ជុត ខៃ
លោក ផ្ជិត ខៃ្យ (អានសព្វថ្ងៃថា ជុត ខៃ) កើតនៅថ្ងៃ ៣០ តុលា ១៩៤០ នៅ កោះសំរោង ក្នុងខែត្រកំពង់ចាម ។ លោកបានរៀនសូត្រនៅសាលាបឋមសិក្សា និង មធ្យមសិក្សានៅទីរួមខែត្រកំណើត (អាចស្វែងរកអានបន្ថែមពីសៀវភៅ ក្មេងវត្តសម័យបារាំង និង ក្មេងសាលាបារាំង) ។
នៅឆ្នាំ ១៩៦៦ លោកបានចេញពីវិទ្យាស្ថានគរុកោសល្យហើយបានទៅធ្វើជាសាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូក ក្នុងខែត្រកំពត ។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ រហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ ១៩៦៨ ។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាព ក្នុងខែត្រកំពង់ស្ពឺ ។ លោកក៏ជាគ្រូបង្រៀនភាសាបារាំង និង ច្បាប់ ហើយក៏ជាអ្នកសរសេរអត្ថបទកាសែតផងដែរ ។
ក្រោយស្ថានការណ៍ ១៨ មិនា ១៩៧០ លោកបានជាប់កំណែនក្នុងកងទ័ពផ្នែកកងអាវុធហត្ថមានងារជាអនុសេនីយ៍ឯក ហើយនៅឆ្នាំ ១៩៧១ លោកមានតួនាទីជាប្រធានក្រសួងរដ្ឋបាលនៃតុលាការសឹក ។
លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យនីតិសាស្ត្រ និង សេដ្ឋកិច្ច នៅក្នុងឆ្នាំសិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោករស់នៅយ៉ាងវេទនាក្នុងរបបខ្មែរក្រហម (អាចស្វែងរកអានបន្ថែមពីសៀវភៅ កូនក្របីមនោសញ្ចេតនា) ហើយបានភៀសខ្លួនជាមួយគ្រួសារមកដល់ ខៅអ៊ីដាង ប្រទេសថៃ នៅឆ្នាំ ១៩៧៩ ។ លោកបានទទួលសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៨០ ហើយសព្វថ្ងៃរស់នៅជាយក្រុងប៉ារីស៍ ។
លោកជាអតីតអ្នកនិពន្ធកាសែត «នគរធំ» ហើយលោកបានទុកស្នាដៃនានាជាប្រលោមលោកផ្ទាល់ខ្លួន និង ប្រលោមលោកបកប្រែ ។
ខ្មោចព្រាយអសុរកាយ (ប្រលោមលោក, ភ្នំពេញ, ១៩៧៣) ជាបណ្ដុំរឿងខ្លីៗ អំពីជំនឿលើខ្មោចព្រាយបិសាចរបស់អ្នកនិពន្ធផ្ទាល់ ដែលសព្វថ្ងៃខ្ញុំបានប្រទះឃើញត្រូវបានបោះពុម្ពជាផ្នែកតូចហើយដាក់លក់ជារឿងសម្រាប់កុមារទៅវិញ ដោយអ្នកបោះពុម្ពខ្លះមិនបានដាក់ឈ្មោះអ្នកនិពន្ធ (លោក ជុត ខៃ) ទាល់តែសោះ ។ មេម៉ាយប្ដី ៥ (ប្រលោមលោក, ភ្នំពេញ, ១៩៧៣) អស្ដង្គតនៃប្រជាជាតិ (ជីវប្រវត្តិផ្ទាល់ខ្លួន, បម្រុងបោះពុម្ព) បុត្រឆ្នើមនៃសង្គ្រាម (Les Centurions de Jean Lartéguy) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១) ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១) លោកឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោកបកប្រែ, ភ្នំពេញ, ១៩៧១)
ក្រោយសតវត្សទី ២០ លោកបានបោះពុម្ពរឿង ក្មេងវត្តសម័យបារាំង, សិស្សសាលាបារាំង និង កូនក្របីមនោសញ្ចេតនា (គ្រឹះស្ថានបោះពុម្ពផ្សាយ SIPAR) រឿង វិប្បដិសារី (គ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ) និង រឿង តើខ្ញុំភូតពួកខ្មែរក្រហមយ៉ាងម៉េច ជាភាសាបារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។
រឿង ២ ខ្ញុំមិនទាន់ស្គាល់ការបរិច្ឆេទ ៖ រឿង ក្រុមបេរេបៃតង (បកប្រែ, គ្រឹះស្ថានបោះពុម្ពផ្សាយនគរធំ) និង រឿង ខ្មោចកណ្ដាលក្រុងភ្នំពេញ ជាភាសាបារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។
«លោក ជុត ខៃ ជាអ្នកនិពន្ធខ្មែរដ៏មានទេពកោសល្យមួយរូបដែលចេះបញ្ចេញគំនិត ដោយបញ្ចូលកេរមរតកខ្មែរ និង ឥទ្ធិពលពីបស្ចិមប្រទេស» [SIPAR]
«លោក ជុត ខៃ ជាអ្នកនិពន្ធខ្មែរទី ១ ក្នុងដួងចិត្តខ្ញុំ ដោយសារតែលោកបានពិពណ៌នាអំពីខែត្រកំពង់ចាម ស្រុកកំណើតនៃខ្ញុំ កាលពីអតីតកាល ដោយខ្ញុំចាត់ទុកថាជាឯកសារមួយដ៏កម្រ» [តា ម៉ាប់] ប្រវត្តិអ្នកនិពន្ធ ជុត ខៃ ៖
អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ខែតុលា ឆ្នាំ១៩៤០ នៅក្នុងខេត្តកំពង់ចាម។ លោកបានរៀនសូត្រនៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅទីរួមខេត្តកំណើតរបស់លោក។ បើលោកអ្នកបានអានសៀវភៅ «ក្មេងវត្តសម័យបារាំង» យើងនឹងស្គាល់ទីកន្លែងកំណើត ការធ្វើដំណើរតាមដងទន្លេ ជីវភាពក្នុងវត្តរបស់ក្មេងវត្តសម័យបារាំងនិងទស្សនៈមនុស្សសម័យនោះកាន់តែច្រើន។
នៅឆ្នាំ១៩៦៦ លោក ជុត ខៃ បានបញ្ចប់ការសិក្សានៅសាលាគរុវិជ្ជាជាន់ខ្ពស់ហើយបានក្លាយជា សាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូកក្នុងខេត្តកំពត។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកឆ្លៀតបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្ររហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ១៩៦៨។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាពនៅក្នុងខេត្តកំពង់ស្ពឺវិញ។
ក្រោយរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ១៨ មីនា ១៩៧០ អ្នកនិពន្ធ ជុត ខៃ បានចូលធ្វើទាហាន ដោយបានទទួលឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក។ ក្រោយមកនៅឆ្នាំ១៩៧១ លោកបានផ្លាស់ទៅធ្វើជាប្រធានរដ្ឋបាលនៅក្នុងតុលាការសឹក (តុលាការយោធា)។លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងឆ្នាំសិក្សា ១៩៧៣-១៩៧៤។
ភាពខ្ពង់ខ្ពស់បែបនេះ ទើបក្នុងរបបខ្មែរក្រហម លោករស់នៅយ៉ាងវេទនា(១៩៧៥-១៩៧៩) ប៉ុន្តែជាកុសលផលល្អ លោក ជិត ខៃ បានរួចផុតពីការសម្លាប់ក្នុងរបបវាលពិឃាដនេះ។ លោកបានភៀសខ្លួនជាមួយគ្រួសារមកដល់ជំរុំខាវអ៊ីដាង ប្រទេសថៃ នៅឆ្នាំ១៩៧៩។ បន្ទាប់មកលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០ ហើយសព្វថ្ងៃលោករស់នៅជាយក្រុងប៉ារីស។
នៅទីនោះ លោកបានទទួលសញ្ជាតិបារាំង ហើយប្ដូរឈ្មោះទៅជា Khay Chance។ លោកជាអតីតអ្នកនិពន្ធកាសែត "នគរធំ" ហើយលោកបានទុកស្នាដៃនានា ជាប្រលោមលោកផ្ទាល់ខ្លួន និងប្រលោមលោកបកប្រែ មានដូចជា៖
១/. រឿងខ្មោចព្រាយអសុរកាយ បោះពុម្ពនៅឆ្នាំ១៩៧៣
២/. រឿងមេម៉ាយប្ដីប្រាំ បោះពុម្ពនៅឆ្នាំ១៩៧៣
៣/. អស្ដង្គតនៃប្រជាជាតិ ជីវប្រវត្តិផ្ទាល់
៤/.បុត្រឆ្នើមនៃសង្គ្រាម បកប្រែ បោះពុម្ពនៅឆ្នាំ១៩៧១
៥/.ជញ្ជាំង ស្នាដៃបកប្រែ បោះពុម្ពនៅឆ្នាំ១៩៧២
៦/.លោកឯកអគ្គរដ្ឋទូត បោះពុម្ពនៅឆ្នាំ១៩៧៣
៧/.ក្មេងវត្តសម័យបារាំង បោះពុម្ពនៅឆ្នាំ២០០៥
៨/.វិប្បដិសារី បោះពុម្ពនៅឆ្នាំ២០០៨
៩/.ក្មេងវត្តសាលាបារាំង បោះពុម្ពនៅឆ្នាំ២០១០
១០/.កូនក្របីមនោសញ្ចេតនា បោះពុម្ពនៅឆ្នាំ២០១០
១១/. ៣២ឆ្នាំក្រោយមក បោះពុម្ពនៅឆ្នាំ២០១៨ ៕
(សម្រង់ចាក"អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ កវីនិពន្ធ និងកម្រងអត្ថបទ" របស់លោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី ទំព័រទី ៣០៨-៣០៩និង "អក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-១៩៧៥" របស់លោកបណ្ឌិត ហាក់ វ៉ាន់ដារ៉ា ទំព័រទី១៧៨-១៧៩)៕ ទាញយកសៀវភៅ ៣ ក្បាលរបស់លោក ជុត ខៃ ដោយគ្រាន់តែចុចលើរូប ៖