ទីអង្គុយ (គ្រហស្ថ ក្នុងព្រះទីន័ងវេវាវិនិច្ឆ័យ)
[១] នៅក្នុងព្រះបរមរាជវាំង កាលមានព្រះរាជពិធិទ្វាទមាសម្ដងៗ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្ដេចយាងជាព្រះរាជាធិបតី នោះបណ្ដាភ្នាក់ងារត្រូវរៀបទីព្រះទីន័ងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាខាងដើម ខាងមុខបង្អស់ បន្ទាប់មកថ្វាយព្រះរាជវង្សានុវង្សក្សត្រាជាទី២ គណរដ្ឋមន្ត្រីទី៣ មន្ត្រីសក្ដិ១០ហ៊ូពាន់ទី៤ (ឧត្តមមន្ត្រីផុតលេខ ចាងហ្វាងសាលាវិនិច្ឆ័យ) តទៅវរមន្ត្រី អនុមន្ត្រី ក្រមការ... ។ល។ យ៉ាងនេះជារបៀប ជាទម្លាប់ទំនៀម ។
ព្រះរាជវង្សានុវង្សក្សត្រាដែលឡើងគាល់ត្រូវគង់ជាមួយគ្នាទាំងអស់នៅកន្លែងមួយ ដែលមុខងារបានចាត់ទុកថ្វាយ ។ ការគង់នេះត្រូវជ្រាបថាព្រះអង្គគង់តាមថ្នាក់សក្ដិយសធំតូចជាលំដាប់ ។
ចំណែកខ្ញុំរាជការដែលគាល់បម្រើព្រះអង្គព្រះករុណាជាអម្ចាស់ជិវិតលើត្បូង នោះត្រូវមានកន្លែងអង្គុយគាល់ដោយឡែក ដែលក្រុមព្រះរាជមន្ទីររៀបចំបម្រុងទុកជារបៀបស្រេចៗ ។ ដូច្នេះព្រះរាជវង្សានុវង្សក្ដី អស់លោកមន្ត្រីធំតូចក្ដី ត្រូវទទួលយកទីអង្គុយដែលចាងហ្វាងព្រះរាជមន្ទីរ បានអញ្ជើញស្ដេចគង់ អញ្ជើងអង្គុយ ទើបមានរបៀបរៀបរយល្អ តាមច្បាប់តាមទំនៀម ។
ខាងស្ត្រីវិញក៏មានរបៀបប្រហែលៗគ្នាជាទម្លាប់ទំនៀម ។
នាក្រោយព្រះមហាស្វេតច្ឆត្រជាកន្លែងសម្រាប់ស្ត្រីគាល់ព្រះមហាក្សត្រាធិបតី គ្រប់ព្រះរាជពិធីទ្វាទសមាស ។ នោះនៅចំពីក្រោយព្រះមហាស្វេតច្ឆត្រ ត្រូវចាត់ជា៣រយៈ ទី១ សម្រាប់ថ្វាយសម្ដេចព្រះជននីនាថ សម្ដេចព្រះមាតុច្ឆា សម្ដេចព្រះបិតច្ឆា ។ល។ ទី២ បន្ទាប់តទៅខាងក្រោយ ក្សត្រីទីព្រះអង្គម្ចាស់ និងអ្នកអង្គម្ចាស់ ។ ទី៣ ខាងក្រោយបង្អស់ ចោជិត ចៅចម (អស់អ្នក) ។
នាខាងស្ដាំទីទាំង៣ នេះក្នុងល្វែងដោយខ្លួនសម្រាប់ជំទាវខុនណាង (គឺភរិយាមន្ត្រីធំតូច) នោះក៏មានរបៀបតាមឋានន្តរសក្ដិនៃស្វាមីទាំងអស់ ។
ដែលលើកយករបៀបទីគង់ក្សត្រមានព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាប្រធានដរាប ចុះមកព្រះរាជវង្សានុវង្សជាលំដាប់ទាំងក្សត្រីក្សត្រា ទាំងនាម៉ឺនសព្វមុខមន្ត្រីកវីបណ្ឌិត ចៅជិតចៅចម ជំទាវខុនណាង មកជាតួយ៉ាង ដើម្បីជាបែបផែនពន្យល់បំភ្លឺរបៀបរៀបទីសេនាសនៈ ទទួលភ្ញៀវឲ្យបានសមរម្យកុំឲ្យខុសឆ្គងពេក ។
បើយើងយល់របៀបនេះបានហើយ កាលគ្រាយើងមានកិច្ចធុរៈបុណ្យទាន ឫ រៀបពិធីមង្គលការផ្សេងៗ មានអញ្ជើញស្ដេចក្សត្រិយ៍ខត្តិយវង្ស នាម៉ឺនធំតូចព្រៀងលាន ញាតិសាច់សាលោហិត និងមិត្រភក្តិមកជាអធិកអធម នោះគប្បីចាត់ទីកន្លែងឲ្យសមតាមយសក្ដិជាដរាប ។
នេះចំណែកខាងក្សត្រិយ៍ និងមន្ត្រីក៏ល្មមចូលចិត្តបាន ។
ចំណែករាស្ត្រសាមញ្ញគឺអ្នកឥតបណ្ណាសក្ដិនោះ គេត្រូវរាប់យកចាស់ព្រឹទ្ធាចារ្យជាធំក្នុងទីប្រជុំនីមួយៗ នោះគេដាក់លោកអាចារ្យ (គឺអ្នកនាំថ្វាយបង្គំព្រះសូមសីល... ។ល។) ឲ្យអង្គុយមុខបង្អស់នៅកណ្ដាលទីប្រជុំ បន្ទាប់តៗមកក្រោយ គឺអញ្ជើញលោកចាស់ៗ ឡើងទៅជិតលោកអាចារ្យ ទើបក្មេងៗជាលំដាប់ចុះមក ។ តែបើមាននាម៉ឺនធំតូច អញ្ជើញមកខ្លះផង គប្បីអញ្ជើញអស់លោកទាំងនោះអង្គុយជិតស្មើនឹងលោកអាចារ្យទើបសម ។ ស្ត្រី និង បុរសក៏ត្រូវញែកជាពួកនៅក្នុងទីនោះ គឺតាមប្រវេណីខ្មែរពីបុរាណមក ការប្រជុំធ្វើបុណ្យ ឬ ធ្វើពិធីអ្វីនីមួយៗ គេតែងតែផ្ដុំស្រីដោយស្រី ប្រុសដោយប្រុស ថ្វីបើប្ដីប្រពន្ធមកពីផ្ទះជាមួយគ្នា តែដល់ទៅទីប្រជុំគេតែងតែបែកគ្នាទៅរកទីកន្លែងតាមស្រីតាមប្រុសជាធម្មតា ។ នៅគេហស្ថានរបៀបរៀបភ្ញៀវនេះស្រេចហើយនៅលើម្ចាស់បុណ្យ ឬ អ្នកចាត់ការ ។ នៅទីវត្តវិញស្រេចហើយតែលោកអាចារ្យ ជាប្រមុខចាត់ចែងធ្វើកាលទាន ឬ បុណ្យទ្វាទសមាសដែលលោកអាចារ្យមានស្លាក ឬ កម្មវិធី ចែកចាយផ្សាយដំណឹងអញ្ជើញទាយកទាយិកាជើងវត្តមក ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ