គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច
តែផ្តាស អ្នកបានតាំងខ្លួនជាប្រាជ្ញដែលមិនទាន់យល់អំពីសង្គមមនុស្ស។ "កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច" ជាសំដីរបស់សង្គមជន ដែលខ្វះសមត្ថភាព កែស្រឡៅ ឬជនដែលអង្គុយមើលបំណាំតែម៉្យាង។ ស្រឡៅរឹងមែន តែក៏មិនរឹងចំពោះអ្នកមានទេពកោសល្យ ខាងអារឆ្លាក់ឈើ អោយក្លាយជាតុទូគ្រែក្តារក្រាលផ្ទះ និងគ្រឿងសង្ហារឹម ល្អៗថ្លៃថ្នូរ ក្នុងលំនៅដ្ឋាន។ ដូចគ្នានេះដែរ មនុស្សខូចក៏គេអាចនៅកែបាន ដោយមធ្យោបាយអ្នកមានសមត្ថភាព ខាងវេជ្ជវិជ្ជា (medical profession) ចិត្តវិទ្យា (psychology) សតិវិទ្យា (psychiatry) ហើយអាចក្លាយជាមនុស្សល្អប្រសើរវិញក្នុងសង្គម ជួនកាលអាចក្លាយជាអ្នកប្រាជ្ញប្រសើរ ជាងមនុស្សទូទៅខ្លះទៀតផងក៏ធ្លាប់មាន។
កាលជំនាន់មុន ឆ្នាំ១៩៧៥ ប្រទេសខ្មែរយើង ធ្លាប់មានមន្ទីរពេទ្យមួយ សម្រាប់រក្សាជនវិកលចរិត ឬវិកលសតិ នៅព្រែកត្នោត ហើយធ្លាប់មានសតិបណ្ឌិត និងចិត្តបណ្ឌិតខ្មែរ ដែលបានសិក្សា ពីប្រទេសបារាំង ធ្វើការនៅទីនោះ ដើម្បី ជួយព្យាបាលជនវិកលចរិត (behavioral difficulties) និងជនវិកលសតិ (mental difficiencies) ហើយបានជួយបន្ធូរនិងសម្រាលជម្ងឺ ជនទាំងនោះ បានប្រសើរ រហូតខ្លះបានវិលត្រឡប់មករស់នៅ ជួបជុំក្រុមគ្រួសារវិញ។ ខ្លះបានវិលទៅរៀនវិជ្ជាជីវៈ ហើយចេញប្រកបមុខរបរចិញ្ចឹមជីវិត បានដូចគេដូចឯងសាជាថ្មី។ ដូច្នេះ មនុស្សខូច ដោយសតិ ឬចរិត ក៏នៅមានឧិកាស ក្លាយជាមនុស្សល្អបានដែរ បើពួកគេបានជួបប្រទះ អ្នកដែលមានទេពកោសល្យ និងជំនាញខាងអប់រំចរិតនិងគំនិតប្រាជ្ញា។ ចៃដន្យប្រទេសខ្មែរ បានធ្លាក់ចូលរបបកុម្មុយនីស្ត នៅឆ្នាំ១៩៧៥ ហើយអ្វីៗក៏ផ្លាស់ប្តូរថមថយ អស់មួយកំឡុងពេលជាយូរឆ្នាំ។
ប៉ុន្តែសម័យ២០១១នេះ ប្រទេសខ្មែរ បានប្រែក្លាយជឿនលឿនមានសន្តិភាព មកវិញម្តងទៀត។ ពេលនេះ យើងក៏បានឃើញ ពេទ្យចិត្តវិទ្យា មានចំនួនកើនឡើង ជារឿងរាល់ឆ្នាំ និងមានកម្មវិធីអង្គការ ក្រៅរដ្ឋាភិបាល បានចេញសកម្មភាព ធ្វើការផ្តល់សេវា ជួយមនុស្សខូច (ខូចចិត្ត ខូចមារយាទ ខូចសតិ) ដើម្បីជួយអោយពួកគេ បានកែប្រែសម្រួលជីវិត អោយបានប្រសើរ ត្រឡប់មករស់នៅ ជាមួយក្រុមគ្រួសារវិញ ដោយសុខសន្តិ និងប្រកបដោយភាពកក់ក្តៅ ក្នុងចិត្ត ក្នុងជីវិត យ៉ាងក្សេមក្សាន្ត។ បើសិនជាគ្មានពេទ្យ ឬបុគ្គលិកជំនាញ ខាងកែប្រែចិត្ត ចរិត និងគំនិតទេ ប្រទេសយើង នឹងប្រទះ នូវវិបត្តិធំមិនខាន ព្រោះមនុស្សខូច នៅតែខូច មិនអាចកែប្រែបាន។ ចំពោះបុគ្គលិកមាន ទេព្យកោសល្យជំនាញ គ្មានមនុស្សខូចណា ដែលកែមិនបាន នោះឡើយ យ៉ាងណាក៏នៅតែ អាចកែមនុស្សខូច អោយបានប្រសើរ ជាងមុនបន្តិចដែរ វៀរលែងតែ ខ្វះសម្ភារៈ ខ្វះថ្នាំពេទ្យ ខ្វះសមត្ថភាព ខ្វះមន្ទីរការងារ ឬខ្វះឧិកាស ជាដើម។
ដូច្នេះ បើយើងមិនរៀនបណ្តុះសមត្ថភាព និងទេពកោសល្យរបស់យើងទេ យើងច្បាស់ជាមិនអាចពត់ស្រឡៅ ក្លាយជាគ្រឿងសង្ហារឹមដ៏មានតម្លៃ និងមានប្រយោជន៍ធំធេងនោះបានឡើយ។ ទន្ទឹមគ្នានេះដែរ បើយើងមិនរៀនបណ្តុះសមត្ថភាព និងទេពកោសល្យ សម្រាប់ពត់អប់រំចិត្ត ចរិត និងគំនិតមនុស្ស នោះទេ យើងប្រាកដជាពុំបានជួយកែឆ្នៃមនុស្សខូច (ចិត្ត ចរិត និងសតិ) អោយក្លាយជា មនុស្សប្រសើរ ក្នុងគ្រួសារ ឬក្នុងសង្គមវិញ បានដែរ។ ក្នុងលក្ខណៈជាមនុស្ស ដែលប្រកបដោយក្តីសង្ឃឹម ដោយកម្លាំងចិត្ត និងសតិប្រាជ្ញាពេញលេញ យើងនឹងមើលឃើញ នូវគុណសម្បត្តិ និងសមត្ថភាព របស់មនុស្សទាំងឡាយ ក្នុងការជួយ កែសម្រួលគ្នា ទៅវិញទៅមក អោយប្រសើរជាងមុនជានិច្ច មិនលែងឡើយ។
ជួនកាលទៀត មនុស្សខូចទាំងនោះ ក៏មានរួមទាំងខ្លួនយើងដែរ ឧទាហរណ៍ យើងខូចចិត្ត ខូចអារម្មណ៍ មានអារម្មណ៍អវិជ្ជមាន (ដូចជាខឹង ស្អប់ គុំគួន ឬស្យា ម៉ួម៉ៅ អស់សង្ឃឹម កើតទុក្ខ ព្រួយ ចចេស មានះ) មានចរិតខ្លះអវិជ្ជមាន (មិនស្មោះត្រង់ ទុច្ចរិត កាចយង់ឃ្នង ប្រើកម្លាំងបាយ ឬកម្លាំងសំដីអវិជ្ជមាន បំបាក់កម្លាំងចិត្តអ្នកដទៃ ដើម្បីដោះស្រាយរកជំនះ) មានសតិអវិជ្ជមាន (ភ្លេចច្រើន វង្វេងច្រើន មិនចងចាំ មិនយល់ ជាដើម)។ ពេលនេះ បើគ្មាននរណាប្រដៅយើងបានទេ គឺមានតែខ្លួនយើងតែមួយគត់ ដែលនៅសល់ ដែលគប្បីហ៊ានប្រដៅខ្លួនឯង អោយកែប្រែខ្លួន បានប្រសើរជាងមុនមកវិញ។ រីមធ្យោបាយដោះស្រាយវិញ គឺស្ថិតនៅលើ ការពិចារណា របស់យើងសួនតួ ចេះវិភាគយ៉ាងល្អិតល្អន់ ដើម្បីអោយដឹងថា តើខ្លួនយើងនេះ មានខ្វះខាត ចំណុចណាខ្លះ ដែលគួរណាស់តែសម្រួលកែប្រែច្នៃ អោយបានប្រសើរមកវិញ។ បើមិនដូច្នេះទេ យើងនឹងក្លាយជាមនុស្សខូច (មានន័យថា ឈឺ ឈឺចិត្ត ឈឺមារយាទ ឬឈឺសតិ) ដដែលជាដដែល មិនសះស្បើយសោះឡើយ។ ប្រសិនបើមិនហ៊ានពត់មនុស្សខូច ដែលរស់នៅក្នុងខ្លួនយើងទេ យើងក៏មិនអាចក្លាយខ្លួន ជាមនុស្សប្រសើរ ជាងមុនបានដែរ។
អ្នកស្រី កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]
ខែមករា២០១០