Jump to content

គណៈអភិបាលខេត្ត

ពីវិគីភីឌា

៣.២សមាសភាពគណៈអភិបាលខេត្ត

[កែប្រែ]

គណៈអភិបាលខេត្តមានតួនាទី និងភារកិច្ចចម្បងៗដូចខាងក្រោម ៖

  • គណៈអភិបាលខេត្តត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្ដល់យោបល់​ជូនក្រុមប្រឹក្សាខេត្តអំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងសិទ្ធិអំណាច​ខាង​បញ្ញត្ដិ និង សិទ្ធិអំណាចខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាខេត្ត ដើម្បី​ក្រុម​ប្រឹក្សាខេត្តធ្វើការពិភាក្សា អនុម័តក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញ​ទាក់ទងនឹង ៖

-ការពិនិត្យមុខងារ ភារកិច្ច និងធនធានទាំងអស់ដែលបានប្រគល់ ឬបានផ្ទេរមកឱ្យក្រុមប្រឹក្សាខេត្ត និងអំពីរបៀបរបប បែបបទនីតិវិធី នៃការអនុវត្ដមុខងារ ភារកិច្ច និងការចាត់ចែងធនធាន​ទាំង​នោះ

- ការរៀបចំយុទ្ធសាស្ដ្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និង​ធន​ធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និងធនធាន ដែលបាន​ប្រ​គល់ ឬបានផ្ទេរ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល​រាជ​ធា​នី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។

- ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ​រំកិល​ប្រចាំឆ្នាំ

- ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដែលត្រូវធ្វើបច្ចុប្បន្នភាព​ជា​រៀងរាល់ឆ្នាំ

- គម្រោងថវិកាប្រចាំឆ្នាំ

- ការបង្កើត ការកែសម្រួល ឬការរំសាយទីចាត់ការ ឬការិយា​ល័យ​នានា

- ការរៀបចំតួនាទី ភារកិច្ច និងលក្ខខណ្ឌការងាររបស់បុគ្គលិក

- ការតែងតាំង ការដំឡើងថ្នាក់ឋានន្ដរសក្ដិ និងការបញ្ឈប់បុគ្គលិក

- ការកំណត់លក្ខណសម្បត្ដិនៃការជ្រើសរើស ការតែងតាំង ការកំ​ណត់​​​ប្រាក់បៀវត្ស និងកម្រៃផ្សេងៗនៃបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត

- ការកំណត់នីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ទីចាត់ការ និង​បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត

- ការកំណត់យុទ្ធសាស្ដ្រ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត

- ការរៀបចំរបាយការណ៍ប្រចាំឆ្នាំដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តមិនឱ្យលើសពី៤៥ថ្ងៃ បន្ទាប់ពីដំណាច់ឆ្នាំនីមួយៗ​ដែលពាក់ព័ន្ធនឹង៖

+ ដីកា និងសេចក្ដីសម្រេចនានា ដែលបានដាក់ចេញដោយ​ក្រុម​ប្រឹក្សាខេត្ត ព្រមទាំងសកម្មភាព និងលទ្ធផលនៃការ​អនុវត្ដ​ដីកា និង សេចក្ដី សម្រេចទាំងនោះ ។

+ របាយការណ៍ហិរញ្ញវត្ថុ

+ ការវាយតម្លៃអំពីការបំពេញការងាររបស់គណៈអភិបាល​ខេត្ត និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត

+ វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្ដការ​ងារ​របស់ក្រុមប្រឹក្សាខេត្ត

+ វិធានការចាំបាច់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ

+ កិច្ចការផ្សេងៗទៀត ដែលក្រុមប្រឹក្សាខេត្តយល់ឃើញថាចាំ​បាច់ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន

- របាយការណ៍ប្រចាំខែ ត្រីមាស និងឆមាស

-ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការ​ងារ​នានាតាមការចាំបាច់ដើម្បីជួយដល់ការអនុវត្ដការងាររបស់​ក្រុម​ប្រឹក្សាខេត្ត

-ការរៀបចំយុទ្ធសាស្ដ្រផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ដូច​ជា​ការរៀបចំក្ដារព័ត៌មាន ការបិទផ្សាយព័ត៌មាននៅលើក្ដារព័ត៌មាន និងការស្វះស្វែងរក មធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូន​ប្រ​ជា​ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

- កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋាន​គតិ​យុត្ដនានា និងដែលតម្រូវដោយក្រុមប្រឹក្សាខេត្តរបស់ខ្លួន

  • នៅពេលបានទទួលរបាយការណ៍ ឬព័ត៌មានអំពីការរំលោភអំណាច​នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលខេត្តត្រូវធ្វើការស៊ើប​អង្កេត ជាបន្ទាន់។ ប្រសិនបើរកឃើញថាមានការរំលោភអំណាចពិត​ប្រាកដមែន គណៈអភិបាលខេត្តត្រូវធ្វើសេចក្ដីរាយការណ៍ ​ជាបន្ទាន់​ជូនក្រុមប្រឹក្សាខេត្ត និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អភិបាលខេត្តមានតួនាទីជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន​របស់រាជរដ្ឋាភិបាលក្នុងខេត្ត។ ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល តំណាង​ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនេះ អភិបាលខេត្តត្រូវ ៖

  • ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើក​កម្ពស់​ការយល់ដឹងអំពីច្បាប់ និងធានាឱ្យមានការអនុវត្ដច្បាប់ ព្រមទាំង​ធានា​ឱ្យមាន ការការពារ និងគោរពសិទ្ធិមនុស្សចំពោះប្រជាពល​រដ្ឋ​ទាំងអស់ក្នុងខេត្ត
  • ធ្វើជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការដឹកនាំ សម្របសម្រួល​មន្ទីរ អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ និង រដ្ឋបាលសង្កាត់ ដើម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយសាធារណៈនៅក្នុងខេត្ត
  • ណែនាំដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន​ដែល​ប្រចាំនៅខេត្តឱ្យអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួនបាន​ត្រឹមត្រូវ ស្រប​តាម ច្បាប់គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្ដ ដែល​ពាក់ព័ន្ធនឹងមន្ទីរ អង្គភាព និងទីភ្នាក់ងារនីមួយៗនោះ
  • សម្របសម្រួលតម្រង់ទិសដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានា​របស់​ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការឆ្លើយតបតម្រូវការជា​អាទិ​ភាពនៅមូលដ្ឋាន។ ក្នុងករណីកិច្ចការទាំងឡាយណាដែល​មាន​ការ​ពាក់ព័ន្ធច្រើនវិស័យ អភិបាលខេត្តត្រូវធ្វើការសម្របសម្រួលជា​មួយ​មន្ទីរ អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីរួមគ្នា​អនុវត្ដកិច្ចការ​នោះ ដោយផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងតម្រូវ ការអាទិភាពរបស់មូលដ្ឋាន។ តាមរយៈគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុម​ប្រឹក្សា​ខេត្ត អភិបាលខេត្តត្រូវធ្វើការសម្របសម្រួល តម្រង់ទិសដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការ​ធ្វើសមាហរណកម្មផែនការ និងថវិកា របស់ខ្លួនទៅក្នុងផែនការ និង​ថវិការបស់ក្រុមប្រឹក្សាខេត្ត
  • ពិនិត្យវាយតម្លៃ ផ្ដល់មូលវិចារណ៍ និងដាក់ពិន្ទុដល់ប្រធានមន្ទីរ អង្គ​ភាព​របស់ក្រសួង ស្ថាប័ននានា តាមគោលការណ៍កំណត់
  • ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាខេត្តជាមុន ក្នុងការផ្ដល់យោបល់​ដល់រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នលើបេក្ខភាពដែលស្នើតែងតាំងជា​ប្រធាន​មន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ននានាដែលប្រចាំនៅខេត្ត។ ក្នុង​ករណីមិនគាំទ្រចំពោះបេក្ខភាព ដែលស្នើតែងតាំងជាប្រធានមន្ទីរ អង្គភាពណាមួយ អភិបាលខេត្ត ត្រូវធ្វើរបាយការណ៍ជាលាយ​លក្ខណ៍​អក្សរដោយបញ្ជាក់ច្បាស់អំពីហេតុផលដែលមិនគាំទ្រនោះ ជូនរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ដើម្បីពិនិត្យ ពិចារណា និងចាត់វិធានការ​ដូច​ខាងក្រោម ៖

-ក្នុងករណីរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីឯកភាព​តាមរបាយ​ការណ៍​របស់អភិបាលខេត្ត រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ត្រូវផ្លាស់​ប្ដូរ​បេក្ខភាពដែលបាន ស្នើឡើងឱ្យបានសមស្រប

-ក្នុងករណីរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីស្រាវជ្រាវឃើញថា ហេតុ​ផលដែលបានបញ្ជាក់ ក្នុងរបាយការណ៍របស់អភិបាលខេត្ត​ ពុំមាន​មូលដ្ឋានច្បាស់លាស់ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីត្រូវ​បញ្ជាក់​ជូន​​អភិបាលខេត្ត ដើម្បីទទួលយកបេក្ខភាពដែលបានស្នើតែង​តាំង​នោះ។ ក្នុងករណីមិនមានការឯកភាពរវាង​អភិបាលខេត្ត​ជាមួយ​រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីទៅលើបេក្ខភាពដែលស្នើតែង​តាំង​នោះ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីត្រូវ​ធ្វើសេចក្ដីរាយ​ការណ៍ជូន​ប្រមុខ រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ អភិបាលខេត្ត​ត្រូវ​រាយ ការណ៍ករណីនេះជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួន និងរដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ។

  • ធ្វើការណែនាំជាបន្ទាន់ដល់ប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុស​ត្រូវទីភ្នាក់ងារឱ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នៅពេលពិនិត្យ ឃើញមាន ភាពមិនប្រក្រតីក្នុងមន្ទីរ អង្គភាព និងទីភ្នាក់ងារណា​មួយ ឬមានការប្រព្រឹត្ដខុសឆ្គងរបស់ប្រធានមន្ទីរ អង្គភាព និងអ្នកទទួល​ខុសត្រូវ ទីភ្នាក់ងារណាមួយនោះ
  • រាយការណ៍ជាលាយលក្ខណ៍អក្សរជាបន្ទាន់ទៅរដ្ឋមន្ដ្រី ឬប្រធាន​ស្ថាប័ន​សាមីនៃមន្ទីរ អង្គភាព និងទីភ្នាក់ងារសាមី ក្នុងករណីដែល​ប្រធាន​មន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវនោះ មិនបានកែប្រែ ឬក្នុងករណី​ភាព​មិនប្រក្រតី ឬការប្រព្រឹត្ដខុសឆ្គងខាងលើមានលក្ខណៈធ្ងន់ធ្ងរ។ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ត្រូវធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដើម្បីដោះស្រាយទៅតាមច្បាប់
  • មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ដ្រី ឬប្រធានស្ថាប័ន ដើម្បី​ដកហូតពីមុខតំណែងប្រធានមន្ទីរ អង្គភាព ឬអ្នកទទួល​ខុសត្រូវ​ទីភ្នាក់​ងារ ណាមួយដែលប្រព្រឹត្ដខុសឆ្គង ហើយដែលមិនអាច​ធ្វើ​យុត្ដ​កម្មបាន។

បញ្ជាក់ ៖

- ដើម្បីធានាឱ្យអភិបាលខេត្តអនុវត្ដនូវតួនាទីនិងភារកិច្ចខាងលើនេះ សេចក្ដី​រាយការណ៍ប្រចាំខែ ត្រីមាសឆមាស និងប្រចាំឆ្នាំរបស់មន្ទីរ អង្គភាព និង​ទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ទៅរដ្ឋមន្ដ្រី ឬ​ប្រធាន​ស្ថាប័នសាមីត្រូវដាក់ជូនអភិបាលខេត្ត ដើម្បីពិនិត្យផ្ដល់យោបល់ជា​មុន។ ប្រសិនបើឯកភាព អភិបាលខេត្តត្រូវចុះហត្ថលេខា​លើរបាយ​ការណ៍​នេះជាមួយប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវ​នៃទីភ្នាក់​ងារ​នោះ។

-ចំពោះសេចក្ដីរាយការណ៍ក្រៅពីនោះរបស់មន្ទីរ អង្គភាព និងទីភ្នាក់ងារ​នានា​របស់ក្រសួងស្ថាប័នដែលប្រចាំនៅខេត្តត្រូវចម្លងជូនសាលាខេត្ត។

របៀបរបបការងាររបស់គណៈអភិបាលខេត្ត

[កែប្រែ]

ក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួន គណៈអភិបាលខេត្ត អភិបាល​ខេត្ត  អភិបាលរងខេត្តត្រូវពិនិត្យ ពិចារណាលើចំណុចសំខាន់ៗ មួយចំនួនដែល​ពាក់ព័ន្ធនឹងរបៀបរបបអនុវត្ដការងារដូចខាងក្រោម ៖

  • ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន អភិបាលខេត្តត្រូវគោរពតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិ​យុត្ដ​នានា និងការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និង​ត្រូវ​មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង ស្ថាប័ននានា ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ដ​នានា
  • ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន និងការងារដទៃទៀត ដែល​ខ្លួន​យល់ឃើញថាចាំបាច់ អភិបាលខេត្តត្រូវយកការងារទាំងនោះ មកពិគ្រោះ ពិភាក្សាក្នុងគណៈអភិបាលខេត្តរបស់ខ្លួន ដោយឈរ​លើ​គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ព្រមទាំងការ​សម្រេច និងគោលការណ៍ ណែនាំពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន
  • អភិបាលខេត្តត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាខេត្តអំពីសកម្ម​ភាពការងារទាំងអស់របស់គណៈអភិបាលខេត្ត។ អភិបាលរងខេត្តត្រូវ​ទទួលខុសត្រូវ ចំពោះមុខអភិបាលខេត្ត លើភារកិច្ចនានាដែល​បានប្រ​គ​ល់ ហើយត្រូវរួមជាមួយអភិបាល ខេត្តក្នុងការទទួលខុសត្រូវ​អំពី​ការ​សម្រេច និងសកម្មភាពក្នុងគណៈអភិបាលខេត្តរបស់ខ្លួន
  • ដើម្បីធានានូវគោលការណ៍នៃការអនុវត្ដការងារ គណៈអភិបាលខេត្ត​ត្រូវជួបប្រជុំគ្នាប្រចាំអឌ្ឍមាស។ ការប្រជុំអឌ្ឍមាសទី២​នៃខែនីមួយៗ​ជាការ ប្រជុំប្រចាំខែ។ ក្រៅពីការប្រជុំប្រចាំអឌ្ឍមាស និងការប្រជុំ​ប្រចាំខែ គណៈអភិបាលខេត្តអាចកោះប្រជុំតាមការចាំបាច់។ រៀង​រាល់កិច្ចប្រជុំ ត្រូវមាន កំណត់ហេតុនៃកិច្ចប្រជុំ ។
  • គណៈអភិបាលខេត្ត ត្រូវប្រជុំពិភាក្សាដើម្បីបែងចែកភារកិច្ចដល់​អភិ​បាលខេត្ត និងអភិបាលរងខេត្ត ហើយសុំការសម្រេចពីក្រុមប្រឹក្សា​ខេត្តរបស់ខ្លួន
  • អភិបាលខេត្ត ត្រូវចុះហត្ថលេខាលើលិខិតស្នាមរដ្ឋបាលសម្រាប់ចាត់​ចែងការងារប្រចាំថ្ងៃ ដើម្បីអនុវត្ដសេចក្ដីសម្រេចនៃក្រុមប្រឹក្សា​ខេត្ត​របស់ខ្លួន លើកលែងតែលិខិតបទដ្ឋានដែលតម្រូវឱ្យប្រធាន​ក្រុម​ប្រឹក្សា​ខេត្តចុះហត្ថលេខា ក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន
  • អភិបាលខេត្ត អាចប្រគល់សិទ្ធិដល់អភិបាលរងខេត្ត ក្នុងការចុះ​ហត្ថ​លេខាលើឯកសារ លិខិតស្នាមរដ្ឋបាលចាំបាច់មួយចំនួន ក្នុងក្របខ័ណ្ឌ​នៃភារកិច្ច ដែលបានបែងចែកជូនអភិបាលរងខេត្តនីមួយៗ ។ អភិបាល​ខេត្តត្រូវទទួលខុសត្រូវអំពីភាពត្រឹមត្រូវតាមច្បាប់ និងបែបបទនីតិវិធីចំពោះឯកសារ លិខិតស្នាម ដែលបានប្រគល់សិទ្ធិចុះ​ហត្ថ​លេ​ខា​ដល់អភិបាលរងខេត្តទាំងនោះ
  • អភិបាលខេត្តមានសិទ្ធិដកហូតមកវិញនូវសិទ្ធិចុះហត្ថលេខាពីអភិ​បាល​រងណាមួយ ដែលប្រើប្រាស់អំណាចនេះ មិនស្របច្បាប់ និងមិនស្រប​តាមបែបបទនីតិវិធី ។ ការប្រគល់ និងការដកហូតសិទ្ធិក្នុង​ការ​ចុះ​ហត្ថ​លេខានេះ អភិបាលខេត្តត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាខេត្ត​របស់ខ្លួន
  • ក្នុងករណីអភិបាលខេត្តអវត្ដមាន អភិបាលខេត្តត្រូវផ្ទេរសិទ្ធិជាលាយ​លក្ខណ៍អក្សរជូនអភិបាលរងខេត្តមួយរូប ឱ្យទទួលជាអភិបាលខេត្ត​ស្ដីទី។ ប្រសិនបើអភិបាលខេត្តអវត្ដមានដោយពុំបានផ្ទេរសិទ្ធិ អភិបាល​រងខេត្តដែលស្ថិតនៅលំដាប់លេខរៀងលើគេ នៃ​អនុក្រឹត្យតែងតាំង​អភិបាលរងនៃគណៈអភិបាលខេត្ត ត្រូវធ្វើជាអភិបាលខេត្តស្ដីទី។ ក្នុង​ករណីដែលអភិបាលខេត្តស្ដីទីអវត្ដមាន រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃត្រូវ​ចេញប្រកាស ដើម្បីប្រគល់ភារកិច្ចដល់អភិបាលរងខេត្ត​មួយរូបឱ្យ​ទទួលជាអភិបាលខេត្តស្ដីទី។ អភិបាលខេត្តស្ដីទីត្រូវរាយការណ៍​រាល់​កិច្ចការដែលបានអនុវត្ដជូនអភិបាលខេត្ត នៅពេលដែល​អភិបាល​ខេត្ត​មានវត្ដមានវិញ
  • គណៈអភិបាលខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្ត ដែលបាន​សម្រេច និង​ឬដែលបានអនុវត្ដកិច្ចការណាមួយផ្ទុយនឹងច្បាប់ លិខិត​បទដ្ឋានគតិយុត្ដនានា ឬកិច្ចការណាដែលស្ថិតក្នុងសមត្ថកិច្ចរបស់​ក្រុម​ប្រឹក្សាខេត្ត ហើយពុំបានទទួលការសម្រេចពីក្រុមប្រឹក្សាខេត្ត ការ​សម្រេច ឬសកម្មភាពនោះពុំមានសុពលភាពឡើយ។ គណៈអភិបាល​ខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្តត្រូវទទួលខុសត្រូវចំពោះ​មុខច្បាប់អំពីការសម្រេច ឬសកម្មភាពទាំងនេះ។