ទឹកធ្លាក់សិលាមានជ័យ

ពីវិគីភីឌា

ព័ត៍មានទូទៅ[កែប្រែ]

thumb|រមណីយដ្ឋានទឹកធ្លាក់សិលាមានជ័យ រាប់ចាប់ពីតំបន់រមណីយដ្ឋានធម្មជាតិ ជីផាត់ ត្រពាំងរូង ទឹកធ្លាក់តាតៃ ព្រៃកោងកាង ពាមក្រសោប ឆ្នេរសមុទ្រ កោះតូចធំ ដល់ តំបន់ព្រៃឈើអារ៉ែង គឺសុទ្ធសឹងជាតំបន់ទេសចរណ៍មានឈ្មោះល្បីរបស់ខេត្ត កោះកុង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្លាប់បានឮ បានស្គាល់ និងខ្លះក៏ធ្លាប់បានទៅឃើញផ្ទាល់។ ប៉ុន្តែសម្រាប់ខេត្តនៅភាគនិរតីរបស់កម្ពុជាមួយនេះ ក៏នៅមានទឹកធ្លាក់មួយទៀត កំពុងចង់បង្អូតសម្រស់ខ្លួន អន្ទងចិត្តភ្ញៀវទេសចរជិតឆ្ងាយ មកកម្សាន្តលេងផងដែរ។ នោះគឺ តំបន់សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះ សិលាមានជ័យ ឬអ្នកស្រុកនិយមហៅថា ទឹកធ្លាក់ តាយ៉ុង។ មូលហេតុ ដែលអ្នកស្រុកនិយម ហៅឈ្មោះទឹកធ្លាក់នេះថា «ទឹកធ្លាក់ តាយ៉ុង» គឺដោយសារយកតាមឈ្មោះ ចៅសង្កាត់ ស្មាច់មានជ័យ លោកតាយ៉ុង ជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះ និងធ្វើផ្លូវទៅលេងទឹកធ្លាក់។ នេះបើយោងតាមលោក សៅ ចក់ ជាអ្នកលក់សំបុត្រចូលទស្សនា និងជាសមាជិកសហគមន៍ ប្រាប់ក្រុមការងារភ្នំពេញ ប៉ុស្តិ៍ ពេលចុះទៅដល់។ ទឹកធ្លាក់នេះ ស្ថិតនៅក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានចម្ងាយតែប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្ត តាមផ្លូវឆ្ពោះទៅខេត្ត ពោធិ៍សាត់ លើផ្លូវចាក់បេតុង។មកដល់ត្រង់ចំណុចមួយមានលើកស្លាកសញ្ញាសម្គាល់ ទឹកជ្រោះរួចបត់ឆ្វេង តាមផ្លូវក្រាលក្រួសក្រហម ដែលទើបនឹងឈូសស្អាត នោះលោកអ្នកនឹងទៅដល់ទឹកជ្រោះនេះ។ វាពិតជាមានអារម្មណ៍ស្រស់ថា្ល និងរំភើបណាស់នៅពេល ដែលបានគយគន់សម្លឹងមើលព្រៃព្រឹក្សាតាមបណ្តាយផ្លូវឡើងភ្នំចុះភ្នំ ដែលអំណោយផលដល់ភ្ញៀវទេសចរ អាចឈប់ផ្តិតយកទេសភាព ដ៏ស្រស់ត្រកាលនៃសម្បត្តិធម្មជាតិនានា មើលពីខាងលើ។ ទឹកធ្លាក់តាយ៉ុង ហូរតាមជម្រាលថ្ម ជា ៤ ដំណាក់។ ប៉ុន្តែជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ពស់ជាង ១០ ម៉ែត្រ និងមានមុខកាត់រហូតដល់ជាង ៥០ ម៉ែត្រ។ ភ្ញៀវទេសចរ ក៏អាចហែលទឹកលេងកម្សាន្ត ព្រោះមានអន្លង់ទឹក ប្រៀបបីដូចអាងទឹកធម្មជាតិមួយ ដែលមានទឹកថ្លាឈ្វេង។ ពីទឹកធ្លាក់ជាន់ខាងលើទាំង ២ ហូរទៅដំណាក់ខាងក្រោម ភ្ញៀវទេសចរ អាចដើរលេង ថតរូបកម្សាន្ត ផ្តិតយកទិដ្ឋភាពតាមជម្រាលទឹកហូរ ដែលមានផ្ទៃស្ទើររាបស្មើ។ នៅតាមបណ្តោយទឹកធ្លាក់ហូរ ដែលមានទីធ្លាស្រឡះល្អ ភ្ញៀវទេសចរក៏អាចអង្គុយលេង ឬបរិភោគអាហារ ដែលបានវេចខ្ចប់មក ក្លែមជាមួយសម្រស់ធម្មជាតិនៃទឹកធ្លាក់នេះផងដែរ។ សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះ សិលាមានជ័យ ឬទឹកធ្លាក់ តាយ៉ុងនេះ ទើបតែត្រូវបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបានជិត ២ ខែប៉ុណ្ណោះ ក្រោយលោកចៅសង្កាត់ និងសហគមន៍ធ្វើការឈូសឆាយផ្លូវថ្មី។ នេះបើលោក នាក់ សារឿន អនុប្រធានសហគមន៍ទេសចរណ៍បានប្រាប់។លោក សារឿន និយាយថា៖ «បច្ចុប្បន្ន ភ្ញៀវទេសចរមកលេងនៅទឹកធ្លាក់នេះ ជាអ្នកខេត្តកោះកុង និងសម្បូរភ្ញៀវមកលេង ភាគច្រើននៅថ្ងៃសៅរ៍ និងអាទិត្យ។ ប៉ុន្តែមានអ្នកមកលេងរៀងរាល់ថ្ងៃផងដែរ»។ លោកបន្តថា ពុំទាន់មានសេវាកម្មម្ហូបអាហារនៅឡើយទេ ប៉ុន្តែថ្ងៃអនាគត សហគមន៍នឹងមានគម្រោងច្រើន ដោយសារបច្ចុប្បន្ន កំពុងនៅខ្វះថវិកា បង្វិលទៅអ្នកធ្វើផ្លូវវិញ ក្រោយពីធ្វើឲ្យស្រួលមកកាន់ទឹកធ្លាក់នេះហើយ។សូមបញ្ជាក់ថា សំបុត្រចូលកម្សាន្តលេងនៅក្នុង តំបន់សហគមន៍ទេសចរណ៍ ធម្មជាតិនេះមានតម្លៃ ៣០០០ រៀលក្នុងមួយនាក់ សម្រាប់ទ្រទ្រង់សហគមន៍ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយន[១]េះ៕

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ពី www.postkhmer.com