ចិត្ត-គរុកោសល្យ៖ គំនិតខ្លះៗ
អត្ថបទទាំងឡាយដែលត្រូវបានបង្ហាញនៅទីនេះត្រូវបានសរសេរក្នុងបំណងរួមចំណែកក្នុងការផ្លាស់ប្ដូរចំណេះដឹងខាង ចិត្តវិទ្យានិងគរុកោសល្យ។
វិធីរៀនបុរាណនិងវត្ថុបំណងបច្ចុប្បន្ននៃការសិក្សា
[កែប្រែ]តាំងពីយូរមកហើយ នៅកម្ពុជា យើងច្រើនឮការណែនាំឲ្យអនុវត្តការរៀនសូត្រតាមសកម្មភាព៤គឺស្ដាប់ គិត សួរ និងកត់។ ដើម្បីជាជំនួយស្មារតី មានការតាក់់តែងកំណាព្យសម្រាប់ណែនាំអំពីរបៀបឬវិធីរៀនដូចនេះ ៖
"អ្នកដែលរៀនវិជ្ជា ប្រុសស្រីគ្រប់គ្នាតាមចំនួន ប្រកបដោយអង្គបួន គឺ “សុចិបុលិ”ចាំ។ “សុ”ប្រែថាស្ដាប់គេ “ចិ”គ្នាន់គ្នេរគិតចំណាំ “បុ”សាកសួរសាំ “លិ”ចម្លងកត់ត្រាទុក"។
ពាក្យសុចិបុលិ នេះត្រូវបានអ្នកសិក្សាខ្មែរយើងចាត់ថាជាក្បួនសម្រាប់អនុវត្តក្នុងការរៀនសូត្រឲ្យសម្រេចបានលទ្ធផលល្អ។ ក្នុងសាលារៀនជាច្រើន គេឃើញមានសរសេរពាក្យស្លោកថា”សុ ចិ បុ លិ “។
សព្វថ្ងៃនេះ ទន្ទឹមនឹងការនិយមពាក្យស្លោកសុ ចិ បុ លិ ក៏មានការនិយមណែនាំឲ្យយកចិត្តទុក ដាក់ចំពោះសសរស្ដម្ភទាំង៤នៃការអប់រំឬការរៀនគឺ៖
- រៀនដើម្បីដឹង (Learn To Know)
- រៀនដើម្បីធ្វើ (Learn To Do)
- រៀនដើម្បីបានទៅជាមនុស្សល្អ (Learn To Be) និង
- រៀនដើម្បីរួមរស់ជាមួយគ្នា (Learn To Live Together)។
បើតាមខ្លឹសារសង្ខេបនៃសសរស្ដម្ភនីមួយៗដូចការបង្ហាញខាងលើ គេអាចយល់បានថាការកំណត់សសរស្ដម្ភទាំង៤គឺជាការឆ្លើយទៅនឹង សំណួរថា”រៀនដើម្បីអ្វី?” ឬជាការកំណត់គោលបំណងនៃការអប់រំបច្ចុប្បន្ននេះឯង។
ជាមួយគ្នានេះដែរ ក្នុងការបង្រៀននិងរៀនឬក្នុងការសិក្សា ចិត្តវិទូខាងអប់រំនិយមប្រើចំណាត់ ថ្នាក់របស់លោកប្ល៊ូម( Benjamin S. Bloom) ក្នុងការចាត់ថ្នាក់វត្ថុបំណងនៃការរៀន (Bloom’s Taxonomy of Learning Objectives)។ ចំណាត់ថ្នាក់ប្ល៊ូមនេះថ្វីបើវានៅរក្សាទុកឈ្មោះលោក Benjamin S. Bloom ប៉ុន្តែវាត្រូវបានចិត្តវិទូខាងអប់រំក្រោយៗមកកែលម្អជាបន្តបន្ទាប់ ហើយនិយមចែកវត្ថុបំណងនៃការរៀនដោយផ្អែកតាមវិស័យទាំងបីនៃជីវិតផ្លូវចិត្តរបស់មនុស្សគឺ៖
- វិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
- វិស័យសញ្ចេតនា(Affective Domain) និង
- វិស័យឆន្ទ:ឬចិត្តចលនា(Psychomotor Domain)។
វិស័យឬប្រភេទទាំងបីនៃវត្ថុបំណងឬភារកិច្ចនៃការបង្រៀននិងរៀននេះត្រូវបានអ្នកបណ្ដុះ បណ្ដាលគ្រូនិងអ្នកអប់រំនិយមហៅថា K S A ដែល៖
- K ជាអក្សរកាត់នៃKnowledgeគឺចំណេះដឹងឬពុទ្ធិដែលស៊ីគ្នានឹងវិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
- S ជាអក្សរកាត់នៃSkillsគឺបំណិនដែលស៊ីគ្នានឹងវិស័យឆន្ទ:ឬចិត្តចលនា (Psychomotor Domain) និង
- A ជាអក្សរកាត់នៃAttitudeគឺឥរិយាបថដែលស៊ីគ្នានឹងវិស័យសញ្ចេតនា(Affective Domain)។
សម្រាប់ផ្នែកពុទ្ធិ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖
- ការរំលឹកឡើងវិញឬការចាំ(Remembering)
- ការយល់(Understanding)
- ការអនុវត្ត(Applying)
- ការវិភាគ(Analyzing)
- ការវាយតម្លៃ(Evaluating) និង
- ការច្នៃប្រឌិត(Creating)។
សម្រាប់ផ្នែកសញ្ចេតនាឬឥរិយាបថ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖
- ការទទួលបាតុភូតទាំងឡាយ(Receiving Phenomena)
- ប្រតិកម្មតបទៅនឹងបាតុភូត(Responding to Phenomena)
- ការឲ្យតម្លៃឬវាយតម្លៃ(Valuing)
- ការរៀបចំឬការចាត់ចែង(Organization)
- ការធ្វើមជ្ឈន្តិក:តម្លៃ(Internalizing Values)។
សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន ថ្វីបើលោក Benjamin S. Bloom និងអ្នករួមការងារ របស់គាត់មិនបានកំណត់ ប៉ុន្តែអ្នកស្រាវជ្រាវក្រោយៗមកទៀតបានសរសេរអំពីវត្ថុបំណងពី ទាបទៅខ្ពស់នៃការរៀនសម្រាប់ផ្នែកនេះ។
តាមលោកDave(ឆ្នាំ១៩៧០) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖
- ការធ្វើតាមឬការធ្វើត្រាប់(Imitation)ដែលរួមមានការធ្វើឡើងវិញនូវសកម្មភាពដែលគេបានធ្វើបង្ហាញឬពន្យល់
- ការចាត់ចែងឬប្រើប្រាស់ដោយប៉ិនប្រសប់(Manipulation)
- ភាពជាក់លាក់ឬភាពច្បាស់លាស់ឬភាពចំគោលដៅ(Precision)
- ការថ្លែងដោយវាចាឬដោយលិខិត(Articulation)
- ការធ្វើឲ្យធម្មតា(Naturalization)
តាមលោកSimson(ឆ្នាំ១៩៧២) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖
- ប្រត្យក្សារម្មណ៍ឬប្រត្យក្សកម្ម ឬការដឹង(Perception or Awareness)
- ការរៀបចំឬត្រៀមធ្វើសកម្មភាព(Set or Readiness to act)
- ប្រតិកម្មដោយមានការណែនាំ(Guided Response)
- យន្តការឬយន្តម័យ ឬភាពប៉ិនប៉ៅជាមូលដ្ឋាន(Mechanism or Basic Proficiency)
- ប្រតិកម្មចំហស្មុគស្មាញ ឬជំនាញ(Complex Overt Response or Expert)
- ការសម្រប(Adaptation)
- ការបង្កើតថ្មីឬការច្នៃប្រឌិត(Origination)
ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងអាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមគោលដៅឬសសរស្ដម្ភទាំង៤នៃការអប់រំសព្វថ្ងៃនេះទេ ជាពិសេសសសរស្ដម្ភទីពីរដែលកំណត់ថា "រៀនដើម្បីធ្វើ" សសរស្ថម្ភទីបីដែលកំណត់ថា"រៀនដើម្បីមានសីលធម៌ល្អ" និងសសរស្ដម្ភទីបួនដែលកំណត់ថា "រៀនដើម្បីរួមរស់ជាមួយគ្នា"។
ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងក៏អាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ក៏ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមវត្ថុបំណងនៃការសិក្សាដូចមានក្នុងចំណាត់ថ្នាក់ប្ល៊ូម(Bloom’s Taxonomy) ជាពិសេសវត្ថុបំណង កម្រិតខ្ពស់ដូចជាការអនុវត្ត(Applying) ការវិភាគ(Analyzing) ការវាយតម្លៃ(Evaluating) និងការច្នៃប្រឌិត(Creating)នោះទេ។
ឯកសារយោង៖
- ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ១, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
- Learning: The Treasure Within. Report to UNESCO of the International Commission on Education for the Twenty-First Century. UNESCO PUBLISHING/THE AUSTRALIAN NATIONAL COMMISSION FOR UNESCO, 1998.
- Bloom's Taxonomy of Learning Domains ( http://www.nwlink.com/~donclark/hrd/bloom.html ).
- Bloom's Taxonomy: The Affective Domain ( http://www.nwlink.com/~donclark/hrd/Bloom/affective_domain.html ).
- Bloom's Taxonomy: The Psychomotor Domain ( http://www.nwlink.com/~donclark/hrd/Bloom/psychomotor_domain.html ).
ទស្សនៈមួយអំពីដំណើរការនៃពុទ្ធិ
[កែប្រែ]ក្នុងការអភិវឌ្ឍពុទ្ធិរបស់ខ្លួន មនុស្សម្នាក់ៗ(ទោះដោយដឹងខ្លួនក្ដីឬមិនដឹងខ្លួនក្ដី)តែងតែធ្វើសកម្មភាពតាមលំនាំឬ ដំណើរការដែលរួមមាន៖
- ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើក
- ការគិត(បែបអរូបី) និង
- ការប្រតិបត្តិ
ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើករួមមាន ឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍ ៖ឥន្ទ្រីយារម្មណ៍គឺជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ណាមួយ ។ ឥន្ទ្រីយារម្មណ៍មាន៖
- ចក្វិន្ទ្រីយារម្មណ៍(ការមើល)
- សោតិន្ទ្រីយារម្មណ៍(ការស្ដាប់)
- ឃានិន្ទ្រីយារម្មណ៍(ការហិតក្លិន)
- ជីវ្ហិន្ទ្រីយារម្មណ៍ (ការភ្លក្សដោយប្រើអណ្ដាត)
- កាយិន្ទ្រីយារម្មណ៍(ការស្ទាបដោយប្រើស្បែក) ។
- ប្រត្យក្សារម្មណ៍ជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ច្រើនក្នុងពេលតែមួយ ។
ចំណេះដឹងឬពុទ្ធិដែលបានពីការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ហៅថាពុទ្ធិឥន្ទ្រីយ៍។
គេអាចថាឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍គឺជា"ពុទ្ធិឥន្ទ្រីយ៍"ឬជា"អព្ភន្តរញ្ញាណ"ព្រោះពាក្យទាំងនេះ ក៏សម្រាប់សម្គាល់លទ្ធផលនៃការសង្កេតផងដែរ។
រូប សម្លេង ក្លិន រសជាតិ ការដឹងដោយការស្ទាប លក្ខណៈទាំងស្រុងនៃវត្ថុឬបាតុភូតត្រូវបានចងចាំឬ ផ្ដិតទុកជារូបតំណាងឬនិមិត្តរូបនៅក្នុងខួរក្បាល។លំនាំឬដំណើរការនៃការចងចាំនេះត្រូវបានហៅថាលំនឹក។
ដោយសារលំនឹកទើបយើងមានរូបតំណាងសម្រាប់ប្រើក្នុងការគិត និងចាំអ្វីៗដែលយើងបានជួប បានសង្កេត បានគិត បានធ្វើ ។ ភាសាជាឧបករណ៍នៃការគិត ពោលគឺមនុស្សប្រើភាសាសម្រាប់គិត។
ការគិតរបស់មនុស្សប្រព្រឹត្តទៅតាមរយៈប្រមាណវិធីឬប្រតិបត្តិការដែលរួមមាន៖
- វិភាគ
- សំយោគ
- ការប្រៀបធៀប
- ឱភាសកម្មឬទូទៅកម្ម
- អរូបីកម្ម
- រូបបីកម្ម
ផលិតផលនៃប្រមាណវិធីឬប្រតិបត្តិការនៃការគិតគឺ"បញ្ញត្តិ"។
បញ្ញត្តិស្ដែងចេញមកក្រៅតាមរយៈពាក្យ។
ដោយសារបញ្ញត្តិ យើងអាចបង្កើតបានជា"វិនិច្ឆ័យ"និង"វិចារ"។
វិនិច្ឆ័យគឺជាការភ្ជាប់គ្នារវាងបញ្ញត្តិ ៖ឧទាហរណ៍ "មនុស្សមិនអាចចៀសស្លាប់បានទេ"ជាវិនិច្ឆ័យមួយដែលភ្ជាប់បញ្ញត្តិពីរគឺ "មនុស្ស" និង "មិនអាចចៀសស្លាប់បាន"។
វិចារគឺជាការភ្ជាប់គ្នារវាងវិនិច្ឆ័យ ។ ឧទាហរណ៍ ៖
- .មនុស្សមិនអាចចៀសស្លាប់បានទេ
- លោក ក ជាមនុស្ស
- ដូច្នេះលោក ក មិនអាចចៀសស្លាប់បានទេ ។
ទ្រឹស្ដី ការគិតឬការយល់ឃើញបែបណាមួយពោកគឺពុទ្ធិឬចំណេះដឹងមួយពុំអាចយកជាការឬចាត់ទុកថាត្រឹមត្រូវឬជាសច្ចធម៌ បានទេប្រសិនបើវាពុំបានទទួលស្គាល់ភាពត្រឹមត្រូវតាមរយៈការប្រតិបត្តិឬការអនុវត្តជាក់ស្ដែង។
ទ្រឹស្ដីត្រូវតែផ្សារភ្ជាប់នឹងការប្រតិបត្តិ។"ទ្រឹស្ដីខ្វះការប្រតិបត្តិគឺជាការឥតប្រយោជន៍ឬទទេ" ឯ"ការប្រតិបត្តិខ្វះទ្រឹស្ដីគឺជា ការងងឹតងងល់"។
សរុបមក មាគ៌ានៃពុទ្ធិគឺ "ពីការសង្កេតដ៏រស់រវើកទៅការគិតអរូបី រួច ពីការគិតអរូបីទៅប្រតិបត្តិ"។វាជាដំណើរគ្មានទីបញ្ចប់តាមផ្លូវឡើងដូចរមូរគូទខ្យងឬស្ពៀរ៉ាល់ឬរ៉េស័រ។
ឯកសារយោង៖
- ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ១, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
- ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ២, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
- ចាន់ រដ្ឋសុផា, ចិត្តវិទ្យាទូទៅសម្រាប់បណ្ដុះបណ្ដាលសាស្ត្រាចារ្យមធ្យមសិក្សា អធិការមធ្យមសិក្សា អធិការបឋមសិក្សា មន្ត្រីអប់រំ, មហាវិទ្យាល័យគរុកោសល្យ, ឆ្នាំ១៩៩៧។
- មេរៀនចិត្តវិទ្យាជាភាសាបារាំងសម្រាប់ការបណ្ដុះបណ្ដាលគ្រូកម្រិតសិក្សាទី២និងទី៣នៅសាលាគរុវិជ្ជាជាន់ខ្ពស់ ភ្នំពេញ ឆ្នាំ១៩៨១និង១៩៨២។
ទស្សនៈគរុកោសល្យ
[កែប្រែ]- កន្លងមកគ្រូជាច្រើនបានបង្រៀនសិស្សថា”ខ្លួនមនុស្សមាន៣ចំណែកគឺក្បាល
ដងខ្លួន និងអវយវៈ”ដោយពុំបានបើកទូលាយឲ្យសិស្សធ្វើការវិភាគនិងបង្ហាញ យោបល់តាមការយល់ឃើញរបស់គេនោះទេ។
ការបង្រៀនដោយឲ្យសិស្សចាំតែថាតាម ទន្ទេញតាមនោះពុំអាចធ្វើឲ្យបុគ្គលិក លក្ខណៈរបស់សិស្សមានការរីកចម្រើនបានល្អឡើយ។
- ការឲ្យសិស្សម្នាក់ឡើងថ្នាក់ដើម្បីបានបន្តរៀនទៅថ្នាក់ខ្ពស់ជាងវាប្រសើរជាងទុកឲ្យសិស្សនោះ
បោះបង់ការសិក្សានៅសាលាដោយសារគេមិនព្រមរៀនត្រួតថ្នាក់។
- ការអានស្ងាត់ចំណាយពេលនិងកម្លាំងតិចជាងការអានឮ។
- កាលពីទសវត្សរ៍ឆ្នាំ១៩៦០និងដើមទសវត្សរ៍ឆ្នាំ១៩៧០មានសៀវភៅមួយបានសរសេរ
គម្រូសំណួរនិងចម្លើយសម្រាប់វិញ្ញាសាភាសាបារាំងក្នុងការត្រៀមប្រឡងប្រជែងចូលរៀនថ្នាក់ទី៦ដូចនេះ៖
- សំណួរ៖ Aimez-vous les cultivateurs? Pourquoi? (តើអ្នកស្រឡាញ់អ្នកស្រែចម្ការឬទេ? ហេតុអ្វី?)
- ចម្លើយ៖ Oui, j’aime les cultivateurs parce que sans eux nous serons morts de faim.
(បាទ/ចាស ខ្ញុំស្រឡាញ់អ្នកស្រែចម្ការ ព្រោះបើគ្មានពួកគេយើងនឹងស្លាប់ដោយទុរ្ភិក្ស)។
កាលនោះសិស្សថ្នាក់ទី៧ទាំងឡាយដែលត្រៀមប្រឡងប្រជែងចូលរៀនថ្នាក់ទី៦ហើយដែលភាគច្រើន ជាកូនកសិករ បានខំទន្ទេញចម្លើយខាងលើនេះ។ការទន្ទេញនិងការឆ្លើយតាមចម្លើយដែលជាពុម្ពគម្រូ បែបនេះបានផ្ដល់ផលវិបាកអវិជ្ជមានជាច្រើនខាងគរុកោសល្យឬការអប់រំ ដូចជាសិស្សមិនបានខិតខំរិះរក ចម្លើយដែលសមស្របតាមស្ថានភាពរបស់គេម្នាក់ៗ និងសិស្សជាកូនកសិករបានដកខ្លួនចេញពីជីវភាព នៃគ្រួសាររបស់ខ្លួនជាដើម។
- ការចេះប៉ាន់ស្មានក្នុងមាត្រាប្រព័ន្ធ(រង្វាស់រង្វាល់)ជាបំណិនជីវិត(life skills)ចាំបាច់។ ហេតុនេះគ្រូគាប្បីឲ្យសិស្សសាកល្បងប៉ាន់ស្មានប្រវែងវត្ថុ ទម្ងន់វត្ថុ មាឌវត្ថុ…នៅពេលដែលគាត់បង្រៀនមេរៀនក្នុង
មុខវិជ្ជាមាត្រាប្រព័ន្ធ។
- គេអាចកសាងឬអភិវឌ្ឍអត្តចរិតតាមរយៈកិច្ចការប្រចាំថ្ងៃ(daily routine)។
- Rabelais អ្នកនិពន្ធបារាំងនាសតវត្សទី១៥-១៦ បានបញ្ចេញទស្សនៈគរុកោសល្យថាគាត់ចង់បាន”មនុស្សដែល
ពូកែចាំ”(j’y veux un abîme de science)។
ផ្ទុយទៅវិញ Montaigne អ្នកនិពន្ធបារាំងនាសតវត្សទី១៦បានបញ្ចេញទស្សនៈគរុកោសល្យថា“ការពូកែគិតគ្រាន់បើ ជាងការពូកែចាំ”(une tête bien faite vaut mieux qu’une tête bien pleine)។
ជាការប្រសើរ នៅក្នុងស្ថានភាពបច្ចុប្បន្នយើងគាប្បីបណ្ដុះបណ្ដាលយុវជនយើងឲ្យមានគុណសម្បត្តិទាំងពីរ។