Jump to content

ទីអង្គុយ (តាមឱវាទពីបុរាណ)

ពីវិគីភីឌា

[] ចាស់ៗ​ច្រើន​ទូន្មាន​កូន​ចៅ​ថា​ «ត្រូវ​អង្គុយ​ឲ្យ​ទាប» តើយ៉ាង​ណា​ម៉ិញ​? ។ ក្នុង​ពេល​ប្រជុំ​ម្ដងៗ​ រមែង​មាន​ជន​គ្រប់​ជាន់​គ្រប់​ថ្នាក់​ក្សត្រិយ៍​ មន្ត្រី រាស្ត្រសាមញ្ញប្រុស​ស្រី​ ចាស់​ក្មេង​ជា​ធម្មតា ហើយ​លោក​ឲ្យ​ឱវាទ​យើង​ទាំង​អស់​គ្នា ឲ្យអង្គុយ​ឲ្យទាប ។ ចុះ​ទី​ត្រង់ណា​ដែល​យើង​សំគាល់​ទុក​ថា​ជា​ទី​ទាប? ។

យើង​ទាំងអស់គ្នាត្រូវ​ឲ្យ​ដឹង​ឋានៈ​របស់​យើង យើង​អាច​ស្គាល់​បាន ចូល​ចិត្ត​បាន​ថា​ក្នុ​ងប្រជុំ​នេះ (មិន​និយាយ​ពីប្រជុំ​ជា​ផ្លូវ​ការ​ទេ) គឺ​អ្នកស្រុក​ភូមិ​ផង​របង​ជាមួយ​ញាតិ​សាច់​ និង​មិត្រភក្ដិ... ។ល។ ដូច្នេះ​យើង​អង្គុយ​ត្រង់នេះ ជា​ទី​គួរ​សមតែ​យើង​កុំ​គប្បីទៅ​អង្គុយ​ដល់​ទីនោះ​ភ្លាម​ទេ យើង​គប្បី​រើស​យកទី​បន្ទាប់អំពី​នោះ​បន្តិច​មក យ៉ាង​នេះ​ហើយ​ហៅថា​អង្គុយ​ឲ្យ​ទាប ព្រោះ​យើង​បារម្ភ​ក្រែង​មាន​អ្នកធំ​ជាង​យើង ឬ ចាស់​ជាង​យើង អញ្ជើញ​មក​ទៀត​មិន​រវល់​នឹង​រើស​កន្លែង ។

មួយវិញទៀត ក្នុង​ពេលប្រជុំ​នោះ បើ​មាន​មន្ត្រី​ចាស់ (រ៉ឺត្រែត) ដែល​លោក​មាន​យសក្ដិ​ធំ​ខ្ពស់​ដែរ ឬ មាន​ចាស់​ព្រឹទ្ធាចារ្យ ដែល​ប្រកប​ដោយ​លក្ខណៈ ជាអ្នក​ស្រគត់ស្រគំ អ្នក​សមាទាន​រក្សា​សីល សមរម្យ​ជាទីគោរព​របស់​យើង ទុក​ដូចជា​ឪពុក​យើង ម្ដាយ​យើង ជីដូន​ជីតា​យើង យើង​គប្បី​អញ្ជើញ​ឲ្យ​ខិត​ឡើង​ទៅ​មុខបន្តិចក៏​គួរដែរ ទុក​ណាជា​យើង​ជា​មន្ត្រី​ធំ​ក្ដី តូច​ក្ដី ដែល​នៅងារ​ពេញ​ទី ។ ចំណែក​ខាង​ស្រីៗ​ក៏គប្បី​ប្រើ​របៀបអង្គុយ​ដូចអធិប្បាយ​ហើយ​ខាង​លើនេះ ។

របៀប​អង្គុយ​នឹង​ឲ្យរៀបរយ​បាន​ល្អ​អាស្រ័យ​ភ្ញៀវ និងការ​គួរសម​ឲ្យ​បរិបូណ៌​ផង បើ​ភ្ញៀវ​ឥតល្បប​មិន​គិត​ក្រែង​មាន​ការ​រំខាន​ដល់​ភ្ញៀវ​ និងភ្ញៀវផងគ្នា ឬ ដល់​អ្នកម្ចាស់ផ្ទះ ម្ចាស់​បុណ្យ នោះ​ជា​អំពើ​ឲ្យ​កើត​ឡើង​នូវ​សេចក្ដី​មិន​ស្រួល​ក្នុង​ទី​ប្រជុំ ឬបង្កើត​នូវ​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​គេឯង​រាល់គ្នា ។

ឯកសារយោង

[កែប្រែ]
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ