ជនជាតិជ្វីហ

ពីវិគីភីឌា

កាលណា​គេ​និយាយ​ពី​អរិយធម៌​នៃ​តំបន់​មេឌីទែរ៉ាណេ​សម័យបុរាណ គេ​មិន​អាច​មិននិយាយ​​បានទេ អំពី​ប្រវត្តិ​របស់​ជនជាតិ​តូចមួយ ក៏ប៉ុន្តែ ដែល​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ ជាពិសេស ឥទ្ធិពល​ខាង​មនោគមន៍វិជ្ជា​សាសនា។ នោះគឺ ជនជាតិជ្វីហ្វ។ ការស្វែងយល់​អំពី​ជនជាតិជ្វីហ្វ​សម័យបុរាណ​ក៏​ជា​មូលដ្ឋាន​ដ៏សំខាន់​ដែរ ដើម្បីយល់​ពី​ជម្លោះ​​នៅ​ដើមបូព៌ា​នាពេល​បច្ចុប្បន្ន​នេះ។

ជនជាតិជ្វីហ្វ​សម័យបុរាណ​នោះ ថ្វីដ្បិត​តែ​រស់នៅ​ក្បែរឆ្នេរសមុទ្រ ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏ប៉ុន្តែ មិនមែន​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រ​ ដូចអរិយធម៌​មេឌីទែរ៉ាណេផ្សេងទៀត ដូចជា ក្រិក កោះក្រែត និង​ហ្វេនីស៊ី​នោះទេ។ ជនជាតិ​ជ្វីហ្វ​សម័យដើម គឺ​ជា​ជាជនជាតិ​ដែល​រស់នៅ​តាម​បែប​កុលសម្ព័ន្ធនៃ​​មនុស្ស​សម័យបុរេប្រវត្តិ ដោយផ្លាស់ទី​ពី​កន្លែងមួយ ទៅកន្លែងមួយ នៅ​ចន្លោះ​​​ប្រទេស​អេហ្ស៊ីប​ និង​មេសូប៉ូតាមី។

ប្រវត្តិ​នៃ​​​ប្រជាជាតិ​ជ្វីហ្វ​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ជាង ៣ពាន់ឆ្នាំ​មុន នៅពេលដែល​ជនជាតិ​ជ្វីហ្វ​ភៀសខ្លួន​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​អេហ្ស៊ីប ហើយ​ធ្វើ​ដំណើរ​កាត់តាម​វាលរហោស្ថាន​ ឆ្ពោះទៅកាន់​ទឹកដី​កាណាន (អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បច្ចុប្បន្ន)។ ដំណើររឿង​ ដែល​ត្រូវ​បាន​រ៉ាយរ៉ាប​យ៉ាង​ក្បោះក្បាយ នៅ​ក្នុង​គម្ពីរ​តូរ៉ា (Torah) របស់​ពួក​ជ្វីហ្វ និង​នៅ​ក្នុង​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​របស់​គ្រឹស្ត​សាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និង​អ្នក​បុរាណវិទ្យា​នៅតែ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ ជុំវិញ​ដំណើររឿងនេះ។

នៅ​ក្នុងទឹកដី​កាណាន ជនជាតិ​ជ្វីហ្វ (ឬ​ហេព្រើ) បាន​ចាប់​របរ​កសិកម្ម បង្កើត​ជា​រដ្ឋ រួចហើយ​បាន​សាងសង់​បុរី​ជាទីសក្ការៈមួយ គឺ​ទីក្រុង​យេរូសាឡឹម។ នៅ​ខាងត្បូង​ទីតាំង​ដែល​ជនជាតិ​ជ្វីហ្វ​រស់នៅ មាន​ជនជាតិ​មួយទៀត​ ដែល​ជា​សត្រូវ​របស់​ពួក​ជ្វីហ្វ គឺ​ជនជាតិ​ហ្វ៊ីលីស្ទីន។

ក្រុងយេរូសាឡឹម​របស់​ពួកជ្វីហ្វ​​ត្រូវ​បាន​ពួក​បាប៊ីឡូន​កម្ទេច​ចោល នៅ​ឆ្នាំ​៥៨៨​មុនគ.ស ហើយ​ជនជាតិជ្វីហ្វ​ទាំងអស់​ត្រូវ​បាន​គេជម្លៀស​ចេញ​ពី​ទឹកដី​កំណើត យក​ទៅ​បាប៊ីឡូន រហូតក្រោយ​ពេល​ដែល​អាណាចក្រ​ពែរស៍​វាយដណ្តើម​កាន់កាប់​បាប៊ីឡូន ទើប​អធិរាជ​ពែរស៍​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វីហ្វ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេវិញ។