ថ្មគោលបញ្ឈរពិសិដ្ឋ
ថ្មគោលបញ្ឈរពិសិដ្ឋ មកទល់នឹង ពេលនេះមិនទាន់មានការស្រាវជ្រាវហ្មត់ចត់ណាមួយអំពីថ្មគោល ឬបង្គោលថ្មដែលគេបញ្ឈរដើម្បីមូលហេតុសាសនានាសម័យបុរេប្រវតិ្ត សាស្ត្រ ។ សូមជម្រាបថា ថ្មគោលនេះមានឈ្មោះថា មែនហៀរ (Menhir) នៅប្រទេសបារាំងហើយមានលក្ខណៈជាសកល ។ ការរកឃើញនូវថ្មគោលជាច្រើននៅត្រានិញ ប្រទេសលាវ និងប្រទេសថៃបច្ចុប្បន្ន បានឱ្យដឹងថា វប្បធម៌ថ្មគោលជាផ្នែកមួយខាងស្ថាបត្យកម្មថ្មដែលបានសាងសង់ឡើងដោយ បុព្វការីជនខ្មែរយ៉ាងប្រាកដ ។
នៅ ម្តុំមេមត់ គេបានរកឃើញថ្មគោលមួយនៅចំកណ្តាលភូមិមូលមួយ តែមានលក្ខណៈជាពុទ្ធនិយមទៅវិញ ព្រោះមានរាងជាផ្កាឈូកនៅផ្នែកខាងលើ ។ ដូច្នេះ អី្វដែលយើងអាចកត់សម្គាល់នៅទីនេះ គឺនៅពេលដែលមានសាសនាឥណ្ឌាបានផ្សព្វផ្សាយចូលមកដល់ភូមិភាគនេះ បង្គោលថ្មធម្មជាតិពិសិដ្ឋទាំងនោះ ក៏បានផ្លាស់ប្តូររូបរាង និងអត្ថន័យ ហើយនៅទីបំផុត ក៏បានក្លាយទៅជាបង្គោលសីមាវត្តទៅវិញ ។
សូមជម្រាបថា កត្តាដែលអាចជាជំនួយយ៉ាងធំដល់ទស្សនៈនេះ គឺនៅក្បែរបូជនីយដ្ឋានបែបពុទ្ធនិយមនៅខេត្តកាឡាសិន ប្រទេសថៃបច្ចុប្បន្ន គេបានរកឃើញថ្មគោលជាច្រើននាសម័យបុរេប្រវត្តិសាស្ត្រគួបផ្សំជាមួយ សីមាដែលមានលក្ខណៈបែបឥណ្ឌានិយមទៅវិញ ។ គឺក្នុងបរិបទនេះហើយដែលយើងអាចចាត់ទុកថា ជាតិសាសន៍ខ្មែរពិតជាបានស្គាល់វប្បធម៌ថ្មគោលយ៉ាងជាក់ច្បាស់ ក៏ប៉ុន្តែក្រោមឥទិ្ធពលនៃលទិ្ធព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា បង្គោលថ្មទាំងនោះក៏បានក្លាយទៅជាបង្គោលសីមា ឬសីមាវត្ត ជាពិសេសនាដើមសម័យចេនឡា ។ ភាគច្រើននៅលើផ្ទាំងសីមាវត្តទាំងនោះមានធ្លាក់រឿងរ៉ាវពុទ្ធប្រវត្តិ ឬរឿងជាតកជាច្រើន ។
ម្យ៉ាងវិញទៀត សូមជម្រាបថា ក្រៅពីជំនឿលើថ្មគោលបញ្ឈរនៅចំកណ្តាល ឬក្បែរស្រុកភូមិ ឬទីក្រុងណាមួយដែលសព្វថ្ងៃនេះ គេឱ្យឈ្មោះថា ថ្មលក្ខណ៍នេះ ខ្មែរយើងក៏មានជំនឿលើថ្មដុះដែរ ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នានឹងថ្មគោលនេះដែរ ដែលគេសន្និដ្ឋានថា ជាថ្មអ្នកតាចាស់ស្រុក ។
តាមពិតទៅ ជំនឿលើថ្មធម្មជាតិ គឺជាវប្បធម៌មួយ (Culture mégalithique)ដែលមានលក្ខណៈជាសកល ព្រោះថ្មតំណាងនូវភាពរឹងមាំ ឬអមតៈនៃធម្មជាតិជាទូទៅ ហើយជីវិតដោយឡែក គឺក្នុងបរិបទនេះហើយដែលថ្មបញ្ឈរតំណាងឱ្យលិង្គ ឬអង្គជាតិសម្រាប់បន្តពូជដោយជាក់ស្តែង ។
រហូតដល់ សព្វថ្ងៃនេះតាមឆន្ទៈប្រជាជន ថ្មនេះក៏តំណាងឱ្យអ្នកតាឬជាថ្មអ្នកតាផ្ទាល់ផងដែរ ហើយថ្មនេះទៀតសោតក៏ជាថ្មដែលមានបារមីកាន់ ហើយមានតួនាទីដ៏ពិសិដ្ឋ គឺការពារបីបាច់ថែរក្សាកូនចៅក្នុងសហគមន៍ឱ្យបានសុខសប្បាយ (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.