Jump to content

ចេតិយបាដេស

ពីវិគីភីឌា

ព័ត៌មានទូទៅ[]

[កែប្រែ]

thumb ភូមិក្រាំងលាវ ត្រូវបារាំង ដាក់ឈ្មោះជា​"ភូមិតិរច្ឆាន" នៅអំឡុងពេលនៃការគ្រប់គ្រងក្រោមអាណានិគមរបស់​ខ្លួន បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់​ឈ្មោះ បាដេស កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​១៩២៥។ រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ចងចាំ​អំពី​ហេតុការណ៍​នេះ និង​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អភិរក្ស​នូវ​និមិត្តរូប​សំណង់​ចេតិយ​របស់ លោក រ៉េស៊ីដង់ បាដេស ដើម្បី​ទុក​ជា​ការ​ចងចាំ និង​ជា​គំរូ​វីរភាព​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ក្នុង​ការ​រើ​បម្រាស់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ភាព​អយុត្តិធម៌​ដែល​កើត​មាន​ក្នុង​សង្គម។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​រយៈពេល​ជិត​មួយ​សតវត្ស គឺ​គិត​ចាប់​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣។ នៅ​ក្នុង​រយៈពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ និង​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គាប​សង្កត់​ទារ​យក​ពន្ធ​ដី​ដោយ​ជនជាតិ​បារាំង។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំងលាវ ដែល​ជា​ភូមិ​ប្រវត្តិសាស្ត្រ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ទាក់ទង​នឹង​ការ​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់ ដើម្បី​រើ​បម្រាស់​ពី​ការ​ជិះជាន់ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ស្រដៀង​គ្នា​ថា ពួក​គាត់​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌ និង​មិន​ចង់​ឲ្យ​ស្ថានភាព​នោះ​វិល​ត្រឡប់​មក​កម្ពុជា វិញ​ទៀត​ឡើយ។ កំពុង​អង្គុយ​យោល​អង្រឹង​បំពេ​ចៅ​ក្រោម​ផ្ទះ ស្ថិត​នៅ​ក្បែរ​ចេតិយ​ដែល​គេ​សង់​ជា​និមិត្តរូប​ឲ្យ លោក បាដេស ដែល​ត្រូវ​អ្នក​ភូមិ​វាយ​សម្លាប់ អ្នកស្រី អ៊ុង វណ្នី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំ​ដែល​គ្រួសារ​អ្នកស្រី​មក​តាំង​ទីលំនៅ​ក្បែរ​ចេតិយ​នេះ មិន​ដែល​មាន​ការ​ព្រឺ​ខ្លាច ឬ​មាន​ផល​រមាស់​អ្វី​កើត​ចេញ​ពី​ចេតិយ​នេះ​ឡើយ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​កែលំអ​បរិវេណ និង​អភិរក្ស​ចេតិយ ព្រម​ទាំង​រូប​ចម្លាក់​ស្ត្រី​កាន់​ដំបង​ម្នាក់ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទៅ​ថ្ងៃ​អនាគត៖ «ចង់​ឲ្យ​ធ្វើ​កន្លែង​ហ្នឹង​ឲ្យ​ស្អាតបាត​ទៅ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ក្មេង​សម័យ​នេះ​អត់​បាន​ដឹង​អំពី​ប្រវត្តិ​លើក​មុន​ទេ ហើយ​ដល់​អ៊ីចឹង​ហ្នឹង ជា​កេរ​ដំណែល។ ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង ថា​ភូមិ​ក្រាំងលាវ ហ្នឹង​ថា​ភូមិ​តិរច្ឆាន កុំ​ឲ្យ​ក្មេង​ចេះ​តែ​ថា ភូមិ​ហ្នឹង​ជា​ភូមិ​កាច​សាហាវ​អ៊ីចឹង​ទៅ​ណា ទុក​អា​ហ្នឹង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា បារាំង ធ្វើ​មក​លើ​ខ្មែរ​យ៉ាង​ម៉េច ប្រជាជន​ហ្នឹង​យ៉ាង​ម៉េច​មិន​អ៊ីចឹង​នែ!»។ ចំណែក អ្នកស្រី ណុប រ៉ែន កំពុង​អង្គុយ​ទំពា​ស្លា​ម្លូ​ក្រោម​ផ្ទះ សម្លឹង​មើល​ទៅ​ចេតិយ លោក បាដេស បណ្ដើរ​បាន​ថ្លែង​ក្នុង​ទឹក​មុខ​បែប​មាំ​ថា បើ​ទោះ​បី​ជា​អ្នកស្រី​កើត​មិន​ទាន់​សម័យ​នោះ ដោយ​គ្រាន់​តែ​ឮ​ចាស់​បុរាណ​និយាយ​ប្រាប់​ត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​មើល​ឃើញ​និមិត្តរូប​ចេតិយ​ដែល​បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ​ផង​នោះ ក៏​អ្នកស្រី​ឈឺ​ចិត្ត​នឹង​ការ​ជិះជាន់​របស់​បារាំង កាល​ពី​សម័យ​នោះ​ដែរ៖ «ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​ថ្ងៃ​ក្រោយ គ្រាន់​ទុក​មើល​ទៅ​ណា​កូន។ អាច​មាន​ផល​ប្រយោជន៍​អី​ទេ​បើ​ទុក? ទេ​កូន! មាន​ប្រយោជន៍​ទៅ​មុខ​អ៊ីចឹង​ដែរ ក្មេង​ស្រករ​ក្រោយ​គ្នា​អត់​ដឹង​អី ដល់​ពេល​ដឹង​អី​បាន​មក​ឃើញ អ្ហឺ...! ម៉ែ​យាយ​តា​បាន​វាយ​បារាំង អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​មុន​ទេ ដល់​មក​ឥឡូវ​លែង​អ៊ីចឹង​ហើយ យើង​ស្រឡាញ់​ជាតិ​យើង​កសាង​ថ្មី យើង​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​វិញ​ទុក​ជា​កេរ​ដំណែល»។ បច្ចុប្បន្ន នៅ​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បល្ល័ង្ករង្សី ហៅ​វត្ត​ក្រាំងលាវ គេ​ឃើញ​មាន​សំណង់​ចេតិយ​ចាស់​ទ្រុឌទ្រោម​មួយ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មែក​ឈើ​តូចៗ និង​វល្លិ​ទ្រុបទ្រុល ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​រូប​ចម្លាក់​ស្ត្រី​ម្នាក់​ឈរ​កាន់​ដំបង ដែល​អ្នក​ស្រុក​អះអាង​ថា ជា​និមិត្តរូប​របស់​យាយ​ប៊ី ដែល​ជា​អ្នក​ភូមិ​ក្រាំងលាវម្នាក់​ហ៊ាន​ងើប​ឡើង​តវ៉ា និង​វាយ​សម្លាប់រេស៊ីដង់ បាដេស ក្រោយ​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ប្ដី​របស់​គាត់​ទៅ​ឃុំឃាំង ដោយសារ​តែ​គ្មាន​ប្រាក់​បង់​ពន្ធ​ដី​គ្រប់​ចំនួន​តាម​ការ​ទាមទារ​របស់​ពួក​បារាំង កាល​ពី​សម័យ​នោះ។ សំណង់​ចេតិយ​នោះ​មាន​កម្ពស់​ប្រហែល ៦​ម៉ែត្រ និង​ទំហំ​ប្រហែល ៤​ម៉ែត្រ​ការ៉េ ធ្វើ​សម្រាប់​ជា​និមិត្តរូប​ដាក់​អដ្ឋិធាតុ​របស់ លោក បាដេស ក្រោយ​ពី​អ្នក​ភូមិ​វាយ​សម្លាប់។ ចំណែក​រូប​ចម្លាក់​យាយ​ប៊ី ដែល​ទំនងជាទើបតែកសាងនៅក្នុងសម័យបច្ចុប្បន្ន មានកម្ពស់ប្រមាណ១ម៉ែត្រ និងជើងទម្រប្រហែលកន្លះម៉ែត្រ បែរទៅទិសខាងកើត។ និមិត្តរូបទាំងពីរ ត្រូវបានសាងសង់ក្នុងបរិវេណតូចល្មម ជាប់របងវត្តក្រាំងលាវ ផ្នែកខាងត្បូង ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ពី www.rfa.org/Khmer