ដូនពេញ
ដូនពេញ ដូនជាអ្នកមានស្ដុកស្ដម្ភមានកំណើតកើតជានៅឯស្រុកកោះឫស្សីកែវ (ភ្នំពេញសព្វថ្ងៃនេះ) ដែលមានចិត្តជ្រះថ្លានឹងពុទ្ធសាសនាយ៉ាងមុតមាំ។7667
ប្រវត្តិ
[កែប្រែ]ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់គាត់សង់នៅលើទួល។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។ លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជាក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតំកល់ជាបណ្ដោះអាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះគាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា "អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។ នៅខាងក្រោយវត្តមានចេតីយ បុរាណមួយដែលតំកល់អដ្ឋិធាតុព្រះបាទពញាយ៉ាត (ព្រះរាជាដែលបានយាងចោលទីក្រុងអង្គរក្នុងឆ្នាំ ១៤៣១ នៃគ្រិស្តសករាជ)។ កាលបើសាងសង់វិហាររួចហើយ ដូនពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា "វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ។
ក្រោយពីព្រះអង្គពញាយ៉ាតដឹងលឺអំពីចិត្តជ្រះថ្លា របស់ដូនពេញ ទ្រង់ក៏បានដាក់ឈ្មោះស្រុកកោះឫស្សីកែវ ទៅជាស្រុកដូនពេញវិញ ដើម្បីរំលឹកដល់ដូនចាស់។ ជំនាន់បារាំងគឺជាស្រុកភ្នំពេញ ក្នុងខេត្តកណ្ដាល។ ក្រោយពីនោះវាក៏បានក្លាយជារាជធានី។ (បញ្ជាក់) ដូនពេញ ដូនជាអ្នកមានស្ដុកស្ដម្ភមានកំណើតកើតជានៅឯស្រុកកោះឫស្សីកែវ (ភ្នំពេញសព្វថ្ងៃនេះ) ដែលមានចិត្តជ្រះថ្លានឹងពុទ្ធសាសនាយ៉ាងមុតមាំ។7667