ជំនាញ៧យ៉ាង
ជំនាញ ៧ យ៉ាង ដែលនិស្សិតត្រូវការសំរាប់អនាគតរបស់ពួគេ
[កែប្រែ]នេះជាសេចក្តីដកស្រង់ចេញពីសៀវភៅរបស់បណ្ឌិត ថូនី វែគន័រ (Dr. Tony Wagner) ដែលមានចំណងជើងថា The Global Achievement Gap (គម្លាតនៃសមិទ្ធិផលនៅលើពិភពលោក) ។
នៅលើពិភពលោក មាននិន្នាការពីរធំៗដែលបង្កើតទៅជាបញ្ហាជាមូលដ្ឋាន (ព្រមទាំងជាកាលានុវត្តភាពផងដែរ) សម្រាប់ប្រព័ន្ធអប់រំរបស់យើង ។ ទីមួយ ពិភពលោកកំពុងដើរចេញឆ្ងាយពីសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម ហើយដើរតម្រង់ទៅរកសេដ្ឋកិច្ចពឹងលើចំណេះវិជ្ជា ។ ទីពីរ មនុស្សជំនាន់ថ្មីកំពុងមានចំនួនកើនឡើងយ៉ាងរហ័ស (ពួកគេធំលូតលាស់នៅក្នុងសម័យកាលអ៊ីនធ័រណិត) គឺជាមនុស្សដែលត្រូវការឲ្យមានការជំរុញចិត្តបែបផ្សេងដើម្បីរៀនសូធ្យចំណេះដឹងនានា ។
លោក ថូនី វ៉ែគន័រ បានអះអាងបញ្ជាក់ថា កម្លាំងទាំងពីរនេះបង្ខំឲ្យយើងគិតពិចារណាឡើងវិញនូវការអប់រំនៅក្នុងប្រទេសអាមេរិក ។ នៅក្នុងការវិភាគប្រកបដោយគតិបណ្ឌិតរបស់គាត់អំពីសេចក្តីត្រូវការផ្នែកឧស្សាហកម្មនាពេលអនាគត និង ការសិក្សាអំពីការត្រៀមខ្លួនជាស្រេចផ្នែកអប់រំ លោកថូនី វ៉ែគន័របានរកឃើញនូវអ្វីដែលគាត់ហៅថា "global achievement gap" (គម្លាតនៃសមិទ្ធិផលនៅលើពិភពលោក) ដែលជាការចន្លោះដែលត្រូវលោតរវាងអ្វីដែលសាលារៀនដ៏ល្បីរបស់យើងកំពុងបង្រៀន និង ជំនាញទាំងឡាយដែលត្រូវការនៅពេលអនាគត ៖
១- ការគិតពិចារណាយ៉ាងហ្មត់ចត់ និង ការដោះស្រាយបញ្ហា (Critical thinking and problem-solving)
២- សហប្រតិបត្តិការឆ្លងបណ្តាញ និង ការដឹកនាំដោយឥទ្ធិពល (Collaboration across networks and leading by influence)
៣- ភាពរហ័សរហួន និង លទ្ធភាពបត់បែន (Agility and adaptability)
៤- គំនិតផ្តួចផ្តើម និង សហគ្រិននិយម (Initiative and entrepreneurialism)
៥- ទំនាក់ទំនងដោយការនិយាយនិងដោយការសរសេរប្រកបដោយប្រសិទ្ធភាព (Effective oral and written communication)
៦- ការទាញយកនិងវិភាគព័ត៌មាន (Accessing and analyzing information)
៧- ការចង់ដឹង និង ការស្រមើស្រមៃ (Curiosity and imagination)
បណ្ឌិតវែគន័រចង្អុលបង្ហាញថានៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ មនុស្សសម័យអ៊ីនធ័រណិត ("Net generation") ធ្លាប់ទទួលបានអ្វីៗដែលនាំឲ្យគេពេញចិត្តភ្លាមៗ (មិនចង់រងចាំ) ហើយពួកគេប្រើប្រាស់បណ្តាញអ៊ីនធ័រណិតដើម្បីបង្កើតមិត្ត ដើម្បីសិក្សារៀនសូត្រអ្វីៗដែលពួកគេចូលចិត្តនិងចង់រៀនដោយខ្លួនឯង (ស្វ័យសិក្សា) លើសពីនោះទៀតពួកគេជាមនុស្សដែលភ្ជាប់ខ្លួនទៅនឹងបណ្តាញអ៊ីនធ័រណិតគ្រប់ពេលវេលា ដោយបង្កើតឡើងនូវពិភពនៃពហុមីឌា (បណ្តាញផ្សព្វផ្សាយចម្រុះ) និង ប្រើប្រាស់បណ្តាញចម្រុះច្រើនមុខក្នុងពេលតែមួយ លើកលែងតែពេលដែលពួកគេអង្គុយនៅក្នុងថ្នាក់រៀនប៉ុណ្ណោះ ។
ដើម្បីលើកទឹកចិត្តនិងបង្រៀនមនុស្សជំនាន់នេះ ប្រព័ន្ធសាលារៀនត្រូវតែច្នៃប្រតិដ្ឋលួនឯងជាថ្មីម្តងទៀតដើម្បីធ្វើជាស្ថាប័នទទួលខុសត្រូវចំពោះអ្វីដែលមានសារៈសំខាន់បំផុត ។ ការនោះមានន័យថា សាលារៀនត្រូវតែធ្វើកិច្ចការជាច្រើនតាមរបៀបថ្មីស្រឡាង ដូចជាការបង្រៀនក្តី ការរៀនសូត្រក្តី និង ការវាយតម្លៃការងារទាំងពីរខាងដើមនេះក្តី ។
បណ្ឌិតវែគន័រសង្កត់បញ្ជាក់បន្ថែមថា ៖ សិស្សនិស្សិតត្រូវចាប់យកចំណេះវិជ្ជា ប៉ុន្តែ "យើងចាំបាច់ត្រូវតែប្រើសារសំខាន់ (content) ដើម្បីបង្រៀនសមត្ថភាពគន្លឹះ (core competencies) " ។
ដើម្បីរៀនដឹងបន្ថែមទៀតអំពីជំនាញសំខាន់ទាំង ៧ ដែលបានរៀបរាប់ត្រួសៗខាងលើនេះ សូមអានសៀវភៅរបស់បណ្ឌិតវែគន័រ ដែលមានចំណងជើងថា "From The Global Achievement Gap: Why Even Our Best Schools Don’t Teach The New Survival Skills Our Children Need—And What We Can Do About It" (មេរៀនពីគម្លាតនៃសមិទ្ធិផលនៅលើពិភពលោក ៖ ហេតុអ្វីបានជាសូម្បីតែសាលារៀនដ៏ល្អបំផុតរបស់យើងក៏មិនបង្រៀនយុវជនយើងអំពីជំនាញថ្មីដើម្បីរស់ និងថាតើយើងគួរធ្វើយ៉ាងណាចំពោះរឿងនោះ) ។
សម្រង់ពាក្យសម្តីល្អៗមួយចំនួនទាក់ទងនឹងជំនាញ ៧ យ៉ាង
[កែប្រែ]១) ការគិតពិចារណាហ្មត់ចត់ និង ការដោះស្រាយបញ្ញា (CRITICAL THINKING AND PROBLEM SOLVING)
សម្តីរបស់អ្នកស្រី អែលឡឹន កុមាតា (Ellen Kumata) ជាទីប្រឹក្សារបស់ក្រុមហ៊ុន Fortune 200 ៖ "គំនិតដែលជឿថាអ្នកដឹកនាំកំពូលរបស់ក្រុមហ៊ុនមួយមានគ្រប់ចម្លើយ និង អាចដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនគេ គឺជាគំនិតហួសសម័យទៅហើយ ។ មនុស្សដែលធ្វើការកៀកកិតស្និទ្ធនឹងការងាររបស់គាត់ត្រូវតែមានជំនាញផ្នែកវិភាគយ៉ាងល្អល្អះ ។ អ្នកត្រូវតែល្អិតហ្មត់ចត់ ឧទាហរណ៍ ការធ្វើតេស្តពិសោធមើលការដៅស្មានរបស់អ្នក មិនត្រូវទទួលយកអ្វីៗដូចដែលគេបានប្រគល់មកឲ្យអ្នកនោះឡើយ មិនត្រូវចូលធ្វើការងារដោយយកគំនិតរបស់ខ្លួនទៅជាមួយថាអ្នកកំពុងព្យាយាមបញ្ជាក់អះអាងថាជាមនុស្សពូកែឡើយ" ។
២) សហប្រតិបត្តិការឆ្លងបណ្តាញនិងការដឹកនាំដោយប្រើឥទ្ធិពល (COLLABORATION ACROSS NETWORKS AND LEADING BY INFLUENCE)
សម្តីរបស់លោក ម៉ាក ឆែន្តល័រ (Mark Chandler) ជាអនុប្រធាននិងជាមេធាវីរបស់ក្រុមហ៊ុន Cisco៖ "បញ្ហាចម្បងបំផុតដែលយើងមាននៅក្នុងក្រុមហ៊ុនទាំងមូលគឺការរកបានមនុស្សដែលមានសមត្ថភាពអាចសម្តែងភាពដឹកនាំឆ្លងបណ្តាញ (គ្រប់វិស័យ) ។ ភាសាដែលយើងនិយាយដដែលៗ (មន្ត) នោះគឺថា អ្នកត្រូវដឹកនាំដោយប្រើឥទ្ធិពល ជាជាងការប្រើសិទ្ធិអំណាច ។ "
៣) ភាពរហ័សរហួន និង លទ្ធភាពបត់បែន (AGILITY AND ADAPTABILITY)
សម្តីរបស់លោក ខ្លេ ផាកឃ័រ (Clay Parker) ជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមីនៃក្រុមហ៊ុន BOC Edwards៖ "ខ្ញុំបានមកធ្វើការងារទីនេះអស់រយៈពេល ៤ ឆ្នាំ ហើយរៀងរាល់ឆ្នាំយើងបានកែប្រែជាមូលដ្ឋាននូវរបៀបចាត់ការរបស់ក្រុមហ៊ុន ព្រោះតែការប្រែប្រួលឥតឈប់ឈរនៃវិធីធ្វើជំនួញ ។ ខ្ញុំអាចធានាអះអាងថា ការងារដែលខ្ញុំត្រូវជួលបុគ្គលណាម្នាក់ឲ្យមកធ្វើនោះនឹងត្រូវតែផ្លាស់ប្តូរដែរ ឬក៏អាចថា ការងារនោះឈប់មានទៀតហើយនៅពេលអនាគត ដូច្នេះនេះហើយជាហេតុផលបញ្ជាក់ថា លទ្ធភាពបត់បែន និង ជំនាញខាងការរៀនសូត្រវិជ្ជាថ្មីៗទៀតមានសារៈសំខាន់ជាងជំនាញបច្ចេកទេសទាំងឡាយ ។ "
៤) គំនិតផ្តួចផ្តើម និង សហគ្រិនភាព (INITIATIVE AND ENTREPRENEURSHIP)
សម្តីរបស់លោក ម៉ាក មែដដក្ស (Mark Maddox) ជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Unilever Foods North America ៖ "សម្រាប់បុគ្គលិកផ្នែកផលិតកម្មនិងច្នៃម៉ូត (ជាបុគ្គលិកធ្វើការយកប្រាក់ម៉ោង) យើងត្រូវការមនុស្សដែលចេះដឹកនាំខ្លួនឯងឲ្យអាចធ្វើការងារសម្រេចតាមគោលដៅ ពោលគឺពួកគេជាមនុស្សដែលអាចរកឃើញដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋចំពោះបញ្ហាផ្សេងៗដែលពិបាកដោះស្រាយនិងទាមទារការតស៊ូដើម្បីសម្រេច ។"
៥) ទំនាក់ទំនងដោយការនិយាយនិងការសរសេរប្រកបដោយប្រសិទ្ធភាព (EFFECTIVE ORAL AND WRITTEN COMMUNICATION)
សម្តីរបស់អ្នកស្រី អែន្នម៉ារី នៀល (Annmarie Neal) អនុប្រធានផ្នែកគ្រប់គ្រងទេពកោសល្យនៃក្រុមហ៊ុន Cisco Systems ៖ "ជំនាញដ៏ធំបំផុតដែលមនុស្សជាច្រើនខ្វះខាតនោះគឺ លទ្ធភាពដើម្បីទាក់ទងគ្នា ទាំងខាងការបង្ហាញគំនិតដោយការសរសេរនិងដោយការនិយាយ ។ នោះគឺជាបញ្ហាដ៏ធំមួយរបស់យើង ។ "
៦) ការទាញយកនិងការវិភាគព័ត៌មាន (ACCESSING AND ANALYZING INFORMATION)
សម្តីរបស់លោក ម៉ៃឃ៍ សាំម័រស៍ (Mike Summers) ជាអនុប្រធានផ្នែកគ្រប់គ្រងទេពកោសល្យពិភពលោករបស់ក្រុមហ៊ុន Dell ៖ "សព្វថ្ងៃមានព័ត៌មានច្រើនលើសលប់ ហើយនោះប្រហែលជាព័ត៌មានដ៏ច្រើនសន្ធឹកពេក ហើយប្រសិនបើមនុស្សជាច្រើនមិនបានត្រៀមខ្លួនដើម្បីយកព័ត៌មានទាំងនោះមករៀនចំដាក់តាមលំដាប់លំដោយឲ្យមានប្រយោជន៍ទេ វាស្ទើរតែបង្កឲ្យមនុស្សទាំងនោះគាំងស្ទះមិនអាចបោះជំហានដើរទៅមុខមិនរួច ។ "
៧) ការចង់ដឹង និង ការស្រមើស្រមៃ (CURIOSITY AND IMAGINATION)
សម្តីរបស់លោក ម៉ៃឃឹល យុង (Michael Jung) ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន McKinsey and Company ៖ "គំនិតចាស់គំរិលរបស់ពួកយើងគឺថា ការងារទាំងឡាយត្រូវបានកំណត់ច្បាស់លាស់ដោយនិយោជក (អ្នកជួលបុគ្គលិក) ហើយចំណែកឯបុគ្គលិកវិញត្រូវតែធ្វើការងារអ្វីក៏ដោយដែលនិយោជកដាក់ឲ្យធ្វើ... ប៉ុន្តែតាមការពិត អ្នកមានបំណងចង់ឲ្យបុគ្គលិករកឃើញការបកស្រាយមួយដែលអ្នកចូលចិត្ត ពោលគឺបុគ្គលិកនាំយកគំនិតផ្ទាល់ខ្លួនថ្មីៗមកបញ្ចូលបន្ថែមដល់កន្លែងធ្វើការងារ នោះគឺជាធាតុច្នៃប្រតិដ្ឋដ៏សំខាន់ ។ "
សង្ខេបអត្ថន័យរបស់ជំនាញនីមួយៗ
[កែប្រែ]១) ការគិតពិចារណាយ៉ាងហ្មត់ចត់ និង វិធីដោះស្រាយបញ្ហា (Critical Thinking & Problem Solving) ៖ នៅពេលអ្នកមិនទាញមនុស្សគ្រប់គ្នាឲ្យចូលរួមយ៉ាងសកម្មក្នុងផលិតផលឬដំណើរការផលិត ។ ហើយនៅពេលសិស្សនិស្សិតមិនចូលរួមយ៉ាងសកម្មនៅក្នុងស្វ័យសិក្សានិងការស្វែងយល់ ។
២) សហប្រតិបត្តិការ (Collaboration) ៖ តើសិស្សនិស្សិតធ្វើការជាក្រុមរួមគ្នាឆ្លងថ្នាក់រៀន សាលារៀន តំបន់គ្រប់គ្រងសាលារៀន និង ហួសពីនោះឬទេ ? តើយើងបានទៅជួបពួកគេដើម្បីនាំពួកគេឲ្យចូលរួមឬទេ ?
៣) ដឹកនាំដោយប្រើឥទ្ធិពល (Lead by Influence) ៖ តើយើង ជាអ្នកដឹកនាំ កំពុងតែដឹកនាំដោយសួរសិស្សនិស្សិតនូវសំណួរផ្សេងៗឬដោយផ្តល់ចម្លើយផ្សេងទៅដល់ពួកគេវិញ ។
៤) ភាពរហ័សរហួស និង លទ្ធភាពបត់បែនបាន (Agility and Adaptability) ៖ តើសិស្សនិស្សិតមានបទពិសោធន៍ច្រើនគ្រប់គ្រាន់ដែលអាចផ្តោតទៅលើជំនាញនេះឬទេ ? តើកុមារកុមារីមានឱកាសច្រើនដែលផ្អែកលើចម្ងល់ចង់ដឹងរបស់ពួកគេដើម្បីអាចតេស្តសាកល្បងមើលសម្មតិកម្ម (ការស្មាន) ទាំងឡាយដែលពួកគេបានបង្កើតឡើងនោះពិតឬមិនពិតដែរឬទេ ?
៥) គំនិតផ្តួចផ្តើម និង សហគ្រិននិយម (Initiative and Entrepreneurialism) ៖ តើសិស្សនិស្សិតមានកំណត់គោលដៅរបស់ពួកគេឬទេ ? ហើយប្រសិនបើគេមានកំណត់គោលដៅមែន តើជាគោលដៅដែលដែលអាចពង្រីកបានដែរឬទេ ? វាជាការងាយស្រួលនឹងសម្រេចគោលដៅ ប៉ុន្តែយើងត្រូវការចង់ឲ្យសិស្សនិស្សិតរបស់យើងពង្រីកកម្រិតព្រំដែនរបស់ពួកគេ ព្រមទាំងចេះតាមដានមើលការរីកចម្រើនរបស់ពួកគេដោយប្រៀបធៀបទៅនឹងគោលដៅនោះ ។ និយាយយ៉ាងខ្លី សិស្សនិស្សិតគួររៀនជំនាញធ្វើជាសហគ្រិន (ប្រធានក្រុមហ៊ុន) មិនគួររៀនត្រឹមជំនាញធ្វើជាបុគ្គលិកឬកម្មករបម្រើការងារឲ្យនិយោជកប៉ុណ្ណោះទេ ។
៦) ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (Effective Communication) ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយចំនួនបានរាយការណ៍ថានិស្សិតមួយចំនួនគ្មានលទ្ធភាពនឹងពិចារណាប្រកបដោយហេតុផលត្រឹមត្រូវ មិនចេះពន្យល់គំនិតរបស់គេដើម្បីទាក់ទាញអ្នកស្តាប់ឲ្យជឿតាម និង មិនចេះសរសេរបញ្ចេញគំនិតរបស់គេដើម្បីពន្យល់មនុស្សដទៃទៀតសោះ ។ ជំនាញនេះត្រូវការឲ្យមានការផ្តោតចំណាប់អារម្មណ៍យ៉ាងខ្លាំង, ត្រូវការឲ្យមានការតាមពិនិត្យមើល និង វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ។
៧) ចេះទាញយក និង វិភាគព័ត៌មាន (Accessing and Analyzing Information) ៖ សព្វថ្ងៃមានទិន្នន័យគ្រប់យ៉ាងដែលយើងអាចទាញយកបានពីបណ្តាញអ៊ីនធ័រណិត ។ ចំណុចគន្លឹះគឺនៅត្រង់សិស្សនិស្សិតចេះវាយតម្លៃថា តើទិន្នន័យណាជាទិន្នន័យសំខាន់ ? តើទិន្នន័យណាជាទិន្នន័យឥតបានការ ? តើសិស្សនិស្សិតចេះសំយោគលទ្ធផលនៃការស្រាវជ្រាវនិងចាត់អាទិភាពនេះរបកគំហើញរបស់ពួកឬទេ ?