Jump to content

ច្បាប់​កូន​ចៅ​ល្បើក

ពីវិគីភីឌា

ខ្លឹមសារទាំងស្រុង

[កែប្រែ]
១ នេះបទកាកគតិ៍          ទើបចងជាបទ          ជាច្បាប់ទូន្មាន
តាមដោយគន្លងព្រេងព្រឹទ្ធបុរាណ          អ្នកប្រាជ្ញនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លកស្ងួនអើយមាសយកបណ្ដាំបិតា
ឳពុកនេះចាស់ឥតអ្វីអោយបាស្ងួនអើយរក្សា
ពាក្យឳពុកនៅ។
ឱកូនកំសត់រៀនអោនរៀនអត់រៀនគិតក្នុងក្រៅ
រៀនអោនលំទោនកុំអោយហ្មងសៅដល់ខ្លួនកូនពៅ
កេរ្ដិ៍ដល់ឳពុក។
ដឹងឆ្ងើយត្បិតដងកូនសើចរែងឆ្គងត្បិតតែឳពុក
ទ្រព្យគង់ត្បិតស្រីចេះរៀបដាក់ទុកប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥ - ចំណេះទាំងឡាយកិច្ចកលដោះស្រាយត្បិតតែគំនិត
ដឹងកិច្ចដឹងកលដឹងឆ្ងាយដឹងជិតដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខានល្មមដើរបំពានពុំគិតក្រងាយ
ល្មមឈប់បង្អង់ល្មមខាននូវអាយក្ដីក្រកុំស្រាយ
ក្ដីជាកុំធ្វេស។
សូវដើរកុំដេកសូវថប់កុំត្រេកសេចក្ដីប្រហែស
សូវខានកុំពារចចើងចចេសសូវចូលកុំចៀស
វាសរួចសឹមគូរ។
លឿនកុំបំបោលពាក្យព្រេងកុំចោលខឹងកុំអ៊ូទ្រូ
ស្រាយចេញអោយឆាប់កុំអោយទុកយូរសេចក្ដីមូទូ
មិនគិតខុសត្រូវ។
ដេកកុំដំងើចគេក្រកុំសើចគេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មានធ្វើជាអោយគួរតឹងគិតអោយធូរ
យូរគិតអោយឆាប់។
១០ -សេចក្ដីបំរុងពាក្យដើមពាក្យចុងប្រកាន់អោយខ្ជាប់
សូវនឿយអោយខ្លួនកុំអោយបង់ទ្រព្យសូវបង់ក្ដីគាប់
កុំអោយខ្លួនស្លាប់។
សូវស្លាប់ទៅជាកុំបង់ធម្មាអិរិយាសីលគាប់
អោយគិតជញ្ជឹងរំពឹងអោយសព្វពាក្យស្លែងកុំស្អប់
ពាក្យគាប់អោយយក។
ចង់គង់អោយទុកចង់បានក្ដីសុខអោយស្វែងដើររក
ឃើញច្បាស់ធម៌ផងអោយយកខ្លួនជ្រកក្ដីសោកមម៉ោក
អោយជៀសចេញឆ្ងាយ។
កូនអើយលោកិយនេះអោយរៀនក្ដីរៀនច្បាប់ទាំងឡាយ
រៀនទាំងសំដីកុំបីរាយមាយក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម។
ឱកូនពុំងាធម្មតាអ្នកជាអោយរៀនថែទាំ
រៀនដាក់រៀនទុករៀនរៀបរៀនចំរៀនរកសន្សំ
លក់ចេញទិញចូល។
១៥ -មួយសោតអែច្បាប់បើបានមានទ្រព្យមនុស្សផងមកមូល
ពឹងពាក់ប្រាណណាបាយកប្រមូលសន្សំផ្សំចូល
យកមកជាគ្នា។
កូនអើយអែម្លប់មនុស្សផងចូលឈប់សំរាន្ដអាត្មា
ព្រៃឈើជាម្លប់ត្រសុំសាខាម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន។
មនុស្សផងរំលងរកម្លប់ទៀតហោងចូលចតសំរាន្ដ
ម្លប់នោះត្រជាក់ត្រសាក់ក្សេមក្សាន្ដមនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹកជ្រាលជ្រៅពន្លឹកជាទីសំណាក់
មច្ឆោមច្ឆាចេញចូលពឹងពាក់ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោងឯទឹកនោះផងម្ដេចប្រែជាក្ដៅ
មច្ឆាទាំងឡាយព្រាត់ព្រាយរត់ទៅរកទឹកទៀតនៅ
ពុំនាក់អាត្មា។
២០ -កូនអើយថាបើបាឯងអាចធ្វើក្ដៅក្ដាត់មហិមា
ព្រៀងលានទាំងឡាយគេនឹងនិន្ទាដំនៀលដៀលថា
បាអែងពុំចេះ។
អាប់ឥតប្រាជ្ញាអាប់ទាំងឥរិយាយោបល់ចំណេះ
អាប់ទាំងមារយាទអាប់ទាំងតំរិះត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹកកូនអើយបើល្គឹកពុំមានមច្ឆា
មួយគ្រាន់ពន្លៀកនៅក្នុងគង្គាពុំរាប់ហៅជា
ប្រសើរឡើយហោង។
មួយសោតអ្នកណាគេមកប្រាប់ថាត្បិតបាធ្វើឆ្គង
បាគិតជញ្ជឹងរំពឹងដើមទងកុំបាតោតតូង
ក្អេងក្អាងពុំគាប់។
ទូកហួសកំពុងរាចែវបង្អង់ថយមកចូលចាប់
ពាក្យលឿនហួសខ្នាតហៅឥតគំនាប់ថយមករកគាប់
ពុំបានឡើយណា។
២៥ -អង្គុយហួសស័ក្ដិស្រដីហួសថ្នាក់បង់បោយហួសស្មា
ពុំមើលប្រមាណនឹងប្រាណអាត្មាហាហួសចង្កា
ថាហួសសេចក្ដី។
រីឯកង្កែបមុខដូចគេពេបហាឡើងស្រដី
អួតអែងកំលាំងជល់នឹងដំរីទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចកដកកក្ងក់អួតអែងអំណាច
នឹងជ្រែកប្រឹថពីទៅខាំនាគរាជដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីឯអណ្ដើកវារឡើងរវើកមកអួតអាត្មា
ថាអញនឹងលោតរំលងបព្វតាហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់លោតឡើងពីភក់មើលទៅគួរស្អប់
អួតខ្លួនថាល្អដូចមាសទឹកដប់រាងអញចំប្រប់
ដូចរាជសីហា។
៣០ -ហាឡើងមិនធ្យានស្ដីមិនប្រមាណនឹងប្រាណអាត្មា
សូវអោនកុំងើបសូវស្ងៀមកុំថាសូវវាយកុំយារ
សូវគប់កុំជះ។
ឱកូនពន្លកច្បាប់នេះបាយកស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរហៅមហាវិសេសកូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែងសប្បាយចង់លេងនេះឯងលោកថា
នឹងកើតទុក្ខក្រោយនឹងបង់ទ្រព្យានឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ​ ចំការជួញប្រែនោះមានគេរាប់
សប្បាយបានស៊ីសប្បាយបានទ្រព្យសប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រីចេះលើកយសប្ដីចេះគិតចេះគូរ
ចេះរៀបចេះចំចេះសមចេះគួរអ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥ នាងនេះឈ្មោះអ្វីមុខមាត់អប្រិយសមជាអ្នកមាន
ម្លោះហើយនឹងកើតទ្រព្យផងពុំខានព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្សពុំដែលនឹងខុសហួសពីទំនាយ
ពុំដែលនឹងផ្អៀងមិនជិតមិនឆ្ងាយអ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថាលោកមានឧបមាអោយគិតអោយយល់
ពាក្យលោកទំនឹមមិនមានអោយសល់កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាងដើរកុំមើលរាងមើលអង្គអាត្មា
កុំដើរផ្ទះគេហួសពេលវេលាកុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខកុំដើរពានថ្លុកថាឯងសប្បាយ
មានទោសនឹងគេកុំអោយនិយាយដើមគេនឹងក្លាយ
កើតជាទោសធំ។
៤០ - ខ្លួនទាបកុំតោងដៃខ្លីកុំឈោងស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់អួតអាងប្រគំក្ងួរអួតផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ដកកក្ងក់ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះរំលងលើគល់ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រាំក្រោកឡើងទន្ទាំកែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀងផ្អៀងផ្អងទន់ទាបដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់ពាក្យនេះមហាគាប់គ្រប់តួទាំងឡាយ
បាគិតរំពឹងជញ្ជឹងអោយឆ្ងាយកុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ថាបាពុំគាប់ទោសដល់អាត្មា
កុំបាភិតភាំងស្លុតស្លាំងកាយាប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
៤៥ - រិះរកគំនិតជុំយោបល់គិតទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ចាត់ឡើងអោយដឹងចំណេះមួយនឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថាពាក្យលោកឧបមាដូចគជសារសឹក
កាំភ្លើងដៃដុំពុំដែលនឹងក្លឹកដេញដាលគគឹក
គគុកបោលចូល។
ធម្មតាអ្នកជាអ្នកមានប្រាជ្ញាសន្ដានត្រកូល
អោយគិតសញ្ជឹងរំពឹងអោយមូលប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាងកុំភូតបំព្រាងកុំអោយចែចូវ
កុំកាច់កុំកិនរអែរអូវកុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀនកុំបៀតកុំបៀនកុំស្ដីអោយមោះ
គ្នាបានជាខុសអោយមានសន្ដោសកុំហាអោយហួស
ជ្រួសពាក្យទៅមុន។
៥០ - ចូលសឹកកុំញោចជំពាក់កុំបោចខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មាកុំអោយលោកអន់សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំងកុំអាងខ្លួនខ្លាំងរត់នឹងស្រមោល
កុំអាងជាធំកុំងាយពាក្យពោលពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀចកុំអាងអំណាចដើរកាត់តំរង់
ក្រែងបង់អិរិយាសក្កាកុំគង់លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់ពាក្យមួយមហាគាប់មានមិត្ដស្នេហា
អោយមើលមារយាទមើលសព្វអិរិយាអោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួនអោយល្មមនឹងខ្លួនអោយធួននឹងអង្គ
សឹមយកជាមិត្ដឋិតថេរដ៏លង់ទៅមកតំរង់
ចេញចូលស៊ីចុក។
៥៥ - មិត្ដមួយសោតណាទៅមកកាន់គ្នាបង្កើតអោយសុខ
មិត្ដមួយអោយទោសបង្កើតជាទុក្ខមិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិនទៅមកខ្ជាន់ៗជក់ថ្នាំស៊ីស្លា
ចុះឡើងមិនអាក់នឹងហិនអាត្មាកូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសីកូនប្រុសកូនស្រីស្ងួនអើយបាស្ដាប់
ទំនឹមទំនងគន្លងផ្លូវច្បាប់ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថារិកក្នុងអាត្មាមានបីពុំឃ្លាត
មួយស៊ីមួយដេកមួយដើរជាខ្នាតស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិតដើរឥតគំនិតហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះហៅឥតគំនាប់ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០ - នឹងស្វែងរកទ្រព្យចង្រៃអភ័ព្វមិនអោយជំនា
អោយកើតតែទុក្ខអោយបង់ទ្រព្យានឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វចង្រៃនូវអពមង្គលទាំងឡាយ
ចូលក្នុងអាត្មាមិនមានទៅឆ្ងាយជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រីបើមានរិកបីដូចច្បាប់លោកថា
រិកដេករិកដើររិកស៊ីអាហារជាអ្នករក្សា
អិរិយាមារយាទ។
ខ្លាចមេខ្លាចបាទោះបីធ្វើការមិនមានអោយឃ្លាត
ទោះបីនឹងសើចនឹងលេងមានខ្នាតជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយទោះជិតទោះឆ្ងាយគេយល់អិរិយា
គេយល់ចំណេះជាអ្នករាបសាគេចង់ចងជា
ពន្ធយកជាញាតិ។
៦៥ - មានខ្សត់ពុំគិតយកតែគំនិតឥរិយាមារយាទ
អោយចេះរៀបចំទុកដាក់ជាខ្នាតឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឳពុកនឹងបានលើកមុខដោយកូនពុំងា
អស់ទាំងបងប្អូនជីដូនជីតាម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាពជាអ្នករាបទាបត្រូវនឹងគំនិត
គ្រប់អស់បងប្អូនទោះឆ្ងាយទោះជិតសឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
៦៨ - កូនអើយចូរស្ដាប់ចូរចាំអោយខ្ជាប់ទុកក្នុងអាត្មា
ទំនឹមទំនងគន្លងឧបមាទើបចងប្រែជា
ជាបទព្រហ្មគិតិ។



១ កូនអើយស្ងួនតែមួយ        ទុកជាត្រួយត្រូលគំនិត        កូនអើយមាសតាំងចិត្ត        តាំងចរិតគិតកុំឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេងទោសខ្លួនឯងមើលមិនយល់ទោសគេតូចសោតសល់រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវរកអំពាវគ្នាមកជុំដល់បានស្ករទឹកឃ្មុំពួនក្នុងផ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀតខំឆ្លៀតបៀតមិនគិតក្រែងមើលយល់តែខ្លួនឯងមិនយល់គេឯទៀតផង។
៥ នឹងស៊ីចង់ពិសាខ្ជិលទំពារឲ្យហ្មត់ហ្មងយល់នាមថាជាមងយល់ឯជងថាជាកួយ។
យល់តាថាជីដូនយល់ឯកូនថាជាក្មួយយល់ពីរថាជាមួយយល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណយល់ឯបុណ្យថានរកយល់ល្អថាអាក្រក់យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់ឆ្លុះកញ្ចក់ធ្មេចនេត្រាយល់សេះថាជាលាយល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេងអ្នកណាឈ្វេងប្រាជ្ញាយល់ឃើញថ្លុកកុំថាថ្នល់ក្រែងកំហល់កំហុសមាន។
១០ អ្នកប្រាជ្ញកាន់ពាក្យទៀងកុំឲ្យល្អៀងពាក្យបុរាណកុំដើរផ្លូវបំពានពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធគួរឲ្យគិតពិចារណាកុំអួតអាងអាត្មាថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរខ្លាចក្តីទូជ៌នដល់ប្រាណបើស៊ីកុំតាមឃ្លានមើលប្រមាណអស់គ្នីគ្នា។
លើកដាក់តាមកម្លាំងកុំកើចខ្លាំងឈឺដល់ស្មាប្រើគេប្រើឲ្យជាកុំសសន់រាន់សៅដៅ។
ទោះដើរកុំរួសរាន់គិតឲ្យគ្រាន់សឹមដើរទៅកុំឲ្យអាប់អាស្រូវកើតដំនៀលដល់អាត្មា។
១៥ កុំយល់ឆ្អិនជាឆៅកិច្ចក្នុងក្រៅមានតម្រាកុំអាងតែប្រាជ្ញាចោលក្បួនច្បាប់លោកព្រេងនាយ។
ស្រដីឲ្យស្រួលស្រេចគិតសេចគ្រេចកុំគិតងាយរំពឹងគិតឲ្តឆ្ងាយយល់លង្វែកសព្វនានា។
ពាក្យព្រេងលោកស្រដីថាកុំបីចិញ្ចឹមខ្លាពាក្យព្រេងលោកឧបមាគិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់ខ្លាចក្រឡាប់ខាំឯប្រាណអូសទូកកុំឲ្យល្អានទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើកបើកក្រើកត្បិតខ្យល់បក់ទឹកថ្លាល្គឹកបើល្អក់ត្បិតរលកខ្លាំងសោះសា។
២០ យល់តូចកុំអាលខំគួរសន្សំយកជាគ្នាបានច្រើនកុំអាលពារសន្សឹមតិចៗរៀងទៅ។
អ្នកមានរក្សាខ្សត់ដូចសម្ពត់ព័ទ្ធពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាបដោយសភាពធម៌បុរាណអ្នកឆ្អែតរក្សាឃ្លាននាអ្នករុងរក្សាឆ្មារ។
រក្សាទៅមកវឹងឥតកំដឹងអស់អម្បាលចំណេរចេរកាន់កាលដូចរបងស្រាស់បន្លា។
កុំឆីឆ្អែតតែឯងមិនគិតក្រែងអស់គ្នីគ្នាគេឃ្លានក្នុងផ្ទៃផ្សាឲ្យឆីរ៉ាបានឆ្អែតផង។
២៥ កុំមានចិត្តលលើពឹងក្រពើឲ្យចម្លងកុំកាប់ឧសរបងវាំងចំណារឯអាត្មា។
មានទូកឲ្យមានថ្នោលមានបង្គោលមានយុថ្កាទាំងពួរទាំងច្រវាជើងចែងណ៎ាឲ្យសព្វគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់បក់បោកដល់នឹងទល់ទប់ប្រយ័ត្នប្រយោជន៍គ្រប់ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំដូចបណ្តាំបណ្តៅចិត្តពាក្យព្រេងគួរឲ្យគិតគិតរំពឹងឲ្យគ្រប់គ្រាន់។
ពាក្យនេះជាសណ្តាប់ទុកជាច្បាប់ទៀងជាក់ស្បាន់ពាក្យនេះជាកំណាន់កំណត់នៅពុំឃ្លាតឃ្លា។
៣០ តែងតពាក្យទៅទៀតកុំបៀនបៀតអ្នកព្រឹទ្ធាកុំសង់ផ្ទះបៀតធ្លាស្រីសាធារណ៍ពុំគង់ទ្រព្យ។
ស្រីស្រាលខ្លៅប្រច័ណ្ឌស្តីជញ្ជាន់ថាពុំគាប់ពាក្យនេះឥតគេរាប់ពាលរែងស្អប់ពាក្យមេបា។
ប្រឡែងរែងច្រើនឈ្លោះពាក្យទ្រគោះច្រើនគេថាកំណាញ់កើតនិន្ទានឹងសាធារណ៍ពុំគង់ទ្រព្យ។
កូនកាចរែងចាញ់ម្តាយពាក្យពាយងាយគេរែងស្អប់ខ្ចីទ្រព្យគេកញ្ជប់រកគេទៀតគេថាគ្មាន។
អ្នកទាបរែងស្អប់ខ្ពស់ត្បិតពឹងយសគេពុំបានអ្នកខ្សត់ស្អប់អ្នកមានត្បិតពុំបានឲ្យពឹងទ្រព្យ។
៣៥ អ្នកខ្លៅរែងស្អប់ចេះត្បិតតម្រិះគិតគំនាប់អ្នកខុសរែងស្អប់គាប់ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយកូនចៅអើយយកទុកទៅគ្រាន់បានប្រៀនប្រដៅតកូនចៅផៅសន្តាន។
ពាក្យនេះស្មើខ្លួនហើយកូនចៅអើយចូរចាំប្រាណអស់អាថ៌ឱវាទទានជាសូរេចម្ល៉េះឯងហោង។