Jump to content

ជីវប្រវត្តិ​ ប៊ូ ប៉ូ

ពីវិគីភីឌា

អ្នក​ប៊ូ នាង​ពុច ជាតិ​ខ្មែរ ជា​កសិករ ទី​លំនៅ ៗ ឃុំ​ថ្មគ ស្រុកល្វាឯម ខេត្តកណ្ដាល មាន​កូន បី នាក់​គឺ​នាង​ស៊ុម ១ នាង​អ៊ូ ១ កុមារ​ជា ហៅ ប៊ូ ប៉ូ ១ ។

ក- កុមារ ប៊ូ ប៉ូ កើត​ថ្ងៃ​ពុធ ខែ​មិគសិរ ឆ្នាំ ខាល គ.ស. ១៩០១ មាន​រោគ​ក្អក​ហឺត​តាំង​ពី​កើត​មក​ជាប់​រហូត​ដល់​អាយុ ៩ ឆ្នាំ​ទើប​បាត់ ។ ប៉ុន្តែ​ដល់​អាយុ ៤០ ឆ្នាំ​ប្លាយ រោគ​នេះ​កើត​ឡើង​ទៀត​ជាប់​រហូត​ដល់​ចាស់​ជរា ។

ខ- កុមារ ប៊ូ ប៉ូ អាយុ ១០ ឆ្នាំ នៅ​វត្តបទុមវតី​រាជវរារាម​ក្រុងភ្នំពេញ​ជា​មួយ​ព្រះបាឡាត់​មង្គល​ពៅ ជា​មា​បង្កើត​ក៏​ចាប់​រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ពី​ត្រឹម​អាយុ ១០ ឆ្នាំ​មក ។ នៅ​វត្ត​បាន​ជិត​មួយ​ឆ្នាំ នីក​រលឹក​ម្ដាយ​ពេក​ក៏​លប​រត់​ពី​វត្ត​ជិះ​កប៉ាល់​ច្រឡំ​ទៅ​លើ​កប៉ាល់​ដើរ​ផ្លូវ​ភ្នំពេញ-ក្រូច​ឆ្មារ នៅ​ក្នុង​កប៉ាល់​នេះ​កន្លះ​ខែ ទើប​បាន​ទៅ​ដល់​ម្ដាយ ។

គ- កុមារ ប៊ូ ប៉ូ អាយុ ១១ ឆ្នាំ​ចូល​លេង​យីកេ​នៅ​សន្លុង ស្វាយមាស វិហារ​សួរ បាន ១ ឆ្នាំ​ចូល​លេង​ល្ខោន​ខោល​នៅ​ឃុំ​ថ្មគ ស្រុក​កំណើត​បាន ១ ឆ្នាំ ឈប់​លេង​ល្ខោន​មក​នៅ​បំរើ​លោក​ឪពុក​បួស​ឯ​ចាស់ នៅ​វត្ត​បទុមវតី ភ្នំពេញ​បាន ២ វស្សា លោក​សឹក​ទៅ​នៅ​ស្រុក​វិញ ។

ឃ- កុមារ ប៊ូ ប៉ូ អាយុ ១៤ ឆ្នាំ បាន​បួស​នេន​នៅ​វត្ត​ស្វាយ​តាឯម​ស្រុក-ខេត្ត​ដដែល​ព្រះ​គ្រូ​ព្រហ្ម​វិសុទ្ធិ​ជា​ព្រះឧបជ្ឈាយ៍ ។ នៅ​វត្ត​នេះ ជា​គណៈ​ធម្មយុត្ត​បាន ២ វស្សា ចូល​មក​នៅ​វត្តបទុមវតី កុដិ​ព្រះមហាព្រហ្មមុនី "ស៊ុក" ចាប់​រៀន​ព្រះត្រៃបិដក​ទាំង​ពី​បួស​នេន​អាយុ ១៧ ឆ្នាំ ។ រៀន​នៅ​វត្តបទុមវតី​អំពី​លោក​គ្រូ​អាចារ្យ ធាន កែវ, ធន យ៉ាង ។ រៀន​នៅ​វត្ត​ស្វាយពពែ​អំពី​លោក​គ្រូ​បាឡាត់​ទឹម សួន, គុណ កង, អ៊ុក ម៉ូត ។

នេន ប៊ូ ប៉ូ អាយុ ២០ ឆ្នាំ​ប្រឡង​ជាប់​ជា​សិស្ស​សាលា​បាលី​ជាន់​ខ្ពស់​នៅ​វិហារ​ព្រះកែវ​មរកត​ក្នុង គ.ស. ១៩២០ រៀន​គ្រប់​បាំ​ឆ្នាំ​ក៏​ប្រឡង​ជាប់​បាន​សញ្ញាបត្រ​ជា​ព្រះមហា​បរិយត្តិ ក្នុង គ.ស. ១៩២៥ ហើយ​មិន​ទាន់​សឹក​ភ្លាម​ទេ នៅ​រៀន​ខ្លួន​ឯង​និង​បង្រៀន​សិស្ស​តទៅ​ទៀត ។

ង- នេន ប៊ូ ប៉ូ អាយុ ២១ ឆ្នាំ បាន​ឧបសម្ប័ទ​ជា​ភិក្ខុ​ក្នុង​វត្តបទុមវតី​មាន​នាម​ឆាយា​ថា ឋិតវីរិយា ។ សម្ដេច​ព្រះមង្គល​ទេពាចារ្យ "ស៊ុក" ជា​ព្រះឧបជ្ឈាយ៍ ព្រះធម្មោឧត្ដម អ៊ុង ស្រី ជា​កម្មវាចាចារ្យ ។

ច- កិច្ចការ​ជា​ប្រយោជន៍​ចំពោះ​ពុទ្ធសាសនា​ដែល​ព្រះមហា ប៊ូ ប៉ូ បាន​ធ្វើ​ដូច​រៀប​រាប់​ត​ទៅ​នេះ ៖

ព្រះមហា ប៊ូ ប៉ូ បាន​ទៅ​ដឹក​នាំ​ក្រួស​ពី​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​យក​មក​កសាង​វិហារ​ថ្មី​និង​បង្គន់ ១ ខ្នង​មាន ៣ បន្ទប់ ។ បាន​បង្រៀន​សិស្ស​នៅ​កុដិ​តាំង​ពី​មួយ​រូប​ពីរ​រូប​រហូត​ដល់​ច្រើន​រូប ក៏​ធ្វើ​សាលា ១ ខ្នង​បង្រៀន​ក្នុង ១ ថ្ងៃ ៣ ពេល​គឺ ព្រឹក រសៀល និង យប់ ប្រើ​គោមមង្សុង ព្រោះ​ពេល​នោះ​មិន​ទាន់​មាន​អគ្គីសនី​ចូល​ក្នុង​វត្ត​ទេ ។ មាន​បង្រៀន​ធម្មវិន័យ​ពុទ្ធប្រវត្តិ ពង្សាវតារ​កម្ពុជា ភាសា​សៀម​និង​ឡាតាំង​ខ្លះ​ផង ។ មុន​ដំបូង​ព្រះមហា ប៊ូ ប៉ូ បង្រៀន​តែ​ម្នាក់​ឯង​គ្រប់​ទាំង ៣ ពេល ក្នុង ១ ថ្ងៃ ។ ក្រោយ​មក​ទើប​មាន លោក​អាចារ្យ​ដទៃ​ជួយ​បង្រៀន​នៅ​ពេល​ខ្លះ​បាន​ចាត់​សិស្ស​ដែល​ចេះ​ចាំ​ស្ទាត់​ជាង​គេ​ឲ្យ​ជួយ​បង្រៀន​ខ្លះ​ផង ។ បាន​ចាត់​លោក​អាចារ្យ​​ខ្លះ​ឲ្យ​ទៅ​នៅ​បង្រៀន​ក្នុង​វត្ត​ធម្មន្មិត​ហៅ​ប៉ាឆា ខេត្តបាត់ដំបង ក្នុង​វត្ត​មង្គលរតនារាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ក្នុង​វត្ត​ទ័ពចំបក់ ស្រុកកណ្ដាលស្ទឹង និង​វត្តស្វាយតាឯម ស្រុកល្វាឯម ខេត្តកណ្ដាល ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​សាលា​បាលីរង​ទេ ។

បាន​សរសេរ​អធិប្បាយ​ពី​បាលី​វេយ្យាករណ៍ ពី​ពិធី​ប្រែ​​ប្រយោគ​​បាលី​​ច្រើន​មុខ​ហើយ​បោះពុម្ព​ដោយ​ចាហួយ​ចែក​ចាយ​ដល់​សិស្ស​ទាំងឡាយ​ឥត​យក​ថ្លៃ ។ ក្នុង​ថ្ងៃ​មួយៗ មាន​សិស្ស​ជាង​មួយ​រយ​រូប​ចូល​រៀន​គ្រប់​ទាំង ៣ ពេល ។ ចាត់​ការ​ឲ្យ​មាន​ទឹក​តែ​ចែក​សិស្ស​ឆាន់ និង​ថ្នាំជក់ ថ្នាំ​ពេទ្យ​ខ្លះ​រាល់​ថ្ងៃ ។ ចាត់​ឲ្យ​មាន​ការ​ប្រឡង​ល្បង​ចំណេះ​សិស្ស​រាល់​ខែ​ឆ្នាំ​ហើយ​ឲ្យ​រង្វាន់​លើ​ក​ទឹក​ចិត្ត​តាម​លេខ​ទាប-ខ្ពស់ ។ លោក​អាចារ្យ​​គ្រប់​រូប​មាន​បៀវត្ស​ប្រចាំ​ខែ​តិច​ខ្លះ​ច្រើន​ខ្លះ​តាម​សមត្ថភាព តែ​ព្រះមហាប៊ូ ប៉ូ មិន​យក​បៀវត្ស​ទេ គឺ​ជា​អ្នក​ខំ​រក​បច្ច័យ​ចំណាយ ។ បច្ច័យ​ដែល​បាន​ដោយ​សូត្រ​មន្ត​ឬ​ទេសនា​ចំណាយ​ទៅ​ក្នុង​សាលា​នេះ​ទាំង​អស់ ។ មាន​ទាយក​ទាយិកា​ជា​ច្រើន​ជួយ​ឧបត្ថម្ភ​​​សៀវភៅ​សរសេរ ដីស ដីខ្មៅ ស្លាប៉ាកា ជ័រលុប ក្រដាស់​ផ្តិត តែ ស្ករ ​​និង ​បច្ច័យ​រាល់​ខែ ហើយ​ចែក​ចាយ​វត្ថុ​ទាំង​នេះ​ដល់​សិស្ស​គ្រប់​រូប ។ មាន​លោក​សង្ឃ​វត្តនួនមុនីរាម ហៅ​វត្ត​ចាន់​ខ្លះ វត្ត​ស្វាយពពែ​ខ្លះ វត្តប្រយូវង្ស ហៅ វត្តឃុនព្រះញាតិ​​ខ្លះ​ចូល​មក​សុំ​រៀន​ក្នុង​សាលា​វត្តបទុមវតី ។

ឆ- ព្រះមហា ប៊ូ ប៉ូ បួស​ភិក្ខុ​មួយ​វស្សា​បាន​ទទួល​សមណសក្ដិ​ជា​បាឡាត់​អរិយ​ព្រឹទ្ធទីឋានា បួស​ភិក្ខុ ៤ វស្សា​បាន​ទទួល​សមណសក្ដិ​ជា​បាឡាត់​ព្រហ្មវិជ្ជា​ទី​រឿនលួង​ជា​អ្នក​ចាត់​ព្រះសង្ឃ​ទៅ​ក្នុង​ព្រះរាជពិធី​បុណ្យ​ផ្សេង ៗ ។ មាន​ចុត​ម៉ាយ​លោក​ចាង​ហ្វាង​នៃ​​ពុទ្ធសាសនបណ្ឌិត្យ​លេខ ​ចុះ​ថ្ងៃ​ទី ២ ខែ​មករា គ.ស. ១៩៣០ ហៅ​ព្រះមហាប៊ូ ប៉ូ ឲ្យ​ចូល​ទៅ​ធ្វើ​ការ​ជា​ក្រុម​ជំនុំ​ប្រែព្រះត្រៃបិដក​ក្នុង​ក្រុម​ ពុទ្ធសាសនិបណ្ឌិត្យ ក្នុង​អាយុ​គំរប់ ៣០ ឆ្នាំ​ទាំង​ភេទ​ជា​ភិក្ខុ​ដោយ​លោក​យល់​ឃើញ​ថា​មហាប៊ូ ប៉ូ ចេះ​ចាំ​ព្រះត្រៃបិដក​និង​ពិធី​ប្រែ​ប្រយោគ​បាលី​ស្ទាត់​គ្រាន់​បើ ។ បាន​បៀវត្ស​ក្នុង ១ ខែ ២៤ រៀល ។

ជ- ព្រះមហាប៊ូ ប៉ូ បួស​នេន​បាន​ពី​វស្សា បួស​ភិក្ខុ​បាន ៥ វស្សា​រួម​ជា ១៣ វស្សា សឹក​ជា​គ្រហស្ថ​ក្នុង​អាយុ ៣០ ឆ្នាំ គ.ស. ១៩៣០ ហើយ​ធ្វើ​មង្គល​ក្នុង​ឆ្នាំ​​នេះ​ជា​មួយ​នាង​ហ៊ុន សឹងអ៊ឹម ជាតិ​ខ្មែរ​អាយុ ១៧ ឆ្នាំ​ជា​កូន​ស្រី​ច្បង​របស់​ឈ្មោះ​ជំទប់​លេខ ១ ហ៊ុន និង នាង​ឈៀង ទី​លំនៅ​ៗ ឃុំ​ព្រែកលួង ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល ។ ព្រះមហា ប៊ូ ប៉ូ នឹង​នាង ហ៊ុន សឹងអ៊ឹម​បង្កើត​បាន​កូន ៥ នាក់ ស្លាប់​មួយ​នាក់​ទៅ នៅ​សល់​តែ ៤ នាក់ គឺ​កូន​ទី ១ ប្រុស​ឈ្មោះ ប៊ូ នរិន្ទ កើត​នៅ​ថ្ងៃ​ទី ៦ ᧦ ៩ ឆ្នាំ​រកា​បញ្ចស័ក ព.ស. ២៤៧៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ ខែ​សូយេត គ.ស. ១៩៣៣ វេលាម៉ោង ៧ យប់ នៅ​ឃុំ​ព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ កូន​ទី ២ ប្រុស​ឈ្មោះ ប៊ូ នរង្គ កើត​នៅ​ថ្ងៃ ៧ ᧧ ២ ឆ្នាំ​ម្សាញ់ត្រីស័ក ព.ស. ២៤៨៤ ត្រូវ​និង​ថ្ងៃ​ទី ខែ​ដេស គ.ស. ១៩៤១ វេលា​ព្រលប់​ម៉ោង ៦ នៅ​ឃុំ​ព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កូលទី ៣ ស្រី​ឈ្មោះ ប៊ូ នរម្យ កើត​នៅ​ថ្ងៃ ១ ᧻ ៥ ឆ្នាំ ច អដ្ឋស័ក ព.ស. ២៤៨៩ ត្រូវ​និង​ថ្ងៃ​ទី ២៧ ខែ​មេសា "អាវរិល" គ.ស. ១៩៤៦ វេលា​ម៉ោង ៦ ព្រឹក នៅ​មន្ទីរ​ពេទ្យ​ផង៉ាង៉ាម ជា​ពេទ្យ​ការ​សង្កត់​លេខ ២ ក្រុង​ភ្នំពេញ ។ កូន​ទី ៤ ប្រុស​ឈ្មោះ ប៊ូ នរា កើត​នៅ​ថ្ងៃ​ទី ៣ ᧱ ១ ឆ្នាំ​ឆ្លូវ​ឯកស័ក ព.ស. ២៤៩២ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​ធ្នូ គ.ស. ១៩៤៩ ម៉ោង ៥ ជិត​ភ្លឺ នៅ​ផ្ទះ​ពេទ្យ​ឈ្នួល​ខាង​កើត​ផ្សារ​ថ្មី សង្កាត់​លេខ ៣ ក្រុងភ្នំពេញ ។

ឈ- មហា ប៊ូ ប៉ូ បាន​ទៅ​នៅ​កែ​វិញ្ញាសា​ព្រះត្រៃបិដក​ភាគ​ឱ​ក្នុង​រោងពុម្ព​ព្រះរាជ​ទ្រព "នៅ​ទី​សាលា​ដែក​ចាស់" ចំនួន ៦ ខែ ។ ក្នុង​ថ្្ងៃ​ធ្វើ​ការ ៣ ពេល គឺ​ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ១១ ថ្ងៃ​ត្រង់​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៥ ល្ងាច នឹង​បី​ម៉ោង ៨ យប់​ដល់​ម៉ោង ២ អធ្រាត ។ ឥត​បាន​ប្រាក់​ម៉ោង​ទេ តែ​ពួក​អ្នក​រោង​ពុម្ព​នោះ​បាន​ប្រាក់​ម៉ោង​គ្រប់ ៗ គ្នា ។ ទៅ​រក​វិញ្ញាសារ​នេះ​ក្នុង គ.ស. ១៩៣០ ។

ញ- មហា​ប៊ូ ប៉ូ សូម្បី​សឹក​ហើយ​ក៏​នៅ​តែ​ឆ្លៀត​ឱកាស​បង្រៀន​លោក​សង្ឃ​ក្នុង​វត្តបទុមវតី​ដែរ ថែម​ទាំង​ទៅ​បង្រៀន​នៅ​វត្ត​នួនមុនីរាម​ហៅ​វត្តថាន់​ខ្លះ​នឹង​វត្តស្វាយ​វត្តស្វាយពពែ​ទៀត សល់​ខាន​តែ​វត្តប្រយូវង្ស​តែ​ប៉ុណ្ណោះ ព្រោះ​លោក​វត្ត​នេះ​ចូល​មក​រៀន​នៅ​វត្ត​បទុមវតី​ទាំង​អស់ ។ មហាប៊ូ ប៉ូ បង្រៀន​ដោយ​ឥត​ថ្លៃ​ឈ្នួល​ទេ គឺ​ដោយ​មនោស្សញ្ចតនា​ជ្រះ​ថ្លា​នឹង​ពង្រីក​ព្រះពុទ្ធសាសនា​ឲ្យ​សាយ​ភាយ​ទូលំ​ទូលាយ​ចេញ​ទៅ​ទៀត ។ មហា​ប៊ូ ប៉ូ ចាប់​បង្រៀន​តាំង​ពី​ឆ្នាំ ១៩២៣ ជាប់​រៀង​រាល់​ឆ្នាំ​រហូត​ដល់​ចាស់​ជរា​ទើប​ឈប់ មហា​ប៊ូ ប៉ូ កាល​នៅ​បួស​បាន​ប្ដួច​ផ្ដើម​គំនិត​ឃោសនា​ទាយកទាយិកា​កសាង​សាលា​បាលី ១ ខ្នង​ពីរ​ជាន់​ដោយ​បេតុង​អារមេ​ដូច​មាន​រូប​រាង សាលា​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

ដ- មហាប៊ូ ប៉ូ កាល​ការ​ប្រពន្ធ​រួច​ហើយ ជួល​ផ្ទះ​គេ​នៅ​ត្រឹម​តែ ៦ ខែ​ប៉ុណ្ណោះ​ថ្លៃ​ឈ្នួល ១ ខែ ២ រៀល ក៏​សុំ​ដី​រាជការ​បាន ១ ឡូ នៅ​មាត់​បឹង​កេងកង ហើយ​សង់​ផ្ទះ ១ ខ្នង​ទទឹង ៤ ម៉ែត្រ​បណ្ដោយ ៦ ម៉ែត្រ​គ្រឿង​ឈើ​ប្រក់​ស្បូវ​ក្រាល​រនាប​អស់​ប្រាក់​ជាង ២០០ រៀល ហើយ​កាត់​ប្រាក់​ខែ​សង​គេ​ក្នុង ១ ខែ រៀល​ទុក​ចាយ​វាយ​តែ ៤ រៀល បាន​ដាំ​បន្លែ​ជា​ច្រើន​មុខ​បេះ​យក​ទៅ​លក់​ឯ​ផ្សារ យក​ប្រាក់​ទិញ​អង្គរ​និង​ត្រី ។ សម័យ​នោះ អង្ករ ១ តៅ​ថ្លៃ​យ៉ាង​ច្រើន ៤ កាក់ ឬ ៤ កាក់​កន្លះ ។

ឋ- មហា​ប៊ូ ប៉ូ ពេល​យប់​ឆ្លៀត​សរសេរ​ក្នុង​មុង​អធិប្បាយ ពិធី​ប្រែ​ប្រយោគ​បាលី​បាន ៨ រឿង​យ៉ាង​វែង ៗ ហើយ​ប្រគល់​សិទ្ធិ​ឲ្យ​រោង​ពុម្ព​កម្ពុជវរោកាស​បោះពុម្ព​លក់ ឯ​អ្នក​សរសេរ​ឥត​បាន​មួយ​កាក់​ទេ ។ បាន​សរសេរ​ប្រែ​លោត​ប្រយោគ​នឹង​ជា​សេចក្ដី​ទេសនា​ក្នុង​គម្ពីរ​ធម្មទដ្ឋកថា ចប់​ហើយ​ប្រគល់​ឲ្យ​រោង​ពុម្ពតារា​បោះពុម្ព​លក់ ។ បាន​រួប​រួម​ពុទ្ធភាសិត​ក្នុង​សុត្តន្តបិដក ខុទ្ទកនិកាយ ចំនួន ២៥០ បទ ប្រស្នា​ពុទ្ធប្រវត្តិ វេយ្យាករណ៍​ខ្មែរ​រឿង​ព្រះកែវ​មរកត រឿង​ខ្លួន​ជា​គតិ​របស់​ខ្លួន ករណីយកិច្ច​របស់​ពុទ្ធបរិស័ទ​និយាយ​ពី​ចតុវារិយសច្ច រឿង​ថ្ងៃ​ឧបោសថ​តាម​វិធី​ប័ក រឿង​ទាំង​នេះ​បោះពុម្ព​លក់​ដោយ​ខ្លួន​ឯង ។ បាន​សរសេរ​អត្ថបទ​ខាង​គតិ​ធម៌​ខ្លះ ខាង​គតិ​លោក​ខ្លះ​ជា​ច្រើន​រឿង​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​រាល់​ខែ​ឆ្នាំ សូម្បី​ឈប់​ពី​មុខ​ក្រសួង​នោះ​ហើយ ក៏​នៅ​តែ​ឆ្លៀត​សរសេរ​រឿង​ផ្ញើ​ទៅ​ចុះ​ផ្សាយ​ទៀត​ដែរ ។

ឌ- មហា​ប៊ូ ប៉ូ បាន​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ពុទ្ធិកសមាគម​មជ្ឈមណ្ឌល​នៅ​វត្តឧណ្ណាលោម​បាន ៥ ឆ្នាំ ធ្វើ​ជា​ទាយក​សមាជិក​អនុពុទ្ធិកសមាគម​នៅ​វត្តលង្កា​បាន ១០ ឆ្នាំ និង​ធ្វើ​ជា​សមាជិក​គណៈកម្មការ​វប្បធម៌​តាំង​ពី​ចាប់​ផ្ដើម​មុន​ដំបូង​បំផុត​បាន ១ ឆ្នាំ ។ បាន​បង្រៀន​ព្រះសង្ឃ​នៅ​វត្តសារាវ័ន​តេជោ​ក្រុងភ្នំពេញ​បាន ១ ឆ្នាំ ។

ឍ- មហា​ប៊ូ ប៉ូ ធ្វើ​ក្រុមជំនុំ​ប្រែ​ព្រះត្រៃបិដក​បាន ១៣ ឆ្នាំ ចូល​ធ្វើ​ជា​អ្នក​រក្សា​បណ្ណាល័យ​នៃ​ពុទ្ធសាសនបណ្ឌិត្យ ពី​ថ្ងៃ ៣ ᧦ ១០ ឆ្នាំ​រោងទោស័ក ព.ស. ២៤៨៣ ត្រូវ​នឹង​ថ្ងៃ​ទី ៣ ខែ​សេបតម ឆ្នាំ ១៩៤០ រហូត​ដល់​ថ្ងៃ​ឈប់​ពី​មុខ​ក្រសួង​បាន​ចំនួន ១៧ ឆ្នាំ ។

ណ- ក្នុង គ.ស. ១៩៤៥-៤៦-៤៧ ធ្វើ​ការ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​អំពី​ភាសា​ខ្មែរ បាលី ក្នុង ១ សប្ដាហ៍ ៣ ម៉ោង​ក្នុង ១ ម៉ោង​បាន ១៩ រៀល ។ ក្នុង គ.ស. ១៩៤៨ បាន​តែង​អត្ថបទ​ពាក្យ ៧ និយាយ​ពី​ទីក្រុង​ភ្នំពេញ​សម័យ​ថ្មី ចូល​ប្រឡង​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ។ មេប្រយោគ​ខ្មែរ​ទាំង​អស់​សរសើរ​គ្រប់​មាត់ ហើយ​ឲ្យ​ជាប់​លេខ ១ ក្នុង​ចំណោម​អត្ថបទ​រាប់​រយ ។ ប៉ុន្តែ​បារាំង​ម្នាក់​ធ្វើ​ជា​ប្រធាន​វា​សូន្យ​លុប​ចោល​ថា​មិន​បាន​ការ​ទៅ​វិញ ព្រោះ​ជំនាន់​នោះ បារាំង​កំពុង​តែ​ស្អប់​អ្នក​មាន​សញ្ញាប័ត្រ​បាលី​វា​ឃាត់​លែង​ឲ្យ​ចូល​ក្នុង​ក្របខណ្ឌ័រាជការ ដោយ​វា​យល់​ថា​ពួក​អ្នក​រៀន​ព្រះត្រៃបិដក​សុទ្ធ​តែ​ចេះ​ខាង​ផ្លូវ​នយោបាយ ដូច​លោក​អាចារ្យ ហែម ចៀវ ជា​ដើម ថែម​ទាំង​វា​បិទ​សៀវភៅ​បោះពុម្ព​រួច រាប​រយ​ឈ្មោះ នៅ​ក្នុង​ឃ្លាំង​របស់​ពុទ្ធសាសនបណ្ឌិត្យ មិន​ឲ្យ​ចេញ​ផ្សាយ​ទៀត វាចា​សៀវភៅ​ទាំង​នោះ សុទ្ធ​តែ​និយាយ​ពី​នយោបាយ​ដេញ​បារាំង​ឲ្យ​ដើរ​ចេញ​ពី​ស្រុក​ខ្មែរ ។

ត- ក្នុង គ.ស. ១៩៥៧ មហា​ប៊ូ ប៉ូ បាន​តែង​ពុទ្ធភាសិត ១ បទ​ថា​វីរិយេន ទុក្ខមច្ចេតិ មនុស្ស​នឹង​ឆ្លង​ឲ្យ​ផុត​ទុក្ខ​បាន ព្រោះ​តែង​ពុទ្ធភាសិត​១​បទ​ថា​វីរិយេន ទុក្ខ​មច្ឆេតិ មនុស្ស​នឹង​ឆ្លង​ឲ្យ​ផុត​ទុក្ខ​បាន ព្រោះ​តែ​មាន​សេចក្ដី​ព្យាយាម "ចូល​ប្រឡង​ក្នុង​ពិធី​បុណ្យ​ពាក់​កណ្ដាល​ពុទ្ធសាសនា" (២៥០០ព.ស.) ទៅ​ក្រុងភ្នំពេញ ជាប់​បាន​លេខ ១ ក្នុង​ចំណោម​អត្ថបទ​ជាង ៤០ រឿង​បាន​រង្វាន់​ជា​ប្រាក់ ៣.៥០០៛ និង​ព្រះពុទ្ធរូបស្មិត​មួយ​អង្គ ។

ថ- មហា​ប៊ូ ប៉ូ បាន​តែង​តាំង​ជា​មន្ត្រីកិត្តិយស​ទីឃុនបណ្ណានុរក្ស ។ បាន​ទទួល​គ្រឿង​ឥស្សរិយ​យស ៤ គឺ​មុនី​សារភណ្ឌ ១ អស្សឫទ្ធិកម្ពុជា ១ អនុស្សរា​ប្រាក់ ១ ពុទ្ធចក្រ ១ ។

ទ- មហា​ប៊ូ ប៉ូ បាន​ទទួល​និវត្តន៍​ពី​ថ្ងៃ​ទី ១៣-៤-៥៥ បាន​ប្រាក់​និវត្តន៍​ក្នុង ១ ខែ ១.៦៣២៛ ហើយ​ធ្វើ​ការ​ដោយ​ជាប់​កិច្ច​សន្យា​បាន ២ ឆ្នាំ​បន្ត​មក​ទៀត ប៉ុន្តែ ដោយ​ខ្លួន​មាន​ជម្ងឺ​កាន់​តែ​ច្រើន​ឡើង​ទ្រាំ​ធ្វើ​ការ​មិន​បាន ក៏​លា​លែង​ដាច់​ស្រឡះ​ពី​មុខ​ក្រសួង​នេះ ។ ​បាន​ទាំង​លា​លែង​ពី​សមាគម​អ្នក​និពន្ធ​ខ្មែរ​ទៀត​ផង ។ ប៉ុន្តែ​លោក​ប្រធាន ហ៊ែល ស៊ុមផា លោក លាង ហ័បអាន និង លោក លីធាមតេង មិន​ព្រម​ឲ្យ​លប់​ឈ្មោះ​ពី​បញ្ជី​ទេ គ្រាន់​តែ​ឲ្យ​ឈប់​បង​ប្រាក់​វិភាគ​ទាន​ប្រចាំ​ខែ​ប៉ុណ្ណោះ ។

ធ- មហា​ប៊ូ ប៉ូ នៅ​ជា​កុមារ ១៣ ឆ្នាំ បួស​ជា​សង្ឃ ៣ ឆ្នាំ ធ្វើ​ជា​ឃរាវាស​តាម​ផ្លូវ​ការ ៣១ ឆ្នាំ បូក​រួម​ត្រូវ​ជា ៥៧ ឆ្នាំ ។ លំដាប់​ពី ៥៧ ឆ្នាំ​នេះ​មក មហាប៊ូ ប៉ូ នៅ​ទំនេរ​លែង​ប្រកប​អាជីវកម្ម​អ្វី​ទៀត ព្រោះ​ខ្លួន​ចាស់​ជរា បាន​ប្រគល់​ផ្ទះ​និង​មរតក​ទាំង​អស់ ឲ្យ​កូន​ច្បង​កាន់​កាប់​ចំនួស​ព្រោះ​កូន​នេះ​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ​ទាំង​អស់ និង​បង់​ពន្ធដា​ជូន​រាជការ​គ្រប់​មុខ ។ សព្វ​ថ្ងៃ​នេះ គ.ស. ១៩៦៦ មហាប៊ូ ប៉ូ បាន​អាយុ ៦៥ ឆ្នាំ​ហើយ​នៅ​មាន​ស្មារតី​មាំ​មួន​នៅ​មាន​កម្លាំង​អាច​ដើរ​ទៅ​ណា​បាន នៅ​ជួប​ជុំ​ប្រពន្ធ​កូន​ទាំង ៤ នាក់​ក្នុង​ផ្ទះ​មួយ​គ្នា ។

ឯកសារ​យោង

[កែប្រែ]