ថ្លើម

ដោយវិគីភីឌា

ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមាននៅក្នុងសត្វឆ្អឹងកង និងសត្វមួយចំនួនផ្សេងទៀត។ ថ្លើមមានមុខងារយ៉ាងច្រើន ដែលរួមមាន ការបន្សាបជាតិ​ពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ថ្លើមគឺជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបាន​សម្រាប់ការរស់រាន្ត ហើយបច្ចុប្បន្ន ទោះបីជាវិធីលាងថ្លើមអាចប្រើជំនួសមុខងាររបស់ថ្លើមបានសម្រាប់រយៈពេលខ្លីក៏ដោយ ក៏នៅពុំទាន់មានវិធីណា​មួយអាចប្រើជំនួសសម្រាប់រយៈពេលវែងនៅឡើយដែរ។ ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលីស និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុ​របស់​កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។ ថ្លើមមានទីតាំងស្ថិតនៅខាង​ក្រោម​សន្ទះ​ទ្រូងនៃពោះ។ វាផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិ​លីពីត។ ជាលិកាពិសេសរបស់ថ្លើមសម្រួលដល់ប្រតិកម្មសារធាតុគីមីជីវសាស្ត្រកម្រិតខ្ពស់ៗជាច្រើន ដោយរាប់បញ្ចូលទាំងការសំយោគ និង​ការបំបែកម៉ូលេគុលសាំញ៉ាំតូចៗ ដែលភាគច្រើនគឺត្រូវការយ៉ាងចាំបាច់ដើម្បីឲមុខងារសំខាន់ៗក្នុងរាងកាយមានដំណើរការទៅតាមធម្មតា។