Jump to content

ណាប៉ូលេអុងទី៣

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ណេប៉ូឡេអុងទី៣)
ណាប៉ូលេអុងទី៣
អធិរាជនៃបារាំង
រជ្ជកាល២ ធ្នូ ១៨៥២ –
៤ កញ្ញា ១៨៧០
អង្គមុនខ្លួនព្រះអង្គ
(ជាប្រធានាធិបតីបារាំង)
អង្គក្រោយអាដុលហ្វ៍ ធីអ៊ែរ
(ជាប្រធានាធិបតីបារាំង)
ប្រធានាធិបតីបារាំង
ក្នុងការិយាល័យ
២០ ធ្នូ ១៨៤៨ – ២ ធ្នូ ១៨៥២
នាយករដ្ឋមន្ត្រីអូឌីឡុង បារ៉ូត
អាល់ហ្វនស៍ ហិនរី-ឌូតពូល
លីយ៉ុង ហ្វូឈ្សេ
អនុប្រធានហិនរី ហ្ស៊ក បូឡេ ដឺឡា មឺត
មុនល្វី-អ៊ូជេន កាវៃណាក
(ជាប្រធានអំណាចប្រតិបត្តិ)
បន្ទាប់ខ្លួនព្រះអង្គ
(ជាអធិរាជនៃបារាំង)
ប្រសូត២០ មេសា ១៨០៨
ប៉ារីស, បារាំង
សុគត៩ មករា ១៨៧៣ (ជន្មាយុ ៦៤)
ឈីសលហ៊ឺស, អង់គ្លេស
ព្រះសុសាន
រាជពន្ធភាពអ៊ូជីនី ដឺ ម៉ុងទីចូ (អ.ភិ. ១៨៥៣)
រាជបច្ឆាញាតិល្វី-ណាប៉ូលេអុង (អង្គក្សត្ររាជាធិរាជ)
ព្រះនាម
ឆាល ល្វី ណាប៉ូលេអុង ប៉ូណាប៉ារត៍
(Charles Louise Napoléon Bonaparte)
វង្សប៉ូណាប៉ារត៍
បិតាល្វីទី១ នៃហុល្លង់
មាតាហរតង់ ដឺ ប៊ូហានៃ
សាសនារ៉ូម៉ាំងកាតូលិក
ព្រះហត្ថលេខាណាប៉ូលេអុងទី៣'s signature

ណាប៉ូលេអុងទី៣ (ឆាល-ល្វី ណាប៉ូលេអុង បូណាប៉ារត៍, ២០ មេសា ១៨០៨ – ៩ មករា ១៨៧៣)​ គឺជាប្រធានាធិបតីដំបូងនៃប្រទេសបារាំង (ក្រោមនាម ល្វី-ណាប៉ូលេអុង បូណាប៉ារត៍) ពីឆ្នាំ១៨៤៨ ដល់ឆ្នាំ១៨៥២ និងជាព្រះរាជាបារាំងចុងក្រោយដោយកាន់អំណាចជាចៅអធិរាជនៃបារាំងពីឆ្នាំ១៨៥២ រហូតដល់ឆ្នាំ១៨៧០។ បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋទីពីរនៅក្នុងឆ្នាំ១៨៤៨ ព្រះអង្គបានរឹបអូសដណ្តើមអំណាចដឹកនាំក្នុងឆ្នាំ១៨៥១ នៅពេលដែលទ្រង់មិនអាចបន្តឈរជាបេក្ខភាពប្រធានាធិបតីតទៅទៀតបាន ហើយក្រោយមកក៏បានប្រកាសខ្លួនជាអធិរាជនៃបារាំង។ ព្រះអង្គបានបង្កើតចក្រភពទីពីរឡើង និងបានបន្តសោយរាជ្យរហូតដល់ការបរាជ័យនៃកងទ័ពបារាំងនៅក្នុងសង្គ្រាមបារាំង-ព្រុសនៃឆ្នាំ១៨៧០។ ណាប៉ូឡេអុងទី៣ គឺជាព្រះមហាក្សត្រដ៏មានប្រជាប្រិយភាពមួយអង្គដោយក្នុងរជ្ជកាលរបស់ព្រះអង្គ បារាំងបានឆ្លងកាត់ការធ្វើទំនើបកម្មសេដ្ឋកិច្ច ហើយបានបំពេញទីក្រុងប៉ារីសដោយមហាវិថីធំៗ និងសួនច្បារថ្មីៗ។ លើសពីនេះ ទ្រង់បានពង្រីកវិសាលភាពនៃអាណាចក្របារាំងនៅឯនាយសមុទ្រ ហើយបានពង្រីកកងទ័ពជើងទឹកបារាំងឱ្យក្លាយជាកម្លាំងជើងទឹកដ៏ធំជាងគេទីពីរនៅលើពិភពលោក និងព្រមទាំងប្រឡូកដៃចូលក្នុងសង្គ្រាមឯករាជ្យអ៊ីតាលីលើកទី២ ក៏ដូចជាសង្រ្គាមបារាំង-ព្រុសដែលព្រះអង្គបានចេញបញ្ជាទាហានបារាំងដោយផ្ទាល់ក្នុងអំឡុងពេលប្រយុទ្ធ ហើយចុងក្រោយត្រូវបានចាប់ខ្លួនដោយសត្រូវ។

ព្រះចៅណាប៉ូលេអុងទី៣ បានធ្វើការចាត់ចែងការកសាងទីក្រុងប៉ារីសឡើងវិញដោយបានចាត់តាំងលោកហ្ស៊ក-អ៊ូជេន ហ៊ូសម៉ាន់ជាប្រមុខដឹកនាំនៃផែនការដ៏ធំមហិមានោះ។ ព្រះអង្គបានពង្រីក និងបង្រួបបង្រួមប្រព័ន្ធផ្លូវដែកនៅទូទាំងប្រទេស និងធ្វើទំនើបកម្មប្រព័ន្ធធនាគារ។ មិនតែប៉ុណ្ណោះ ទ្រង់បានលើកកម្ពស់ការកសាងប្រឡាយស៊ុយអេ និងបង្កើតប្រព័ន្ធកសិកម្មទំនើបដែលជាហេតុនាំឱ្យលែងកើតមានគ្រោះទុរ្ភិក្សនៅក្នុងប្រទេសតទៅទៀត និងប្រែប្រទេសបារាំងទៅជាប្រទេសនាំចេញកសិផល។ ព្រះអង្គបានផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូបដិន-ឆេវ៉ាលីយេរក្នុងឆ្នាំ១៨៦០ ជាមួយចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងស្រដៀងៗគ្នាជាមួយដៃគូពាណិជ្ជកម្មអឺរ៉ុបផ្សេងៗទៀត។ កំណែទម្រង់សង្គមក្នុងរបបទ្រង់រួមមានការផ្តល់សិទ្ធិឱ្យកម្មករបារាំងធ្វើកូដកម្ម សិទ្ធិជួបជុំ និងសិទ្ធិឱ្យស្ត្រីចូលសិក្សានៅសាកលវិទ្យាល័យបារាំង។

សម្រាប់គោលនយោបាយការបរទេសវិញ ណាប៉ូឡេអុងទី៣ មានគោលបំណងចង់ពង្រីកនូវឥទ្ធិពលរបស់បារាំងនៅទ្វីបអឺរ៉ុប និងជុំវិញពិភពលោកឡើងវិញ។ នៅភាគអឺរ៉ុប ព្រះអង្គបានចងសម្ព័ន្ធភាពជាមួយអង់គ្លេស ហើយបានយកឈ្នះលើរុស្ស៊ីក្នុងសង្គ្រាមគ្រីមៀ (១៨៥៣-១៨៥៦)។ របបរបស់ទ្រង់បានជួយឱ្យប្រទេសអ៊ីតាលីមានការបង្រួបបង្រួម និងជារង្វាន់ បារាំងបានកាត់តំបន់សាវ៉យ និងនីសតាមរយៈសន្ធិសញ្ញាទីក្រុងទូរីន។ ក្នុងពេលជាមួយគ្នានោះដែរ កងកម្លាំងបារាំងបានការពាររដ្ឋប៉ាបពីការលេបត្របាក់ដោយប្រទេសអ៊ីតាលី។ ណាប៉ូឡេអុងទី៣ បានពង្រីកដែនដីអាណានិគមបារាំងយ៉ាងធំទ្វេដង ដោយត្រួតត្រាលើតំបន់មួយចំនួននៅតាមទ្វីបអាស៊ី ប៉ាស៊ីហ្វិក និងទ្វីបអាហ្វ្រិក។ ម្យ៉ាងវិញទៀត អន្តរាគមន៍របស់បារាំងនៅម៉ិកស៊ិកក្នុងគោលបំណងបង្កើតចក្រភពម៉ិកស៊ិកទីពីរក្រោមការការពារពីបារាំង បានទទួលលទ្ធផលបរាជ័យទាំងស្រុង។ ពីឆ្នាំ១៨៦៦ ណាប៉ូឡេអុងទី៣ ត្រូវប្រឈមនឹងកំណើនឥទ្ធិពលរបស់ព្រុសដោយអធិការបតីនៃព្រុសគឺលោកអូតូ វ៉ន ប៊ីស្មាគបានខិតខំរកវិធីសាស្ត្របង្រួបបង្រួមជាតិអាល្លឺម៉ង់ក្រោមការគ្រប់គ្រងរបស់ព្រុស។ នៅខែកក្កដា ឆ្នាំ១៨៧០ ណាប៉ូឡេអុងទី៣ បានប្រកាសសង្រ្គាមលើព្រុស បន្ទាប់ពីរងសម្ពាធពីសាធារណជនបារាំង។ កងទ័ព​បារាំង​ត្រូវរងនូវ​ភាពបរាជ័យភ្លាមៗ ខណៈ​ដែលណាប៉ូលេអុង​ទី៣ ត្រូវ​គេចាប់​ខ្លួនបាន​នៅ​សេដាន។ ព្រះអង្គត្រូវបានគេទម្លាក់ពីរាជបល្ល័ង្ក ហើយសាធារណរដ្ឋទីបីត្រូវបានប្រកាសនៅទីក្រុងប៉ារីស។ បន្ទាប់មក ទ្រង់ក៏បានទៅនិរទេសខ្លួនទៅនៅប្រទេសអង់គ្លេសរហូតដល់សោយទិវង្គតនៅក្នុងឆ្នាំ១៨៧៣។

កុមារភាព និង គ្រួសារ

[កែប្រែ]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]