តើពាក្យប្រវត្តិវិទ្យាមានអត្ថន័យដូចម្ដេច?
ប្រវត្តិវិទ្យា ជាវិទ្យាស្យង់សិក្សាពីជីវភាពរស់នៅរបស់មនុស្សក្នុងពិភពលោក ជាច្រើនសម័យកាលកន្លងមក។ វិជ្ជានេះសិក្សាពន្យល់ពីមូលហេតុផ្សេងៗ ដោយប្រើឧបករណ៍របស់វិទ្យាស្យង់ដូចជា វិជ្ជាអក្សរបុរាណ សិលាចារឹក ទស្សនវិជ្ជា កាលប្រវត្តិវិទ្យា ជាតិពន្ធុវិទ្យា និងភូមិវិទ្យាជាដើម ។
ប្រវត្តិសាស្ត្រ គឺជាកម្រងហេតុការណ៍ និងព្រឹត្តិការណ៍អតីតកាលរបស់មនុស្ស ចំណេះដឹងអតីតកាលនៃមនុស្សជាតិ និងសង្គមនុស្ស។
ប្រវត្តិវិទ្យា គឺជាការសិក្សាអំពីហេតុការណ៍ ព្រឹត្តិការណ៍ បទពិសោធន៍អតីតកាលរបស់មនុស្សជាតិ ដោយពឹងផ្អែកលើកំណត់ត្រា និងសក្ខីកម្ម សម្រាប់សហសម័យ។ មុខវិជា្ជដែលសិក្សាអំពីអតីតកាលនៃមនុស្សជាតិ និងសង្គមមនុស្សដែលប្រវត្តិវិទូព្យាយាមកសាងឡើងនិងបកស្រាយឡើងវិញ ដោយពឹងផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ និងសក្ខីកម្មសម្រាប់សហសម័យ។
និយមន័យតាមវាក្យស័ព្ទ ពាក្យថា “ប្រវត្តិវិទ្យា” (History) បានលេចឡើងក្នុងភាសាអង់គ្លេសនៅឆ្នាំ ១៣៩០ សម្រាប់បញ្ជាក់ន័យនៃ “ទំនាក់ទំនងនៃឧប្បត្តិវហេតុ ឬរឿងរ៉ាវ” ដោយខ្ចីភាសាបារាំងចាស់ Histos ពីភាសាឡាទីន Historia ដែលមាន័យថា “និទានកថាឬរឿងរ៉ាវ”។ ពាក្យចុងក្រោយផ្ទាល់មានប្រភពកំណើតពីភាសាក្រិក Historia មានន័យថា “ការរៀនសូត្រ ឬចង់ដឹងតាមរយៈការសួរ ប្រវត្តិសាស្ត្រ កំណត់ត្រា និងរឿងនិទានផ្សេងៗ”។
និយមន័យតាមវចនានុក្រម
១៨២៨ វចនានុក្រមរបស់លោក Noah Webster គាត់បានឱ្យនិយមន័យថា ប្រវត្តិសាស្រ្តគឺជារឿងសច្ចៈភាពស្របតាមប្រជាជាតិមួយ ឬរដ្ឋនានា គឺជាការពិពណ៌នានូវព្រឹត្តិការណ៍តាមលំដាប់ដែលវាបានកើតឡើង ដោយបញ្ជាក់ពីហេតុនិងផលច្បាស់លាស់។
១៩១៣ វចនានុក្រមរបស់លោក Noah Webster ប្រវត្តិសាស្រ្តគឺជាប្រព័ន្ធមួយដែលសរសេរពីរឿងរ៉ាវនៃព្រឹត្តិការណ៍ពិសេសៗ ដែលមានឥទ្ធិពលលើប្រជាជាតិមួយនិងលើស្ថាប័នមួយ ដោយមានលក្ខណៈវិទ្យាសាស្រ្តនិងប្រកបដោយសិល្បៈ។ តាមលក្ខណៈធម្មតាគឺ ត្រូវបានភ្ជាប់ជាមួយការពន្យល់តាមបែបទស្សនវិជ្ជានៃហេតុទាំងឡាយរបស់វា។
តាមវចនានុក្រមខ្មែរ ប្រវត្តិសាស្ត្រ គឺជាគម្ពីរក្បួនសម្ដែងអំពីពង្សាវតារ ឬអំពីរបាក្សត្រ អំពីសន្តិវង្ស
និយមន័យតាមទស្សនៈអ្នកប្រាជ្ញ
លោក វ៉ុលទែ(Voltaire) ប្រវត្តិសាស្រ្ត គឺជានិទានកថានៃហេតុការណ៍ទាំងឡាយដែលពិត ផ្ទុយពីរឿងល្បើកដែលជានិទានកថាស្តីពីហេតុការណ៍ដែលមិនពិត។ លោក ប៉ូល វ៉ាលេរី(Paul Valéry) ប្រវត្តិសាស្រ្តគឺជាវិទ្យាសាស្រ្តស្តីពីរឿងរ៉ាវទាំងឡាយដែលមិនកើតមានច្រំដែល។
លោក ស៊ីសេរ៉ុង(Cicéron) ប្រវត្តិសាស្រ្តគឺជាសក្ខីភាពនៃសតវត្សកន្លងទៅ ជាពន្លឺនៃសច្ចភាព ជាព្រលឹងនៃលំនឹក និងជាម្ចាស់នៃជីវិត។
លោក ចច អូវែល បានសរសេរថា មនុស្សគឺជាអ្នកគ្រប់គ្រងអតីតកាល និងគ្រប់គ្រងអនាគតកាល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិប៉ាណារ៉ាសិរីវុឌ្ឍ ប្រវត្តិសាស្ត្រជាចំណីអាហារដ៏ស័ក្តិសិទ្ធបំផុត សម្រាប់ចិញ្ចឹមមនសិការជាតិ។
លោក កាលម៉ាក្ស ប្រវត្តិសាស្រ្តនៃរបត់សង្គមដែលកើតមានតាំងពីដើមរហូតមកគឺជាប្រវត្តិសាស្រ្តនៃការតស៊ូវណ្ណៈ។
លោកបណ្ឌិត ម៉ាយឃើល វិកឃើរី ប្រវត្តិវិទ្យាជាអត្តសញ្ញាណជាតិមួយដែលមានលក្ខណៈទោលបំផុតសម្រាប់ប្រជាជាតិនីមួយៗ និងជាដួងព្រលឹងនៃប្រទេសជាតិមួយ និងមិនអាចមានប្រទេសណាមួយដូចបាន។
លោក ហ្សក ឌុយហាម៉ែល ប្រវត្តិវិទ្យាជាប្រលោមកថាស្ដីពីអតីតកាល។
លោក ពុំសុមុនីរៈ ជាទូទៅប្រវត្តិសាស្រ្តគឺជាសិក្សាទៅលើទង្វើសំខាន់ៗពីរដែលមនុស្សបានធ្វើ គឺទង្វើល្អនិងទង្វើអាក្រក់។
ក.ទង្វើល្អគឺមនុស្សជំនាន់ក្រោយត្រូវធ្វើតាម។ ខ.ទង្វើអាក្រក់គឺមនុស្សជំនាន់ក្រោយត្រូវជៀសវាង។
លោក កាលីឡេ ប្រវត្តិវិទ្យា គឺជាវិជ្ជាល្អឥតខ្ជោះទាំងព្រមដោយវាធ្វើឱ្យអ្នកប្រវត្តិសាស្ត្រមានភាពឈ្លាសវៃ ហើយគេទទួលបានរង្វាន់នោះ តាមរយៈភ្នែកនិងព្រលឹង។
អត្ថបទដោយ ឈិន ចណ្ឌី https://cambodiaofhistory.blogspot.com/