Jump to content

ជំនួយសតិ ភាគទី ២២

ពីវិគីភីឌា

សិក្សាព្រះសូត្រ ភាគទី ១២

ដោយខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុត សាវង្ស

ព្រះសុត្តន្តបិដកខ្មែរលេខ ២៥

មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក

ព្រាហ្មណវគ្គ​ មាន ១០ ព្រះសូត្រគឺ

១- ព្រហ្មាយុសូត្រ

២- សេលសូត្រ

៣- អស្សលាយនសូត្រ

៤- ឃោដមុខសូត្រ

៥- ចង្កីសូត្រ

៦- ឯសុការីសូត្រ

៧- ធនញ្ជានិសូត្រ

៨- វាសេដ្ឋសូត្រ

៩- សុភសូត្រ

១០- សគារវសូត្រ

១- ព្រហ្មាយុសូត្រ

[កែប្រែ]

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ ដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃមានប្រមាណ ៥០០ អង្គ សុទ្ធតែសម្បូណ៍ទៅដោយគុណ មានគុណគឺសេចក្តីសណ្តោស និងការប្រាថ្នាតិចជាដើម។ សម័យនោះឯង ព្រាហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សចាស់ជរា មានអាយុ ១២០ ឆ្នាំ ចេះចប់គម្ពីរត្រៃវេទ និងគម្ពីរមហាបុរិសលក្ខណៈ គាត់មានបំណងគាល់ព្រះដ៏មានព្រះភាគ ប៉ុន្តែចាំឲ្យប្រាកដសិនថា តើព្រះពុទ្ធមែន ឬមិនមែន ដូច្នេះទើបគាត់ចាត់ឲ្យឧត្តរមាណពជាកូនសិស្ស ទៅពិនិត្យមើលមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះពុទ្ធអង្គជាមុនសិន។

ឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះដ៏មានព្រះភាគហើយ ទាំងបាននៅជាប់តាមព្រះដ៏មានព្រះភាគអស់ ៧ ខែទៀតផង។ កាលដែលឧត្តរមាណព បានជម្រាបដំណឹងដល់ព្រាហ្មាយុព្រាហ្មណ៍ អំពីមហាបុរិសលក្ខណៈ៣២ប្រការ ព្រមទាំងព្រះចរិយាគុណរបស់ព្រះដ៏មានព្រះភាគ យ៉ាងសន្ធឹកសន្ធាប់រួចមក ព្រាហ្មាយុព្រាហ្មណ៍បានក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈឆៀងស្មាម្ខាង ប្រណមអញ្ជលី ចំពោះត្រង់ទីដែលព្រះដ៏មានព្រះភាគគង់នៅ ហើយបន្លឺវាចានមស្ការព្រះសម្មាសម្ពុទ្ធ ។

គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនវិទេហៈ តាមលំដាប់ ក៏បានដល់នគរមិថិលា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលានោះឯង។ ព្រាហ្មាយុព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគទូលសួរបញ្ហា​ ៨ ចំណុច គឺ

១- កថំ ខោ ព្រាហ្មណោ​ ហោតិ បុគ្គលដូចម្តេច ហៅថា ព្រាហ្មណ៍?

២- កថំ ភវតិ វេទគូ បុគ្គលដូចម្តេច ហៅថា អ្នកចេះចប់នូវវេទ?

៣- តេវិជ្ជោ ភោ កថំ ហោតិ បុគ្គលដូចម្តេច ហៅថា អ្នកមានត្រៃវិជ្ជា?

៤- សោត្ថិយោ កិន្តិ វុច្ចតិ បុគ្គលដូចម្តេច ហៅថា អ្នកមានសួស្តី?

៥- អរហំ ភោ កថំ ហោតិ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដូចម្តេច ហៅថា ព្រះអរហន្ត?

៦- កថំ ភវតិ កេវលី បុគ្គលដូចម្តេច ហៅថា អ្នកបរិបូណ៍ដោយគុណទាំងអស់?

៧- មុនិ ច ភោកថំ​ ហោតិ បពិត្រព្រះអង្គដ៏ចម្រើនមួយទៀត បុគ្គលដូចម្តេច ហៅថា មុនី?

៨- ពុទ្ធោ កិន្តិ បវុច្ចតីតិ​ បុគ្គលដូចម្តេច ហៅថា ព្រះពុទ្ធ?

គ្រានោះ ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់តបនឹងព្រាហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា

បុព្វេនិវាសំ យោ វេទី សគ្គាបាយញ្ច បស្សតិ

អថោ ជាតិក្ខយំ​ បត្តោ អភិញ្ញាវោសិតោ មុនិ

បុគ្គលណា ដឹងនូវខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ឃើញច្បាស់នូវឋានសួគ៌និងអបាយ មួយទៀត បុគ្គលណាដល់នូវកិរិយាអស់ទៅនៃជាតិ បុគ្គលនោះជាមុនី ដល់នូវទីបំផុតដោយអភិញ្ញា (ក្នុងគាថាមួយនេះ ព្រះអង្គត្រាស់អំពីអ្នកមានវិជ្ជា ៣)។
ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ

បហីនជាតិមរណោ ព្រហ្មចរិយស្ស កេវលី

បារគូ​ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតីតិ

អ្នកប្រាជ្ញដឹងច្បាស់នូវចិត្តដ៏បរិសុទ្ធ ជាចិត្តរួចស្រឡះហើយចាករាគៈ ដោយប្រការទាំងពួង ជាអ្នកមានជាតិនិងមរណៈលះបង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកដល់ត្រើយនៃធម៌ទាំងពួង បុគ្គលប្រាកដដូច្នេះ តថាគតហៅថា ព្រះពុទ្ធ ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបបញ្ហាទី ១ ឈ្មោះថា ព្រាហ្មណ៍ ព្រោះជាអ្នកមានបាបបានបណ្តែតចោលហើយ ដោយតម្រាស់ថា ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គត្រាស់តបបញ្ហាទី ២ គឺជាអ្នកចេះចប់នូវវេទដោយតម្រាស់ថា បារគូ ។ ព្រះអង្គត្រាស់តបបញ្ហាទី ៣ គឺជាអ្នកមានត្រៃវិជ្ជា ដោយព្រះតម្រាស់ ៣ បាទខាងដើម ក្នុងព្រះគាថាទី ១ មានបទថា បុព្វេនិវាសំ ជាដើម។​ ព្រះអង្គត្រាស់តបបញ្ហាទី ៤ គឺអ្នកមានសួស្តី ដោយព្រះតម្រាស់ថា មុត្តំ រាគេហិ សព្វសោ ។ ទ្រង់ត្រាស់តបបញ្ហាទី ៥ គឺព្រះអរហន្ត ដោយតម្រាស់ថា បហីនជាតិមរណោ ។ ព្រះអង្គត្រាស់តបបញ្ហាទី ៦ គឺអ្នកបរិបូណ៍ដោយគុណទាំងអស់ ដោយព្រះតម្រាស់ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គត្រាស់តបបញ្ហាទី ៧ គឺដែលហៅថាមុនី ដោយព្រះតម្រាស់ថា អភិញ្ញាវោសិតោ មុនិ ។​ ព្រះអង្គត្រាស់តបបញ្ហាទី ៨ គឺដែលហៅថាព្រះពុទ្ធ ដោយព្រះតម្រាស់ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ

នៅខាងចុងនៃព្រះសូត្រ គឺព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងព្រះធម្មទេសនា ឲ្យព្រាហ្មាយុព្រាហ្មណ៍ សម្រេចមគ្គផលហើយបានអារាធនាព្រះពុទ្ធអង្គ មួយអន្លើដោយភិក្ខុសង្ឃ ថ្វាយចង្ហាន់អស់ ៧ ថ្ងៃ ។ ព្រាហ្មាយុព្រាហ្មណ៍បានចាកលោកនេះហើយបដិសន្ធិក្នុងសុទ្ធាវាសព្រហ្ម នឹងបរិនិព្វានក្នុងទីនោះឯង ។ សូមអនុមោទនា !

លោកនេះគឺយ៉ាងហ្នឹងឯង

គ្រប់យ៉ាងក្នុងលោកនេះ ក្នុងជីវិតនេះ គឺយ៉ាងហ្នឹងឯង សេចក្តីសុខនៅត្រង់យើងសប្បាយចិត្ត រស់នៅទីណាក៏ល្អដែរ បើចិត្តចេះគិតឃើញរឿងល្អដោយបញ្ញា ។ ជីវិតកើតមក និងរស់នៅបានដោយលំបាក ដូច្នេះ ត្រូវចេះថែរក្សាជីវិតឲ្យមានតម្លៃ អ្វីដែលត្រូវឈប់ គឺត្រូវតែឈប់ អ្វីដែលត្រូវធ្វើ គឺត្រូវតែធ្វើ ត្រូវដឹងអ្វីជាប្រយោជន៍ អ្វីដែលឥតប្រយោជន៍ ជីវិតមានតម្លៃដោយសារគុណធម៌ ត្រូវចាំថា អ្វីដែលត្រូវធ្វើ គឺតួនាទី ហើយអ្វីដែលត្រូវមាន គឺសេចក្តីអត់ធន់ ព្យាយាម។

លោកនៃការរស់នៅ