ជំរំជនភៀសខ្លួន ខាវអ៊ីដាង

ពីវិគីភីឌា

ខៅអ៊ីដាង ជា​ឈ្មោះ​ភ្នំ​មួយ ដែល​ឋិត​នៅ​ក្នុង​ឃុំ​ខូខ្លាន ស្រុក​តាផៈយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ជើង​ភ្នំ​នេះ ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​ដល់​ជន​ភៀសខ្លួន​ខ្មែរ​រាប់​សែន​នាក់ ឲ្យ​បាន​ស្នាក់​អាស្រ័យ​ផុត​ពី​ទុក្ខ​ភ័យ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រត់​គេច​ពី​សង្គ្រាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៩ និង​ពេញ​មួយ​ទសវត្ស​ឆ្នាំ១៩៨០។ អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ​នេះ​ខ្លះ បាន​ចាក​ចេញ​ឆ្ងាយ​ទៅ​រស់​នៅ​ឯ​ប្រទេស​ទី​៣ នៅ​អូស្ត្រាលី អាមេរិក និង​អឺរ៉ុប ដោយ​មិន​មាន​ឱកាស​បាន​មក​មើល​ទីនេះ​ម្ដង​ទៀត។ ឯ​អ្នក​ខ្លះ​ទៀត ក៏​មាន​ឱកាស​បាន​មក​មើល​កន្លែង​នេះ​សា​ជា​ថ្មី ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​រឿងរ៉ាវ​ចាស់ៗ ដែល​គេ​មាន​រាប់​មិន​អស់ ក្នុង​ពេល​ដែល​គេ​ស្នាក់​នៅ​ទី​នេះ។

តើ​អ្នក​ធ្លាប់​នៅ​ទីនេះ​មាន​អនុស្សាវរីយ៍​អ្វី​ខ្លះ? ហើយ​ទីនេះ​បច្ចុប្បន្ន​មាន​សភាព​បែប​ណា?

លោក ជី វិតា មាន​សេចក្ដីរាយការណ៍​មួយ​ស្ដី​អំពី​ការ​រំឭក​រឿងរ៉ាវ​ខ្លះៗ នៃ​ជំរំខៅអ៊ីដាង​នេះ ...

ខៅអ៊ីដាង ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ ខាង​ជើង​ស្រុក​អរញ្ញ ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយ​ប៉ែត កម្ពុជា បច្ចុប្បន្ន​នេះ ក្លាយ​ជា​ព្រៃ​ស្ងាត់​ជ្រងំ​មួយ មិន​ខុស​ពី​បទ​ចម្រៀង​មួយ​ឃ្លា ដែល​លោក កែវ សារ៉ាត់ ធ្លាប់​ច្រៀង​ពណ៌នា​អំពី​ទិដ្ឋភាព​ទី​នេះ កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ នោះ​ឡើយ។

ចម្រៀង កែវ សារ៉ាត់៖ «រសៀល​រៃ​យំ​ល្វើយៗ ខៅអ៊ីដាង​ខ្ញុំ​អើយ កាល​ដើម​ឡើយ​ស្ងាត់​ឈឹង … »

ថ្វី​បើ​ពេល​នេះ ខៅអ៊ីដាង មាន​សភាព​ស្ងាត់​ជ្រងំ មិន​មាន​អ្វី​ជា​ទី​ចាប់​អារម្មណ៍​សណ្ដំ​ចិត្ត​ចំពោះ​មនុស្ស​ទូទៅ​រាប់​ពាន់​លាន​នាក់​ក្ដី ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ នៅ​តែ​ចាប់​អារម្មណ៍ និង​ចង​ចាំ​ឈ្មោះ​ខៅអ៊ីដាង ព្រោះ​ពួក​គេ​ធ្លាប់​ភៀសខ្លួន​មក​រស់​នៅ​ទីនេះ កាល​ពី​ក្នុង​ទសវត្ស​ឆ្នាំ១៩៨០។ ជា​រឿយៗ មាន​ពលរដ្ឋ​ខ្មែរ ដែល​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ​នាំ​គ្នា​ទៅ​លេង​នៅ​ទី​នោះ។ ពួក​គាត់​ថតរូប​បង្ហោះ​លើ​ហ្វេសប៊ុក ជជែក​គ្នា​ពី​អនុស្សាវរីយ៍​ចាស់ និង​ទទួលទាន​អាហារ​ជុំ​គ្នា អម​ដោយ​ចម្រៀង​បទ ខៅអ៊ីដាង ដួង​ចិត្ត របស់​លោក កែវ សារ៉ាត់ ផង។

សំឡេង៖ «ដល់​ហើយ​នេះ រសៀល​រៃ​យំ​ហើយ»។

ពួក​គាត់​តែង​ព្យាយាម​ស្វែង​រក​ទីតាំង​ចាស់​នានា ដើម្បី​ចំណាំ ដូច​ជា ផ្ទះ មន្ទីរពេទ្យ អាគារ​រដ្ឋបាល និង​វត្តអារាម​ជា​ដើម។

ទោះ​ជា​ព្រៃ​ដុះ​ជិត​ទៅ​ហើយ​ក្ដី ក៏​ទី​នេះ​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំង​ស្រុង​ដែរ។ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក អាជ្ញាធរ​ថៃ បាន​កសាង​អាគារ​មួយ​សម្រាប់​តម្កល់​ទុក​ប័ណ្ណសារ​នានា ទាក់ទង​នឹង​ជន​ភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​មក​ស្នាក់អាស្រ័យ​នៅ​ទីនេះ ពី​ចុង​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ ១៩៩៣។ អាគារ​នេះ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ខៅអ៊ីដាង ដែល​ជា​ការ​រំឭក​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​ថៃ រួម​ជា​មួយ​សហគមន៍​អន្តរជាតិ ជួយ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ខ្មែរ​ពេល​នោះ។

ជនជាតិ​ថៃ​មួយ​រូប ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ទី​នេះ លោក ស៊ុមស៊ី ផៃអ៊ុបផ្លី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​មជ្ឈមណ្ឌល​នេះ​បើក​ទ្វារ​នៅ​ឆ្នាំ ២០១៦​មក មាន​ភ្ញៀវ​មក​ទស្សនា​ជា​ហូរហែ។ ភ្ញៀវ​ទាំង​នេះ តែង​តែ​បាន​ចុះ​កំណត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​សៀវភៅ​រំឭក​អនុស្សាវរីយ៍ ដែល​តម្កល់​ទុក​នៅ​ទី​នេះ​ដែរ។ លោក ស៊ុមស៊ី (ផៃអ៊ុបផ្លី) បង្ហាញ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ថា ភាគ​ច្រើន​នៃ​អ្នក​មក​ទស្សនា​ទី​នេះ គឺ​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​រស់​នៅ​ទី​នេះ។

ក្រៅ​ពី​អតីត​ជន​ភៀសខ្លួន ក៏​មាន​អ្នក​សិក្សា អតីត​អ្នក​ធ្វើការ​ឲ្យ​អង្គការ​អន្តរជាតិ ជន​ជាតិ​ថៃ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង។ ក្នុង​សៀវភៅ​កត់ត្រា​ភ្ញៀវ យើង​ឃើញ​មាន​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ពីរ​រូប គឺ​លោក គង់ វិបុល និង​លោក អៀង សុផល្លែត បាន​ទៅ​លេង​អតីត​ជំរំខៅអ៊ីដាង​នេះ នៅ​ខែ​មករា ឆ្នាំ ២០១៧។

អតីត​ជន​ភៀស​ខ្លួន​ម្នាក់ ក្នុង​ចំណោម​ជនភៀសខ្លួន​ជាច្រើន​នាក់ ដែល​ធ្លាប់​បាន​ត្រឡប់​មក​ទស្សនា​អតីត​ជំរំខៅអ៊ីដាង​នេះ​ម្ដង​ទៀត គឺ​លោក សុខ សារ៉ែន ថ្លែង​ថា លោក​នៅ​តែ​នឹក​ឃើញ​ជីវិត​អតីតកាល ព្រោះ​ទីនេះ​ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​សុខសាន្ត​ដល់​រូប​លោក និង​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ទៅ​ដល់​គ្រាន់​តែ​ឃើញ​ភ្នំ​ខៅអ៊ីដាង​ហ្នឹង យើង​ស្លុត​ចិត្ត។ ម្នាក់ៗ គ្រាន់​តែ​ឃើញ​អ៊ីចឹង ចង់​តែ​ទៅ​ដល់​កន្លែង​ដែល​ខ្លួន​នៅ ដូច​ជា វត្ត សំខាន់​រក​វត្ត​ឲ្យ​ឃើញ។ ដំបូង​យើង​វង្វេង​ពេញ​តែ​ព្រៃ ទៅ​រក​ជើង​ភ្នំ​ឃើញ​ហើយ រក​វត្ត​មិន​ឃើញ។ ប៉ុន្តែ​គេ​រក្សា​ទុក​ខ្ទម​អ្នកតា​នោះ។ វត្ត​ហ្នឹង​នៅ​មាន​សល់​ដូច​ជា​កន្លែង​ព្រះ​ដែល​យើង​ដុត​ធូប​ដុត​អី​ហ្នឹង ឃើញ​នៅ​ជា​ស៊ីម៉ង់។ ព្រៃ​វា​ដុះ​លើ​កន្លែង​ណា​ដែល​អត់​ស៊ីម៉ង់​អ៊ីចឹង​ទៅ គ្រប​លើ​ស៊ីម៉ង់»។

មុន​នឹង​ទៅ​ដល់​ជំរំខៅអ៊ីដាង ប្រទេស​ថៃ លោក សុខ សារ៉ែន បាន​ភៀសខ្លួន​ពី​ស្រុក​ថ្មពួក ក្នុង​ពេល​ដែល​កងទ័ព​វៀតណាម​សម្រុក​វាយ​ចូល​លុកលុយ​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរក្រហម នៅ​ដើម​​ខែ​មករា ឆ្នាំ១៩៧៩។ គឺ​ពេល​នោះ​ហើយ ​ដែល​មាន​​​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ រត់​ភៀស​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​ពី​ក្នុង​ប្រទេស​ឆ្ពោះ​មក​ព្រំ​ដែន​កម្ពុជា-ថៃ។ ពលរដ្ឋ​ខ្មែរ​ទាំង​នេះ នាំ​គ្នា​រែក​កូន​ជញ្ជូន​ចៅ​រត់​ទៅ​ជាមួយ​យោធា​ខ្មែរក្រហម ដែល​បាក់​ទ័ព មក​នៅ​ផ្ដុំ​គ្នា​តាម​ព្រំដែន។ ការ​មក​ដល់​ព្រំដែន ពួក​គេ​​បង្កើត​បាន​ជា​ជំរំ​​ច្រើន​កន្លែង​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​វាយប្រហារ​របស់​កងទ័ព​វៀតណាម។ ជន​ភៀស​ខ្លួន​ទាំង​នេះ រស់​នៅ​ក្នុង​ជំរំ​ក្រោម​ដើម​ឈើ​ជាង ២០​ជំរំ ឋិត​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ពី​ខេត្ត​កោះកុង​រហូត​ដល់​ខេត្ត​ព្រះ​វិហារ ហើយ​ជំរំ​ទាំង​នោះ​មាន​ឈ្មោះ​ផ្សេងៗ គ្នា។ ជា​ពិសេស មាន​ជំរំ​ច្រើន នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដែល​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​មាន​ជំរំ​ច្រើន។

លោក សុខ សារ៉ែន រំឭក​ឡើង​វិញ​ថា ពេល​ដែល​លោក​រត់​ភៀសខ្លួន​ពី​ស្រុក​ថ្ម​ពួក ទៅ​ព្រំដែន​នៅ​គ្រា​នោះ គឺ​ជា​ពេលវេលា​ដែល​លំបាក​វេទនា​បំផុត៖ «បញ្ហា​ប្រឈម​ទី​មួយ គឺ​យើង​អត់​មាន​អី​ហូប ហើយ​ប្រជាជន​កើត​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ ហើម ខ្លះ​ស្លាប់។ ស្លាប់​ច្រើន​ណាស់ ហើយ​ពេល​ដែល​យើង​ឈឺ​ថ្កាត់ យើង​អត់​មាន​ថ្នាំ​ព្យាបាល»។

ស្រដៀង​គ្នា​នេះ​ដែរ អតីត​ជន​ភៀសខ្លួន​ម្នាក់​ទៀត គឺ​លោកស្រី ស្ងួន គីម បញ្ជាក់​បន្ថែម​ថា ក្នុង​ពេល​ភៀស​ខ្លួន​នោះ ជនភៀសខ្លួន​ខ្មែរ​រស់​នៅ​ក្រោម​ការ​ភ័យ​ខ្លាច​គ្រប់​យ៉ាង និង​គ្មាន​សុវត្ថិភាព​ឡើយ។ អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​ដាច់​ស្បៀង ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​ដង្កាត់​ផ្សេងៗ ទៀត ដោយ​គ្មាន​ថ្នាំ​ព្យាបាល នៅ​ក្នុង​តំបន់​ព្រៃ​ស្រោង​តាម​ព្រំដែន៖ «ដោយសារ​អត់​បាយ ខ្លះ​ឃ្លាន​ពេក អោប​ឆ្នាំង​ងាប់​ក៏​មាន​ដែរ។ អង្គុយ​ផ្អែក​ដើម​ឈើ​ក៏​ងាប់​ដែរ។ នៅ​កំរៀង នៅ​អូរ​ត្រាង សឹង​តែ​ថា កន្លែង​កប់​ខ្មោច​មិន​ចេះ​តិច​ហិកតារ​ទេ​ដី ធំ​ណាស់។ ងាប់​មួយ​សហករណ៍ៗ ចង់​រលីង។ ដល់​ថ្នាក់​មែនទែន​ទៅ ទាហាន​ថៃ​យក​ម៉ៃខូ (Excavator) កាយ​ដាក់​កប់»។

ដោយសារ​តែ​មាន​ការ​​ប្រយុទ្ធ​គ្នា និង​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់​ជា​ដើម អ្នក​ខ្លះ​ស្លាប់​ អ្នក​ខ្លះ​ពិការ ព្រោះ​ត្រូវ​គ្រាប់​កាំភ្លើង និង​គ្រាប់​មីន។

ទាំង​លោក សុខ សារ៉ែន និង​លោកស្រី ស្ងួន គីម ដែល​ជា​សាក្សី​រស់​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា ដោយសារ​តែ​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​នេះ​ហើយ ទើប​អង្គការ​សហប្រជាជាតិ​ សហការ​ជាមួយ​យោធា​ថៃ បាន​ប្រមូល​ជន​ភៀស​ខ្លួន​ទាំង​នេះ យក​ទៅ​ដាក់​នៅ​ជំរំ​ស្រះ​កែវ ឋិត​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ៖ «មាន​ឡាន​ក្រុង​មក​តម្រៀប​ចាំ​នៅ​របង​ជាប់​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ ម្ដុំ​ព្រំប្រទល់​គោករមៀត​យើង​សព្វថ្ងៃ​នេះ ខេត្ត​បន្ទាយមានជ័យ​ដែរ។ ម្ដុំ​តាផៈយ៉ា​អី​ហ្នឹង។ គេ​ឲ្យ​យើង​ឡើង​ឡាន​ទៅ ប៉ុន្តែ​របស់របរ​ដូច​ជា​ការ៉ុង​អី យើង​មិន​អាច​យក​បាន​ទេ ទៅ​តែ​ខ្លួន។ មាន​ប្រាក់​អី​យក​បាន ជាប់​ខ្លួន។ ប៉ុន្តែ​អ្វី​ផ្សេង​ដូច​ជា​អង្ករ ខោអាវ​សំពីងសំពោង​អី​យក​អត់​បាន​ទេ គឺ​បោះ​ចោល​ត្រឹម​ហ្នឹង​អស់​ហើយ តាំង​ពី​គោ ក្របី លែង​ចោល​អស់​ហើយ។ អត់​មាន​នរណា​អាច​យក​អី​បាន​ទេ ក្រៅ​ពី​ខោអាវ​មួយ​ចង្កេះ​ហ្នឹង។ ដល់​ពេល​យើង​ឡើង​ឡាន​ទៅ ឡាន​ក្រុង​គេ​បើក​ជូន​យើង​ទៅ ប៉ុន្តែ​ដល់​កន្លែង​មួយ ឡាន​ហ្នឹង​ឈប់​ទាំង​អស់ ហើយ​មាន​ក្រុម​បិទ​មុខ​ឡើង​មក​ប្លន់​យើង។ នរណា​មាន​មាស គឺ​ដោះ​យក​អស់ នាឡិកា​ក៏​ដោះ​យក​អស់ ហើយ​បាន​គេ​ដឹក​យក​ទៅ​ស្រះ​កែវ​ទី​១»។

លោកស្រី ស្ងួន គីម បញ្ជាក់​អំពី​រឿង​នេះ៖ «ពួក​ទាហាន​ថៃ បារាំង​ទៅ​ប្រមូល ម៉ែ​ឪ​ខ្លះ​ស្លាប់​សល់​តែ​កូន​កុមារ​កំព្រា​អី​ហ្នឹង​ប្រមូល​យក​មក​ចូល​ជំរំ​ស្រះ​កែវ​ទី ១​ហ្នឹង។ អ្នក​ខ្លះ​ចាញ់​នយោបាយ​គេ ក៏​ត្រឡប់​ទៅ​វិញ កាល​នៅ​ស្រះ​កែវ​ទី​១​នោះ។ ភាគ​ច្រើន​ទៅ​យប់ ព្រោះ​អី​មាន​មេ​ខ្មែរក្រហម​មក​បញ្ចុះបញ្ចូល ខ្លះ​ភ្លេច​ខ្លួន ក៏​ទៅ​តាម​គេ​វិញ​ទៅ»។

នៅ​ទន្ទឹម​គ្នា​នឹង​ការ​ប្រមូល​ជន​ភៀសខ្លួន​ទៅ​ដាក់​នៅ​ជំរំ​ស្រះ​កែវ​នោះ​ដែរ គឺ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ ១៩៧៩ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) ដែល​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ថៃ បាន​បង្កើត​ជំរំ​សុវត្ថិភាព​ក្នុង​ទឹក​ដី​ថៃ​មួយ​ទៀត ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​នោះ។ គេ​ដាក់​ឈ្មោះ​ជំរំ​នេះ​ថា ជំរំ​ខៅអ៊ីដាង ព្រោះ​តែ​ជំរំ​នេះ​ឋិត​នៅ​នឹង​ជើង​ភ្នំ​ខៅអ៊ីដាង​នេះ​តែ​ម្ដង។

ជើង​ភ្នំ​ខៅអ៊ីដាង ដែល​ធ្លាប់​ជា​ព្រៃ​ស្ងាត់ ពេល​នោះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ឈូស​ឆាយ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រជុំ​ជន​នៃ​ជន​ភៀសខ្លួន​ខ្មែរ​រាប់​ពាន់​នាក់ ជ្រក​នៅ​ដោយ​សុវត្ថិភាព ដែល​មិន​ខុស​ពី​ចម្រៀង​របស់​លោក កែវ សារ៉ាត់ ឡើយ។

លោក សុខ សារ៉ែន ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ដឹក​ពី​ជំរំ​ស្រះ​កែវ​​ចូល​ជំរំខៅអ៊ីដាង​នៅ​ដើម​ឆ្នាំ​១៩៨០ ក្នុង​វ័យ ៨​ឆ្នាំ នៅ​ចាំ​បាន​ថា អ្វី​ដែល​គេ​យក​ចិត្ត​ទុកដាក់​ដំបូង​នោះ គឺ​បញ្ហា​សុខភាព៖ «គឺ​យើង​ចុះ​ពី​ឡាន​ដែល​គេ​ដឹក​ពី​ស្រះ​កែវ​មក គេ​ឲ្យ​យើង​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ហើយ​បាន​គេ​ឲ្យ​យើង​នៅ​ជា​របៀប​តង់ ហើយ​ចែក​ឲ្យ​របប​ហូប។ មិន​ទាន់​មាន​ប្រធាន​ក្រុម​អី​ទេ កាល​នោះ។ នៅ​បាន​មួយ​រយៈ បាន​គេ​ចែក​ស្លឹក ឫស្សី និង​គ្រឿង​ប្រដាប់ប្រដា​ធ្វើ​ផ្ទះ​ស្លឹក បាន​ម្នាក់ៗ ចាប់​ផ្ដើម​ធ្វើ​ផ្ទះ​ប្រក់​ស្លឹក​ធ្វើ​ពី​ឫស្សី​ជា​ជួរៗ ហើយ​មាន​ធ្វើ​ជា​សង្កាត់ ជា​កន្លែង​បើក​អាហារ កន្លែង​មណ្ឌល​ផ្សេងៗ»។

កាល​ពី​ពេល​បើក​ដំបូងៗ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (UNHCR)បាន​បញ្ជូន​រថយន្ត​ក្រុង និង​រថយន្ត​ដឹក​ឥវ៉ាន់​ជា​ច្រើន​គ្រឿង ទៅ​ទទួល​យក​ជន​ភៀសខ្លួន​ខ្មែរ ពី​ជំរំ​ចលនា​តស៊ូ​នានា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ យក​មក​ដាក់​នៅ​ជំរំ​ខៅអ៊ីដាង​នេះ។ ជន​ភៀសខ្លួន​ខ្មែរ ដែល​ស្ម័គ្រ​ចិត្ត​ចាកចេញ​ពី​ជំរំ​នៅ​ជាយដែន ទៅ​រស់​នៅ​ក្នុង​ជំរំ​ក្នុង​ទឹកដី​ថៃ​នេះ ក៏​ព្រោះ​តែ​គេ​ចង់​រួច​ផុត​ពី​ភាព​អត់​ឃ្លាន និង​គេច​ផុត​ពី​ការ​ច្បាំង​គ្នា ដែល​កើត​មាន​ជា​ញឹកញាប់ រវាង​កងទ័ព​អ្នក​តស៊ូ​នៅ​តាម​ព្រំ​ដែន និង​កងទ័ព​វៀតណាម​រួម​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ខ្មែរ​ពេល​នោះ ដែល​គេ​ហៅ​ថា កងទ័ព ហេង សំរិន។

ជំរំខៅអ៊ីដាង ដែល​មាន​ទំហំ​ជាង ២​គីឡូម៉ែត្រ​ក្រឡា (២.៣​គីឡូម៉ែត្រ) បាន​ទទួល​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​គេ​ជិត ៥​ពាន់​នាក់។ នៅ​ពាក់​កណ្ដាល​ឆ្នាំ ១៩៨០ តួលេខ​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ជំរំខៅអ៊ីដាង បាន​កើន​ឡើង​ដល់​ចំនួន ១៦​ម៉ឺន (១៦០,០០០) នាក់។ តួលេខ​នេះ ធ្វើ​ឲ្យ​អង្គការ UNHCR បិទ​លែង​ទៅ​ទទួល​យក​ជន​ភៀសខ្លួន​ពី​ព្រំដែន​មក​ទៀត។ ហេតុ​នេះ​ហើយ បាន​ជា​មាន​ជន​ភៀសខ្លួន​ខ្លះ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ដោយ​ខ្លួន​ឯង លួច​ចូល​ទៅ​រស់នៅ​ក្នុង​ជំរំខៅអ៊ីដាង​នេះ។

លោក ខូយ កុសល ជា​អតីត​អ្នក​ខៅអ៊ីដាង​ម្នាក់ ដែល​បាន​លប​ចូល​ទៅ​រស់​នៅ​ក្នុង​ជំរំខៅអ៊ីដាង​នៅ​ឆ្នាំ​១៩៨៤ ក្នុង​គ្រា​ដែល​ជំរំ​នៅ​តាម​ព្រំ​ដែន​ត្រូវ​រង​ការ​វាយប្រហារ​ពី​កងទ័ព​វៀតណាម៖ «យើង​គេច​ពី​យួន​មក​ទេ។ ដល់​ពេល​ចូល​ខៅអ៊ីដាង​ហ្នឹង​ទៅ ក៏​មាន​គេ​ថា យក​ខ្មែរ​ទៅ​ស្រុក​បរទេស​អី ប្រទេស​ទី​៣ យើង​ក៏​ប្រាថ្នា​រស់​នៅ​ទី​នោះ​បន្ត​ទៀត​ទៅ កុំ​ឲ្យ​ពិបាក​ត្រឡប់​ទៅ​វិញ ព្រោះ​ជំនាន់​ឆ្នាំ១៩៨៤ ហ្នឹង​រត់​គេច​គ្រាប់​ផ្លោង​យួន​បាញ់​គ្នា​ជាមួយ​ប៉ារ៉ា សេរីកា និង​ជា​មួយ​ខ្មែរ​ក្រហម​ហ្នឹង គឺ​ត្រូវ​តែ​គេច​មុខ​គ្រាប់​ហើយ។ ទៅ​វិញ​ម្ដេច​កើត បើ​យួន​នៅ​អស់​ហើយ​កាល​នោះ មាន​តែ​ចូល​ខៅអ៊ីដាង​ហ្នឹង»។

លោក ខូយ កុសល មាន​ប្រសាសន៍​ថា ការ​រស់​នៅ​ក្នុង​ជំរំ​ខៅអ៊ីដាង មាន​សុវត្ថិភាព​ជាង​ជំរំ​តាម​ជាយ​ដែន៖ «វា​អត់​មាន​នរណា​ការពារ​សន្តិសុខ​ឲ្យ​យើង​ទេ គឺ​ខ្លួន​ទីពឹង​ខ្លួន នៅ​តាម​ជាយដែន។ ប៉ុន្តែ​យើង​មក​នៅ​ខៅអ៊ីដាង មាន​ទាហាន​ថៃ​ការពារ។ អ្នក​មាន​សិទ្ធិ​នៅ​ក្នុង​ខៅអ៊ីដាង យូ.អិន.អេច្ឆ.ស៊ី.អរ ការពារ។ ម្ល៉ោះ​ហើយ​វា​ល្អ​ជាង​នៅ​ជាយដែន។ យូ.អិន.អេច្ឆ.ស៊ី.អរ គេ​បើក​បន្លែ​បើក​សាច់ អង្ករ​គ្រប់សព្វ​ឲ្យ​យើង​មិន​ខ្វះ​អី​ស៊ី។ នរណា​ចង់​ធ្វើ​អី ធ្វើ​ហ្នឹង​ទៅ។ នរណា​ចង់​រៀន​អី​ក៏​រៀន​ទៅ»។

នៅ​ក្នុង​ជំរំខៅអ៊ីដាង អ្នក​ដែល​រស់​នៅ​ស្រប​ច្បាប់ គឺ​អ្នក​ដែល​អង្គការ យូ.អិន.អេច្ឆ.ស៊ី.អរ ចុះបញ្ជី​ទទួល​ស្គាល់ និង​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​មាន​សិទ្ធិ​រស់​នៅ ក្នុង​ជំរំ​នេះ​បាន៖ «ពេល​យើង​នៅ​ខៅអ៊ីដាង យើង​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ​ទាំង​ការ​អប់រំ ទាំង​សុខាភិបាល ចំណី​អាហារ គឺ​យើង​ហូប​មួយ​គ្រប់​គ្រាន់។ មិន​សល់ ហើយ​ក៏​មិន​ខ្វះ។ ទាំង​ស្បៀង​អាហារ​ទាំង​ទឹក​ទាំង​អី គឺ​មួយ​គ្រប់ ហើយ​ការ​អប់រំ គឺ​មិន​មាន​បង់​ប្រាក់​ទេ ទៅ​កន្លែង​ណា ក៏​យើង​អាច​រៀន​បាន ពី​មត្តេយ្យ​ក៏​បាន បឋម​ក៏​មាន ហើយ​ទៅ​វិទ្យាល័យ»។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ដែល យូ.អិន.អេច្ឆ.ស៊ី.អរ និង​កង​ការពារ​ថៃ ​មិន​ទាន់​បាន​ទទួល​ស្គាល់ គឺ​ជា​អ្នក​ខុស​ច្បាប់ មិន​មាន​ប័ណ្ណ​សម្គាល់​ខ្លួន និង​មិន​មាន​សិទ្ធិ​ទទួល​បាន​របប​អាហារ​ឡើយ។ អ្នក​ដែល​លប​ចូល​មក​រស់​នៅ​ដោយ​ខុស​ច្បាប់​ទាំង​នោះ ត្រូវ​រស់​នៅ​ដោយ​​ក្ដី​ព្រួយ​បារម្ភ​ជានិច្ច ព្រោះ​ខ្លាច​គេ​ចាប់​បញ្ជូន​ចេញ​ទៅ​ជំរំ​នានា វិញ។ ដូច្នេះ​ហើយ​ទើប​អ្នក​ទាំង​នោះ រួម​ទាំង​រូប​លោក ខូយ កុសល ផង ត្រូវ​រត់​ពួន​ក្នុង​ជញ្ជាំង​ភ្លោះ ឬ​ក្នុង​រូង​ក្រោម​ដី ពេល​ដែល​ទាហាន​ថៃ​ចុះ​ឆែក​ម្ដងៗ។ អ្នក​ខ្លះ​ស្លាប់​ពេល​រត់​ពួន​នោះ៖ «យើង​អត់​ច្បាប់​ពួន ជីក​ត្រង់សេ (រូង​ដី) នៅ​ក្នុង​ដី​ធ្វើ​បំពង់​ដក​ដង្ហើម​តាម​សសរ​ឫស្សី​ផ្ទះ​ហ្នឹង ចោះ​ឲ្យ​ប្រហោង​ទាំង​អស់ ដក​ដង្ហើម​តាម​ហ្នឹង ហើយ​ត្រង់សេ​បិទ​ដី​ឲ្យ​ជិត ហើយ​នៅ​ក្នុង​ហ្នឹង​ទៅ។ អ្នក​ដែល​មាន​របប គេ​មាន​សិទ្ធិ​រស់​នៅ​ស្រួល​របស់​គេ។ ប៉ុន្តែ​យើង​ដែល​ទើប​នឹង​មក មិន​អាច​រស់នៅ​បាន​ទេ។ រត់​ពួន​ទាហាន​ថៃ ព្រោះ​យើង​អត់​ច្បាប់ យើង​អត់​សិទ្ធិ​រស់នៅ។ រស់​នៅ​ផ្លាស់​យប់​ឡើង។ ថ្ងៃ​ក៏​មិន​ហ៊ាន​ដើរ នៅ​តែ​ក្នុង​ផ្ទះ​ក្នុង​ត្រង់សេ ទម្រាំ​តែ​គេ​បើក​របប​ឲ្យ ទើប​បាន​សិទ្ធិ​រស់នៅ។ នៅ​សម័យ​ឆ្នាំ ១៩៨៤​ហ្នឹង អ្នក​ខ្លះ​ងាប់​ក្នុង​ស៊ីទែន​ទឹក»។

នៅ​គ្រា​ដំបូងៗ ជំរំខៅអ៊ីដាង ក្រៅ​ពី​ជម្រក​ស្នាក់នៅ​របស់​ជន​ភៀស​ខ្លួន អង្គការ​អន្តរជាតិ​សម្រាប់​សង្គ្រោះ​បន្ទាន់ ដូច​ជា​គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) ក៏​បាន​បោះតង់​បង្កើត​មន្ទីរ​ពេទ្យ ដើម្បី​ជួយ​វះកាត់​អ្នក​ជំងឺ រង​របួស និង​សង្គ្រោះ​ជា​បន្ទាន់​ដែរ។ មិន​យូរ​ប៉ុន្មាន ជម្រក​សំពត់​កៅស៊ូ ក៏​ក្លាយ​ទៅ​ជា​ផ្ទះ​ធ្វើ​ពី​ដើម​ឫស្សី និង​ស្លឹក​ចាក​រាប់​ម៉ឺន​ខ្នង។ រី​ឯ​មន្ទីរពេទ្យ​នៅ​ក្រោម​សំពត់​តង់ ក៏​ក្លាយ​ទៅ​ជា​អាគារ​ឈើ​ប្រក់​ស័ង្កសី​ចាក់​បេតុង ក្លាយ​ជា​​មន្ទីរពេទ្យ​បង្អែក​រឹងមាំ​សម្រាប់​ទទួល​អ្នក​ជំងឺ​របួស​ដែល​គេ​បាន​បញ្ជូន​មក​ពី​ជំរំ​នានា នៅ​តាម​ព្រំដែន។ មន្ទីរពេទ្យ​នេះ​មាន​គ្រូពេទ្យ​​មក​ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ជប៉ុន ថៃ និង​បុគ្គលិក​ខ្មែរ​ជាង ១០០​នាក់។

ការ​រស់​នៅ​ក្នុង​ជំរំ​នេះ ជន​ភៀស​ខ្លួន​ខ្មែរ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) និង​ក្រសួង​មហាផ្ទៃ​ថៃ ទទួល​បន្ទុក​ការពារ​យ៉ាង​តឹងរ៉ឹង ដោយ​មាន​របង​លួស​បន្លា​ព័ទ្ធ​ហ៊ុំ​ជុំវិញ​ពីរ​ជាន់ និង​ដាក់​ទាហាន​ថៃ​ការពារ ដែល​ខុស​ពី​ជំរំ​ផ្សេង​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ។

លោក សុខ សារ៉ែន នៅ​ជំរំ​ខៅអ៊ីដាង អង្គការ​សហប្រជាជាតិ​​បាន​រៀបចំ​ឲ្យ​មាន​ទឹក​សម្រាប់​ប្រើប្រាស់ និង​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ភ្លើង​បំភ្លឺ និង​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង មាន​មន្ទីរពេទ្យ សាលារៀន ​វត្តអារាម និង​ស្ថាប័ន​ការងារ​រដ្ឋបាល​ជា​ដើម៖ «សេវា​សាធារណៈ ភ្លើង​នៅ​ក្នុង​ជំរំ​ក៏​មាន គ្រាន់​តែ​មិន​បាន​តាម​ផ្ទះ។ ប៉ុន្តែ​បើ​យើង​ដើរ​តាម​ផ្លូវ មាន​ភ្លើង​ភ្លឺ​ចិញ្ចាច​ដើរ​លេង​មួយ​សប្បាយ ហើយ​ផ្លូវ​ថ្នល់ យើង​ជិះ​កង់​មួយ​ស្រួល។ បើ​និយាយ​ទៅ យើង​រស់​នៅ​ទី​នោះ​មាន​សុវត្ថិភាព​ខ្ពស់ ទទួល​ការ​អប់រំ​បាន​ល្អ។ ការ​អប់រំ ក្រៅ​ពី​រៀន​ចំណេះដឹង​ទូទៅ យើង​មាន​សាលា​វិជ្ជាជីវៈ

ក្រៅ​ពី​មន្ទីរពេទ្យកាកបាទ​ក្រហម​អន្តរជាតិ អង្គការ​មនុស្សធម៌​មិនមែន​រដ្ឋាភិបាល​ជា​ដៃ​គូ​ជា​ច្រើន​ទៀត ក៏​ចូល​មក​ផ្ដល់​សេវា​ជួយ​ជនភៀសខ្លួន​ដែរ។

ចំណែក​លោកស្រី ស្ងួន គីម ថ្លែង​ថា ជីវិត​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំខៅអ៊ីដាង មិន​ត្រឹម​តែ​មាន​ជម្រក​សមរម្យ​ទេ គឺ​ថែម​ទាំង​បាន​ទទួល​របប​អាហារ​ហូបចុក​គ្រប់គ្រាន់ ដែល​អង្គការ​សហប្រជាជាតិ​ចែក​ឲ្យ​ជា​រៀងរាល់​សប្ដាហ៍៖ «ពួក​ខ្ញុំ​លែង​កម្សត់​ទៀត​ហើយ ព្រោះ​អី​គេ​ជួយ​ឧបត្ថម្ភ​ជីវភាព​រស់​នៅ តាំង​ពី​ថ្នាំ​លេប តាំង​ពី​ស្អី​សព្វ​គ្រប់​បែប​យ៉ាង យើង​រស់​បាន​ស្រួល។ គេ​រក​ការងារ​ឲ្យ យើង​ចង់​ធ្វើ​ការ​ងារ​អី​គេ​រក​ការងារ​ឲ្យ​យើង​ធ្វើ​ទៀត»។

ជំរំ​ខៅអ៊ីដាង ជា​កន្លែង​សម្រាប់​ជន​ភៀសខ្លួន​ខ្មែរ​រត់​គេច​ពី​ទុក្ខ​ភ័យ ហើយ​ក៏​ទី​សំចត​ក្នុង​ពេល​រង់ចាំ​ទៅ​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​ទី​បី ឬ​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ផ្សេងៗ ទៀត ដែល​សម្របសម្រួល​ដោយ UNHCR។ ប្រសិនបើ​គេ​គិត​ចាប់​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩២ មាន​ជន​ភៀសខ្លួន​ខ្មែរ​ប្រមាណ ២៣​ម៉ឺន ៥​ពាន់​នាក់(២៣៥.០០០​នាក់) បាន​ទៅ​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​ទី​៣ ដូច​ជា ​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង​បារាំង ជាដើម។ ភាគ​ច្រើន​បំផុត​នៃ​អ្នក​ទៅ​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​ទី​៣ ទាំង​នេះ គឺ​សុទ្ធ​តែ​បាន​ឆ្លងកាត់​តាម​ជំរំ​ខៅអ៊ីដាង​នេះ។

លោកស្រី ស្ងួន គីម នៅ​តែ​នឹក​ឃើញ​គុណ​អង្គការ​សហប្រជាជាតិ ដែល​បង្កើត​ជំរំ​សម្រាប់​ជនភៀសខ្លួន។

លោក សុខ សារ៉ែន ថ្លែង​ថា លោក​បាន​មក​លេង​កន្លែង​ដើម​នេះ ពីរ​លើក​​ហើយ គឺ​នៅ​ឆ្នាំ​២០១៥ និង​២០១៦ ព្រោះ​លោក​នៅ​តែ​នឹក​ឃើញ​ថា ជំរំខៅអ៊ីដាង គឺ​ជា​កន្លែង​ដែល​ផ្ដល់​ម្ហូប​អាហារ និង​ការ​គាំពារ​សុវត្ថិភាព​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ៖ «អ្វី​ដែល​ខ្ញុំ​ចងចាំ​មក​ដល់​សព្វថ្ងៃ គឺ​ការងារ​យើង​មើល បើ​និយាយ​ពី​ស្បៀង យើង​ហូប​មួយ​គ្រប់ ហើយ​បើ​និយាយ​ពី​ការ​អប់រំ​វិញ គឺ​ការ​អប់រំ​នោះ​មិន​ជា​ល្អ​ណាស់​ណា​ទេ ប៉ុន្តែ​សិស្ស​ចេះ។ បើ​ចង់​រៀង​អង់គ្លេស មាន​អង់គ្លេស បើ​បង់​រៀន​ផ្នែក ជេវីស៊ី (JVC) មាន​គ្រប់ តាំង​ពី​ស្អី​ក៏​មានហើយ​នៅ​ក្នុង​ការ​អប់រំ​ចំណេះ​ទូទៅ​វិញ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ក្រៅ​ពី​ការ​រៀន​គណិតវិទ្យា​អី​ហ្នឹង មាន​សេវា​សុខាភិបាល គេ​ពិនិត្យ​យើង។ និយាយ​ទៅ​ជំរំ​ផ្ដល់​ក្ដី​សុខសាន្ត​ដល់​យើង​មែន។ អ្នក​ទៅ​នៅ​អាមេរិក​អី គឺ​បាន​ដោយសារ​ជំរំ​ទេ បាន​មាន​ថ្ងៃ​ឥឡូវ​នេះ។ គិត​ទៅ​អង្គការ​សហប្រជាជាតិ គាត់​មាន​គុណ​បំណាច់​ខ្ពស់​បំផុត។ អស្ចារ្យ​មែន!»។

លោក និង​មិត្តភ័ក្ដិ​អតីត​ជន​ភៀសខ្លួន​ផ្សេង​ទៀត ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​រក្សា​ទី​នេះ​ជា​កន្លែង​សិក្សា​អំពី​ប្រវត្តិ​ជនភៀសខ្លួន​ខ្មែរ។ លោក​មិន​ចង់​ឲ្យ​ទីតាំង​នេះ​រលប់​បាត់​ទៅ​តាម​ព្រៃ​ដុះ​នោះ​ទេ៖ «អ៊ីចឹង​ជំរំ​ហ្នឹង​វា​យ៉ាង​ម៉េច យើង​ចង់​ឲ្យ​មាន​ការ​ថែទាំ​ដូច​ជា​ស្ថានីយ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ជនភៀសខ្លួន។ មាន​អ្នក​ខ្លះ​គេ​មក​ពី​ប្រទេស​ក្រៅ គេ​ចំណាយ​លុយ គេ​មក​មើល​កន្លែង​ដែល​គេ​ធ្លាប់​រស់​នៅ។ ថៃ​ក៏​បាន​ចំណេញ​ដែរ ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ទៅ​លេង យើង​ត្រូវ​បង់​សេវា យើង​ត្រូវ​ជួល​ឡាន យើង​ត្រូវ​ទិញ​ម្ហូបអាហារ ហើយ​អនាគត​ទៅ មិន​មែន​ត្រឹម​តែ​មនុស្ស​មួយ​ក្រុម​ទេ គឺ​មនុស្ស​ចង់​ចូល​ម៉ឺន​នាក់​នៅ​ជំរំ ត្រូវ​មាន​កូន​គាត់ គាត់​ទៅ​នៅ​ប្រទេស​ក្រៅ មាន​ចៅ ពេល​និយាយ​ត​គ្នា​ទៅ អ៊ីចឹង​ពួក​ទាំង​អស់​នោះ​មក​លេង​កន្លែង​ហ្នឹង ព្រោះ​គេ​ចង់​ឃើញ​ណាស់»។

ជំរំខៅអ៊ីដាង ត្រូវ​បាន​បិទ​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៩៣ គឺ​បន្ទាប់​ពី​ក្រុម​ជន​ភៀសខ្លួន​ខ្មែរ ១៩៩​នាក់​ចុង​ក្រោយ ចាកចេញ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

ចំណែក​លោកស្រី ស្ងួន គីម គឺ​ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចាកចេញ​ក្រោយ​គេ​នោះ។ លោកស្រី​មាន​ប្រសាសន៍​ថា ហេតុផល​ដែល​លោកស្រី​ចាកចេញ​ទៅ​ក្រោយ​គេ​ពេល​នោះ គឺ​ព្រោះ​មិន​ចង់​វិល​ទៅ​ស្រុក​ខ្មែរ​វិញ៖ «ខ្ញុំ​ក្រាញ​ថា អត់​ទៅ​ស្រុក​ខ្មែរ​ដាច់ខាត។ ថា​បើ​គេ​ដឹក​មក​ប្រទេស​ទី​៣ អាមេរិក​អី​ហ្នឹង គឺ​មក​ហើយ ឬ​ប្រទេស​ណា​ក៏​បាន​ដែរ ឲ្យ​តែ​បាន​ចេញ។ ប៉ុន្តែ​ពេល​ហ្នឹង គេ​សរសេរ​ប៉ាយ​ធំៗ ដាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ទី​នោះ គេ​ស្ម័គ្រ​ចិត្ត​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​នៅ​ប្រទេស​ខ្លួន​វិញ។ បើ​គេ​ដាក់​អ៊ីចឹង​ហើយ យើង​មិន​ទៅ? ពួក​កាសែត​ចូល​អត់​បាន​ទេ កាល​នោះ»។

ចាប់​តាំង​ពី​ក្រុម​ជន​ភៀសខ្លួន​ចុង​ក្រោយ ១៩៩​នាក់ ចាកចេញ​មក អតីត​ជំរំ​ជនភៀសខ្លួន​ខៅអ៊ីដាង​នេះ ក៏​ក្លាយ​ទៅ​ជា​ព្រៃ​ភ្នំ​ស្ងាត់​ជ្រងំ​ដូច​ដើម​វិញ។ បន្ទាប់​ពី​បាន​បិទ​ទាំង​ស្រុង​អស់​រយៈ​ពេល ១៣​ឆ្នាំ អតីត​ជំរំខៅអ៊ីដាង ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​បណ្ដុះ​កូន​ឈើ និង​ជា​មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ជន​ភៀសខ្លួន​ខ្មែរ ក្នុង​អំឡុង​ទសវត្ស ៧០ និង៨០។

បច្ចុប្បន្ន មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ជន​ភៀសខ្លួន​ខ្មែរ ខៅអ៊ីដាង មាន​តម្កល់​រូបថត​ និង​ឯកសារ​ពាក់ព័ន្ធ​នានា សម្រាប់​អ្នក​ទៅ​ស្វែង​យល់​អំពី​ជនភៀសខ្លួន​ខ្មែរ និង​អតីត​ជំរំ​នេះ។ ទីតាំង​ខ្លះ ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​សម្គាល់។ នៅ​ក្នុង​ព្រៃ ក៏​មាន​បន្សល់​ទុក​ស្លាកស្នាម​ទីតាំង និង​បំណែក​របស់របរ ដែល​ជនភៀសខ្លួន​ខ្មែរ​ធ្លាប់​ប្រើប្រាស់ ដូច​ជា​អាង​ទឹក បំណែក​ពាង​ទឹក គ្រឿង​ចាន​ឆ្នាំង និង​គុម្ព​ផ្កា​ជា​ដើម៕