គម្ពីរ១០ប្រភេទ
គម្ពីរក្នុងព្រះពុទ្ធសាសនាមាន ១០ ប្រភេទគឺ ១. ព្រះត្រៃបិដក ២. អដ្ឋកថា ៣. បករណវិសេស ៤. ដីកា ៥. មូលដីកា ៦. អនុដីកា ៧. គន្ថន្តរៈ ៨. គណ្ឋិ ៩. យោជនា ១០. សទ្ទាវិសេស ។
បណ្ដាគម្ពីរទាំង ១០ ប្រភេទនេះ អដ្ឋកថាជាគម្ពីរលំដាប់ថ្នាក់ទី២ ដែលមានសារៈសំខាន់បំផុតក្នុងការសិក្សាគម្ពីរព្រះត្រៃបិដក ។ ចំពោះការសិក្សាព្រះត្រៃបិដក បើមិនគម្ពីរអដ្ឋកថានោះទេ អ្នកសិក្សាមិនអាចយល់អត្ថ និងព្យញ្ជនៈបានជ្រាលជ្រៅឡើយ ព្រោះអដ្ឋកថាជាគម្ពីរពន្យល់ពង្រីកសេចក្ដីក្នុងព្រះត្រៃបិដក ទាំងព្យញ្ជនៈទាំងអត្ថ ឲ្យអ្នកសិក្សាយល់ក្នុងព្រះត្រៃបិដកយ៉ាងទូលំទូលាយ ។ ពាក្យថា អដ្ឋកថា នេះមកពីពាក្យថា អត្ថ ប្រែថា សេចក្ដី, កថា ប្រែថា ពោល, វាចាជាគ្រឿងពោលពង្រីក, បូកបញ្ចូកគ្នាទាំងពីរពាក្យទៅជា អត្ថកថា ផ្លាស់ អត្ថ ទៅ អដ្ឋ មានរូបជា អដ្ឋកថា មានសេចក្ដីថា វាចាជាគ្រឿងពោលពង្រីកសេចក្ដីក្នុងព្រះត្រៃបិដក ។ ដូចពាក្យក្នុងសារត្ថទីបនីដីកា ១/២៤1 ថា ៖
អត្ថោ កថិយតិ ឯតាយាតិ អត្ថកថា សាយេវ អដ្ឋកថា ត្ថ-ការស្សដ្ឋ-ការំ កត្វា ។ សេចក្ដីតែងពោលដោយគម្ពីរនេះ ព្រោះហេតុនោះឈ្មោះថា អត្ថកថា ក៏ពាក្យថា អដ្ឋកថា នោះឯង លោកធ្វើការផ្លាស់ ត្ថ-អក្សរ ទៅជា ដ្ឋ-អក្សរ (ទើបមានរូបជា អដ្ឋកថា) ។
ខ្ញុំនឹងពោលនូវប្រវត្តិរបស់អដ្ឋកថាទាំងនោះ ជូនអ្នកអានទាំងដើម្បីជាប្រយោជន៍ដល់ការស្វែងយល់ និងស្រាវជ្រាវនូវគម្ពីរលំដាប់ជាន់ទី ២ ដូចតទៅនេះ ៖
អដ្ឋកថានោះចែកជាពីរប្រភេទគឺ :
១- ពុទ្ធសំវណ្ណិតអដ្ឋកថា គឺអដ្ឋកថាដែលព្រះពុទ្ធអង្គទ្រង់សំដែងដោយព្រះអង្គឯង និយមហៅ អដ្ឋកថាប្រភេទនេះថា បកិណ្ណកទេសនា តមកខាងក្រោយ ព្រះសង្ឃសាវ័កទើបបានកាន់យកជាកថាមគ្គ គឺក្នុងការអធិប្បាយតៗ គ្នាមក មានការសង្គាយនាជាដើម ។
ដូចបាលីជាគ្រឿងអាងក្នុងដីកាថា ៖
យទិបិ តត្ថ ភគវតោ បកិណ្ណកទេសន អដ្ឋកថា2 ។
អដ្ឋកថាជាបកិណ្ណកទេសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងទុកក្នុងទីនោះ ៗ (ក្នុងក្រុងនោះ ស្រុកនោះ) ។
២- អនុពុទ្ធសំវណ្ណិតអដ្ឋកថា ឬ សាវកសំវណ្ណិតអដ្ឋកថា គឺអដ្ឋកថាដែលព្រះសាវ័កទាំងឡាយ មានអគ្គសាវ័កជាដើម ជាអ្នកត្រាស់ដឹងតាមរហូតបាននាមថា "អនុពុទ្ធ" អធិប្បាយទុក ។
អដ្ឋកថានុ៎ះបែងចែកតាមកាលសម័យមានពីរប្រភេទគឺ ៖
-បោរាណអដ្ឋកថាអដ្ឋកថាចាស់
-អភិនវអដ្ឋកថាអដ្ឋកថាថ្មី ។
១- បោរាណអដ្ឋកថា
[កែប្រែ]ក- សំដៅដល់ពុទ្ធសំវណ្ណិតអដ្ឋកថា ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់សំដែង ដោយព្រះអង្គឯង ដូចមានមកជាច្រើនក្នុងសុត្តន្តបិដក ដែលព្រះអង្គទ្រង់សម្ដែងហើយពង្រីកសេចក្ដីដោយខ្លួនព្រះអង្គឯង នេះហៅថា ពុទ្ធសំវណ្ណិតអដ្ឋកថា ។ ខាងក្រោយមកព្រះថេរៈទាំងឡាយ មានព្រះកច្ចាយនៈ ព្រះឧបាលិជាដើមជាអ្នកយល់ពុទ្ធបំណង ក៏ពោលសេចក្ដីនោះពង្រីកបន្ថែម ឲ្យជាការងាយយល់ដល់កុលបុត្រទាំងឡាយ មានបទភានីយ៍ក្នុងវិនយបិដកជាដើមឈ្មោះថា អនុពុទ្ធសំវណ្ណិតអដ្ឋកថា ។ ដូចនៅក្នុងវិនយសង្គហដ្ឋកថា ទំព័រ២ បានពោលទុកថា : ភគវតោ ហិ អធិប្បាយំ ញត្វា ឧបាលិត្ថេរាទីហិ អដ្ឋកថា ឋបិតា ។ មែនពិតព្រះថេរៈទាំងឡាយមានព្រះឧបាលិត្ថេរជាដើម ជាអ្នកដឹងនូវសេចក្ដីអធិប្បាយរបស់ព្រះដ៏មានព្រះភាគបានតម្កល់នូវអដ្ឋកថាទុកហើយ ។ ចំពោះអដ្ឋកថានៅក្នុងគម្ពីរបានពោលថា បានឡើងកាន់សង្គាយនាទី ១ ពេលដែលព្រះមហាកស្សបៈជាប្រធាន បានចងក្រងនូវគម្ពីរព្រះត្រៃបិដកឲ្យមានបែបផែន តាមលំដាប់លំដោយ មានផ្នែកខាង ព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្មនោះក៏មានការចងក្រងនូវអដ្ឋកថានោះដែរ ។ អដ្ឋកថានោះហៅថា មហាអដ្ឋកថា ។ មហាអដ្ឋកថានោះ ជាអដ្ឋកថាដែលអធិប្បាយដោយភាសាមគធដែលព្រះសង្គីតកាចារ្យ ធ្វើការសង្គាយនាមកដល់បីដង (គឺទី ១ កាលព្រះសម្មាសម្ពុទ្ធរំលត់ខន្ធចូលនិព្វានបានបីខែ ព្រះបាទអាជាសត្តុ ជាអ្នកឧបត្ថម្ភ ។ ទី ២ កាល ព.ស. ១០០ ព្រះបាទកាលាសោករាជ ជាអ្នកឧបត្ថម្ភ ។ ទី ៣ កាល ព.ស. ២៣៤ (កន្លែងខ្លះថា ព.ស. ២១៨ ខ្លះថា ២៨៧) ព្រះបាទ អសោកមហារាជ ជាអ្នកឧបត្ថម្ភ) ។
ក្រោយមក ព្រះមហាមហិន្ទត្ថេរៈ ជាឱរសព្រះបាទអសោកមហារាជ បាននាំអដ្ឋកថាដូចពោលមកមកហើយអំពីជម្ពូទ្វីប មកផ្សព្វផ្សាយត្រង់កោះសីហឡៈ ឬប្រទេសស្រីលង្កា ។ តមកខាងក្រោយព្រះមហាចេរៈ ជនជាតិសីហឡៈបានប្រែអដ្ឋកថា នោះពីភាសាមគធៈ3 ទៅភាសាសីហឡៈ ដើម្បីជៀសវាងការបន្លំការបន្លំពីលទ្ធិនិកាយដទៃ (សារត្ថទីបនីដីកា ១/២៤) ។
តាមគម្ពីរក្នុងពង្សាវតារស្រីលង្កា4 បានបញ្ជាក់ថា : នៅក្នុងប្រទេសស្រីលង្កា បានធ្វើសង្គាយនាលើកទី ៤ គឺព.ស. ៤៣២ ព្រះថេរៈទាំងឡាយ ខ្លាចក្រែងព្រះពុទ្ធវចនៈ មានការបាត់បង់ទៅ ទើបបានរៀបចំសង្គាយនាលើកទី ៤ ឡើង ដោយចារគម្ពិរព្រះត្រៃបិដក ជាភាសាមគធៈ ហើយចារគម្ពីរអដ្ឋកថា ជាភាសាសីហឡៈ ។ ខាងក្រោយមក ព្រះថេរៈក្នុងកោះសីហឡៈ ឃើញការលំបាកដល់កុលបុត្រសីហឡៈទើបបានរចនានូវអដ្ឋកថា មហាបច្ចរី និងអដ្ឋកថា កុរុន្ទីឡើង ដើម្បីជាប្រយោជន៍ដល់កុលបុត្រសីហឡៈទាំងឡាយ ។ លុះ ព.ស. ៩៥៦ មានព្រះថេរៈមួយអង្គព្រះនាម "ពុទ្ធឃោសចារ្យ" បាននិមន្តមកពីជម្ពូទ្វីប គឺប្រទេសឥណ្ឌាមកប្រែ មហាអដ្ឋកថាដែលនៅជាភាសាសីហឡៈឲ្យទៅជាភាសាមគធៈវិញ ដោយអដ្ឋកថាទាំងនេះមិនមែនជាការរចនាដោយអត្តនោម័តិរបស់ព្រះពុទ្ធឃោសាវិញ ។ គ្រាន់តែព្រះពុទ្ធឃោសាចារ្យ ប្រែមកនិងលើករឿងសាធកៈខ្លះ ៗ ដែលកើតមានមុន និងក្នុងជំនាន់លោកប៉ុណ្ណោះ ។ ដូចព្រះពុទ្ធឃោសាពោលទុកនៅក្នុងនិគមនកថារបស់លោក ក្នុងអដ្ឋកថា ដែលលោករចនាមុនគេបង្អស់គឺ អដ្ឋកថា សមន្តប្បាសាទិកាថា ៖
កាមញ្ច បុព្វាចរិយាសភេហិ
ញាណម្ពុនិទ្ធោតមលាសវេហិ
សទ្ធម្ញសំវណ្ណនកោវិទាហិ
សល្លេខិយេ នោសុលភូបមេហិ
មហាវិហារស្ស ធជូបមេហិ
សំវណ្ណិតោយំ វិនយោ នយេហិ
ចិត្តេហិ សម្ពុទ្ធវរន្ធយេហិ ។
សំវណ្ណនា សីហឡទិបកេន
វាកៀន ឯសា បន សង្ខតត្តា
ន កិញ្ចិ អត្ថំ អភិសម្ភុណាតិ
ទីបន្តរេ ភិក្ខុជនស្ស យស្មា
តស្មា ឥមំ បាលិនយានុរូបំ
សំវណ្ណនំ ទានិ សមារភិស្សំ
អជ្ឈេសនំ ពុទ្ធសិរិវ្ហយស្ស
ថេរស្ស សម្មា សមនុស្សរន្តោ ។
សំវណ្ណនំ តញ្ច សមារភន្តោ
តស្មា មហាអដ្ឋកថំ សរីរំ
កត្វា មហាបច្ចរិយំ តថេវ
កុរុន្ទិនាមាទីសុ វិស្សុតាសុ
វិនិច្ឆយោ អដ្ឋកថាសុ វុត្តោ
យោ យុត្តមត្ថំ អបរិច្ចជន្តោ
តតោបិ អន្តោគធថេរវាទំ
សំវណ្ណនំ សម្ម សមារភិស្សំ ។
បុព្វាចារ្យអ្នកអង់អាចទាំងឡាយ មានមន្ទិល និងអាសវៈដែលជំ្រះហើយ ដោយទឹកគឺញាណជាអ្នកបរិសុទ្ធដោយវិជ្ជា និងបដិសម្ភិទាទាំងឡាយឈ្លាសក្នុងការពណ៌នាព្រះសទ្ធម្ម មិនមានអ្នកណាប្រៀបបាន ក្នុងភាពជាអ្នកដុះខាត់បានឡើយ ប្រៀបដូចទង់នៃមហាវិហារ បានពណ៌នានូវវិន័យនេះ ដោយដ៏វិចិត្រ ស្របតាមព្រះពុទ្ធដ៏ប្រសើរ ក៏ពិតមែន ក៏ប៉ុន្តែការពណ៌នានុ៎ះ មិនសម្រេចប្រយោជន៍អ្វីដល់ជន គឺភិក្ខុអ្នកនៅក្នុងកោះដទៃ ព្រោះការពណ៌នានោះលោកបានពោល ដោយភាសាអ្នកកោះសីហឡៈ ព្រោះហេតុនោះ ឥឡូវនេះកាលខ្ញុំរឭកដល់ការអរាធនាររបស់ព្រះថេរៈឈ្មោះពុទ្ធសិរីដោយប្រពៃ នឹងផ្ដើមដោយល្អ នូវការពណ៌នាដ៏សមគួរតាមបាលីនេះ ។ ក៏លោកអាចារ្យបានពោលនូវសេចក្ដីឯណា ក្នុងមហាបច្ចរី និងក្នុងអដ្ឋកថាទាំងឡាយនេះមានអដ្ឋកថាឈ្មោះកុរុន្ទីជាដើម ដែលប្រាកដច្បាស់ដូច្នោះ កាលខ្ញុំផ្ដើមការព៌ណនានោះ នឹងធ្វើ មហាអដ្ឋកថា ឲ្យជាគោលធំនៃការពណ៌នានោះ មិនលះបង់សេចក្ដីដ៏សមគួរ នឹងធ្វើថេរវាទឲ្យប្រព្រឹត្តទៅខាងក្នុងអំពីការវិនិច្ឆ័យ នោះហើយនឹងផ្ដើមដោយប្រពៃនៃការពណ៌នា ។