ជ័យវរ្ម័នទី៩
ព្រះបាទជ័យវរ្ម័នទី៩ (សីហនុរាជ) | |||||
---|---|---|---|---|---|
ព្រះបាទជយវម៌បរមេស្វរៈ | |||||
រជ្ជកាល | គ.ស ១៣២៧-១៣៣៦ | ||||
រាជ្យមុន | ព្រះបាទឥន្ទ្រវរ្ម័នទី៤(ព្រះបាទសែណ្ណ័ករាជ) | ||||
រាជ្យបន្ត | ព្រះបាទអង្គជ័យ | ||||
ស្វាមី/មហេសី | ព្រះនាងអ៊ឹង | ||||
បុត្រ | ព្រះនាងច័ន្ទតារាវត្តី | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទឝ្រីន្ទ្រជយវម៌្ម (ព្រះបាទសែណ្ណ័ករាជ ) | ||||
មាតា | ព្រះនាងយស | ||||
ប្រសូត | គ.ស ១២១៩ មហានគរ | ||||
សុគត | គ.ស ១២៩០ ឬ ១៣៣៦ ខេត្តសំរោងទង ទួលចាក់ស្ដេច |
ព្រះបាទជ័យវរ្ម័នទី៩ នៅ ឯកសារមហាបុរសខ្មែរ គឺ ព្រះបាទសីហនុរាជ ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹក ហើយគឺប្រហែលជាព្រះរាជាខ្មែរសម័យអង្គរចុងក្រោយបង្អស់ ដែលទ្រង់យកព្រះនាមវរ្ម័ន មកប្រើនេះផងដែរ។[១]
បន្ទាប់ពីរាជ្យរបស់ព្រះបាទព្រះបាទឥន្ទ្រវរ្ម័នទី៤ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម សីហនុ បានឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទជ័យវរ្ម័នទី៩ នៅក្នុងឆ្នាំ១៣២៧ នៃគ្រិស្ដសករាជ។ ព្រះបាទជយម៌ាទិបរមេស្វរៈ បានឡើងគ្រងរាជ្យសម្បត្តិនៅរាជធានីអង្គ នៅឆ្នាំ១៣២៧រ។ គេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៩ នៅអង្គរពិតប្រាកដទេ តែគេអាចដឹងបានថា គឺព្រះបាទជ័យវរ្ម័នទី៩ នេះហើយ ដែលបញ្ជូនទូតទៅប្រទេសចិន នៅឆ្នាំ១៣៣០ និងបានចាត់គណៈប្រតិភូមួយ អោយទៅធ្វើវន្ទនកិច្ចចំពោះប្រទេសដៃវៀត នៅច្រកភ្នំកឿវ៉ៅ នៅឆ្នាំ១៣៣៥ នៃគ្រិស្ដសករាជ។
ព័ត៌មានទាក់ទងនឹងព្រះអង្គតាមសិលាចារឹកចំនួន២ផ្ទាំងគឺ សិលាចារឹកប្រាសាទបាយ័ន ជាភាសាខ្មែរបុរាណ និងសិលាចារឹកនៅប្រាសាទអង្គរវត្តជាភាសាសំស្រ្កឹត។ សិលាចារឹកនេះជាស្នាដៃរបស់ព្រាហ្មណ៍ វិទ្យេសធីម័ន្ត ហើយជាសិលាចារឹកសំស្រ្កឹតចុងក្រោយបង្អស់។ សិលាចារឹកនេះពោរពេញដោយគំនិតសិវនិយម សិលាចារឹកបានបង្ហាញឱ្យឃើញថា ទោះបីព្រះពុទ្ធសាសនាថេរវាទបានរីកសុះសាយណាស់ទៅហើយ ក៏ព្រាហ្មណ៍សាសនាត្រូវបានទទួលសេចក្តីអនុគ្រោះពីព្រះមហាក្សត្រនៅឡើយ[២]។ ព្រះបាទជ័យវរ្ម័នទី៩ មានបច្ឆាមរណនាមថា ជយវម៌បរមេស្វរៈ[៣]។
ឯកសារមហាបុរសខ្មែរ[កែប្រែ]
ព្រះបាទសីហនុរាជ (គ.ស ១២១៩-១២៩០) រជ្ជកាល (គ.ស ១២៣៨-១២៩០) ក្រោយដែលស្ដេចពាល ឬព្រះបាទសែណ្ណ័ករាជ(ព្រះបាទឝ្រីន្ទ្រជយវម៌្ម) ព្រះមហាក្សត្រខ្មែរទី២៣ បានចូលទិវង្គត ព្រះរាជបុត្រព្រះនាមសីហនុកុមារបានឡើងសោយរាជ្យបន្ដ។ ថ្ងៃ ១រោច ខែបុស្ស ឆ្នាំច ព.ស ១៧៨២ ត្រូវជាម.ស១១៦០ ច.ស ៦០០ និងត្រូវជាគ.ស ១២៣៨ ព្រះសីហនុកុមារបានទទួលព្រះរាជាភិសេក ជាព្រះមហាក្សត្រខ្មែរទី២៤។ កាលនោះព្រះអង្គមានព្រះជន្ម ១៩វស្សា។ ព្រះបរមនាមរបស់ព្រះអង្គគឺ ព្រះបាទសម្ដេច ព្រះសីហនុ មហារាជាធិរាជ រាមាធិបតី។ ព្រះអង្គទ្រង់គង់នៅព្រះបរមរាជវាំងមហានគរ។ ព្រះបាទសីហនុរាជ ព្រះមហាក្សត្រខ្មែរទី២៤ បានសុគតនៅឆ្នាំខាលក្នុងព្រះជន្ម ៧១ វស្សា។ ព្រះអង្គសោយរាជសម្បត្តិប្រទេសកម្ពុជាបានចំនួន ៥៣ ឆ្នាំ។
ប្រវត្តិ[កែប្រែ]
ពង្សាវតារសម្ដេចវាំងជួនបានសរសេរបន្ដទៅទៀតថាក្នុងឆ្នាំរោង ជាមួយនិងព្រះនាងយស ព្រះសែណ្ណ័ករាជបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសីហនុកុមារ។ ព្រះសីហនុកុមារធំឡើងកាលណា សប្បាយចូលចិត្ដចិញ្ចឹមរុយក្បាលខៀវ។ ឯកូនបុរោហិត អ្នកបម្រើរួមល្បែង និងនាំលេងកំសាន្ដ ដែលមានអាយុប្រហាក់ប្រហែលគ្នា ចិញ្ចឹមពីងពាងសម្រាប់ធ្វើជាល្បែង។ ថ្ងៃមួយ ក្មេងទាំងពីរដែលកំពុងលេងសប្បាយ បានយករុយក្បាលខៀវ និងសត្វពីងពាងទៅដាក់ជាមួយគ្នា។ ពេលនោះ ស្រាប់តែពីងពាងស្ទុះទៅត្របាក់ខាំស៊ីរុយនោះជាចំណី ឃើញរុយរបស់ខ្លួនងាប់បាត់ដូច្នោះ ព្រះរាជបុត្រសីហនុកុមារក៏យំរំអុកបោកខ្លួនប្រាណ រនៀលដេកនឹងដី ហើយស្រែកទាមទារ ឲ្យគេរករុយក្បាលខៀវមកសង។ ស្រីមីនុំមីនាងបរិវារទាំងប៉ុន្មាន ព្រមទាំងកូនបរោហិតភ័យស្លន់ស្លោគ្រប់គ្នា ខំដើររកចាប់រុយមកសងកូនស្ដេច។ តែព្រះសីហនុនៅតែមិនព្រម ហើយខំស្រែកយំចំទាលមិនព្រមឈប់ ពីព្រោះរុយ ដែលគេនាំគ្នាចាប់បានយកមកសងទាំងប៉ុន្មាន មិនដូចរុយរបស់ខ្លួន។ ទោះបីជាមនុស្សម្នាជុំទិសទី នាំគ្នានិយាយពន្យល់អង្វរករ លួងលោមដូចម្ដេចក៏ដោយ ក៏ព្រះសីហនុកុមារមិនសុខចិត្ដជាដាច់ខាត ហើយរឹងរឹតតែយំខ្លាំងឡើង មិនព្រមឈប់ឈរ។
យល់ឃើញហេតុការណ៍មិនស្រួលដូច្នេះ ពួកមីនុំមីនាងនាំគ្នារត់យករឿងរ៉ាវនេះទៅពិតទូលថ្វាយព្រះសែណ្ណ័ករាជជាឪពុកតាមដំណើរដើមទង។ ព្រះមហាក្សត្រខ្មែរព្រះសែណ្ណ័ករាជ] ដែលអាងខ្លួនជាស្ដេច ហើយដោយហេតុតែស្រឡាញ់កូនពេក មិនបានត្រិះរិះគិតគូរពិចារណាអ្វីឲ្យបានម៉ត់ចត់ល្អិតល្អន់ ឡើយ។ ព្រះអង្គបណ្ដោយខ្លួនឲ្យលង់លុះទៅតាមភ្លើងកំហឹង ក្រេវក្រោធ ហើយបញ្ជាឲ្យសេនាអាមាត្យ ចាប់យកកូនបុរោហិតទៅជាន់ជ្រមុជក្នុងទឹកទន្លេសាប លុះត្រាតែកុមារនោះរលត់បាត់ដង្ហើមស្លាប់។
បុរោហិតជាឪពុក ឃើញដូច្នោះ ទាល់ប្រាជ្ញ មិនដឹងជារកវិធីណាដើម្បីជួយជីវិតកូនបានឡើយ ក្រៅអំពីសម្រក់ទឹកភ្នែកពីរនាក់ប្រពន្ធ ទូលទុក្ខរីងរៃ ឈឺចុកចាប់ខ្លោចផ្សាឥតឧបមា រកនិយាយអ្វីក៏ពុំរួច។ យល់ជាក់ច្បាស់ថាស្ដេចជាមនុស្សព្រៃផ្សៃឃោរឃៅ គ្មានយុត្ដិធម៌ មិនបំពេញតួនាទីជាព្រះមហាក្សត្រ ហើយជឿជាក់ថា មិនអាចនៅបម្រើទៅមុខទៀតបាន បុរោហិតក៏សម្រេចចិត្ដនាំប្រពន្ធកូនក្រុមគ្រួសារ ធ្វើដំណើរចាកចេញពីស្រុកខ្មែរ ទៅរស់នៅឯស្រុកយោនក្ក ឬប្រទេសលាវសព្វថ្ងៃនេះ គឺនៅឆ្នាំវក ព.ស ១៧៦៨ ត្រូវជា ម.ស ១១៤៦ ច.ស ៩៨៦ និងត្រូវជាគ.ស ១២២៤។ ក្នុងគ្រាជាមួយគ្នានោះដែរ ក្រុមបុរោហិតទាំងឡាយ ដែលជាអ្នកបម្រើកិច្ចការនគរ ដោយការក្ដៅក្រហាយ មិនពេញចិត្ដនឹងអំពើបំពារបំពាន ខុសច្បាប់ក្រឹត្យវិន័យជាព្រះមហាក្សត្រ របស់ព្រះសែណ្ណ័ករាជ យល់ឃើញថាមិនអាចទ្រាំទ្ររស់នៅប្រទេសកម្ពុជា ក្រោមអំណាចស្ដេចនេះបានឡើយ។ គេបានមូលមតិគ្នា សម្រេចចិត្ដប្រមែប្រមូលដឹកជញ្ជូនក្រុមញាតិគ្រួសារ និងក្បួនគម្ពីរសិល្ប៍សាស្ដ្រចំណេះចេះដឹង ទាំងប៉ុន្មានចុះសំពៅធ្វើដំណើរចាកចេញចោលព្រះមហានគរទៅរស់នៅឯនគរពារាណសី (ទីក្រុងបេណរ៉េស ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃ)។
អំពើសាហាវយង់ឃ្នង និងមិនគោរពច្បាប់វិន័យជាព្រះមហាក្សត្ររបស់ស្ដេចអង្គនេះ មិនមែនធ្វើឲ្យតែប្រជាជនខ្មែរ មនុស្សលោកក្ដៅក្រហាយប៉ុណ្ណោះទេ សូម្បីតែទេវតា ឥន្ទ្រ ព្រហ្ម និងស្ដេចភុជង្គនាគ ក៏អត់ធ្មត់បិទភ្នែកមិនកើតដែរ។ ស្ដេចភុជង្គនាគ ដែលធ្លាប់បាននាំពលសេនាបឺតបូមទឹកសមុទ្រធ្វើឲ្យរីងខះគោក ក្លាយទៅជាដីនគរខ្មែរ សម្រាប់ទុកជាចំណងដៃថ្វាយសម្ដេចព្រះកុម៉ែរាជ ព្រះមហាក្សត្រទី១ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចំពោះអាកប្បកិរិយាប្រាសចាកសីលធម៌របស់ស្ដេចខ្មែរ ដែលមានចិត្ដកាចសាហាវ ហ៊ានបង្គាប់ឲ្យយកកូនក្មេងមិនដឹងក្ដីតូចមួយ ទៅជាន់ជ្រមុជទឹកសម្លាប់ចោល។ ស្ដេចភុជង្គនាគព្រះអង្គក៏បញ្ចេញមហិទ្ធិឫទ្ធិ ឥទ្ធិពលបង្កបង្កើតធ្វើឲ្យមានភ្លៀង ខ្យល់ ព្យុះសង្ឃរា ទឹកជំនន់បោកបក់យ៉ាងខ្លាំងមកលើនគរខ្មែរ។ ប្រទេសខ្មែរទាំងមូលត្រូវទឹកជន់លិចពាសពេញ។ ប្រជានុរាស្ដ្រខ្មែរជាច្រើនត្រូវលង់ទឹកស្លាប់ ត្រូវព្រាត់ប្រាសប្ដីប្រពន្ធកូនចៅក្រុមគ្រួសារ ហើយជួបប្រទះតែភ័យន្តរាយ ចលាចល ក្រខ្សត់តោកយ៉ាក រងទុក្ខវេទនា អត់បាយអត់ទឹក គ្មានផ្ទះសម្បែងលំនៅស្ថាន និងមានជំងឺមិនស្រាកស្រាន្ដ។
ឯកសារខ្លះបានសរសេរថា ព្រះសែណ្ណ័ករាជ ដែលត្រូវបរទេសលួចប្លន់យកអស់របស់ស័ក្ដិសិទ្ធិ និងសម្បត្ដិទ្រព្យក្នុងនគរ តូចចិត្ដឥតឧបមាហើយបានចូលទិវង្គតនាគ្រាដែលកើតមានមហាមហន្ដរាយនោះ ។ សាកសពព្រះអង្គត្រូវព្រះរាជបុត្រដង្ហែយកមកនគរធ្វើបុណ្យថ្វាយតាម ប្រពៃណី។ តែពង្សាវតារខ្លះទៀត ដូចជាពង្សាវតាររបស់គណៈកម្មការសម្ដេចសង្ឃនាយកទៀង និងវត្តទឹកវិល បានសរសេរថាព្រះរាជបុត្រអង្គនេះ បានសុគតមុនឪពុកទៅវិញ។ ក្នុងឆ្នាំកុរ ច.ស ៦៣៧ ជាមួយនិង[ព្រះនាងអ៊ឹង ព្រះអង្គបានមានបុត្រីមួយព្រះអង្គ ព្រះនាមច័ន្ទតារាវត្តី។
តាត្រសក់ផ្អែម[កែប្រែ]
នៅក្នុងរាជ្យព្រះបាទសីហនុរាជនេះហើយដែលព្រឹត្ដិការណ៍តាត្រសក់ផ្អែមបានផ្ទុះកើតមានឡើង។ ព្រះរាជវង្សក្សត្រខ្មែរសម័យអង្គរត្រូវចប់នៅពេលនេះ ហើយព្រះរាជសន្ដតិវង្សព្រះមហាក្សត្រខ្មែរមួយទៀតបានឡើសោយរាជសម្បត្តិប្រទេសកម្ពុជារៀងរហូតមកដល់បច្ចុប្បន្ន។ ព្រឹត្ដិការណ៍នេះបានញ៉ាំងឲ្យអ្នកប្រវត្ដិវិទូខ្មែរ និងបរទេសតែងបែងចែកប្រវត្ដិសាស្ដ្រខ្មែរជាពីរចំណែកៈ សម័យអង្គរ និងសម័យក្រោយអង្គរ ដែលផ្ដើមពីរាជ្យស្ដេចត្រសក់ផ្អែម។
ថ្ងៃមួយ ក្របីបានដើរចូលមកស៊ីចម្ការត្រសក់ផ្អែមពញាជ័យ និងពញាសួស។ ឃើញដូច្នោះ ចៅតា ឬនាយត្រសក់ផ្អែមក៏ឆក់យកដុំថ្មដែកដែលឪពុកបានចងដៃ គប់ចោលទៅលើក្របី។ រំពេចភ្លាមនោះ ក្របីក៏ដួលងាប់នៅនឹងកន្លែង ដោយសារដុំថ្មដែកបុកប៉ះចំឆ្អឹងជំនី ធ្លាយពីម្ខាងទៅម្ខាង។ ម្ចាស់ក្របីក៏យករឿងនេះទៅប្ដឹងដល់ចៅក្រម ឲ្យជួយវិនិច្ឆ័យរកយុត្ដិធម៌ និងបង្ខំនាយត្រសក់ផ្អែមឲ្យសងក្របីវិញ។ នាយត្រសក់ផ្អែមដោះសាថា នាយគ្មានបំណងនឹងសម្លាប់ក្របីនោះទេ នាយគ្រាន់តែដេញ និងចោលដុំថ្មកំញើញប៉ុណ្ណោះ។ ហើយក្របីដែលត្រូវធ្លាយឆ្អឹងជំនីងាប់នោះ គឺបណ្ដាលមកពីកម្មរបស់វាពីជាតិមុនតែប៉ុណ្ណោះ។ ចៅក្រមបង្គាប់ឲ្យនាយត្រសក់ផ្អែមសងក្របីវិញ។ តែនាយមិនព្រម ហើយសុំតវ៉ាឡើងទៅថ្នាក់លើទៀត។
ដោយបញ្ហាចោទប្រកាន់ និងដោះសា ពិបាកស្មុគស្មាញពេក ចៅក្រម និងនាម៉ឺនមន្ដ្រីមិនហ៊ានកាត់សេចក្ដីសំណុំរឿងនេះឡើយ ហើយក៏លើកទៅទូលថ្វាយព្រះរាជាឲ្យសម្រេច។ ព្រះមហាក្សត្រព្រះសីហនុរាជទ្រង់បញ្ជាឲ្យនាម៉ឺនអាមាត្យរៀបធ្វើការ ពិសោធន៍ ជីកអន្លង់ ហើយយកខ្មោចក្របី (ពង្សាវតារវត្ដទឹកវិលបញ្ជាក់ថា គឺក្របីរស់ទេ ដែលស្ដេចបានយកមកពិសោធ) មកចងភ្ជាប់នឹងបង្គោលឈើ។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យនាយត្រសក់ផ្អែមយកដុំថ្មដែក គប់ទៅលើពោះក្របី ពោះក្របីក៏ត្រូវធ្លាយពីម្ខាងទៅម្ខាងដូចលើកមុនមែន។ ព្រះមហាក្សត្រឃើញហេតុការណ៍ដ៏អស្ចារ្យ កើតមានដូច្នេះ ក៏កាត់សេចក្ដីឲ្យនាយត្រសក់ផ្អែមរួចខ្លួន ដោយមានបន្ទូលថា “នេះជាកម្មពីអតីតរបស់សត្វក្របី”។
ព្រះមហាក្សត្រ ដែលបានភ្លក់ត្រសក់ពញាជ័យពញាសួស បានស្គាល់រសជាតិថាផ្អែមឆ្ងាញ់ពិសា ខុសពីត្រសក់ធម្មតាមែន។ ចាប់ពីថ្ងៃនោះមក ព្រះអង្គបង្គាប់ឲ្យបងប្អូនទាំងពីរនាក់បេះត្រសក់យកមកថ្វាយព្រះអង្គតាមរដូវ។ ព្រះអង្គបានដាក់ងារឲ្យថា នាយត្រសក់ផ្អែម ទទួលបេសកកម្មដាំថែរក្សាការពារ និងបេះត្រសក់ផ្អែមសម្រាប់ព្រះមហាក្សត្រ។ ព្រះអង្គបានបង្គាប់ ពួកក្រុមជាងស្មិត ឲ្យយកដុំថ្មដែកនោះ សិតធ្វើជាលំពែង ហើយប្រគល់ទៅនាយត្រសក់ផ្អែមទុកចាំយាមការពារចម្ការ។ ព្រះអង្គថែមទាំងបញ្ញត្តិប្រកាសផ្ដល់អំណាចដល់នាយត្រសក់ផ្អែម អាចប្រហារជីវិតជនណា ឬសត្វណាដែលហ៊ានចូលមកឈ្លានពានស៊ីចម្ការ និងលួចត្រសក់ផ្អែមដោយគ្មានទោសពៃរ៍អ្វីទាំងអស់។ បទបញ្ជាស្ដេចនេះ នាម៉ឺនមន្ដ្រីតូចធំ និងប្រជានុរាស្ដ្រជិតឆ្ងាយដឹងឮគ្រប់ៗគ្នា។
ថ្ងៃមួយ មិនដឹងពិភាល់មកអំពីហេតុអ្វី ស្រាប់តែព្រះបាទសីហនុរាជបញ្ជាឲ្យសព្វមុខមន្ដ្រីពលសេនា បរិវាររៀបចំក្បួនដង្ហែព្រះអង្គទៅក្រសាលលំហែកាយតាមព្រៃភ្នំ ក្នុងខេត្ដសំរោងទង ហើយបានឈប់បោះពន្លាជ័យនៅម្ដុំខាងជើងចម្ការត្រសក់នាយត្រសក់ផ្អែម។ នៅគង់ប្រថាប់លេងទីនេះ ស្រាប់តែព្រះអង្គកើតមានចិត្ដមន្ទិលសង្ស័យ មិនអស់ចិត្ដនឹងការស្មោះត្រង់របស់នាយត្រសក់ផ្អែម ខ្លាចក្រែងនាយបេះត្រសក់យកទៅលក់ដូរឲ្យអ្នកផ្សេងដទៃ។ ពេលយប់ ព្រះសីហនុរាជនាំមហាត្លឹកជំនិតពីរនាក់ទៅជាមួយ ដើម្បីស៊ើប លបលួចចូលក្នុងចម្ការត្រសក់ រង់ចាំមើលកាយវិកានាយត្រសក់ផ្អែម។ ព្រះអង្គចូលទៅដល់ទួលមួយក្នុងចម្ការ។ គ្រានោះ នាយត្រសក់ផ្អែមមិនទាន់ដេកលង់លក់នៅឡើយទេ។ នាយកំពុងលេងភ្លេងលំហែកាយ។ ទោះជាកំពុងលេងភ្លេងក៏ដោយ ក៏ភ្នែកនាយរំពៃមើលយាមចម្ការត្រសក់ដែរ។ ភ្លាមនោះ នាយមើលឃើញស្រមោលមនុស្ស កំពុងតែដើរលបលួចចូលក្នុងចម្ការ។ ស្មានថាចោរ មិនបង្អង់យូរនាយត្រសក់ផ្អែមចាប់យកលំពែងគប់ចោលភ្លែត សំដៅស្រមោលនោះ។ ផ្លែលំពែងបានបុកទម្លុះធ្លាយចំដើមទ្រូងស្ដេចសីហនុ សុគតក្នុងពេលនោះភ្លាមទៅ។ នាយត្រសក់ផ្អែមឃើញមនុស្សដេកដួលស្លាប់នៅនឹងកន្លែង ក៏យកភ្លើងមកឆ្លុះមើល។ ស្រាប់តែនាយឃើញជាក់ច្បាស់ថា ចោរនោះ គ្មាននណាក្រៅពីស្ដេចឡើយ។ នាយភ័យតក់ស្លុតឥតឧបមា ស្រែកដង្ហោយយំនឹកស្រណោះព្រះករុណា។ កន្លែងដីទួលដែលតាត្រសក់ផ្អែមចាក់សម្លាប់ស្ដេចបានជាប់ឈ្មោះជារៀងរហូតមកថា ទួលចាក់ស្ដេច។
មហាត្លឹក ទាំងពីរឃើញដូច្នោះភ័យស្លន់ស្លោរត់ប្រាសយករួចខ្លួន ហើយយករឿងរ៉ាវព្រឹត្ដិការណ៍ទាំងប៉ុន្មានទៅប្រាប់អស់គ្រប់នាម៉ឺន មុខមន្ដ្រីតូចធំក្នុងនគរ។ នាម៉ឺនមុខមន្ដ្រីតូចធំគ្រប់ជាន់ថ្នាក់ ក្រុមបុរោហិត ហោរា និងអាចារ្យ ដែលដង្ហែតាមស្ដេច បាននាំគ្នាទៅដល់ទីកន្លែងស្ដេចសុគត ឃើញពិតដូចដែលអាមាត្យបានអធិប្បាយ។ អ្នកទាំងនោះប្រជុំពិភាក្សាវែកញែកប្ដូរយោបល់គ្នាទៅ យល់ឃើញថា នេះជាកម្មរបស់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ កម្មនេះ បាននាំឲ្យព្រះអង្គគិតយល់ខុស ហើយដែលជាហេតុបណ្ដាលឲ្យព្រះអង្គអស់ព្រះជន្ម។ ដូច្នេះគេមិនអាចទម្លាក់កំហុសទៅលើនាយត្រសក់ផ្អែមបានឡើយ។
នាម៉ឺនមន្ដ្រីទាំងអស់បានកត់សំគាល់ថា ព្ររាជវង្សព្រះមហាក្សត្រព្រះសីហនុត្រូវចប់ ដោយគ្មានអ្នកស្នងរាជ្យបន្ដហើយក៏មូលមតិគ្នា យល់ថានាយត្រសក់ផ្អែមជាមនុស្សមានបុណ្យធំអស្ចារ្យ មានដូចកាលរឿងសម្លាប់ក្របី ជាភ័ស្ដុតាង។ ដូចនេះគួរថ្វាយរាជសម្បត្តិនគរខ្មែរដល់តាត្រសក់ផ្អែម។ ព្រឹកព្រហាម នាម៉ឺនមុខមន្ដ្រីតូចធំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមបរោហិត ហោរា និងអាចារ្យ បាននាំគ្នារៀបចំក្បួនមកដង្ហែសុំយាងតាត្រសក់ផ្អែមឲ្យឡើង សោយរាជ្យ។ តែ តាត្រសក់ផ្អែមមិនព្រមទទួល ពីព្រោះកាលណាឡើងធ្វើស្ដេចទៅរស់នៅក្នុងវាំង គាត់លែងបានជួបជុំមិត្ដភ័ក្ដិ លែងបានលេងភ្លេង ប្រគំតូរ្យតន្ដ្រីលែងបានស្ដាប់សំឡេងគោក្របី បក្សាបក្សី ហ៊ីង កង្កែប យំទៀតហើយ។ នាម៉ឺនមន្ដ្រីទាំងឡាយនាំគ្នាអង្វរករ ហើយសន្យាថា នឹងរៀបចំឲ្យមានប្រគំភ្លេងតូរ្យតន្ដ្រី រៀងរាល់ថ្ងៃ រាល់ពេលវេលា នៅក្នុងបរមរាជវាំង។
ឯកសារយោង[កែប្រែ]
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
ឯកសារយោង[កែប្រែ]
- ↑ ជុន ច័ន្ទបុត្រ, ព្រឹត្តិការណ៍ដណ្ដើមរាជ្យពីសំណាក់កូនប្រសារបស់ព្រះបាទជ័យវរ្ម័នទី៨ (ភាគ១៨), RFA.org
- ↑ សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី១៧៦
- ↑ ច្បាប់ចម្លងប័ណ្ណសារ Archived from the original on 2021-06-02
មុនដោយ ព្រះបាទឝ្រីន្ទ្រជយវម៌្ម(សែណ្ណ័ករាជ) |
មហានគរ | តដោយ ព្រះបាទអង្គជ័យ |