ដុតឲ្យខ្លោចរោចឲ្យឆៅ
ពន្យល់ពាក្យ
[កែប្រែ]មានពាក្យសំខាន់ចំនួន ៤ ម៉ាត់ដែលយើងត្រូវពន្យល់ឲ្យបានច្បាស់ជាមុន រួចសឹមយើងពិនិត្យមើលអត្ថន័យរបស់សំនួនវោហាសព្ទទាំងមូល ។ ដុត គឺជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យក្តៅ, ធ្វើឲ្យឆេះដោយភ្លើង ឧទាហរណ៍ ដុតគំនរសំរាម, កុំដុតព្រៃ ។ នៅក្នុងន័យម្យ៉ាងទៀត ដុត ប្រែថាធ្វើឲ្យក្តៅចិត្តដោយអាការណាមួយ ឧទាហរណ៍ ពីយប់មិញ វាមកដុតឯងទៀត ។ យើងអាចយកពាក្យ ដុត ទៅប្រើជាគុណនាមក៏បាន ដូចជាពាក្យថា ត្រីដុត, ដំឡូងដុត មានន័យថា ត្រី ឬ ដំឡូងដែលគេដុតហើយ ។
ខ្លោច គឺជាគុណនាម មានន័យថា ដែលឆ្អិនមិនស្រួលមិនល្អដោយដុត, ដោយអាំង, ដោយលីង, ដោយរោលមិនស្រួល ភ្លើងឆេះតែខាងក្រៅ មិនឆ្អិនខាងក្នុង ឬឆេះទាំងក្នុងទាំងក្រៅ ឧទាហរណ៍ បាយខ្លោច, ត្រីខ្លោច ជាដើមី ។ ម្យ៉ាងទៀត ខ្លោច ក៏ត្រូវបានគេយកទៅប្រើសំដៅន័យថា ដែលអាណិតយ៉ាងខ្លាំង ឧទាហរណ៍ អាណិតខ្លោចចិត្ត ហើយពាក្យ ខ្លោចផ្សា គឺសង្រេងសង្រៃខ្លាំងហាក់ដូចជាឆេះខ្លោចហើយផ្សាក្នុងចិត្ត ។
រីឯពាក្យ រោច គឺជាការប្រើក្លាយមកពីពាក្យថា រុក ដើម្បីធ្វើសំនួនវោហាសព្ទមានសំនៀងចួនរណ្តុំ ។ ពាក្យ រោច ឬ រុក គឺជាកិរិយាសព្ទ មានន័យថា បុកចូល, រុល, សំរុក, ត្រសុល ឧទាហរណ៍ យករបុករុករន្ធ, ដើររុកព្រៃ, រុកចូលក្នុងព្រៃជ្រៅ ។ ន័យម្យ៉ាងទៀត រុក មានន័យថា និយាយផ្ចញ់ឬស្ទាក់ផ្លូវស្ទាក់ដំណើរឲ្យគាំងឆ្លើយតបតមិនរួច ឧទាហរណ៍ រុកតែមួយម៉ាត់ពីរទៅនៅស្ញេញ ។ ពាក្យ រុករាន មានន័យថា រុកទន្ទ្រានចូលរានយកទី ឧទាហរណ៍ ដើររុករាន គឺការដើរទន្ទ្រានចូលឥតក្រែង ។ ចំណែកឯពាក្យថា បុករុក មានន័យថា រុកខ្លាំងរឿយៗ, សំរុកចូលឬចូលសំរុកទាំងអំណាច, សំរុកចូលឥតក្រែង ។
ចុងក្រោយបំផុត ពាក្យថា ឆៅ គឺជាគុណនាម ប្រែថា ដែលមិនទាន់ឆ្អិន ឧទាហរណ៍ ចិនឆៅ គឺចិនសុទ្ធដែលមកពីប្រទេសចិន ។ ន័យម្យ៉ាងទៀត ឆៅ ប្រែថា ចេះស្ទើរៗ ឧទាហរណ៍ គំនិតឆៅ, នៅឆៅ, ឆៅណាស់ គឺគំនិតស្រាល មិនទាន់ដឹងខុសត្រូវជាក់លាក់ ។
អត្ថានុរូប
[កែប្រែ]សំនួនវោហាសព្ទថា ដុតឲ្យខ្លោចរោចឲ្យឆៅ ផ្សំឡើងដោយពីរផ្នែក គឺ ដុតឲ្យខ្លោច និង រោចឲ្យឆៅ ។ សំនួនវោហាសព្ទថា ដុតឲ្យខ្លោច សំដៅទៅលើការដុតភ្លើងដាំបាយឬចំអិនអាហារប្រភេទណាមួយរហូតដល់ខ្លោចធំក្លិនឈ្ងៀម ។ យើងអាចសន្មត់ថាចុងភៅអាចខឹងមនុស្សណាម្នាក់ដែលចុងភៅនោះមិនអាចធ្វើអ្វីគេបាន ឧទាហរណ៍ បាវបម្រើ និង ចៅហ្វាយនាយ ។ នៅក្នុងស្ថានភាពនេះ កូនឈ្នួលមានកិច្ចការធ្វើម្ហូបឲ្យចៅហ្វាយនាយ រីឯចៅហ្វាយនាយគ្មានធ្វើអ្វីបន្តិចសោះ គឺចាំតែសំឡុតបញ្ជា ដែលបង្កឲ្យបាវបម្រើនោះក្តៅចិត្ត ។ បាវបម្រើមិនដឹងអាចធ្វើអ្វីសងសឹកចៅហ្វាយនាយខ្លួន ឃើញមានសល់តែវិធីសងសឹកមួយគត់នៅចំពោះមុខគាត់ គឺការបន្តដុតភ្លើងចង្ក្រានរហូតទាល់តែបាយឬសម្លនោះខ្លោចមិនអាចឲ្យអ្នកណាម្នាក់យកទៅបរិភោគបាន ។ ជាសរុប ទាំងអ្នកដាំស្លទាំងភ្ញៀវដែលរង់ចាំបរិភោគនឹងគ្មានបាយឬម្ហូបសម្រាប់ពិសារ ។
រីឯសំនួនវោហាសព្ទ រោចឲ្យឆៅ ក៏មានន័យស្រដៀងគ្នានឹងន័យដែលបានបកស្រាយខាងលើរួចហើយដែរ ។ ចុងភៅដែលកំពុងដាំបាយឬចំអិនម្ហូបអ្វីមួយអាចនឹងត្រូវបានមនុស្សណាម្នាក់ធ្វើឲ្យខឹងសម្បារក្តៅក្រហាយ ។ ចុងភៅគ្មានអ្វីអាចសងសឹកចំពោះមនុស្សបង្ករឿងនោះ គាត់ក៏ប្រើល្បិចបុករុកកំណាត់ឧសកំពុងឆេះនៅក្នុងចង្ក្រានឲ្យរលត់អស់ដែលឈប់មានកំដៅសម្រាប់ចំអិនបាយឬម្ហូបនោះទៀត ។ ជាសរុប មនុស្សទាំងអស់គ្នា ទាំងចុងភៅនិងភ្ញៀវគ្មានអ្វីសម្រាប់បរិភោគ ។
អត្ថបដិរូប
[កែប្រែ]ការបកស្រាយអត្ថន័យរបស់សំនួនវោហាសព្ទ ដុតឲ្យខ្លោចរោចឲ្យឆៅ ស្របតាមអត្ថានុរូបខាងលើបានឆ្លុះបញ្ចាំងឲ្យឃើញថាមានមនុស្សពីរនាក់ ឬពីរក្រុមកំពុងប្រជែងយកលាភសក្ការៈ ផលប្រយោជន៍គ្នា ។ មនុស្សធ្លាប់បានផលប្រយោជន៍ត្រូវបានមនុស្សដទៃមកដណ្តើមយកប្រយោជន៍ទៅបាត់ ឬបានទទួលចំណែកតិចតួចជាងមុន ។ ស្ថានភាពនេះបានញ៉ាំងឲ្យមនុស្សបាត់ប្រយោជន៍រិះរកវិធីសងសឹកវិញដោយធ្វើសកម្មភាពផ្សេងៗបង្កជាការរំខានឬបង្អាក់ដំណើរការងារកុំឲ្យសម្រេចគម្រោងឬកម្មវិធីតាមផែនការកំណត់ ។