ច្បាប់ពាក្យចាស់
(បទព្រហ្មគីតិ)
១- ពាក្យចាស់ពាក្យពីព្រេង-----ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់-----រមិលយល់ប៉ុនទាំងភ្នំ។
២- ចូលព្រៃសត្វសាហាវ-----រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ-----ពួនសម្ងំឆីម្នាក់ឯង។
៣- បានហើយចង់បានទៀត-----ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង-----មិនយល់គេឯទៀតផង។
៤- នឹងស៊ីចង់ពិសា-----ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង-----យល់ឯផងថាជាកួយ។
៥- យល់តាថាជីដូន-----យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ-----យល់ឯព្រួយថាជាសុខ។
៦- យល់ទោសថាជាគុណ-----យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់-----យល់លាមកថាជាផ្កា។
៧- ស្លៀកស្បង់មិនកោរសក់-----ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា-----យល់គជាថាកណ្តុរ។
៨- ពាក្យនេះលោកពីព្រេង-----អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់-----ក្រែងកំហល់កំហុសមាន។
៩- អ្នកប្រាជ្ញកាន់ពាក្យទៀង-----កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន-----ពាក្យអ្នកចាស់លោកដៀលថា។
១០- ពាក្យនេះពីព្រេងព្រឹទ្ធ-----គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា-----ថាចំណេះចំណាំមាន។
១១- ដេកយប់កុំដេកយូរ-----ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន-----គិតប្រមាណគ្រប់គ្នីគ្នា។
១២- លើកដាក់តាមកម្លាំង-----កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា-----កុំស៊ាំស៊នរនចៅរ៉ៅ។
១៣- ទោះគិតកុំរួសរាន់-----គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ-----កើតដំនៀលដល់អាត្មា។
១៤- កុំយកឆ្អិនជាឆៅ-----កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា-----ចោលច្បាប់ក្បួនលោកព្រេងនាយ។
១៥- ស្រដីឲ្យស្រួលស្រេច-----គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ-----យល់លង្វែកពាក្យលោកថា។
១៦- ពាក្យព្រេងលោកស្រដី-----ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា-----គិតត្រង់ណាធ្វើឲ្យបាន។
១៧- កាន់កពស់ឲ្យខ្ជាប់-----ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន-----ទឹកថ្លាសោតកុំឲ្យល្អក់។
១៨- ស្លឹកឈើឥតកម្រើក-----បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់-----ត្បិតរលកខ្លាំងសោះសា។
១៩- យល់តូចកុំខិតខំ-----គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ-----សន្សឹមក្សិណតិចៗទៅ។
២០- អ្នកមានរក្សាខ្សត់-----ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ-----ដូចសំពៅនូវសំប៉ាន។
២១- អ្នកខ្ពស់រក្សាទាប-----ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន-----នាអ្នករុងរក្សាឆ្មារ។
២២- រក្សាទៅមុខរឹង-----ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល-----ដូចរបងស្រាស់បន្លា។
២៣- កុំឆ្អែតពេកតែឯង-----មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា-----ឲ្យឆីរ៉ាបានឆ្អែតផង។
២៤- កុំមានចិត្តលលើ-----ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង-----វាំងចំណារឯអាត្មា។
២៥- មានទូកហើយមានថ្នោល-----មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា-----ក្រជឹងចាប់ដោយនូវគ្រប់។
២៦- ប្រយ័ត្នក្រែងព្យុះខ្យល់-----បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់-----ទើបហៅជាក់មានគំនិត។
២៧- ពាក្យព្រេងគិតគួរចាំ-----ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ-----មុខគួរគិតៗឲ្យគ្រាន់។
២៨- ពាក្យនេះជាសណ្តាប់-----ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់-----កំណត់នៅឥតឃ្លាតឃ្លា។
២៩- សូរេចនូវនិទាន-----ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា-----ចាំទុកកាយគ្រប់គ្រាន់ហោង៕