Jump to content

ទសពលញ្ញាណ

ពីវិគីភីឌា

និយមន័យ

[កែប្រែ]

ទសពលញ្ញាណ មក​ពី​សព្ទ​ថា ទស (១០) និង ពលៈ (កម្លាំង) និង ញាណ (សេចក្ដី​ដឹង, ប្រាជ្ញា, ទ្រង់​ញាណ (ព្រះ​ពុទ្ធ) ទ្រង់​ជ្រាប​ច្បាស់​នូវ​កិច្ច​ការ​អាថ៌​កំបាំង​ជ្រាល​ជ្រៅ​ផ្សេង​ៗ ដោយ​ព្រះ​ប្រាជ្ញា) ។ តាម​​វចនានុក្រម​ខ្មែរ​ ពាក្យ​ថា ទសពល (ទៈ-សៈ-ពល់) គុណសព្ទ ឬ នាមសព្ទ មាន​ន័យ​ថា ដែល​មាន​កម្លាំង ១០ គឺ​មាន​កម្លាំង​ស្មើ​នឹង​ដំរី​វិសេស ១០ (ព្រះ​សម្មាសម្ពុទ្ធ) ឬហៅ​ថា ព្រះ​ទសពល ។ ក្នុង​ភាសា​បាលី​ គេ​ប្រើ​ពាក្យ​ថា ទសតថគតពល (ទៈសៈ-តៈថៈគៈតៈ-ពៈលៈ) (dasa-(Tathāgata)- bala) ប្រែ​តាម​រូបសព្ទថា អំណាច ១០ របស់​ព្រះ​សម្ពុទ្ធ ឬ ព្រះ​អង្គ​ដែល​មាន​ ១០ អំណាច ពោល​គឺ​ ព្រះ​ពុទ្ធ ។

អធិប្បាយ

[កែប្រែ]

ពាក្យថា ទសពលញ្ញាណ (the Ten Powers of the Perfect One)(បាលីថា តថាគតពលញ្ញាណ ១០) គឺ​ជា ព្រះ​ញាណ​ដែល​ជា​កម្លាំង​របស់​ព្រះ​ពុទ្ធ​ទាំង ១០ ប្រការ ដែល​អាច​ឲ្យ​ព្រះ​អង្គ​​មាន​សំឡេង​ដូច​សីហនាទ (សិង្ហ) ដើម្បី​ប្រកាស​ផ្សាយ​សាសនា​ឲ្យ​គង់វង់ [វចនានុក្រមពុទ្ធសាសនា​ ភាសា​ថៃ] ។ ញាណ​ដ៏​អស្ចារ្យ​ទាំង ១០ របស់​ព្រះ​ពុទ្ធ​មាន​ដូច​ខាង​ក្រោម ៖

  1. ឋានាឋានញ្ញាណ : ញាណ​​ដែល​អាច​ដឹង​ឋានៈ និង អឋាន គឺ ការ​ដឹង​ធម្មជាតិ​ពិត​ទាក់ទង​នឹង​ព្រំដែន និង ខេត្ត​ខណ្ឌ​នៃ​វត្ថុ​ទាំង​ឡាយ ពោល​គឺ​ការ​ដឹង​ថា​ អ្វី​អាច​កើត​ឡើង​បាន អ្វី​កើត​ឡើង​មិន​បាន និង​ ​ប៉ុន្មាន​ជាការ​ល្មម និយាយ​ឲ្យ​ចំ​វា​ជា​សម្ព័ន្ធ​ភាព​រវាង​ហេតុ​ និង ​ផល និង​ក្បួន​ច្បាប់​នៃ​ចរិយធម៌​ទាក់​ទង​នឹង​លទ្ធភាព​របស់​បុគ្គល​ម្នាក់​ៗ​ដែល​នឹង​ទទួល​បាន​ផលនៃ​កម្ម​​ដែល​មនុស្ស​ម្នាក់​ៗ​ប្រព្រឹត្ត​ល្អ​និង​អាក្រក់​ផ្សេង​ៗ​គ្នា ។ — knowledge of instance and no instance; knowledge of possibilities and impossibilities
  2. កម្មវិបាកញ្ញាណ : ញាណ​ដែល​អាច​ដឹង​អំពី​ផល​នៃ​កម្ម ពោល​គឺ​​​លទ្ធភាព​អាច​កំណត់​បែង​ចែក​ការ​ឲ្យ​ផល​ភ្លាម​ៗ រវាង​កម្ម​ល្អ​និង​កម្ម​អាក្រក់ ដែល​ជា​ប់​ពាក់​ព័ន្ធ​នឹង​បច្ច័យ​ឡោមព័ទ្ធ​ផ្សេង​ៗ,​ អាច​មើល​ឃើញ​ច្បាស់​លាស់​នូវ​ការ​ទាក់​ទង​រវាង​ដំណើរក​កើត​ផល​នៃ​កម្ម​យ៉ាង​ច្បាស់ ។ ​— knowledge of ripening of action; knowledge of the results of karma
  3. សព្វត្ថគាមិនីបដិបទាញាណ : ញាណ​ដែល​អាច​ដឹង​ខ​ប្រតិបត្តិ​ដែល​នឹង​នាំ​ទៅ​កាន់​គតិ​ទាំង​ពួង គឺ​ សុគតិ ទុគ្គតិ ឬ​ដំណើរ​ផុត​ចាក​គតិ; ឬ​ជា​ញាណ​ដែល​ដឹង​របៀប​ប្រតិបត្តិ​​ដែល​នាំ​ទៅ​កាន់​អត្ថប្រយោជន៍​ទាំង​ពួង ពោល​គឺ​ ទិដ្ឋធម្មិកត្ថ សម្បរាយិកត្ថ ឬ បរមត្ថ គឺ​ការ​ដឹង​ថា​ពេល​ប្រាថ្នា​ចូល​ទៅ​កាន់​គតិ​ឬ​ប្រយោជន៍​ណា​មួយ ឬ​ប្រាថ្នា​ធ្វើ​កិច្ចការ​អ្វី​មួយ គឺ​មានវិធីប្រតិបត្តិ​​យ៉ាង​ល្អិតល្អន់ ។ — knowledge of the way that leads anywhere; knowledge of the practice leading to all destinies and all goals
  4. នានាធាតុញ្ញាណ : ញាន​ដែល​អាច​ដឹង​សភាវៈ​នៃ​លោក​ដែល​ជា​ផ្សំ​ឡើង​ដោយ​ធាតុ​ផ្សេង​ៗ​យ៉ាង​ច្រើន​អនេក គឺ ការ​ដឹង​នូវ​សភាវៈ​របស់​ធម្មជាតិ ទាំង​ផ្នែក​ឧបាទិន្នកសង្ខារ និង អនុប្បាទិន្នកសង្ខារ ដូច​ជា​ ការ​ដឹង​គ្រឿង​ផ្សំ​ផ្សេង​ៗរបស់​ជីវិត ការ​ដឹង​សភាវៈ​នៃ​គ្រឿង​ផ្សំ​ទាំង​នោះ ព្រម​ទាំង​លក្ខណៈ​ និង មុខងារ​​របស់​ធាតុ​ផ្សំ​នីមួយ​ៗនោះ​ ជាអាទិ គឺ​ការ​ដឹង​មុខងារ​របស់​ខន្ធ អាយតនៈ និង ធាតុ​ផ្សេង​ៗ នៅ​ក្នុង​ក្បួន​នៃ​ការ​យល់​ដឹង​ ជាដើម និង ការ​ដឹង​នូវ​ហេតុ​នៃ​ការ​បែក​ធ្លាយ​របស់​វត្ថុ​ទាំង​ឡាយ​នោះ ។ — knowledge of the world with its many and different elements
  5. នានាធិមុត្តិកញ្ញាណ : ញាណ​ដែល​ដឹង​នូវ​អធិមុត្តិ គឺ ការ​ដឹង​អធ្យាស្រ័យ និន្នាការ ការប្រកាន់​ជំនឿ និង ចំណាប់​អារម្មណ៍ ជាដើម របស់​សត្វ​ទាំង​ឡាយ​ ដែល​ប្រព្រឹត្ត​ជីវិត​របស់​គេ​រៀង​ៗ​ខ្លួន ។ — knowledge of the different dispositions of beings
  6. ឥន្រ្ទិយប្បរោបរិយត្តញ្ញាណ : ញាណ​ដែល​ដឹង​នូវ​សេចក្តី​ប្រសើរ និង ថយថោក​នៃ​ឥន្ទ្រីយ៍​​ទាំង​ឡាយ​ គឺ​ការ​ដឹង​ថា​សត្វ​នោះ​មាន​សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា ត្រឹម​កម្រិត​ណា មាន​កិលេស​ច្រើន មាន​ឥន្ទ្រីយ៍​ទន់​ជ្រាយ ឬ​ចាស់​ក្លា ងាយ​ប្រដៅ​ឬ​ពិបាក​ប្រដៅ មាន​លក្ខណៈ​សម្បត្តិ​សមរម្យ​អាច​ត្រាស់​ដឹង​ឬ​អត់ — knowledge of the state of faculties of beings; knowledge of the inferiority and superiority of the controlling faculties of various beings; knowledge as regards maturity of persons
  7. ឈានាទិសង្កិលេសាទិញ្ញាណ : ញាណ​ដែល​ដឹង​អំពី​ចិត្ត​​សៅហ្មង ចិត្ត​ជ្រះ​ថ្លា ចិត្ត​​ចេញ​ចាក​ឈាន វិមោក្ខ សមាធិ និង សមាបត្តិ ទាំង​ឡាយ​ — knowledge of defilement, cleansing and emergence in the cases of the meditations, liberations, concentrations and attainments
  8. បុព្វេនិវាសានុស្សតិញ្ញាណ : ញាណ​ដែល​អាច​រឭក​ភព​ដែល​ធ្លាប់​បាន​យក​កំណើត​ពី​អតីតជាតិ — knowledge of the remembrance of former existences
  9. ចុតូប្បាតញ្ញាណ : ញាណ​ដែល​អាច​ដឹង​នូវ​ចុតិ (ស្លាប់) និង ឧបត្តិ (កើត) នៃ​សត្វ​ទាំងឡាយ​ដែល​អន្ទោល​ទៅ​តាម​កម្ម - knowledge of the decease and rebirth of beings)
  10. អាសវក្ខយញ្ញាណ : ញាណ​ដែល​អាច​ដឹង​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ (គ្រឿង​សៅហ្មង) ទាំង​ឡាយ — knowledge of the exhaustion of mental intoxicants)

[១៦៦] ម្នាល​សារីបុត្ត តថាគតពលញ្ញាណ របស់​តថាគត​នេះ​មាន​ ១០ ប្រការ គឺ​ជា​ពលញ្ញាណ ដែល​តថាគត​បាន​ប្រកប​ហើយ​ ទើប​ដឹង​ច្បាស់​នូវ​ហេតុ​ដ៏​ប្រសើរ បន្លឺ​សីហនាទ ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ (ចក្រ​ដ៏ប្រសើរ) ឲ្យ​ប្រព្រឹត្ត​ទៅ ។ ឯតថាគតលញ្ញាណ ១០ តើ​ដូច​ម្តេច ?

  1. ម្នាល​សារីបុត្ត ព្រះ​តថាគត​ក្នុង​លោក​នេះ​ រមែង​ដឹង​ច្បាស់​នូវ​ហេតុ​តាម​ហេតុ​ផង ដឹង​ច្បាស់​នូវ​អំពើ​មិន​មែន​ជា​ហេតុ​តាម​អំពើ​មិន​មែន​ជា​ហេតុ​ផង តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត​ ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់​នូវ​ហេតុ​តាម​ហេតុ​ផង ដឹង​ច្បាស់​នូវ​អំពើ​មិន​មែន​ជា​ហេតុ​ តាម​អំពើ​មិន​មែន​ជា​ហេតុ​ផង តាម​សេចក្តី​ពិត ម្នាល​​សារីបុត្ត នេះ​ឯង ជា​តថាគតពលញ្ញាណ​របស់​តថាគតទី ១ ជា​ពលញ្ញាណ​ដែល​ព្រះ​តថា​គត​តែង​អាស្រ័យ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ញ៉ាំង​ព្រហ្មចក្រ (ចក្រ​ដ៏​ប្រសើរ) ឲ្យ​ប្រព្រឹត្ត​ទៅ ។
  2. ម្នាល​សារីបុត្ត មួយ​ទៀត ព្រះ​តថាគត​រមែង​ដឹង​ច្បាស់​នូវ​វិបាក​នៃ​កុសលកម្ម​​ និង អកុសលកម្ម ដែល​សត្វ​បាន​ធ្វើ​ហើយ ទាំង​អតីត អនាគត និង បច្ចុប្បន្ន តាម​បច្ច័យ តាម​ហេតុ ដោយ​សេចក្តី​ពិត​មែន ។ ម្នាល​សារីបុត្ត ត្រង់​ដែល​តថាគតដឹង​ច្បាស់​នូវ​វិបាក​​នៃ​កុសល និង អកុសល ដែល​សត្វ​បាន​ធ្វើ​ហើយ ទាំង​អតីត អនាគត និង បច្ចុប្បន្ន តាម​បច្ច័យ តាម​ហេតុ ដោយ​សេចក្តី​ពិត​ ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​តថាគត (ទី ២) ជា​ពលញ្ញាណ​ដែល​តថាគត​តែង​អាស្រ័យ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ បន្លឺ​ឡើង នូវ​សីហនាទ​ក្នុង​បរិស័ទ​ទាំងឡាយ ញ៉ាំង​ចក្រ​ដ៏​ប្រសើ​ឲ្យ​ប្រព្រឹត្ត​ទៅ ។
  3. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​ដឹង​ច្បាស់​នូវ​បដិបទា​​ជា​ដំណើរ​ ទៅ​កាន់​សុគតិ និង ទុគ្គតិ​ក្នុង​ទី​ទាំង​ពួង តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់​នូវ​បដិបទា​ ដំណើរ​ទៅ​កាន់​សុគតិ​ និង ទុគ្គតិ​ក្នុង​ទី​ទាំង​ពួង ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគត​ពលញ្ញាណ​របស់​ព្រះ​តថាគត (ទី ៣) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​​តែង​អាស្រ័យ​ហើយ ទើប​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ដ៏​ប្រសើ​ឲ្យ​ប្រព្រឹត្ត​ទៅ ។
  4. ម្នាល​សារីបុត្ត​ មួយ​ទៀត តថាគត​ដឹង​ច្បាស់​នូវ​លោក​ដែល​មាន​ធាតុ​ច្រើន​យ៉ាង​ មាន​ធាតុ​ផ្សេង​ៗ​គ្នា តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​​តថាគតដឹង​ច្បាស់​នូវ​លោក​ដែល​មាន​ធាតុ​ច្រើន​យ៉ាង មាន​ធាតុ​ផ្សេង​ៗ​គ្នា តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ (ទី ៤) ជា​ពលញ្ញាណ ដែល​ព្រះ​តថាគត​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ ។
  5. ម្នាល​សារីបុត្ត​ មួយ​ទៀត ព្រះ​តថាគត​ដឹង​ច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង​ៗ​គ្នា របស់​សត្វ​ទាំងឡាយ តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង​ៗ​គ្នា របស់​​សត្វ​ទាំងឡាយ​តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត​នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត (ទី ៥) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំងឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត​ទៅ ។
  6. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​ដឹង​ច្បាស់​នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ និង ទន់ របស់​ពួក​សត្វ​ដទៃ របស់​បុគ្គល​ដទៃ តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់ នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ និង ទន់ របស់​ពួក​សត្វ​ដទៃ​ ពួក​បុគ្គល​ដទៃ តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត​(ទី ៦) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ។
  7. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​ដឹង​ច្បាស់​នូវ​ សេចក្តី​សៅហ្មង សេចក្តី​ផូរផង់ និង ការ​ចេញ​នៃ​ឈាន វិមោក្ខ សមាធិ និង សមាបត្តិ​ទាំងឡាយ តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់នូវសេចក្តី​សៅហ្មង សេចក្តី​ផូរផង់ និង ការ​ចេញ​នៃ​ឈាន វិមោក្ខ សមាធិ និង សមាបត្តិ​ទាំងឡាយ តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត​(ទី ៧) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ។
  8. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​រលឹក​ជាតិ​បាន​នៅ​អាស្រ័យ​ក្នុង​កាល​មុន​ជា​អនេកជាតិ គឺ​រលឹក​បាន​ ១ ជាតិ ២ ជាតិ ៣ ជាតិ ៤ ជាតិ ៥ ជាតិ ១០ ជាតិ ២០ ជាតិ ៣០ ជាតិ ៤០ ជាតិ ៥០ ជាតិ ១០០ ជាតិ ១ ពាន់​ជាតិ​ ១ សែន​ជាតិ​ក៏​បាន រលឹក​បាន​​ច្រើន​សំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើន​សំវដ្ដវិវដ្តកប្ប​ក៏​បាន ថា​ក្នុង​ភព​ឯណោះ អាត្មា​អញ​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ​ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ អាត្មាអញ​នោះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​បាន​ទៅ​កើត​ក្នុង​ភព​ឯណា ដែល​ទៅ​កើត​ក្នុង​ភព​ឯ​ណោះ​ទៀត អាត្មាអញ ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​​ប៉ុណ្ណេះ លុះ​អាត្មាអញ្​នោះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ទើប​ទៅ​កើត​ក្នុង​ភព​នេះ​ឯង ។ ព្រះ​តថាគត​រលឹក​ជាតិ​ដែល​បាន​នៅ​អាស្រ័យ​ក្នុង​កាល​មុន​ជា​អនេក​ជាតិ ព្រម​ទាំង​អាការ ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ​ឯង ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​រលឹក​ជាតិ ដែល​បាន​នៅ​អាស្រ័យ​ក្នុង​​កាល​មុន​ជា​អនេក​ជាតិ គឺ​រលឹក​បាន​ ១ ជាតិ ២ ជាតិ ។បេ។ រលឹក​ជាតិ​ដែល​បាន​នៅ​អាស្រ័យ​ក្នុង​កាល​មុន​ជា​អនេក​ជាតិ ព្រម​ទាំង​អាការ​ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត​(ទី ៨) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ។
  9. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា តែង​ឃើញ​នូវ​សត្វ​ទាំងឡាយ កំពុង​ច្យុត​កំពុង​កើត ជា​សត្វ​ទាបថោក​ខ្លះ ខ្ពង់​ខ្ពស់​ខ្លះ មាន​សម្បុរ​ល្អ​ខ្លះ មាន​សម្បុរ​អាក្រក់​ខ្លះ មាន​គតិ​ល្អ​ខ្លះ មាន​គតិ​អាក្រក់​ខ្លះ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ​ដែល​អន្ទោល​ទៅ​តាម​កម្ម​ (របស់​ខ្លួន) ថា អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ។បេ។ រមែង​ដឹង​ច្បាស់​ (យ៉ាង​នេះ​ឯង) ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា តែង​ឃើញ​នូវ​សត្វ​ទាំងឡាយ កំពុង​ច្យុត​​កើត ជា​សត្វ​ទាបថោក​ខ្លះ ខ្ពង់​ខ្ពស់​ខ្លះ មាន​សម្បុរ​ល្អ​ខ្លះ មាន​សម្បុរ​អាក្រក់​ខ្លះ មាន​គតិ​ល្អ​ខ្លះ មាន​គតិ​អាក្រក់​ខ្លះ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ​ដែល​អន្ទោល​ទៅ​តាម​កម្ម​ (របស់​ខ្លួន) ថា អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ។បេ។ រមែង​ដឹង​ច្បាស់​ (យ៉ាង​នេះ​ឯង) ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត​(ទី ៩) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ។
  10. ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​​​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ចេតោវិមុត្តិ នូវ​បញ្ញាវិមុត្តិ​ មិនមាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសៈ​ទាំង​ឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន​ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ ៤ ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ចេតោវិមុត្តិ នូវ​បញ្ញាវិមុត្តិ​ មិនមាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសៈ​ទាំង​ឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន​ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ ៤ ម្នាល​សារីបុត្ត នេះ​ឯង​ជា​តថាគតពលញ្ញាណ​របស់​ព្រះ​តថាគត​(ទី ១០) ជា​ពលញ្ញាណ​ដែល​ព្រះ​តថាគត​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ។ (ref. 2)

សម្រង់​ចេញ​ពី​ឯកសារ​ភាសា​អង់គ្លេស

​គម្ពីរ​មជ្ឈិមនិកាយ ​ M. 12.; និង គម្ពីរ​អង្គុត្តរនិកាយ A. X, 21:

There, o monks, the Perfect One understands according to reality the [1] possible as possible, and the impossible as impossible ... [2] the result of past, present and future actions ... [3] the path leading to the welfare of all ... [4] the world with its many different elements ... [5] the different inclinations in beings ... [6] the lower and higher faculties in beings ... [7] the defilement, purity and rising with regard to the absorptions, deliverances, concentration and attainments ... [8] remembering many former rebirths ... [9] perceiving with the divine eye how beings vanish and reappear again according to their actions (kamma) ... [10] gaining, through extinction of all taints, possession of 'deliverance of mind' and 'deliverance through wisdom' ...."

កំណត់​សម្គាល់

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ព្រះត្រ័យបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសក > សីហនាទវគ្គ > មហាសីហនាទសូត្រ > តថាគតពលញ្ញាណ ១០ ប្រការ (សៀវភៅ​លេខ ២៣ ទំព័រ​ទី ២៦៣ វគ្គ ១៦៦)
  2. ព្រះត្រ័យបិដក > សុត្តន្តបិដក​ > មជ្ឈិមនិកាយ​ > សីហនាទវគ្គ​ > មហាសីហនាទសូត្រ > តថាគតពលញ្ញាណ ១០ ប្រការ > វគ្គ ១៦៦​ (សៀវភៅ​លេខ ២០ ទំព័រ​ទី ២៦៣)
  3. សុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត បឋមបណ្ណាសក មហាវគ្គ​ ទី ៣ (សៀវភៅ​លេខ ៥០ ទំព័រ ៧៣ វគ្គ ២១) ។
  4. អភិធម្មបិដក វិភង្គបករណ៍ តតិយវគ្គ ញាណវិភង្គ ទសកនិទ្ទេស (សៀវភៅ​លេខ ៨២ ទំព័រ​ទី ១១៨ វគ្គ ៧៣) ។
  5. គេហទំព័រ ព្រះ​ត្រៃ​បិដក​ភាសា​ថៃ វចនានុក្រម​ពុទ្ធសាសនា​ : [១][តំណភ្ជាប់ខូច]