Jump to content

ធនធានធម្មជាតិកម្ពុជា

ពីវិគីភីឌា

ធនធានធាម្មជាតិនៅកម្ពុជា

ប្រទេស​កម្ពុជា​ធ្លាប់ត្រូវបានគេទទួលស្គាស់ថា គឺជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយធនធាន​ធម្មជាតិ​ដ៏មហាសាលមហិមា។ ធនធាន​ធម្មជាតិ​ទាំងនោះមាននៅបាតសមុទ្រ ក្រោមដី និង​លើដី។ ក៏ប៉ុន្តែ​ប្រទេស​មួយ​នេះ​នៅ​តែ​ក្រីក្រ។ តើ​នេះ​បណ្តាល​មក​ពី​បញ្ហា​អ្វី ? ​នៅ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​កាល​ពី​ជំនាន់​មុន ប្រទេស​កម្ពុជា គឺ​ជា​ដែនដីសុវណ្ណ​ភូមិ។ គេ​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា​ជា​ដែនដី​សុវណ្ណភូមិ​ពីព្រោះ​ប្រទេស​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​រ៉ែមាស-រ៉ែត្បូង និង​​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិមហាសាល​ច្រើន​ផ្សេងទៀត​។ ធនធាន​មហាសាល​ទាំង​នោះ​​​មាន​វត្តមាន​នៅ​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​នៅ​ក្រោមដី បាត​សមុទ្រ ក្នុង​សមុទ្រ​ ក្នុង​ទន្លេ និង​នៅ​លើដី​ក៏​មាន​ច្រើន​រាប់​ស្ទើ​មិន​អស់​ដែរ។ ជាក់ស្តែងនេះមានដូចជានៅ​ក្នុង​ ខេត្តបាត់ដំបង ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ មណ្ឌលគីរី ប្រទេស​កម្ពុជា​ធ្លាប់​សម្បូរ​ទៅ​ដោយ​រ៉ែមាស រ៉ែត្បូង រ៉ែដែក និង​ធនធាន​រ៉ែ​មួយ​ចំនួន​ផ្សេង​ៗទៀត។ នៅ​ក្នុង​សមុទ្រ និង​ក្នុង​ទន្លេ កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជាប្រទេសមួយដែរសម្បូរ​​ទៅ​ដោយ​មច្ឆាជាតិ​ទឹកប្រៃ​ និង​ទឹកសាប។ កាល​ពី​ពេល​មុន ប្រជាជន​ខ្មែរ​នាំ​គ្នា​និយាយ​ថា ទីណា​មាន​ទឹក ទីនោះ​មានត្រី​។ ក៏ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ នៅ​ក្នុង​បាត​សមុទ្រ បាតទន្លេ ប្រទេស​កម្ពុជា​មាន​ធនធាន​ប្រេង​ និង​ឧស្ម័ន។ រីឯ​នៅ​លើ​ដី​វិញ កម្ពុជា​ធ្លាប់​សម្បូរ​​​ទៅ​ដោយ​ព្រៃឈើ និង​ភ្នំ។ ទាំង​អស់​នេះ​គេ​នៅ​មិនទាន់​រាប់​បញ្ចូល​ធនធាន​ធម្មជាតិ​កសិកម្ម​មួយចំនួន​ផ្សេង​ទៀត​នៅឡើយ។ បើ​ផ្អែក​លើ​ទឡ្ហីករណ៍​ខាង​លើ​នេះ គេ​ពិតជា​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា​សម្បូរ​ធនធាន​ធម្មជាតិ​មែន។

ប៉ុន្តែចុះហេតុអ្វីបានជាប្រទេសកម្ពុជាមួយនេះនៅតែស្ថិតក្នុងស្ថានភាពក្រីក្រ?

មូល​ហេតុ​ទី​មួយ​ដែល​គេ​តែងតែ​ទម្លាក់​កំហុស​ដាក់​នោះ គឺ​ជាបញ្ហា​សង្រ្គាម​ស៊ីវិល​រវាង​ខ្មែរ​ និង​ខ្មែរ​គ្នា​ឯង។ ជាក់ស្តែង ដោយសារ​តែ​​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​កង​កម្លាំង​តស៊ូ​ក្នុង​ព្រៃ​ដឹកនាំ​ដោយ​ក្រុម​ប៉ុលពត​ប្រយុទ្ធគ្នាយ៉ាងសាហាវនោះ ត្បូងពេជ្រ​នៅ​តំបន់​ប៉ៃលិន​ត្រូវ​បាន​កងទ័ព​ព្រៃ​លក់​ទៅ​អោយ​ឈ្មួញ​ថៃ​ដើម្បី​បាន​ប្រាក់​ធ្វើ​សង្គ្រាម​​ប្រឆាំង​នឹង​កងកម្លាំង​ក្រុង​ភ្នំពេញ។ ត្រង់ចំណុចនេះឯង ធនធានធម្មជាតិ​មិនត្រូវបានគេចាត់ទុកថា ​ជា​កាដូ​ជូនពរ​ទេ ប៉ុន្តែ​វា​ជា​ការ​ដាក់​បណ្តាសារ​ទៅ​វិញ ពីព្រោះ​កងកម្លាំង​យោធា​បាន​ប្រើ​ប្រាស់​ប្រាក់​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​យក​ទៅ​ធ្វើ​សង្រ្គាម​ច្បាំង​គ្នា​ឯង។

បញ្ហា​ទីពីរ​ដែល​ធ្វើ​ឲ្យប្រទេសកម្ពុជានៅតែក្រដដែលនោះ គឺ​ដោយសារ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មិន​ល្អ។ ព្រៃឈើ មច្ឆាជាតិ ធនធាន​ខ្សាច់ ធនធាន​រ៉ែ​ត្រូវ​បាន​គេ​ធ្វើ​អាជីវកម្ម​ច្រើន​មហិមា​ប៉ុន្តែ​ប្រាក់ចំណូល​បាន​ពី​ធនធាន​ទាំងនេះ​សម្រាប់​កញ្ចប់​ថវិកាជាតិ​អាច​ធ្លុះ​ធ្លាយ​ទៅ​វិញ​ខ្លះ​ដោយសារ​តែ​ការ​គ្រប់គ្រង​នៅ​មាន​ចន្លោះ​ប្រហោងនោះ។ ក្រៅ​ពី​ការ​គ្រប់គ្រង នៅ​មាន​បញ្ហា​អំពើ​ពុក​រលួយច្រើនទៀត​នៅ​តែ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​សង្គម​កម្ពុជា។

បញ្ហា​ទីបី គឺ​ដោយសារ​ការ​អប់រំ​នៅ​កម្ពុជា​នៅ​មាន​កម្រិតទាប​ក្នុង​ជំនាញជាន់​ខ្ពស់​មួយ​ចំនួន ដូច​ជា​ជំនាញ​​រុករក​ប្រេង ឧស្ម័ន​ និង​រ៉ែ​។ ប្រទេស​កម្ពុជា​មិន​អាច​ទាញ​ផល​បានច្រើន​ពី​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទេ​ ប្រសិន​បើ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​បន្ត​ប្រើប្រាស់​កម្មករ​ជនជាតិបរទេស​​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​របស់​ខ្លួន​នោះ។

ងាក​មក​ធើ្វ​ការ​ប្រៀបធៀប​ជាមួយ​ប្រទេស​ ដទៃក្នុងតំបន់អាស៊ីយើងនេះវិញយើងឃើញថាជាសិង្ហបុរី គឺឺជាប្រទេសមួយដែលគ្មមានធនធានធម្មជាតិច្រើនដូចប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ​ដោយសារ​តែ​ការគ្រប់គ្រង​ប្រកប​ដោយ និរន្តរភាព ភាពវៃឆ្លាត កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់ ការ​គ្រប់គ្រង​មាន​តម្លាភាព គណនេយ្យភាព​ ប្រទេស​ដ៏​តូច​មួយ​របស់​ទ្វីប​អាស៊ី​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។

សរុប​សេចក្តី​មក​វិញ ដើម្បី​កុំ​អោយ​ធនធាន​ធម្មជាតិ​របស់​កម្ពុជាក្លាយទៅជាការដាក់បណ្តាសារ ហើយ​កុំ​អោយ​ប្រទេសជាតិ​មួយនេះនៅ​តែ​ក្រីក្រ​ដដែល​នោះ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​គឺជាកតាព្វកិច្ចចាំបាច់បំផុតសម្រាប់ប្រជាជនខ្មែរទាំងមូល ចូលរួមថែរក្សា ការពារ អភិរក្សព្រៃឈើសត្វព្រៃ និងជម្រកសត្វព្រៃលិចទឹកផ្សេងៗទៀត។ ប្រសិន​បើពួកយើអាចធ្វើយ៉ាងដូច្នេះបាន ពេល​នោះ សម្បត្តិធនធាន​ធម្មជាតិ​រមជាតិរបស់ខ្មែរពិតជាប្រែក្លាតំបន់ទេសចរណ៍ធម្មជាតិពិសេស និងអាចរកប្រាក់ចំណូលចូលជាតិបាន និងក្លាយឈ្មោះពីប្រទេសក្រីក្រទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ីជាក់ជាពុំខាន៕