ទិវាអក្ខរកម្មអន្តរជាតិ
ទិវាអក្ខរកម្មអន្តរជាតិ | |
---|---|
ប្រារព្ធដោយ | រដ្ឋសមាជិកស.ប.ទាំងអស់ |
កាលបរិច្ឆេទ | ៨ កញ្ញា |
ថ្ងៃទី៨ ខែកញ្ញា ត្រូវបានប្រកាសជាទិវាអក្ខរកម្មអន្តរជាតិដោយអង្គការយូណេស្កូនៅថ្ងៃទី១៧ វិច្ឆិកា ១៩៦៥។ ទិវានេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៦៦ ក្នុង គោលបំណង ដើម្បីលើកយកនិងផ្សព្វផ្សាយអំពីសារៈសំខាន់នៃអក្ខរភាពទៅដល់សាធារណៈជន សហគមន៍និងសង្គមនានានៅជុំវិញពិភពលោក។ រៀងរាល់ឆ្នាំ នៅទិវាអក្ខរកម្មអន្តរជាតិ អង្គការយូណេស្កូបានរំលឹកជូនសហគមន៍អន្ដរជាតិទាំងឡាយ អំពីស្ថានភាពនៃអក្ខរកម្ម និងការសិក្សារបស់មនុស្សពេញវ័យ ទូទាំងសកលលោក។ ការប្រារព្ធទិវាអក្ខរកម្មអន្តរជាតិនេះ ត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោក។ [១]
មនុស្សពេញវ័យប្រមាណ ៧៧៥លាននាក់ កំពុងប្រឈមនឹងបញ្ហាខ្វះជំនាញអប្បបរមាផ្នែកអក្ខរកម្ម។ មាន១នាក់ ក្នុងចំណោមមនុស្សពេញវ័យ៥នាក់ កំពុងស្ថិតនៅក្នុងអនក្ខរភាព មិនចេះអក្សរ ហើយក្នុងនោះ ២ភាគ៣ គឺជាស្ត្រី។[២] មានកុមារជាង ៦០.៧ លាននាក់ កំពុងមានបានចូលរៀននៅក្នុងសាលា ហើយក៏មានកុមាររាប់លាននាក់ដទៃទៀតដែលទៅរៀនមិនបានទៀងទាត់ ឬឈប់រៀន។[៣]
យោងទៅតាម "របាយការណ៍ត្រួតពិនិត្យជាសកលស្តីពីការអប់រំសម្រាប់ទាំងអស់គ្នា (ឆ្នាំ ២០០៦)" នៃអង្គការយូណេស្កូ [៤] តំបន់ទ្វីបអាស៊ីខាងត្បូងនិងភាគខាងលិច មានអត្រាអក្ខរកម្មនៃមនុស្សពេញវ័យទាបបំផុតនៅក្នុងតំបន់ (៥៨,៦%) តាមដោយតំបន់ អនុសាហារ៉ា នៃទ្វីបអាហ្រ្វិក (៥៩,៧%) និងរដ្ឋអារ៉ាប់ (៦២,៧%) ។ បណ្ដាប្រទេសដែលមានអត្រាអក្ខរកម្មទាបបំផុតនៅក្នុងពិភពលោកគឺ ប្រទេស បូគីណាហ្វាសូ (១២,៨%), នីហ្សេ (១៤,៤%) និងម៉ាលី (១៩%) ។ របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីទំនាក់ទំនងរវាងអនក្ខរភាពនិងភាពក្រីក្រធ្ងន់ធរនៅតាមបណ្តាប្រទេសនានា ហើយរវាងអនក្ខរភាព និងការរើសអើងប្រឆាំងនឹងស្រ្តី។
ការប្រារព្ធពិធីទិវាអក្ខរកម្មអន្តរជាតិបានរួមបញ្ចូលប្រធានបទជាក់លាក់ដែលស្របគ្នាជាមួយនឹងគោលដៅ 'ការអប់រំសម្រាប់ទាំងអស់គ្នា' និងកម្មវិធីដទៃផ្សេងទៀតនៃអង្គការសហប្រជាជាតិ ដូចជា កម្មវិធីអង្គការសហប្រជាជាតិ មួយទសវត្សរ៍នៃអក្ខរកម្មរ។ ប្រធានបទនៃការប្រារព្វទិវានេះសម្រាប់ឆ្នាំ ២០០៧ និងឆ្នាំ ២០០៨ នោះគឺ "អក្ខរកម្មនិងសុខភាព" ជាមួយនឹងការផ្ដល់ជូនពានរង្វាន់ទៅឱ្យអង្គការនានាដែលឈានមុខគេនៅក្នុងវិស័យការអប់រំសុខភាព។[៥] នេះក៏ជាការសង្កត់ធ្ងន់ទៅតាមខ្លឹមសារប្រចាំឆ្នាំ ២០០៧-២០០៨ នៃកម្មវិធីអង្គការសហប្រជាជាតិ មួយទសវត្សរ៍នៃអក្ខរកម្ម។ [៦] ជាពិសេស ទិវាអក្ខរកម្មអន្ដរជាតិឆ្នាំ ២០០៨ បានផ្ដោតសំខាន់យ៉ាងខ្លាំងនៅលើអក្ខរកម្មនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ដោយផ្តោតលើជំងឺឆ្លងដូចជាអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងបញ្ហាដ៏គួរឲ្យព្រួមបារម្ភមួយចំនួនដទៃទៀតក្នុងវិស័យសុខាភិបាលសាធារណៈទូទាំងពិភពលោក។ សម្រាប់ឆ្នាំ ២០០៩-២០១០ ប្រធានបទបានសង្កត់ធ្ងន់នៅលើ "អក្ខរកម្មនិងការពង្រឹងអំណាច" [៧] ជាមួយនឹងការយកចិត្តទុកដាក់ជាពិសេសលើសមភាពយែនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី។ ប្រធានបទនៃការប្រារព្ធទិវាឆ្នាំ ២០១១-២០១២ គឺ "អក្ខរកម្មនិងសន្តិភាព" ។[៨]
ដើម្បីលើកកំពស់ការយល់ដឹងជាសាធារណៈនៃតម្លៃដ៏វិសេសនៃអក្សរសាស្ត្រ និងភាពចាំបាច់ដើម្បីលើកកំពស់អក្ខរកម្មក្នុងសង្គម មានអ្នកនិពន្ធមួយចំនួនដែលមានរាយនាមដូចខាងក្រោម បានចូលរួមជាមួយអង្គការយូណេស្កូ តាមរយៈគម្រោងផ្ដួចផ្ដើម អ្នកនិពន្ធដើម្បីអក្ខរភាព:[៩] Margaret Atwood, Paul Auster, Philippe Claudel, Paulo Coelho, Philippe Delerm, Fatou Diome, Chahdortt Djavann, Nadine Gordimer, Amitav Ghosh, Marc Levy, Alberto Manguel, Anna Moi, Scott Momaday, Toni Morrison, Erik Orsenna, Gisèle Pineau, El Tayeb Salih, Francisco Jose Sionil, Wole Soyinka, Amy Tan, Miklós Vámos, Abdourahman Waberi, Wei Wei, Banana Yoshimoto. ។ មិនត្រឹមតែអ្នកនិពន្ធប៉ុណ្ណោះទេដែលបានចូលរួមចំណែកដល់ការបង្កើនការយល់ដឹងអំពីបញ្ហាអនក្ខរភាព លើពីនេះក៏មានក្រុមហ៊ុននិងអង្គការសប្បុរសធម៌ជាច្រើន បានចូលរួមនិងជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអនក្ខរភាពនេះ រួមមាន៖ Global Development Research Center, Montblanc, the National Institute for Literacy, និង Rotary International.។
មើលផងដែរ
[កែប្រែ]- អក្ខរភាព
- បញ្ជីរាយនាមប្រទេស តាមអត្រាអក្ខរកម្ម
- UNESCO Confucius Prize for Literacy
- UNESCO King Sejong Literacy Prize
- United Nations Literacy Decade