៍ ទាន់ចិត្ត យើងនោះទេ នោះយើងអាចខ្ចីទំពក់ផ្សេងៗទៀត មកប្រើ ដោយពឹងផ្អែកលើ កម្លាំងសមត្ថភាពស្នាដៃ របស់យើងដែរ ដូចជា ការទៅខ្ចីប្រាក់ទុនធនធាន ពីធនាគារ ដើម្បីពង្រីកក្រុមហ៊ុនពាណិជ្ជកម្មរកស៊ី ជួលបុគ្គលិកមកធ្វើការក្នុងក្រសួង រួចប្រើទេពកោសល្យប្រាជ្ញា (ដៃ) និងសមត្ថភាព (ជើង) របស់យើង ក្នុងការដឹកនាំការងារក្រុមហ៊ុន និងដឹកនាំបុគ្គលិក ក្នុងពង្រីកកិច្ចការរកស៊ី អោយបានចម្រើនថ្កុំថ្កើងជោគជ័យ។ ព្រមពេលជាមួយគ្នានោះ ធនាគារ ក៏បានរីកធនធាន ដោយសារកម្លាំងសមត្ថភាព ទេពកោសល្យ និងមធ្យោបាយ របស់យើងដែរ។ ដូច្នេះ ទំពក់ និងបង្អោង គឺជាធនធាន ដែលមាននៅជុំវិញខ្លួនយើងផង ទាំងឡាយ ដែលដៃរបស់យើង (ប្រាជ្ញាផលិត) អាចខ្ចីយកមកប្រើការ ពង្រីកការងារ និងភាពរុងរឿងក្នុងជីវិត បានដោយងាយ។

រួមសេចក្តីមក៖

"ខ្លួនទាបប្រើបង្អោង ដៃខ្លីប្រើទំពក់ឈោង ជើងមានឈានជាន់ឡើងអោយខ្ពស់" ឬក៏ "ខ្លួនទាបអោយប្រឹងហាត់តោង ដៃខ្លីអោយប្រឹងហាត់ឈោង ជើងមានហាត់ឈានជាន់ឡើងខ្ពស់"

យើងគ្រប់គ្នា គប្បីបណ្តុះបណ្តាលខ្លួន មិនថា ខ្លួនយើង ស្ថិតនៅក្នុងវណ្ណៈសង្គមណាឡើយ ព្រោះថា គ្រប់គ្នា រមែងមានចំណុចខ្វះខាត គ្រប់គ្នាទាំងអស់ មិនលើកលែងបុគ្គលណាមួយឡើយ។ សូមកុំបណ្តោយអោយខ្លួនយើង បាក់កម្លាំងចិត្ត ទៅតាមទំនោរប្រមាថ របស់ចាស់បុរាណខ្លះៗ ដែលប្រាថ្នា មិនចង់ឃើញ អ្នកតូចទាប បានទទួលនូវការរីកចម្រើនដុះដាល ក្នុងជីវិត តទៅទៀត។ ផ្ទុយទៅវិញ នរជនណាដែលអាចបង្រៀនដៃអោយហាត់តោង អោយជើងហាត់រៀនឈានជាន់ និងរៀនប្រើសតិប្រាជ្ញា ខ្ចីបង្អោងទំពក់ មកជួយបណ្តោះកិច្ចការងារ ទាំងពួងរបស់ខ្លួន នរជននោះ រមែងបានទទួល នូវការរីកចម្រើនដុះដាល ក្នុងជីវិតរបស់គេ មិនលែងឡើយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]

ខែមករា២០១០