ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ

ពីវិគីភីឌា

បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ1 រោចរហូតដល់ថ្ងៃ15

រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុ ទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះលែងឱ្យមកទទួលយក ផល្លានិសង្សដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន ។

ប្រវត្ដិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្ដែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុន លោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបាន ត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង ឡាយមិនត្រូវបានអាហារបរិភោគ ទេ”។ លុះដល់ព្រះពុទ្ធព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធ ព្រះនាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាមសមណគោត្ដម យើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជា ញាតិ របស់អ្នកទាំងឡាយទ្រង់ឱ្យទានដល់តថាគត នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះ បាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះ យំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្ដេចយាងទៅកាន់វត្ដវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារ បរិភោគក្នុងសាសនាតថាគត”។ ប៉ុន្ដែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ។ ពេលព្រះអង្គបាន ជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។

កម្មវិធីបុណ្យ

ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់ ។ អ្នកដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្ដាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថាបិណ្ឌ១គេត្រូវមកកាន់ទីវត្ដ ដើម្បីដំណើរការពិធីដូចគេទៅៈ ១-អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករដំណើប ហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះជាពីរចំណែក ទុកប្រគេនព្រះ សង្ឃមួយចំណែក សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និង ចំណូលចិត្ដរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ ត្រង់កំពូលស្រួច ហើយញាត់បាយដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។ ២-នៅពេលព្រលប់លោក អាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និង ឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែក ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។ ៣-ព្រះសង្ឃនិមន្ដចូលក្នុងសាលាឆាន់ ដើម្បី សូត្រធម៌ចំរើនព្រះបរិត្ដ និងឧទ្ទិស កុសលបាចទឹកមន្ដ គឺពិធីក្រុងពាលីបាយបិណ្ឌ ។ ៤-ព្រះសង្ឃទេសនា ច្រើនទេសពីអានិសង្សនៃកុសល ដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ធដល់ពិធីកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ ។ ៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ ។ ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការ ពិធីបន្ដដូចតទៅ ៖ -ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ ។ រីឯពុទ្ធបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។ -ព្រះសង្ឃនិមន្ដពីព្រះវិហារចូល មកកាន់សាលាឆាន់ដើម្បីសូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ ដែលចែងពីរឿងវិនាស១២ប្រការ មានអំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេក អរក្នុងធម៌ អ្នកមានទ្រព្យសម្បត្ដិមិនចិញ្ចឹមមាតា បិតា ការសេពគប់បុគ្គលពាល ។ល។ -សូត្របរាចប់ព្រះសង្ឃ បង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេង ពិណពាទ្យចាប់កំដរពិធី ។ -ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិសជាបន្ដបន្ទាប់នោះ ពួកពុទ្ធបរិស័ទ ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែល គេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំអាចារ្យប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទងនៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាម អាចារ្យដែលអញ្ជើញចេញទៅក្រៅវត្ដទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឱ្យខ្មោចដែលគ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឱ្យ។ អាចារ្យបានហាម មិនឱ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពី ចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេតទាំង នោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្ដានឧទ្ទិសឱ្យ ។ -បន្ទាប់ពីចប់កិច្ចក្រៅវត្ដ ពុទ្ធបរិស័ទទាំងអស់បានចូល មកកាន់សាលាឆាន់វិញ ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។ -ព្រះសង្ឃបានរៀបចំពិធីបង្សុកូល ដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ ។ -ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្ដបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្ដើរៗរហូត ដល់ម៉ោង១១ ។ -ម៉ោង១១អាចារ្យទូងស្គរម្ដងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។ -ពុទ្ធបរិស័ទប្រជុំគ្នា ថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ ។ កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្ដជាបន្ដបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសលនេះគេ រៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមក ចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។ ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ដ្រខ្មែរបានរៀបចំ សែនដូនតា ដោយមានរៀបកំរាលស ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្ដាំ ។ រណ្ដាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្ដិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រោប ហើយអុជទៀនបំភ្លឺព្រោង ព្រាតផង។ នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុកសំរាប់ ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែក ល្ងឆៅ...សំរាប់ទុកជូនដូនតាហូប ចុកបន្ដទៀត ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ