Jump to content

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

ពីវិគីភីឌា

ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានគណៈកម្មាធិការសម្របសម្រួលបច្ចេក​ទេសរបស់ខ្លួន ដើម្បីជួយសិក្សា និងផ្ដល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត និង​គណៈ​អភិបាលខេត្តរបស់ខ្លួនលើបញ្ហាទាក់ទងនឹងការងារផែនការ ថវិកា ការសម្រប​សម្រួលកិច្ចការនានាជាមួយមន្ទីរ អង្គភាពខ្សែបណ្ដោយរបស់ក្រសួង ស្ថាប័ន​នានា និងក្រុមប្រឹក្សាប្រភេទផ្សេងទៀត និងបញ្ហាទាក់ទងនឹងមុខងារ​ធនធានដែល​បានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យក្រុមប្រឹក្សាខេត្ត។

សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

[កែប្រែ]

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មានសមាសភាពដូចខាង​ក្រោម ៖

- អភិបាលខេត្ត ប្រធាន
- អភិបាលរងខេត្ត០១រូប អនុប្រធាន
- នាយករដ្ឋបាលសាលាខេត្ត សមាជិកអចិន្ដ្រៃយ៍
- សមាជិកក្រុមប្រឹក្សាខេត្តយ៉ាងតិច០២រូប សមាជិក
- ប្រធានមន្ទីរ អង្គភាពប្រចាំនៅខេត្ត សមាជិក
- នាយកទីចាត់ការទាំងអស់របស់សាលាខេត្ត សមាជិក
- អភិបាលក្រុង ស្រុកទាំងអស់នៅក្នុងខេត្ត សមាជិក
- តំណាងសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំខេត្ត០២រូប សមាជិក
- តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត០១រូប សមាជិក

បញ្ជាក់ ៖

  • សមាសភាពអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស  ត្រូវ​ស្នើដោយអភិបាលខេត្ត។
  • តំណាងសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំខេត្ត០២រូប ត្រូវចាត់តាំងឡើង ដោយគណៈកម្មាធិការប្រតិបត្ដិនៃសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំ​ខេត្ត។ តំណាងទាំងពីររូបនេះត្រូវមានស្ដ្រីមួយរូប។
  • ក្រុមប្រឹក្សាខេត្ត ត្រូវចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។ សេចក្ដីសម្រេចនេះត្រូវចុះហត្ថលេខា ដោយប្រធានក្រុមប្រឹក្សាខេត្ត។

តួនាទី និងភារកិច្ចគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

[កែប្រែ]

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានតួនាទី និងភារកិច្ច​ផ្ដល់​យោបល់ដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត លើកិច្ចការសំខាន់ៗ ដូច​ខាងក្រោម ៖

១). ផែនការអភិវឌ្ឍន៍ និងថវិកា

[កែប្រែ]
  • ការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ និងថវិការបស់ក្រសួង ស្ថាប័ន ឬ មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់សេវា សម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុម​ប្រឹក្សាខេត្តទៅក្នុង ៖
    • ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
    • កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
    • ក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់ក្រុមប្រឹក្សាខេត្ត
    • គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
  • សេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបី​ឆ្នាំ​រំកិលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត និងការធ្វើបច្ចុប្បន្នភាព
  • សេចក្ដីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា​ខេត្ត
  • សេចក្ដីព្រាងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់ក្រុមប្រឹក្សាខេត្ត និងការធ្វើបច្ចុប្បន្នភាព
  • ការងារហិរញ្ញវត្ថុ និងថវិការបស់ក្រុមប្រឹក្សាខេត្ត
  • សេចក្ដីព្រាងគម្រោងវិភាជន៍មូលនិធិវិនិយោគខេត្ត ដើម្បីគាំទ្រដល់​កម្មវិធីនានារបស់ខេត្ត
  • កៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធនានា ដល់គម្រោងវិនិយោគខេត្ត
  • របាយការណ៍រីកចម្រើននានាទាក់ទងដល់ការងារផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងថវិការបស់ក្រុមប្រឹក្សាខេត្ត។

២). សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពរបស់​ក្រសួង ស្ថាប័ននានា

[កែប្រែ]
  • កិច្ចសហប្រតិបត្ដិការ ការពិគ្រោះយោបល់ និងការសម្របសម្រួល​កិច្ចការនានារបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន
  • សម្របសម្រួលការផ្ដល់សេវា និងការអភិវឌ្ឍដែលផ្ដល់ដោយក្រសួង ស្ថាប័ន ឬដោយមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ដើម្បីឆ្លើយ​តប​តម្រូវការរបស់មូលដ្ឋាន
  • ការសម្របសម្រួលភាពមិនចុះសម្រុងគ្នារវាងកិច្ចការរបស់ក្រុមប្រឹក្សា​ខេត្តជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពជំនាញនានា
  • ការផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័ននានា ដើម្បីកែលម្អការផ្ដល់​សេវា និងការអភិវឌ្ឍស្របតាមតម្រូវការរបស់មូលដ្ឋាន។

៣).កិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត

[កែប្រែ]
  • ការរៀបចំយន្ដការពិគ្រោះយោបល់ និងការចូលរួមក្នុងដំណើរការ​អនុវត្ដការងារនៃរដ្ឋបាលឯកភាពខេត្ត
  • ការរៀបចំប្រព័ន្ធ និងនីតិវិធីបំពេញការងារ ព្រមទាំងទំនាក់ទំនង​របស់ទីចាត់ការនានានៃសាលាខេត្ត
  • ការដោះស្រាយនូវភាពមិនចុះសម្រុងគ្នាក្នុងការអនុវត្ដការងាររបស់​ទីចាត់ការនានានៃសាលាខេត្ត។

៤). កិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្ត​ជាមួយ​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្ត

[កែប្រែ]
  • ការរៀបចំយន្ដការពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្ត និងក្រុម​ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ក្នុង​ខេត្ត
  • ការឆ្លើយតបចំពោះអនុសាសន៍ សំណើ សំណូមពរនានារបស់ក្រុម​ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ឬក្រុមប្រឹក្សាសង្កាត់ ក្នុងករណីដែលក្រុមប្រឹក្សាទាំងនោះមិនអាចដោះស្រាយបាន
  • ការដោះស្រាយនូវភាពមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាខេត្ត និង​ឬ ក្រុមប្រឹក្សាក្រុង និង​ឬក្រុមប្រឹក្សាស្រុក និង​ឬក្រុមប្រឹក្សាឃុំ ឬនិង ក្រុមប្រឹក្សាសង្កាត់។

៥). កិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្ត​ជាមួយ​ក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងទៀត

[កែប្រែ]
  • ការរៀបចំយន្ដការពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្ត និងក្រុម​ប្រឹក្សាដែលមានព្រំប្រទល់ជាប់គ្នា និងក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងទៀត
  • ការសម្រុះសម្រួលនូវភាពមិនចុះសម្រុងគ្នា រវាងក្រុមប្រឹក្សាខេត្តជា​មួយក្រុមប្រឹក្សាដែលមានព្រំប្រទល់ជាប់គ្នា និងក្រុមប្រឹក្សាពាក់​ព័ន្ធ​ផ្សេងទៀត។

៦). ការងារទាក់ទងមុខងារ និងធនធាន

[កែប្រែ]
  • វិធានការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ដមុខងារ  និងធនធាន
  • ការរៀបចំនូវលក្ខណសម្បត្ដិ និងមធ្យោបាយដើម្បីទទួល និងអនុវត្ដ​មុខងារ និងធនធានថ្មីដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យខេត្ត
  • ការផ្ដួចផ្ដើមស្នើឡើងនូវមុខងារ និងធនធានដែលគួរត្រូវបានប្រគល់ ឬបានធ្វើប្រតិភូកម្មឱ្យរដ្ឋបាលខេត្ត
  • ការផ្ដួចផ្ដើមអំពីការធ្វើប្រតិភូកម្មនូវមុខងារ និងធនធានដល់រដ្ឋបាល​ក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងរដ្ឋបាលសង្កាត់
  • ការវាយតម្លៃលើការអនុវត្ដមុខងារ និងធនធានដែលស្ថិតក្រោម​ការ​ទទួលខុសត្រូវនៃរដ្ឋបាលខេត្ត។

ក្រៅពីកិច្ចការខាងលើនេះ គណៈកម្មាធិការអាចទទួលអនុវត្ដកិច្ចការ​ផ្សេងទៀត តាមតម្រូវការនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ឬតាម​ការ​ប្រគល់ភារកិច្ចពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន។

របៀបរបបធ្វើការងាររបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

[កែប្រែ]

ក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួន ប្រធាន អនុប្រធាន និងសមា​ជិក​គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវពិនិត្យ ពិចារណាលើចំណុច​មួយ​ចំនួនដូចខាងក្រោម ៖

  • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ត្រូវជួបប្រជុំយ៉ាងតិច​ពីរ​ខែម្ដង។ កិច្ចប្រជុំអាចប្រព្រឹត្ដទៅបាន លុះត្រាតែមានវត្ដមាន​សមា​ជិក​លើសពីពាក់កណ្ដាល នៃសមាជិកគណៈកម្មាធិការទាំងមូលចូលរួម។ សេចក្ដីសម្រេចនៃកិច្ចប្រជុំអាចយកជាការបាន លុះត្រាមាន​សម្លេង​អនុម័តលើសពីពាក់កណ្ដាលនៃចំនួនសមាជិកគណៈ​កម្មាធិការទាំង​មូល
  • ប្រធានគណៈកម្មាធិការជាអ្នកកោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំ​របស់គណៈកម្មាធិការ។ ក្នុងករណីប្រធានអវត្ដមាន អនុប្រធានជាអ្នក​កោះប្រជុំ និងជាអធិបតីនៃអង្គប្រជុំ។ គ្រប់កិច្ចប្រជុំរបស់គណៈ​កម្មា​ធិការត្រូវមានកំណត់ហេតុ ដែលរៀបចំឡើងដោយនាយករដ្ឋបាល​សាលាខេត្ត និងត្រូវចុះហត្ថលេខាដោយអធិបតីនៃអង្គប្រជុំ
  • គណៈកម្មាធិការអាចកំណត់អំពីរបៀបរបបប្រជុំ ការអនុម័តរបៀប​របបការងារជាក់ស្ដែង និងការបែងចែកភារកិច្ចដល់សមាជិកគណៈ​កម្មាធិការតាមការចាំបាច់
  • ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការ ដែលជានាយករដ្ឋ​បាល​សាលាខេត្ត អភិបាលក្រុង អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពនៃ​ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលប្រចាំនៅខេត្ត និងនាយក​ទីចាត់ការនៃសាលាខេត្តអវត្ដមាន សមាជិកនោះអាចចាត់តំណាង ដែលមានសិទ្ធិសម្រេចជំនួសខ្លួនឱ្យចូលរួមប្រជុំបាន
  • អភិបាលខេត្តអាចស្នើឱ្យអភិបាលរងខេត្ត មន្ដ្រី ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធនានា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនេះតាមការ​ចាំបាច់។ អភិបាលរងខេត្ត មន្ដ្រី ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់​ព័ន្ធ​ទាំងនោះ អាចផ្ដល់យោបល់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ​បាន ប៉ុន្ដែពុំមានសិទ្ធិអនុម័តឡើយ
  • កិច្ចប្រជុំនីមួយៗរបស់គណៈកម្មាធិការ ត្រូវមានរបៀបវារៈដែលបាន​ត្រៀមរៀបចំជាមុន។ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សម្របសម្រួលបច្ចេកទេសដោយមាននាយករដ្ឋបាល ជាជំនួយការ​ត្រូវរៀបចំរបៀបវារៈប្រជុំដោយផ្អែកតាម ៖
    • តម្រូវការរបស់ក្រុមប្រឹក្សាខេត្ត
    • តម្រូវការរបស់គណៈអភិបាលខេត្ត
    • តម្រូវការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
    • សំណើរបស់សមាជិកយ៉ាងតិចមួយភាគបីនៃចំនួនសមាជិកគណៈ​កម្មាធិការសម្របសម្រួលបច្ចេកទេស
    • តម្រូវការនៃច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ។

ផ្អែកតាមតម្រូវការ និងសំណើដូចខាងលើនេះ អភិបាលខេត្តត្រូវពិគ្រោះ​យោបល់នៅក្នុងគណៈអភិបាលខេត្តរបស់ខ្លួន ដើម្បីចាត់ឱ្យទីចាត់ការ​មួយ   ឬច្រើនដែលពាក់ព័ន្ធនៃសាលាខេត្ត ធ្វើសិក្សារៀបចំឯកសារ បែបបទ នីតិវិធីនានាតាមរបៀបវារៈនីមួយៗ។ នាយករដ្ឋបាលត្រូវដឹកនាំទីចាត់​ការ​ដែលពាក់ព័ន្ធនៅក្នុងសាលាខេត្ត សិក្សារៀបចំឯកសារ បែបបទ និង​នីតិវិធីទាំងនេះ ដោយសហការជាមួយមន្ទីរ អង្គភាព និងរដ្ឋបាល​ដែល​ពាក់ព័ន្ធនានាតាមការចាំបាច់។ ជាមួយគ្នានេះ នាយករដ្ឋបាលត្រូវផ្អែក​តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្ដ​សម្រាប់អនុវត្ដច្បាប់ទាំងនេះ។ ក្រោយពេលបានរៀបចំឯកសារ បែបបទ នីតិវិធី តាមរបៀបវារៈនីមួយៗរួចហើយ នាយករដ្ឋបាលត្រូវដាក់ជូន​អភិបាលខេត្ត ដើម្បីពិនិត្យ និងរៀបចំកោះប្រជុំគណៈកម្មាធិការ។

  • អភិបាលខេត្ត ដោយមាននាយករដ្ឋបាលជាជំនួយការត្រូវរៀបចំ​របាយ​ការណ៍លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការ ដើម្បីដាក់ជូន​ក្រុម​ប្រឹក្សាខេត្ត ចំពោះកិច្ចការណាដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សា​ខេត្ត ឬដាក់ជូនគណៈអភិបាលខេត្ត ចំពោះកិច្ចការណាដែលជាសមត្ថ​កិច្ច​របស់គណៈអភិបាលខេត្ត
  • ដើម្បីជួយសម្រួលដល់កិច្ចការរបស់ខ្លួន គណៈកម្មាធិការសម្រប​សម្រួល​បច្ចេកទេសអាចស្នើសុំបង្កើតអនុគណៈកម្មាធិការ ឬក្រុម​ការ​ងារតាមការចាំបាច់ ឬតាមតម្រូវការនៃច្បាប់ និងលិខិតបទដ្ឋាន​គតិ​យុត្ដនានា។ សមាសភាពអនុគណៈកម្មាធិការ ឬក្រុមការងារនេះ​អាច​ជ្រើសចេញពីសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មន្ដ្រីអង្គភាពពាក់ព័ន្ធនៃសាលាខេត្ត សាលាក្រុង សាលាស្រុក និង​មន្ទីរ អង្គភាពពាក់ព័ន្ធនានា តាមការចាំបាច់
  • ក្រុមប្រឹក្សាខេត្តត្រូវសម្រេចអំពីការបង្កើត ការរៀបចំ និងការ​ប្រព្រឹត្ដ​ទៅនៃអនុគណៈកម្មាធិការ ឬក្រុមការងារខាងលើនេះ។ សេចក្ដី​សម្រេចនេះ ត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាខេត្ត ផ្អែក​តាម​ការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាខេត្តរបស់ខ្លួន។