ចិត្ត-គរុកោសល្យ៖ គំនិតខ្លះៗ

ពីវិគីភីឌា

អត្ថបទទាំងឡាយដែលត្រូវបានបង្ហាញនៅទីនេះត្រូវបានសរសេរក្នុងបំណងរួមចំណែកក្នុងការផ្លាស់ប្ដូរចំណេះដឹងខាង ចិត្តវិទ្យានិងគរុកោសល្យ។

វិធីរៀនបុរាណនិងវត្ថុបំណងបច្ចុប្បន្ននៃការសិក្សា[កែប្រែ]

តាំងពីយូរមកហើយ នៅកម្ពុជា យើងច្រើនឮការណែនាំឲ្យអនុវត្តការរៀនសូត្រតាមសកម្មភាព៤គឺស្ដាប់ គិត សួរ និងកត់។ ដើម្បីជាជំនួយស្មារតី មានការតាក់់តែងកំណាព្យសម្រាប់ណែនាំអំពីរបៀបឬវិធីរៀនដូចនេះ ៖

"អ្នកដែលរៀនវិជ្ជា ប្រុសស្រីគ្រប់គ្នាតាមចំនួន ប្រកបដោយអង្គបួន គឺ “សុចិបុលិ”ចាំ។ “សុ”ប្រែថាស្ដាប់គេ “ចិ”គ្នាន់គ្នេរគិតចំណាំ “បុ”សាកសួរសាំ “លិ”ចម្លងកត់ត្រាទុក"។

ពាក្យសុចិបុលិ នេះត្រូវបានអ្នកសិក្សាខ្មែរយើងចាត់ថាជាក្បួនសម្រាប់អនុវត្តក្នុងការរៀនសូត្រឲ្យសម្រេចបានលទ្ធផលល្អ។ ក្នុងសាលារៀនជាច្រើន គេឃើញមានសរសេរពាក្យស្លោកថា”សុ ចិ បុ លិ “។

សព្វថ្ងៃនេះ ទន្ទឹមនឹងការនិយមពាក្យស្លោកសុ ចិ បុ លិ ក៏មានការនិយមណែនាំឲ្យយកចិត្តទុក ដាក់ចំពោះសសរស្ដម្ភទាំង៤នៃការអប់រំឬការរៀនគឺ៖

  1. រៀនដើម្បីដឹង (Learn To Know)
  2. រៀនដើម្បីធ្វើ (Learn To Do)
  3. រៀនដើម្បីបានទៅជាមនុស្សល្អ (Learn To Be) និង
  4. រៀនដើម្បីរួមរស់ជាមួយគ្នា (Learn To Live Together)។

បើតាមខ្លឹសារសង្ខេបនៃសសរស្ដម្ភនីមួយៗដូចការបង្ហាញខាងលើ គេអាចយល់បានថាការកំណត់សសរស្ដម្ភទាំង៤គឺជាការឆ្លើយទៅនឹង សំណួរថា”រៀនដើម្បីអ្វី?” ឬជាការកំណត់គោលបំណងនៃការអប់រំបច្ចុប្បន្ននេះឯង។

ជាមួយគ្នានេះដែរ ក្នុងការបង្រៀននិងរៀនឬក្នុងការសិក្សា ចិត្តវិទូខាងអប់រំនិយមប្រើចំណាត់ ថ្នាក់របស់លោកប្ល៊ូម( Benjamin S. Bloom) ក្នុងការចាត់ថ្នាក់វត្ថុបំណងនៃការរៀន (Bloom’s Taxonomy of Learning Objectives)។ ចំណាត់ថ្នាក់ប្ល៊ូមនេះថ្វីបើវានៅរក្សាទុកឈ្មោះលោក Benjamin S. Bloom ប៉ុន្តែវាត្រូវបានចិត្តវិទូខាងអប់រំក្រោយៗមកកែលម្អជាបន្តបន្ទាប់ ហើយនិយមចែកវត្ថុបំណងនៃការរៀនដោយផ្អែកតាមវិស័យទាំងបីនៃជីវិតផ្លូវចិត្តរបស់មនុស្សគឺ៖

  • វិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
  • វិស័យសញ្ចេតនា(Affective Domain) និង
  • វិស័យឆន្ទ:ឬចិត្តចលនា(Psychomotor Domain)។

វិស័យឬប្រភេទទាំងបីនៃវត្ថុបំណងឬភារកិច្ចនៃការបង្រៀននិងរៀននេះត្រូវបានអ្នកបណ្ដុះ បណ្ដាលគ្រូនិងអ្នកអប់រំនិយមហៅថា K S A ដែល៖

  • K ជាអក្សរកាត់នៃKnowledgeគឺចំណេះដឹងឬពុទ្ធិដែលស៊ីគ្នានឹងវិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
  • S ជាអក្សរកាត់នៃSkillsគឺបំណិនដែលស៊ីគ្នានឹងវិស័យឆន្ទ:ឬចិត្តចលនា (Psychomotor Domain) និង
  • A ជាអក្សរកាត់នៃAttitudeគឺឥរិយាបថដែលស៊ីគ្នានឹងវិស័យសញ្ចេតនា(Affective Domain)។

សម្រាប់ផ្នែកពុទ្ធិ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖

  • ការរំលឹកឡើងវិញឬការចាំ(Remembering)
  • ការយល់(Understanding)
  • ការអនុវត្ត(Applying)
  • ការវិភាគ(Analyzing)
  • ការវាយតម្លៃ(Evaluating) និង
  • ការច្នៃប្រឌិត(Creating)។

សម្រាប់ផ្នែកសញ្ចេតនាឬឥរិយាបថ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖

  • ការទទួលបាតុភូតទាំងឡាយ(Receiving Phenomena)
  • ប្រតិកម្មតបទៅនឹងបាតុភូត(Responding to Phenomena)
  • ការឲ្យតម្លៃឬវាយតម្លៃ(Valuing)
  • ការរៀបចំឬការចាត់ចែង(Organization)
  • ការធ្វើមជ្ឈន្តិក:តម្លៃ(Internalizing Values)។

សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន ថ្វីបើលោក Benjamin S. Bloom និងអ្នករួមការងារ របស់គាត់មិនបានកំណត់ ប៉ុន្តែអ្នកស្រាវជ្រាវក្រោយៗមកទៀតបានសរសេរអំពីវត្ថុបំណងពី ទាបទៅខ្ពស់នៃការរៀនសម្រាប់ផ្នែកនេះ។

តាមលោកDave(ឆ្នាំ១៩៧០) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖

  • ការធ្វើតាមឬការធ្វើត្រាប់(Imitation)ដែលរួមមានការធ្វើឡើងវិញនូវសកម្មភាពដែលគេបានធ្វើបង្ហាញឬពន្យល់
  • ការចាត់ចែងឬប្រើប្រាស់ដោយប៉ិនប្រសប់(Manipulation)
  • ភាពជាក់លាក់ឬភាពច្បាស់លាស់ឬភាពចំគោលដៅ(Precision)
  • ការថ្លែងដោយវាចាឬដោយលិខិត(Articulation)
  • ការធ្វើឲ្យធម្មតា(Naturalization)

តាមលោកSimson(ឆ្នាំ១៩៧២) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖

  • ប្រត្យក្សារម្មណ៍ឬប្រត្យក្សកម្ម ឬការដឹង(Perception or Awareness)
  • ការរៀបចំឬត្រៀមធ្វើសកម្មភាព(Set or Readiness to act)
  • ប្រតិកម្មដោយមានការណែនាំ(Guided Response)
  • យន្តការឬយន្តម័យ ឬភាពប៉ិនប៉ៅជាមូលដ្ឋាន(Mechanism or Basic Proficiency)
  • ប្រតិកម្មចំហស្មុគស្មាញ ឬជំនាញ(Complex Overt Response or Expert)
  • ការសម្រប(Adaptation)
  • ការបង្កើតថ្មីឬការច្នៃប្រឌិត(Origination)

ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងអាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមគោលដៅឬសសរស្ដម្ភទាំង៤នៃការអប់រំសព្វថ្ងៃនេះទេ ជាពិសេសសសរស្ដម្ភទីពីរដែលកំណត់ថា "រៀនដើម្បីធ្វើ" សសរស្ថម្ភទីបីដែលកំណត់ថា"រៀនដើម្បីមានសីលធម៌ល្អ" និងសសរស្ដម្ភទីបួនដែលកំណត់ថា "រៀនដើម្បីរួមរស់ជាមួយគ្នា"។

ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងក៏អាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ក៏ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមវត្ថុបំណងនៃការសិក្សាដូចមានក្នុងចំណាត់ថ្នាក់ប្ល៊ូម(Bloom’s Taxonomy) ជាពិសេសវត្ថុបំណង កម្រិតខ្ពស់ដូចជាការអនុវត្ត(Applying) ការវិភាគ(Analyzing) ការវាយតម្លៃ(Evaluating) និងការច្នៃប្រឌិត(Creating)នោះទេ។

ឯកសារយោង៖

ទស្សនៈមួយអំពីដំណើរការនៃពុទ្ធិ[កែប្រែ]

ក្នុងការអភិវឌ្ឍពុទ្ធិរបស់ខ្លួន មនុស្សម្នាក់ៗ(ទោះដោយដឹងខ្លួនក្ដីឬមិនដឹងខ្លួនក្ដី)តែងតែធ្វើសកម្មភាពតាមលំនាំឬ ដំណើរការដែលរួមមាន៖

  • ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើក
  • ការគិត(បែបអរូបី) និង
  • ការប្រតិបត្តិ

ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើករួមមាន ឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍ ៖ឥន្ទ្រីយារម្មណ៍គឺជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ណាមួយ ។ ឥន្ទ្រីយារម្មណ៍មាន៖

    • ចក្វិន្ទ្រីយារម្មណ៍(ការមើល)
    • សោតិន្ទ្រីយារម្មណ៍(ការស្ដាប់)
    • ឃានិន្ទ្រីយារម្មណ៍(ការហិតក្លិន)
    • ជីវ្ហិន្ទ្រីយារម្មណ៍ (ការភ្លក្សដោយប្រើអណ្ដាត)
    • កាយិន្ទ្រីយារម្មណ៍(ការស្ទាបដោយប្រើស្បែក) ។
  • ប្រត្យក្សារម្មណ៍ជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ច្រើនក្នុងពេលតែមួយ ។

ចំណេះដឹងឬពុទ្ធិដែលបានពីការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ហៅថាពុទ្ធិឥន្ទ្រីយ៍។

គេអាចថាឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍គឺជា"ពុទ្ធិឥន្ទ្រីយ៍"ឬជា"អព្ភន្តរញ្ញាណ"ព្រោះពាក្យទាំងនេះ ក៏សម្រាប់សម្គាល់លទ្ធផលនៃការសង្កេតផងដែរ។

រូប សម្លេង ក្លិន រសជាតិ ការដឹងដោយការស្ទាប លក្ខណៈទាំងស្រុងនៃវត្ថុឬបាតុភូតត្រូវបានចងចាំឬ ផ្ដិតទុកជារូបតំណាងឬនិមិត្តរូបនៅក្នុងខួរក្បាល។លំនាំឬដំណើរការនៃការចងចាំនេះត្រូវបានហៅថាលំនឹក។

ដោយសារលំនឹកទើបយើងមានរូបតំណាងសម្រាប់ប្រើក្នុងការគិត និងចាំអ្វីៗដែលយើងបានជួប បានសង្កេត បានគិត បានធ្វើ ។ ភាសាជាឧបករណ៍នៃការគិត ពោលគឺមនុស្សប្រើភាសាសម្រាប់គិត។

ការគិតរបស់មនុស្សប្រព្រឹត្តទៅតាមរយៈប្រមាណវិធីឬប្រតិបត្តិការដែលរួមមាន៖

  • វិភាគ
  • សំយោគ
  • ការប្រៀបធៀប
  • ឱភាសកម្មឬទូទៅកម្ម
  • អរូបីកម្ម
  • រូបបីកម្ម

ផលិតផលនៃប្រមាណវិធីឬប្រតិបត្តិការនៃការគិតគឺ"បញ្ញត្តិ"។

បញ្ញត្តិស្ដែងចេញមកក្រៅតាមរយៈពាក្យ។

ដោយសារបញ្ញត្តិ យើងអាចបង្កើតបានជា"វិនិច្ឆ័យ"និង"វិចារ"។

វិនិច្ឆ័យគឺជាការភ្ជាប់គ្នារវាងបញ្ញត្តិ ៖ឧទាហរណ៍ "មនុស្សមិនអាចចៀសស្លាប់បានទេ"ជាវិនិច្ឆ័យមួយដែលភ្ជាប់បញ្ញត្តិពីរគឺ "មនុស្ស" និង "មិនអាចចៀសស្លាប់បាន"។

វិចារគឺជាការភ្ជាប់គ្នារវាងវិនិច្ឆ័យ ។ ឧទាហរណ៍ ៖

  1. .មនុស្សមិនអាចចៀសស្លាប់បានទេ
  2. លោក ក ជាមនុស្ស
  3. ដូច្នេះលោក ក មិនអាចចៀសស្លាប់បានទេ ។

ទ្រឹស្ដី ការគិតឬការយល់ឃើញបែបណាមួយពោកគឺពុទ្ធិឬចំណេះដឹងមួយពុំអាចយកជាការឬចាត់ទុកថាត្រឹមត្រូវឬជាសច្ចធម៌ បានទេប្រសិនបើវាពុំបានទទួលស្គាល់ភាពត្រឹមត្រូវតាមរយៈការប្រតិបត្តិឬការអនុវត្តជាក់ស្ដែង។

ទ្រឹស្ដីត្រូវតែផ្សារភ្ជាប់នឹងការប្រតិបត្តិ។"ទ្រឹស្ដីខ្វះការប្រតិបត្តិគឺជាការឥតប្រយោជន៍ឬទទេ" ឯ"ការប្រតិបត្តិខ្វះទ្រឹស្ដីគឺជា ការងងឹតងងល់"។

សរុបមក មាគ៌ានៃពុទ្ធិគឺ "ពីការសង្កេតដ៏រស់រវើកទៅការគិតអរូបី រួច ពីការគិតអរូបីទៅប្រតិបត្តិ"។វាជាដំណើរគ្មានទីបញ្ចប់តាមផ្លូវឡើងដូចរមូរគូទខ្យងឬស្ពៀរ៉ាល់ឬរ៉េស័រ។

ឯកសារយោង៖

  • ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ១, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
  • ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ២, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
  • ចាន់ រដ្ឋសុផា, ចិត្តវិទ្យាទូទៅសម្រាប់បណ្ដុះបណ្ដាលសាស្ត្រាចារ្យមធ្យមសិក្សា អធិការមធ្យមសិក្សា អធិការបឋមសិក្សា មន្ត្រីអប់រំ, មហាវិទ្យាល័យគរុកោសល្យ, ឆ្នាំ១៩៩៧។
  • មេរៀនចិត្តវិទ្យាជាភាសាបារាំងសម្រាប់ការបណ្ដុះបណ្ដាលគ្រូកម្រិតសិក្សាទី២និងទី៣នៅសាលាគរុវិជ្ជាជាន់ខ្ពស់ ភ្នំពេញ ឆ្នាំ១៩៨១និង១៩៨២។

ទស្សនៈគរុកោសល្យ[កែប្រែ]

  • កន្លងមកគ្រូជាច្រើនបានបង្រៀនសិស្សថា”ខ្លួនមនុស្សមាន៣ចំណែកគឺក្បាល

ដងខ្លួន និងអវយវៈ”ដោយពុំបានបើកទូលាយឲ្យសិស្សធ្វើការវិភាគនិងបង្ហាញ យោបល់តាមការយល់ឃើញរបស់គេនោះទេ។

ការបង្រៀនដោយឲ្យសិស្សចាំតែថាតាម ទន្ទេញតាមនោះពុំអាចធ្វើឲ្យបុគ្គលិក លក្ខណៈរបស់សិស្សមានការរីកចម្រើនបានល្អឡើយ។

  • ការឲ្យសិស្សម្នាក់ឡើងថ្នាក់ដើម្បីបានបន្តរៀនទៅថ្នាក់ខ្ពស់ជាងវាប្រសើរជាងទុកឲ្យសិស្សនោះ

បោះបង់ការសិក្សានៅសាលាដោយសារគេមិនព្រមរៀនត្រួតថ្នាក់។

  • ការអានស្ងាត់ចំណាយពេលនិងកម្លាំងតិចជាងការអានឮ។
  • កាលពីទសវត្សរ៍ឆ្នាំ១៩៦០និងដើមទសវត្សរ៍ឆ្នាំ១៩៧០មានសៀវភៅមួយបានសរសេរ

គម្រូសំណួរនិងចម្លើយសម្រាប់វិញ្ញាសាភាសាបារាំងក្នុងការត្រៀមប្រឡងប្រជែងចូលរៀនថ្នាក់ទី៦ដូចនេះ៖

    • សំណួរ៖ Aimez-vous les cultivateurs? Pourquoi? (តើអ្នកស្រឡាញ់អ្នកស្រែចម្ការឬទេ? ហេតុអ្វី?)
    • ចម្លើយ៖ Oui, j’aime les cultivateurs parce que sans eux nous serons morts de faim.

(បាទ/ចាស ខ្ញុំស្រឡាញ់អ្នកស្រែចម្ការ ព្រោះបើគ្មានពួកគេយើងនឹងស្លាប់ដោយទុរ្ភិក្ស)។

កាលនោះសិស្សថ្នាក់ទី៧ទាំងឡាយដែលត្រៀមប្រឡងប្រជែងចូលរៀនថ្នាក់ទី៦ហើយដែលភាគច្រើន ជាកូនកសិករ បានខំទន្ទេញចម្លើយខាងលើនេះ។ការទន្ទេញនិងការឆ្លើយតាមចម្លើយដែលជាពុម្ពគម្រូ បែបនេះបានផ្ដល់ផលវិបាកអវិជ្ជមានជាច្រើនខាងគរុកោសល្យឬការអប់រំ ដូចជាសិស្សមិនបានខិតខំរិះរក ចម្លើយដែលសមស្របតាមស្ថានភាពរបស់គេម្នាក់ៗ និងសិស្សជាកូនកសិករបានដកខ្លួនចេញពីជីវភាព នៃគ្រួសាររបស់ខ្លួនជាដើម។

  • ការចេះប៉ាន់ស្មានក្នុងមាត្រាប្រព័ន្ធ(រង្វាស់រង្វាល់)ជាបំណិនជីវិត(life skills)ចាំបាច់។ ហេតុនេះគ្រូគាប្បីឲ្យសិស្សសាកល្បងប៉ាន់ស្មានប្រវែងវត្ថុ ទម្ងន់វត្ថុ មាឌវត្ថុ…នៅពេលដែលគាត់បង្រៀនមេរៀនក្នុង

មុខវិជ្ជាមាត្រាប្រព័ន្ធ។

  • គេអាចកសាងឬអភិវឌ្ឍអត្តចរិតតាមរយៈកិច្ចការប្រចាំថ្ងៃ(daily routine)។
  • Rabelais អ្នកនិពន្ធបារាំងនាសតវត្សទី១៥-១៦ បានបញ្ចេញទស្សនៈគរុកោសល្យថាគាត់ចង់បាន”មនុស្សដែល

ពូកែចាំ”(j’y veux un abîme de science)។

ផ្ទុយទៅវិញ Montaigne អ្នកនិពន្ធបារាំងនាសតវត្សទី១៦បានបញ្ចេញទស្សនៈគរុកោសល្យថា“ការពូកែគិតគ្រាន់បើ ជាងការពូកែចាំ”(une tête bien faite vaut mieux qu’une tête bien pleine)។

ជាការប្រសើរ នៅក្នុងស្ថានភាពបច្ចុប្បន្នយើងគាប្បីបណ្ដុះបណ្ដាលយុវជនយើងឲ្យមានគុណសម្បត្តិទាំងពីរ។