Jump to content

ជំនឿមិនដាំចេកក្បែរផ្ទះ

ពីវិគីភីឌា

ជំនឿមិនដាំចេកក្បែរផ្ទះ

តើមូលហេតុអ្វី ដែលខ្មែរយើង ប្រដៅកូនចៅ មិនអោយដាំចេកក្បែរផ្ទះ ជាពិសេស ក្បែរមាត់បង្អួច? កត្តាសំខាន់ៗ មានបរិយាយដូចតទៅ ៖

១) ការប្រកាន់ជំនឿ នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ចូលមកដល់៖ កាលដើមឡើយ ពលរដ្ឋទូទៅ នៅទឹកដីខ្មែរ បានប្រកាន់យក ជំនឿដ៏ធំមួយ ហៅថា ជំនឿវិញ្ញាណនិយម ឬ ជំនឿអារក្សអ្នកតា (Animism) គឺការប្រកាន់យកជំនឿ ទៅលើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬ ព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា៖

ក. អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) ខ. អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក) គ. មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ឃ. ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ង. ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន) ច. ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម ។ល។ ឆ. កូនក្រក (អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី ដំរី ឆ្កែឆ្មា ជាដើម)

ចំណែកវិញ្ញាណ ដែលបំផ្លាញលោក នៅក្នុងជំនឿវិញ្ញាណនិយម មាន៖ ក. មេធ្មប់ (ជា យមរាជ ឬជា ស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ) ខ. ព្រាយ ពពួកចូលចិត្តជញ្ជក់ឈាមអ្នកដទៃ គ. អាប ពពួកមានតែក្បាលនិងក្រពះ ដែលតំណាងសេចក្តីលោភលន់ពន់ប្រមាណ ឃ. ប្រេត គឺជា វិញ្ញាណខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្សដែលប្រព្រឹត្តតែសេចក្តីវិនាស និង ព្រលឹងបុគ្គលដែលចាំតែទារស៊ីតែម៉្យាង)

ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ប្រទេសខ្មែរបានទទួលឥទ្ធិពល នូវជំនឿថា មានយក្ស មានបិសាច ថែមទៅលើជំនឿ វិញ្ញាណនិយម ដែលមានរួចមកហើយនេះ។

២) មូលហេតុដែលខ្ញែរមិនចូលចិត្តដាំចេក ជាប់ជញ្ជាំងផ្ទះ ជាពិសេស ក្បែរបង្អួច ៖

ខ្មែរយើងជំនាន់បុរាណ ចូលចិត្តសង់ផ្ទះធំៗ នៅកណ្តាលដីធ្លាភូមិ ដោយមានដាំដុះដំណាំ សព្វបែបយ៉ាង តាំងពីឈើស៊ីផ្លែ រហូតដល់បន្លែបង្ការនានា ដើម្បីផ្គត់ផ្គង់គ្រួសារ យ៉ាងបរិបូណ៌ហូរហៀរ។ ចេកក៏ជាដំណាំមួយ ដែលងាយដាំ ងាយថែ ហើយផ្តល់ផលប្រយោជន៍ ច្រើនបែប ដល់ជីវិត តាំងពី គល់ដើមស្លឹក ត្រយូងផ្កាផ្លែ។ ចាស់បុរាណ ចូលចិត្តដាំ ធ្វើជារបងដីភូមិ ការពារដីហុយ និង ដើម្បីផ្តល់ភាពត្រជាក់រមនា ដល់ដីភូមិ។ ប៉ុន្តែ លោកពុំដាំនៅក្បែរជញ្ជាំងផ្ទះទេ ដោយមូលហេតុថា ៖

ក. ចេកមួយគុម្ពៗ មានដើមច្រើន មានធាងធំត្រសាយប្រគងលើគ្នា ផ្តល់ជាម្លប់ត្រជាក់ និងជាជម្រករស់នៅដល់សត្វ មានពស់ ដង្កូវ កណ្តុរ ក្អែបខ្ទួយ ជាដើម។ បើសិនគេដាំចេកនៅក្បែរផ្ទះ សត្វទាំងនេះ អាចវារតាមស្លឹកចេក ចូលទៅក្នុងផ្ទះ បង្កក្តីរំខានដល់អ្នកដែលរស់នៅក្នុងផ្ទះនោះ នាំអោយមានសៅហ្មងដល់សុខភាព ឬ ដល់ជីវិតផងក៏មាន។ ខ. ចេកជាដំណាំមានជាតិទឹក ហើយម្លប់ត្រជាក់ក្រោមគុម្ពចេក ព្រមជាមួយសំណើមដី អាចបង្កជាស្លែពណ៌ខៀវ ឬ ពណ៌ខ្មៅ បង្កជាជាតិពុល ធ្វើអោយខូចសុខភាព ជាពិសេស ធ្វើអោយខូចសួតដកដង្ហើម។ គ. ចេកមានធាងលាតលើគ្នា ធំៗ បាំងបិទអស់ទិដ្ឋភាពទាំងឡាយ ដែលយើងអាចមើលឃើញ ពីបង្អួចផ្ទះទៅ។ ដូច្នេះ លោកចាស់បុរាណ ក៏នាំគ្នាដាំអោយឆ្ងាយបង្អួចបន្តិច ដើម្បីអោយលោកអាចមើលឃើញ នូវទិដ្ឋភាព ដ៏ស្រស់បំព្រង នៃដីភូមិរបស់លោក បានឆ្ងាយទូលំទូលាយ។ ឃ. ដើម្បីអោយក្មេងៗឆាប់ចងចាំ នូវវិន័យដាំចេកឆ្ងាយជញ្ជាំងផ្ទះនេះ លោកចាស់បុរាណ ក៏បានសរសេរអក្សរសិល្ប៍ ឬ បង្កើតរឿងនិទានផ្សេងៗ អោយក្មេងៗស្តាប់ ដោយបញ្ចេញបញ្ចូលអត្ថន័យ អោយពិរោះសាច់រឿង ដោយមានយក រូបខ្អោចអបាយភូមិ (ឬ រូបភាពតំណាងវិញ្ញណបំផ្លាញលោក ដូចការរៀបរាប់ខាងលើ) មកធ្វើជាសភាវៈ តំណាងសត្វទាំងឡាយ ដែលរស់នៅ លាក់ខ្លួនក្នុងគុម្ពចេកនោះ។ ដូច្នេះហើយ ទើបយើងច្រើនប្រទះ ឃើញមានរឿងលក្ខណៈបែបនេះ នៅក្នុងសៀវភៅរឿងព្រេងខ្មែរ ឬ រឿងនិទានបុរាណផ្សេងៗ ដែលចាស់បុរាណបាននិយាយប្រាប់ តៗគ្នាមក ឆ្លងជំនាន់។

៣) លោកចាស់ៗខ្លះទៀត ដែលមិនយល់ស្រប ចំពោះរឿងនិទានដោយមាត់ ឬ ការនិពន្ធអក្សរសិល្ប៍ ពន្យូយអារម្មណ៍ អោយមនុស្សចាស់ក្មេងព្រឺខ្លាចរអារ មិនហ៊ានចេញដើរក្នុងភូមិ មិនថាថ្ងៃឬយប់នោះ ក៏បានសូនរូបឆ្មាំ តំណាងព្រះភូមិ ដាក់តំកល់ ក្នុងខ្ទមយាម ដែលលោកសង់ជូនព្រះភូមិ ក្នុងកណ្តាលដីចំការ និង នៅមាត់របងភូមិ ដើម្បីកម្លាចិត្តកូនចៅ អោយក្លាហានមកវិញ ឈប់ខ្លាចព្រាយខ្មោច ដែលមកយារយីជីវិត តាមរយៈដើមចេក។ មិនតែប៉ុណ្ណោះ លោកបានកាត់ផ្លែចេក យកទៅដាក់សែនថ្វាយព្រះភូមិ ជាតំណាងភាពរុងរឿងសម្បូណ៌សប្បាយ និងសុខដុមរមនា ដែលវិញ្ញណសក្តិសិទ្ធិ បានការពារថែរក្សា យ៉ាងសុខសាន្ត ជូនដល់អ្នកភូមិ។

សរុបសេចក្តីមក ការហាមប្រាមរបស់លោកចាស់បុរាណ មិនអោយដាំចេកក្បែរផ្ទះ មានប្រយោជន៍ច្រើនយ៉ាងណាស់ ចំពោះជីវិត។ បើសិនជាយើងពិចារណាជ្រាលជ្រៅ នោះយើងនឹងបានយល់នូវ អត្ថន័យពិតនៃបម្រាមរបស់លោក ហើយយើងនឹងឈប់ខ្លាចខ្មោចលង ឬ ខ្លាចព្រលឹងវិញ្ញាណយារយី ទាំងឡាយនោះ តទៅទៀតហើយ។ ម៉្យាងទៀត យើងក៏អាចជួយ ណែនាំកូនចៅរបស់យើង ក្នុងសង្គមថ្មី អោយស្គាល់នូវគុណប្រយោជន៍ចេក និង ការដាំដុះដំណាំចេក ដោយមានប្រើរបៀបបែបបទត្រឹមត្រូវ ដែលនាំអោយជីវិតយើង បានទទួលនូវ សុខសុវត្ថិភាព និងសុខុមាលភាពយ៉ាងប្រសើរថែមទៀតផង។

អ្នកស្រី កែវ ច័ន្ទបូរណ៍