ថ្ងៃសប្ប័ទ
ថ្ងៃសប្ប័ទ (អង់គ្លេស:Sabbath /ˈsæbəθ/) ជាថ្ងៃទី៧នៃសប្ដាហ៍ ហើយជាថ្ងៃឈប់សម្រាករបស់ពួកយូដា។ តាមទំនៀមទម្លាប់ ពួកយូដាទាំងអស់មិនត្រូវបានអនុញ្ញាឲ្យធ្វើអ្វីនៅថ្ងៃនោះឡើយ សម្បីតែបង្កាត់ភ្លើងក៏មិនត្រូវបានអនុញ្ញាតដែរ លើកលែងតែមានអ្វីត្រូវធ្វើបន្ថែមដល់តង្វាយប្រចាំថ្ងៃនៅរោងឧបោសថ និងការប្ដូរនំប៉័ងតាំងថ្វាយប៉ុណ្ណោះ។
ថ្ងៃសប្ប័ទ ជាថ្ងៃដែលត្រូវបានញែកដោយឡែក សម្រាប់ឈប់សម្រាក និងថ្វាយបង្គំ។ យោងតាមកណ្ឌគម្ពីរនិក្ខមនំ ២០:៨ ថ្ងៃសប្ប័ទជាថ្ងៃទី៧នៃសប្ដាហ៍ ដែលព្រះបានបង្គាប់ឲ្យទុកជាថ្ងៃសម្រាកដ៏វិសុទ្ធ។[១]នៅក្នុងបទគម្ពីរ ថ្ងៃសប្ប័ទត្រូវបានផ្ដល់ឲ្យសម្រាប់ជាថ្ងៃឈប់សម្រាកនៅរៀងរាល់ថ្ងៃទី៧។[២]
ថ្ងៃសប្ប័ទនៅក្នុងព្រះគម្ពីរ
[កែប្រែ]ថ្ងៃសប្ប័ទ (ជាកិិរិយាសព្ទ שָׁבַת֙ šāḇaṯ) ត្រូវបានលើកឡើងជាដំបូងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិស្ដីអំពីការនិម្មិតបង្កើត ដែលថ្ងៃទី៧ត្រូវបានញែកទុកដោយឡែកទុកជាថ្ងៃឈប់សម្រាក ហើយដែលព្រះបានធ្វើឲ្យទៅជាថ្ងៃដ៏វិសុទ្ធ (លោកុប្បត្ត ២:២-៣)។ ការរក្សា និងការនឹកចាំអំពីថ្ងៃសប្ប័ទ គឺជាបទបញ្ជាមួយក្នុងចំណោមបទបញ្ជាទាំងដប់។ មនុស្សជាច្រើនដែលរក្សាថ្ងៃសប្ប័ទបានចាត់ទុកថ្ងៃនោះថាជាថ្ងៃដែលត្រូវបានបង្កើតឡើងទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច សម្រាប់សាសន៍អ៊ីស្រាអែល (និក្ខមនំ ៣១:១៣-១៧), ហើយថ្ងៃសប្ប័ទនេះទុកជាទីសម្គាល់ចំពោះព្រឹត្តការណ៍ពីរ៖ ថ្ងៃព្រះបានឈប់សម្រាក បន្ទាប់ពីបានបញ្ចប់ការនិម្មិតបង្កើតពិភពលោក ក្នុងរយៈប្រាំមួយថ្ងៃ (និក្ខមនំ ២០:៨-១១), និង ការរំដោះប្រជាជនអ៊ីស្រាអែលពីអេស៊ីព្ទ (ទុតិយកថា ៥:១២-១៥)។ ថ្ងៃសប្ប័ទផ្សេងទៀតគឺសំដៅទៅលើស្រមោលនៃព្រះគ្រីស្ទដែលត្រូវយាងមក (កូឡូស ២:១៦-១៧) ដែលព្រះអង្គនឹងប្រទានឲ្យមនុស្សជាតិបានសម្រាកពីអស់ទាំងការនឿយហត់ ដោយព្យាយាមធ្វើឲ្យមនុស្សទាំងនោះត្រូវបានទទួលស្គាល់នៅចំពោះព្រះ។ ដ្បិតប្រសិនបើយើងសម្រាកនៅក្នុងកិច្ចការរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង នោះយើងអាចសម្រាកពីការងារផ្ទាល់ខ្លួនរបស់យើង ឬពីការខិតខំប្រឹងប្រែងរបស់យើង ដោយព្យាយាមធ្វើឲ្យខ្លួនយើងត្រូវបានទទួលស្គាល់នៅចំពោះព្រះ (ហេព្រើរ ៤:៩-១១), យ៉ាងណាមិនថ្ងៃសប្ប័ទប្រចាំសប្ដាហ៍ក៏នៅត្រូវបានរក្សា សូម្បីតែក្រោយពីព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌ហើយក៏ដោយ (ម៉ាថាយ ២៤:២០)។ ដើមឡើយ អ្នកដែលបំពានថ្ងៃសប្ប័ទ ត្រូវកាត់ចេញពីពូជសាសន៍របស់ខ្លួន ឬត្រូវសម្លាប់ចោល (និក្ខមនំ ៣១:១៥)។ តាមព្រះគម្ពីរ ថ្ងៃសប្ប័ទគឺគិតពីពេលថ្ងៃលិចក្នុងថ្ងៃទី៦ រហូតដល់ពេលថ្ងៃលិចកក្នុងថ្ងៃទី៧ឋ (នេហេមា ១៣:១៩ លេវីវិន័យ ២៣:៣២)។[៣][៤][៥][៦]
សាសនាគ្រីស្ទ
[កែប្រែ]ពួកគ្រីស្ទានខាងកើត (Eastern Christianity) ប្រកាន់យកថ្ងៃសៅរ៍ ដែលជាថ្ងៃទី៧ ជាថ្ងៃសប្ប័ទ។ រីឯពួកការតូលិច និងនិកាយជាច្រើនទៀតខាងប្រូតេស្តង់វិញ ប្រកាន់យកថ្ងៃអាទិត្យ (ថ្ងៃរបស់ព្រះអម្ចាស់) ជាថ្ងៃសប្ប័ទ។
ថ្ងៃទី១
[កែប្រែ]ចាប់តាំងពីសម័យភ្យួរីធិន (Puritan times) ប្រូតេស្តង់ជាច្រើនដែលនិយាយភាសាអង់គ្លេស កំណត់យក "ថ្ងៃរបស់ព្រះអម្ចាស់" (ថ្ងៃអាទិត្យ) ជាថ្ងៃសប្ប័ទរបស់គ្រីស្ទាន។ សម្រាប់មនុស្សជាច្រើន ថ្ងៃសប្ប័ទជាថ្ងៃឈប់សម្រាក និងជាថ្ងៃថ្វាយបង្គំរួមគ្នា ដើម្បីរំលឹកដល់ថ្ងៃនៃការមានព្រះជន្មរស់ឡើងវិញ។ ថ្ងៃសប្ប័ទនេះត្រូវបានគេចាត់ទុកថាជាថ្ងៃទី១ផង និងជាថ្ងៃទី៨ផង នៃសប្ដាហ៍។ គ្រីស្ទានមួយចំនួនតូច (ដូចជាក្រុមជំនុំស្កុតឡែន) ចាត់ទុកថាការប្រកាន់យកថ្ងៃទី១ ជាការប្រកាន់យកជាចាំបាច់នូវអស់ទាំងបញ្ញត្តិនៃថ្ងៃសប្ប័ទរបស់ពួកយូដា ដែលហាមយ៉ាងតឹងរ៉ឹងមិនឲ្យធ្វើកិច្ចការខាងលោកីយ៍នៅថ្ងៃនេះឡើយ។ នៅក្នុងប្រទេសតុងហ្គា គ្រប់ទាំងសកម្មភាពពាណិជ្ជកម្ម និងការកំសាន្តផ្សេង ត្រូវផ្អាកនៅថ្ងៃអាទិត្យ។ រដ្ឋមនុញ្ញតុងហ្គាបានប្រកាសថាថ្ងៃសប្ប័ទជាថ្ងៃដ៏វិសុទ្ធជារៀងរហូត។
ថ្ងៃទី៧
[កែប្រែ]និកាយគ្រីស្ទានមួយចំនួនប្រកាន់យកថ្ងៃសប្ប័ទ ក្នុងលក្ខណស្រដៀងគ្នានឹងសាសនាយូដា គឺគេកំណត់យកថ្ងៃសៅជាថ្ងៃសប្ប័ទ។ សូហ្សូមិនប្រវត្តិវិទូគ្រីស្ទាននៃក្រុមជំនុំសម័យដើម និងទស្សនវិទូសូក្រាត បានអះអាងថាថ្ងៃទី៧ជាថ្ងៃថ្វាយបង្គំរបស់គ្រីស្ទាន លើកលែងតែគ្រីស្ទាននៅរ៉ូម និងអាឡិចហ្សានឌ្រា។ ក្រុមសេវិនដេបាបទីស្ទ (Seventh Day Baptists) បានប្រកាន់យកថ្ងៃយកថ្ងៃសៅរ៍ជាថ្ងៃសប្ប័ទ ចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៧ រីឯក្រុមសេវិនដេអេវិនទីស្ទ (Seventh-day Adventists) នៅអាមេរិចបានទទួលឥទ្ធិពលពីក្រុមនេះដែរ គឺគេបានចាប់ផ្ដើមអនុវត្តតាមនៅពាក់កណ្ដាលសតវត្សទី១៩។ ពួកគេជឿថាការរក្សាថ្ងៃសប្ប័ទនៅថ្ងៃទី៧ គឺជាការទទួលខុសត្រូវដ៏ត្រឹមត្រូវមួយដែលត្រូវនឹងបទបញ្ញាត្តិមួយក្នុងចំណោមបទបញ្ញត្តិទាំង១០ ដោយផ្អែកលើគំរូរបស់ព្រះយេស៊ូវ។ ពួកគេក៏ប្រើពាក្យ "ថ្ងៃរបស់ព្រះអម្ចាស់ (Lord's Day)" សំដៅទៅលើថ្ងៃទី៧ដែរ ដោយផ្អែកលើបទគម្ពីរដែលព្រះបានហៅថ្ងៃនោះថា "ថ្ងៃសប្ប័ទរបស់យើង" (និក្ខមនំ ៣១:១៣) និង "របស់ព្រះអម្ចាស់" (និក្ខមនំ ១៦:២៣) ហើយដែលព្រះយេស៊ូវបានហៅអង្គទ្រង់ថា "ព្រះអម្ចាស់នៃថ្ងៃសប្ប័ទ" (ម៉ាថាយ ១២:៨)។
ថ្ងៃសប្ប័ទខាងវិញ្ញាណ
[កែប្រែ]ដូចការយល់ឃើញរបស់ក្រុមផ្សេងៗទៀតដែរ គ្រីស្ទានមួយចំនួននៅសម័យបច្ចុប្បន្នក៏គាំទ្រគោលការណ៍ថ្ងៃសប្ប័ទដែរ ប៉ុន្តែមិនបានកំណត់ថាថ្ងៃសប្ប័ទត្រូវតែជាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះទេ ផ្ទុយទៅវិញពួកគេគាំទ្រការឈប់សម្រាកនៅថ្ងៃណាមួយដែលគេបានជ្រើសរើស នៅក្នុងសប្ដាហ៍ ទៅតាមអត្ថន័យពិតប្រាកដនៃថ្ងៃសប្ប័ទ ឬគាំទ្រថ្ងៃសប្ប័ទថាជានិមិត្តរូបនៃការឈប់សម្រាកក្នុងព្រះគ្រីស្ទ។ ក្រុមគ្រីស្ទានទាំងនេះចាត់ទុកថ្ងៃសប្ប័ទថាជាគោលការណ៍មួយដែលត្រូវតែកាន់តាមនៅក្នុងវិញ្ញាណ មិនមែនតាមអក្សរនោះទេ។ ថ្ងៃសប្ប័ទពិតប្រាកដគឺសំដៅលើការឈប់សម្រាកក្នុងព្រះយេស៊ូវ (ម៉ាថាយ ១១:២៨)។[១២][១៣][១៤][១៥][១៦]
ថ្ងៃឈប់សម្រាកនៅថ្ងៃទី៧នៃសប្ដាហ៍
[កែប្រែ]ពិភពលោកនេះប្រើ "ថ្ងៃសប្ប័ទ" សម្រាប់ជា "ថ្ងៃឈប់សម្រាក", ដែលជាទូទៅគេកំណត់យកថ្ងៃដូចគ្នាគឺថ្ងៃអាទិត្យ ដូចគ្រីស្ទានភាគច្រើនក៏កំណត់យកថ្ងៃនេះដែរ។ ពិភពលោកនេះប្រើថ្ងៃសប្ប័ទជាថ្ងៃឈប់សម្រាកក្នុងគោលបំណងខុសពីគ្រីស្ទាន គឺគេគ្រាន់តែចង់សម្រាកពីការនឿយហត់ផ្សេងៗ ឬដើម្បីឲ្យបានស្រួលខ្លួនប៉ុណ្ណោះ។
ថ្ងៃចុងសប្ដាហ៍គឺជាពេលវេលាមួយដែលត្រូវបានញែកទុកដោយឡែកដោយទំនៀមទម្លាប់ ឬដោយច្បាប់ សម្រាប់ឈប់សម្រាកពីការងារ។ នៅក្នុងប្រទេសជាច្រើនថ្ងៃឈប់សម្រាកជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរួមទាំងយប់ថ្ងៃសុក្រផងដែរ។ ការកំណត់យកថ្ងៃធ្វើការតែ៥ថ្ងៃក្នុងមួយសប្ដាហ៍ បានកើតឡើងមុនដំបូងនៅអាមេរិច នៅពេលដែលសហជីពការងារមានបំណងតម្រូវតាមថ្ងៃសប្ប័ទរបស់ពួកយូដា។ ការកំណត់បែបនេះចាប់ផ្ដើមនៅ New England cotton mill ហើយក៏ត្រូវបានបង្កើតឡើងដោយ Henry Ford ក្នុងឆ្នាំ ១៩២៦។ វាបានក្លាយជាស្ដង់ដារមួយនៅអាមេរិចប្រហែលជាឆ្នាំ ១៩៤០ ហើយបានរីកសាយទៅបណ្ដាលប្រទេសដែលនិយាយភាសាអង់គ្លេស និងប្រទេសជាច្រើននៅអឺរ៉ុប។ ចិនបានអនុវត្តតាមក្នុងឆ្នាំ ១៩៩៥ ហុងកុងក្នុងឆ្នាំ ២០០៦។ នៅឥណ្ឌា និងប្រទេសផ្សេងទៀត ថ្ងៃឈប់សម្រាកអាចជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ឬថ្ងៃសៅកន្លះថ្ងៃ និងថ្ងៃអាទិត្យ។
ឯកសារយោង
[កែប្រែ]- ↑ http://www.biblestudytools.com/dictionary/sabbath/
- ↑ http://www.dictionary.com/browse/sabbath
- ↑ "cev bible, search keyword 'like sabbath'".
- ↑ Emil G. Hirsch, Joseph Jacobs, Executive Committee of the Editorial Board., Julius H. Greenstone. (1905). "Sabbath". Jewish Encyclopaedia : a descr. record of the history, religion, literature, and customs of the Jewish people from the earliest times to the present day. New York : Funk & Wagnall, p. 587. Retrieved 13 May 2016.JewishEncyclopedia.com
- ↑ Fruchtenbaum, Arnold G. (2001). Israelology: the missing link in systematic theology. Tustin, Calif.: Ariel Ministries. pp. 595-601.ISBN 0914863053
- ↑ Goldberg, Louis A. (1980). Leviticus: A Study Guide Commentary. Grand Rapids:Zondervan Publishing House. p. 116.ISBN 9780310418139
- ↑ Rev. Henry Tuberville, D.D. (R.C.), (1833), An Abridgment of the Christian Doctrine. page 58.
- ↑ Art. 28. Augsburg Confession.
- ↑ Rev. Stephen Keenan, (1851), A Doctrinal Catechism. p. 174.
- ↑ The Catholic Christian Instructed in the Sacraments, Sacrifices, Ceremonies, and Observances of the Church By Way of Question and Answer, RT Rev. Dr. Challoner, p. 204.
- ↑ Catechism of the Council of Trent. p 402, second revised edition (English), 1937. (First published in 1566)
- ↑ https://www.lds.org/scriptures/dc-testament/dc/59.16-20ទំព័រគំរូ:Full citation needed
- ↑ True to the Faith, Pg 146 http://www.lds.org/bc/content/shared/content/english/pdf/language-materials/36863_eng.pdfទំព័រគំរូ:Full citation needed
- ↑ Haas, W.S. (1946). Iran. New York: Columbia University Press.
- ↑ Allbright, William (1963). The Biblical Period from Abraham to Ezra: An Historical Survey. Harpercollins College Div.
- ↑ Haas, W.S. (1946). Iran. New York: Columbia University Press.