រឿងស៊ឹមអ្នកបរឡាន (វគ្គទី៧៖ ចាំលោក)
Appearance
(ត្រូវបានបញ្ជូនបន្តពី ចាំលោក(វគ្គ៧))
"រត់ស្រួលទេ ឡានពូ" ស៊ឹមបានសួរពូសន ក្រោយដែលពូសនចុះពីឡានមកអង្គុយបៀត។
- អែមលែងនិយាយ។
- ខ្ញុំនៅតែអាហ្សីបកញ្ចាស់ដដែល។ដុះជូទៗរាល់ពេល នៅតែឮម៉ាស៊ីនទៀត បែបឡោកហើយមើលទៅ។
- ឈប់និយាយពីឡានទៅ។ថ្ងៃមុនស៊ឹមឯងបានប្រាប់ខ្ញុំពីការរៀនសូត្រ តែលោកត្រូវចេញទៅក្រៅ យើងក៏បានបែកគ្នាទៅ។មើលមានដំណឹងអ្វីប្លែក ប្រាប់ពូផង។ពូលែងត្រូវឆ្នោតសោះតែម្តង។
- មានដំណឹងល្អជាទីសង្ឃឹមណាស់ ថ្មីៗនេះ។សព្វថ្ងៃនេះ សកលលោកយើងមានពីរផ្នែកធំៗ ផ្នែកកុំមុយនីសបានសុខចិត្តគោរពបញ្ចសីលាដែលមានគោលសំខាន់ៗដូចតទៅនេះ៖
- គោរពអធិបតេយ្យភាព និងទឹកដីទៅវិញទៅមក។
- មិនរុករានគ្នាទៅវិញទៅមក។
- មិនជ្រៀតជ្រែកចូលក្នុងកិច្ចការខាងក្នុងប្រទេសណាមួយ។
- ពង្រីកការទាក់ទងនឹងស្រុកនានាតាមគោលការណ៍ស្មើមុខគ្នា ហើយដោយបានអនុលោមទៅតាមផលប្រយោជន៍រៀងៗខ្លួន។
- រស់នៅជិតខាងគ្នាតាមសន្តិវិធី។
ឯផ្នែកចក្រពត្តិអាមេរិកកាំងជាមេ មិនព្រមគោរពសីលប្រាំនេះទេ។នៅចន្លោះផ្នែកពីរធំៗនេះ មានប្រទេសអព្យាក្រឹត ឥណ្ឌា ភូមា... សុខចិត្តគោរពសីលប្រាំនេះ...។
- ម្តេចក៏ស៊ឹមឯងនិយាយដូចនេះ? ខ្ញុំឮយូរហើយថា អាមេរិកមកជួយខ្មែរ។មើលស៊ឹមឯងដឹងអ្វីប្លែកខុសពីពូដឹង...។
- ពូគិតតែផ្សងសំណាងចង់ត្រូវឆ្នោតបានតែអីចឹង មិនព្រមតាមដានស្ថានការណ៍ស្រុកសោះ។
- កុំនិយាយពីឆ្នោតទៀត។ពូញៀនលេងឆ្នោតដូចលេងបៀអីចឹង មើលស៊ឹមឯងប្រាប់ពូឲ្យដឹងច្បាស់ពីនយោបាយខ្មែរយើងសព្វថ្ងៃ។
- ប្រជាជនខ្មែរប្តេជ្ញាដើរតាមមាគ៌ានយោបាយអព្យាក្រឹត តែពួកចក្រពត្តិគេមិនទុកឲ្យយើងដើរស្រួលនៅសុខទេ។ពូមិនបានឮទេឬ ថ្មីៗនេះ ប្រទេសហ្វីលីពីនដែលជាសមាជិកវង់ សេ អា តូ បានអូសទាញខ្មែរយើងឲ្យចូលដៃជាមួយគេ។
- ស្អីទៅ សេ អា តូ នោះ។ពូមិនសូវដឹង ប្រាប់ពូឲ្យអស់សង្ស័យមើល។
- សេ អា តូ ជាអង្គការការពារអាស៊ីប៉ែកអាគ្នេយ៍ដែលពួកអាមេរិក បារាំង អង់គ្លេស បង្កបង្កើតឡើង។គេបានក្តាប់ដៃហ្វីលីពីននៅក្បែរៗយើងនេះ។ចំពោះសេ អា តូ នេះ អ្នកនយោបាយអព្យាក្រឹតចំណានៗបានប្រឆាំងពេញទី ហើយបានចោទសេ អា តូជាអង្គការសង្គ្រាម បំផ្លាញកិច្ចព្រមព្រៀងសឺណែវដែលបាននាំសន្តិភាពមកឲ្យប្រទេសឥណ្ឌូចិន។ថ្មីៗនេះទៀត ពួកវង់សេ អា តូបានបញ្ចេញចង្កូមធ្វើសមយុទ្ធនៅប្រទេសថៃ បាងកក ដើម្បីគំរាមប្រទេសអព្យាក្រឹត។
- ពូមិនដឹងអីចឹងសោះ ពូស្មានតែគេជួយយើងដោយស្មោះត្រង់។
- ជំនួយអាមេរិចជួយតែអ្នកមានធំទេ។ពូមិនដឹងឬ? ហើយឥឡូវ ស្ទើរគ្រប់កាសែតបានដាក់ឈ្មោះវាថា “អាគាំង” “អាគាំង” “អារិក”។
- អាគាំងខូចណាស់តើ។ពូសនលាន់មាត់។បើដូចនេះ យើងត្រូវធ្វើដូចម្តេច?
- យើងត្រូវប្តេជ្ញាសាមគ្គីគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ជាមួយរដ្ឋសភា ការពារអធិបតេយ្យភាពយើងឲ្យហ្មត់ចត់។មានតែធម៌សាមគ្គីរវាងប្រជាជនយើងគ្រប់ជាន់ថ្នាក់ទេដែលអាចឲ្យ យើងនៅជាអព្យាក្រឹតបាន។
- ពូសនៗ សម្លេងមួយបានហៅ។
ពូសនស្ទុះរត់ ហើយងាកមកនិយាយទៅកាន់ស៊ឹមថា “លោកចេញទៅក្រៅ ថ្ងៃក្រោយនិយាយគ្នាទៀត” ។