ដើមកំណើតរន្ទះ
រឿង ដើមកំណើតរន្ទះ
កាល ពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមសូរ និងនាងអារក្ខទេវីមួយ ឈ្មោះ មេខលា បានមកនៅបម្រើ តាបសឥសីមួយអង្គ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលា មានបញ្ញាឈ្លាសវៃក្រៃលែង ហើយបាន ខិតខំរៀនប្រណាំងប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងៗខ្លួន ។ តាបសក៏ស្រឡាញ់ អ្នកទាំងពីរនោះ ស្មើៗគ្នាដែរ ។
កាលបើ តាបសបានបង្រៀនសិស្ស ចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងមើលថា តើអ្នកណាមួយ ប៉ិនប្រសប់ជាងគេ ក៏ស្រដី ទៅកាន់សិស្សថា “បើសិស្សណា អាចយកកែវដាក់ទឹកសន្សើមអោយពេញ មកឲ្យយើងបាន នោះយើងនឹងប្រសិទ្ធីកែវនោះ ឲ្យក្លាយទៅជា កែវទិព្វ ដែលម្ចាស់កែវ អាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី គឺនឹងបានសម្រេចទាំងអស់ គ្រប់យ៉ាង” ។
រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើម ដែលទើរនៅស្លឹកឈើ និងស្មៅផ្សេងៗ ប៉ុន្តែ ទោះជាបានខំព្យាយាមធ្វើដូច្នេះ ជាច្រើនព្រឹកក៏ដោយ ក៏មិនបានទឹកពេញមួយកែវសោះ ។
រីឯនាងមេខលាវិញ បែរជារើសយក បណ្ដូលឈើទន់ស្ពោតមួយ ទៅផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើសន្លឹកស្មៅ ទាល់តែដុំឈើនោះ ជក់ទឹកជោគពេញទាំងអស់ បន្ទាប់មក ក៏ យកបណ្តូលឈើនោះ ទៅច្របាច់ទឹកដាក់ក្នុងកែវ យកទៅថ្វាយតាបស។
តាបសបានយល់ នូវបញ្ញារបស់មេខលាហើយ ក៏ជប់ទឹកសន្សើមនោះ ឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យមេខលា ដោយប្រាប់ថា “ចៅស្រីគ្រាន់តែលើកកែវនេះគ្រវីឡើងបន់ពេលណា សេចក្ដីប្រាថ្នារបស់ចៅ នឹងបានសម្រេចភ្លាម មួួយរំពេច ហើយកែវទិព្វនេះ នឹងជួយអោយចៅអាច ហោះហើរ ដើរលើពពក នៅគ្រប់ពេលទាំងអស់” ។
នាងអារក្ខទេវី ក៏ទទួលយកកែវនោះ មកលើគ្រវីឡើងលើ ចាំងរន្ទះរស្មីភ្លឺរន្ទាល ភ្លែត ស្ទើរខ្វាក់ភ្នែក ស្រាប់តែហោះវឹង ទៅលើមេឃ តម្រង់ទៅមហាសាគរ លឿនជាព្រួញទៅទៀត។
ចំណែករាមសូរវិញ ក៏បានកើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំ អណ្ដើកអណ្ដកយ៉ាងខ្លាំង។ ឃើញដូច្នេះ ទ្រាំមិនបាន តាបស ក៏ជប់ពូថៅមួយ អោយទៅរាមសូរ រួចប្រាប់ថា "នេះក៏ជាវត្ថុទិព្វមួយដែរ ជារង្វាន់ដល់ចៅ ដែលបានខិតខំស្វះស្វែង តាមដែលតាបានបង្គាប់បញ្ជា។ ចៅអាចប្រើជាអាវុធ ដើម្បីចេញច្បាំង ដណ្តើម យកកែវមណី ពីមេខលាមកវិញ។ រាមសូរបានទទួលពូថៅហើយ ក៏ហោះវឹងទៅលើអាកាស ស្រែកដេញពីក្រោយមេខលា ដើម្បីតាមប្រកួតរិទ្ធិរបស់ខ្លួន យកឈ្នះយកចាញ់បន្តទៀត។ សម្លេងគ្រហឹមរបស់រាមសូរ មានសន្ធឹកខ្ទរខ្ទារខ្លះណាស់ រហូតរង្គើពពក ជ្រុះកើតជាភ្លៀងធ្លាក់ស្រោចទ្វីបលោកគ្រប់កន្លែង ដែលរាមសូរទៅដល់។
ដូច្នេះហើយ បានជា រៀងរាល់ពេល ដែលគេឃើញរន្ធះ គេច្រើនប្រទះភ្លៀង និង ស្នូរផ្គរគ្រហឹម ភ្ជាប់តាមពីក្រោយ មកជាមួយផង។