Jump to content

ធម្មវិចារណា

ពីវិគីភីឌា

តចប់

[កែប្រែ]

បណ្ដា​អ្នក​បួស​ទាំង​អស់​ដូច​បាន​រៀបរាប់​មក​ទាំង​ប៉ុន្មាន​នោះ ចំណែក​ខាង​អ្នក​ដែល​គិត​ឃើញ​ទុក្ខ​ភ័យ​ក្នុង​វដ្ត​សង្សារ​ហើយ​ចេញ​មក​បួស ហ្នឹង​ប្រសើរ​ជាង​គេ បន្ទាប់​មក​គឺ​អ្នក​ដែល​ចង់​សិក្សា​វិជ្ជា​ខាង​ពុទ្ធ​សាសនា​ហើយ​ចេញ​មក​បួស ក៏​ទុក​ថា​ជា​អ្នក​ប្រសើរ​ដែរ ។ ចំពោះ​អ្នក​ដែល​បួស​ហើយ​រៀន​វិជ្ជា​ខាង​ពុទ្ធ​សាសនា ៗ នោះ បាន​ខាង​បរិយត្តិ គឺ​ការ​សិក្សា​បិដក​ទាំង ៣ គឺ វិនយ​បិដក សុត្តន្ត​បិដក អភិធម្មបិដក ចំពោះ​កិច្ច​ដែល​ត្រូវ​ក្នុង​ពុទ្ធ​សាសនា​ក៏​មាន ៣ ថ្នាក់​ដែរ បរិយត្តិ ការ​សិក្សា​ជា​ថ្នាក់​ទី ១ បដិបត្តិ សេចក្ដី​ប្រតិបត្តិ​ជា​ថ្នាក់​ទី ២ បដិវេធៈ ការ​ត្រាស់​ដឹង​នូវ​មគ្គ​និង​ផល ឬ​ការ​ចាក់​ធ្លុះ​យល់​នូវ​សភាវៈ​ពិត​ក្នុង​លោក​ជា​ថ្នាក់​ទី ៣ ប៉ុន្តែ​អ្នក​រៀន​ខ្លះ ច្រើន​តែ​ទើរ​កើល​នៅ​ត្រឹម​បរិយត្តិ មិន​សូវ​ហួស​ទៅ​រក​បដិបត្តិ​ទេ ព្រោះ​ហេតុ​អ្វី ? ព្រោះ​ហេតុ​ថា លោក​អ្នក​បរិយត្តិ​ច្រើន​មាន​ការ​រវល់​នឹង​ការ​សម្ដែង​ធម៌ រវល់​នឹង​ការ​បង្រៀន រវល់​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ធម៌​អាថ៌​ផ្សេង ៗ រវល់​នឹង​ការ​ទទួល​លាភ​សក្ការៈ ដែល​កើត​ឡើង​ដោយ​គុណ​ធម៌​របស់​ខ្លួន ។ កាល​បើ​មាន​លាភ​សក្ការៈ​កើត​ឡើង​ដល់​ខ្លួន​ក្ដី មាន​បរិស័ទ​ជ្រះ​ថ្លា​ចោម​រោម​កុះករ​ចំពោះ​ខ្លួន​ក្ដី បព្វជិត​គួរ​ឲ្យ​មាន​សតិ​សម្បជញ្ញៈ​គឺ​មាន​ស្មារតី​ដឹង​ខ្លួន​ប្រុង​ប្រយ័ត្ន​ជា​និច្ច​កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​បមាទ​ធម៌​ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្លេច​ខ្លួន បណ្ដោយ​ឲ្យ​អស្មិមានះ​កើត​ឡើង​ពី​ព្រោះ​តែ​លាភៈ សក្ការៈ នឹង​បរិស័ទ​នោះ​ឡើយ ។ អស្មិមានះ​នេះ ជា​កិលេស​ធម៌​ដ៏​លាមក កាល​បើ​កើត​ឡើង​ក្នុង​សន្ដាន​ចិត្ត​នៃ​បព្វជិត​ណា រមែង​បំប៉ោង​ទឹក​ចិត្ត​នៃ​បព្វជិត​នោះ ឲ្យ​ប៉ោង​ឡើង​ជោរ ឡើង​ចាង មើល​ងាយ​អ្នក​ដទៃ​ថា​មិន​ត្រឹម មិន​ស្មើ​នឹង​ខ្លួន ម្ល៉ោះ​ហើយ​ក៏​ក្លាយ​ទៅ​ជា​បព្វជិត​ពាល​ជា​បព្វជិត​អសប្បុរស​ទៅ​វិញ ក៏​មាន ឧទាហរណ៍​ដូច កបិលមច្ច​ភិក្ខុ​ក្នុង​អដ្ឋកថា​ធម្មបទ ភិក្ខុ​នេះ​គ្រាន់​តែ​ចេះ​បរិយត្តិ តែ​គ្មាន​សេចក្ដី​ប្រតិបត្តិ​តាម ឬ​ដូច​ភិក្ខុ​ពីរ​រូប​ជា​សំឡាញ់​នឹង​គ្នាៈ មួយ​រូប​រៀន​ខាង​បរិយត្តិ មួយ​រូប​ទៀត​កាន់​ខាង​បដិបត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃ​ជា​វត្ត ។ រឿង​នេះ​ក៏​មាន​ក្នុង​អដ្ឋកថា​ធម្មបទ​ជា​ភ័ស្ដុតាង​ស្រាប់​ដែរ ព្រោះ​ហេតុ​នោះ ត្រង់​ការ​រៀន​បរិយត្តិ​ការ​ចេះ​ដឹង​បរិយត្តិ​ជ្រៅ​ជ្រះ​យ៉ាង​ណា​ក៏​ដោយ បើ​មិន​មាន​សេចក្ដី​ប្រតិបត្តិ​តាម​ផង​ទេ ក៏​មិន​ទាន់​រាប់​ថា​ជា​ការ​សំខាន់​ក្នុង​ពុទ្ធ​សាសនា​នៅ​ឡើយ​ទេ លុះ​តែ​មាន​បដិបត្តិ ការ​កាន់ ការ​ប្រព្រឹត្តិ​តាម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណេះ​ដែល​ខ្លួន​ចេះ​ដឹង​នោះ​ផង ទើប​រាប់​ថា​ជា​ការ​សំខាន់​ក្នុង​ពុទ្ធ​សាសនា ។

សេចក្ដី​ដែល​បាន​ពណ៌នា​មក​ហើយ​នេះ មិន​ទាន់​សព្វ​គ្រប់ ឬ​ល្អិត​ល្អន់​ណាស់​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ សូម​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ជ្រាប​ថា​សេចក្ដី​ប្រតិបត្តិ​ណា ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​រាគៈ (តម្រេក​ក្នុង​វត្ថុ​កាម​នឹង​កិលេស​កាម) ដើម្បី​ប្រកប​ដោយ​សេចក្ដី​ទុក្ខ ដើម្បី​ការ​សន្សំ​កិលេស​មាន​លោភៈ​ជាដើម ដើម្បី​សេចក្ដី​ប្រាថ្នា​ធំ ដើម្បី​សេចក្ដី​មិន​សន្ដោស​ដើម្បី​ការ​ច្រឡូក​ច្រឡំ​ដោយ​បក្ខពួក ដើម្បី​សេចក្ដី​ខ្ជិល​ច្រអូស ដើម្បី​ការ​ពិបាក​គេ​ចិញ្ចឹម សេចក្ដី​ប្រតិបត្តិ​នោះ មិន​មែន​ជា​ធម៌ មិន​មែន​ជា​វិន័យ​ដែល​ហៅ​ថា ពុទ្ធសាសនា របស់​ព្រះ​សម្មា​សម្ពុទ្ធ​ទេ ។ ពុទ្ធសាសនា​ជា​ឱវាទ​ដ៏​ខ្ពង់​ខ្ពស់ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ទូន្មាន​ដឹក​នាំ​សត្វ​ឲ្យ​លះ​ពួក​កិលេស​មាន​រាគៈ​ជា​ដើម ហើយ​ឲ្យ​សត្វ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​បរម​សុខ​គឺ​និព្វាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ បើ​ពុទ្ធ​សាសនា​ប្រៀន​ប្រដៅ​សត្វ​ឲ្យ​ប្រតិបត្តិ​ឆ្ពោះ​ទៅ​រក​បរម​សុខ គឺ​និព្វាន​តែ​ម្យ៉ាង​ទេ ចុះ​ហេតុ​អ្វី ក្នុង​អនុ​បុព្វិ​កថា ៥ យ៉ាង ត្រង់​សគ្គ​កថា ព្រះ​អង្គ​ទ្រង់​សំដែង​សរសើរ​សម្បត្តិ​ឋាន​សួគ៌ នាំ​ឲ្យ​សត្វ​ស្រឡាញ់​ជាប់​ចិត្ត​ប្រាថ្នា​ចង់​បាន​ទៅ​វិញ ? ត្រង់​នេះ គួរ​ជ្រាប​ថា ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ជា​ទេសនា​កោសល ព្រះ​អង្គ​ប៉ិន​ប្រសប់​ក្នុង​វិធី​សំដែង​ធម៌​ទូន្មាន​សត្វ​វិសេស​ក្រៃលែង​ជាង​គ្រូ​ដទៃ​ទាំង​អស់​អស់​ក្នុង​លោក ពី​ព្រោះ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា អធ្យាស្រ័យ​សព្វ​សត្វ​មិន​ដូច​គ្នា មិន​ស្មើ​គ្នា​ទេ ដោយ​ហេតុ​ថា អធ្យាស្រ័យ​របស់​សត្វ​ខ្លះ​នៅ​ទន់​​ខ្ចី​គ្រោតគ្រាត​ទាប​ថោក អធ្យាស្រ័យ​របស់​សត្វ​ខ្លះ ចាស់​ក្លា​ខ្ពង់ខ្ពស់​មាន​ឧត្ដម​គតិ​ល្អ ។ បើ​សត្វ​ណា​ដែល​មិន​ទាន់​មាន​សទ្ធា​សេចក្ដី​ជ្រះ​ថ្លា គឺ​មាន​អធ្យាស្រ័យ​ទន់​ខ្ចី​នៅ​ឡើយ ព្រះ​អង្គ​ទ្រង់​សំដែង​សរសើរ​សម្បត្តិ​ឋាន​សួគ៌​ជា​ការ​ប្រលោម​លួង​លោម ដើម្បី​ឲ្យ​សត្វ​នោះ កើត​សទ្ធា​សេចក្ដី​ជ្រះ​ថ្លា​ស្រឡាញ់​ជាប់​ចិត្ត​ចង់​បាន ការ​ចង់​បាន​សម្បត្តិ​ឋាន​សួគ៌​នោះ លុះ​តែ​សត្វ​ទាំង​ឡាយ​គប្បី​ធ្វើ​កុសល​ផ្សេង ៗ មាន​ការ​ឲ្យ​ទាន​រក្សាសីល​ជា​ដើម ទើប​អាច​បាន​នូវ​សម្បត្តិ​សួគ៌​ក្នុង​ទេវលោក ។ កាល​បើ​ព្រះ​អង្គ​បាន​ជ្រាប​ថា សត្វ​ណា​មាន​សទ្ធា​ជ្រះ​ថ្លា​ដ៏​ក្លៀវក្លា​បំពេញ​ការ​កុសល​មាន​ទាន​និង​សីល​ជា​ដើម ហើយ​ប្រាថ្នា​ចង់​បាន​សម្បត្តិ​មនុស្ស និង​សម្បត្តិ​ទេវតា​ក្នុង​ឋានសួគ៌ ព្រះ​អង្គ​ត្រឡប់​ជា​ទ្រង់​សំដែង​គម្រាម​ឲ្យ​សត្វ​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច ឲ្យ​មាន​សេចក្ដី​នឿយ​ណាយ​ធុញ​ទ្រាន់​ចំពោះ​សម្បត្តិ​មនុស្ស​និង​សម្បត្តិ​ទេវតា​ក្នុង​ឋាន​សួគ៌​នោះ​ទៅ​វិញ គឺ​ព្រះ​អង្គ​ទ្រង់​សំដែង​ពន្យល់​ឲ្យ​សត្វ​ឃើញ​ច្បាស់​ថា សម្បត្តិ​មនុស្ស​ក្នុង​លោក​នេះ​ក្ដី សម្បត្តិ​ទេវតា​ក្នុង​ឋាន​សួគ៌​ក្ដី សុទ្ធ​តែ​ជា​គ្រឿង​កាម​ទាំង​អស់​ឯ​ទោស​របស់​កាម​មាន​ច្រើន​ប្រការ​ណាស់ ដូច​សត្វ​ដែល​ធ្លាក់​ទៅ​រង​ទុក្ខ​ក្នុង​អបាយ​ភូមិ​គឺ​នរក ប្រេត អសុរកាយ តិរច្ឆាន ពី​ព្រោះ​តែ​ទោស​នៃ​កាម អ្នក​ដែល​ទទួល​រង​ទុក្ខ​វេទនា​ផ្សេង ៗ ក្នុង​លោក​នេះ មាន​ការ​ជាប់​គុក​ច្រវាក់​ជា​ដើម ពី​ព្រោះ​តែ​ទោស​នៃ​កាម សត្វ​ដែល​អន្ទោល​យោន​យក​កំណើត​កើត​ស្លាប់​ក្នុង​វាល​វដ្ដ​សង្សារ​មិន​មាន​ទី​បំផុត ពី​ព្រោះ​តែ​ទោស​នៃ​កាម​ហ្នឹង​ឯង​ជា​មូល​ហេតុ ។ ពាក្យ​ថា​ កាម​ក្នុង​ទី​នេះ សំដៅ​យក​កាម​ទាំង​ពីរ​គឺ ១ – វត្ថុកាម បាន​ខាង​ទ្រព្យ​មាន​វិញ្ញាណ មាន​គោ​ក្របី ខ្ញុំ​ប្រុស​ស្រី ជា​ដើម នឹង​ទ្រព្យ​ឥត​វិញ្ញាណ មាន​មាស​ប្រាក់ ដី ស្រែ ចំការ ច្បា​ដំណាំ​ជា​ដើម ឬ​សំដៅ​យក រូប សំឡេង ក្លិន រស សម្ផស្ស​ក៏​បាន ២- កិលេស​កាម បាន​ខាង​ធម៌​ដែល​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង មាន​រោគៈ លោភៈ​ជា​ដើម ។ កាម​ទាំង​ពីរ​នេះ ឈ្មោះ​ថា​ជា​អន្ទាក់​របស់​មារ សម្រាប់​ទាក់​ចង​ឲ្យ​ជាប់​នៅ​ក្នុង​ភព​ទាំង​បី បើ​សត្វ​ណា មាន​គំនិត​នឿយ​ណាយ​ធុញ​ទ្រាន់​រត់​គេច​ចេញ​អំពី​ភព ឬ​អំពី​អន្ទាក់​របស់​មារ ៗ នោះ​ឯង តែង​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​មិន​សប្បាយ​ចិត្ត​ដោយ​ចោទ​ប្រកាន់​ថា សត្វ​នោះ​កន្លង​នូវ​វិស័យ​របស់​ខ្លួន ម្ល៉ោះ​ហើយ​មារ​នោះ ក៏​តែង​ស្វែង​រក​ទោស​គឺ​កាម​បៀតបៀន​បន្ទច់​បង្អាក់​ដំណើរ មិន​ឲ្យ​គេ​ចេញ​រួច​អំពី​អន្ទាក់​របស់​ខ្លួន​ទៅ​បាន ។ កាល​បើ​សត្វ​ណា ឃើញ​ទោស​របស់​កាម ហើយ​មាន​សេចក្ដី​ភិត​ភ័យ​តក់​ស្លុត​ខ្លាច ចង់​រក​ឧបាយ​ដោះដៃ​គេច​ចេញ​អំពី​កាម ព្រះ​អង្គ​ទ្រង់​សំដែង​ចង្អុល​បង្ហាញ នេក្ខម្មៈ ថា​ជា​ផ្លូវ​សម្រាប់​រត់​គេច​ចេញ​អំពី​កាម ។ នេក្ខម្មៈ ប្រែ​ថា ចេញ​ចាក​កាម ការ​ចេញ​ចាក​កាម​នោះ ដោយ​វិធី​ពីរ​យ៉ាង​គឺ ១ – ការ​លះ​ពួក​ក្រុម​គ្នីគ្នា ហើយ​ចេញ​ទៅ​សម្ងំ​នៅ​ក្នុង​ទី​ស្ងប់ស្ងាត់​ហៅ​ថា កាយ​នេក្ខម្មៈ ការ​លះបង់​សំដី​ទុច្ចរិត​ចេញ​ហៅ​ថា​វចី​នេក្ខម្មៈ ការ​លះ​បង់​គំនិត​ទុច្ចរិត​ចេញ ហៅ​ថា ចិត្ត​នេក្ខកម្មៈ ២-ការ​លះ​បង់​ទ្រព្យ​នឹង​ញាតិ​ព្រម​ទាំង​ភេទ​គ្រហស្ថ​ចេញ ហើយ​ចូល​ទៅ​បួស​ក្នុង​ពុទ្ធ​សាសនា ក៏​ហៅ​ថា នេក្ខកម្មៈ ។

នេក្ខម្មៈ ជា​គោល​បំណង ឬ ជា​ទី​ដៅ​នៃ​ពុទ្ធ​សាសនា​ដោយ​ពិត​ព្រោះ​ថា មាន​តែ​នេក្ខកម្ម​នេះ​ទេ ដែល​ជា​ឧបាយ​ដើម្បី​គេច​ចេញ​ចាក​កាម​ឬ​ចេញ​ចាក​កង​ទុក្ខ​ទាំង​ពួង ដែល​មាន​នៅ​ប្រចាំ​ក្នុង​ភព​ទាំង​បី ព្រោះ​ហេតុ​នោះ បើ​បុគ្គល​ណា​បំពេញ​កុសល​ណា​មួយ​មាន​ទាន​ជា​ដើម ហើយ​ប្រាថ្នា​ចង់​បាន​សម្បត្តិ​ក្នុង​កាម​ភព មាន​សម្បត្តិ​ទេវតា​ក្នុង​ឋាន​សួគ៌​ជា​ដើម​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា បុគ្គល​នេះ​មាន​សេចក្ដី​យល់​ខុស ឬ យល់​ដោយ​ភ័ន្ត​ច្រឡំ សល្លភោ វិយ ប្រៀប​ដូច​ពួក​សត្វ​ល្អិត​មាន​មមាច​ជា​ដើម ធម្មតា​សត្វ​មមាច​កាល​បើ​ឃើញ​ពន្លឺ​ភ្លើង​ក្នុង​រាត្រី ក៏​ស្មាន​ថា​ភ្លើង​នេះ​ជា​របស់​ត្រជាក់​គួរ​រីក​រាយ​សប្បាយ នាំ​គ្នា​ទៅ​ចោម​រោម មិន​យូរ​ប៉ុន្មាន​ក៏​ដល់​នូវ​សេចក្ដី​វិនាស​ក្សីណ​ក្ស័យ​ជីវិត ពី​ព្រោះ​តែ​មាន​សេចក្ដី​យល់​ខុស​នោះ​ឯង​ជា​ហេតុ ។ មួយ​យ៉ាង​ទៀត បើ​បុគ្គល​ណា​មួយ​បំពេញ​រូបាវចរ​កុសល​គឺ​ធ្វើ​សមាធិ​កម្មដ្ឋាន បាន​ដល់​នូវ​ឈាន ហើយ​មាន​សេចក្ដី​សប្បាយ​ក្នុង​ឈាន​ដោយ​សេចក្ដី​យល់​ថា ឈាន​ដែល​អាត្មា​អញ​បាន​នោះ​ឯង ជា​ដំណើរ​នាំ​ឲ្យ​អាត្មា​អញ​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ព្រហ្មលោក​នោះ​ជា​ទី​បំផុត​នៃ​ទុក្ខ ព្រះ​សព្វញ្ញុពុទ្ធ ព្រះ​អង្គ​មាន​វិចារណញ្ញាណ​ដ៏​ជ្រាល​ជ្រៅ​ទ្រង់​ត្រាស់​ថា បុគ្គល​នោះ​មាន​សេចក្ដី​យល់​ខុស ឬ​យល់​ដោយ​ភ័ន្ត​ច្រឡំ ទិសាមូឡ្ហោ វិយ ប្រៀប​ដូច​ជា​មនុស្ស​វង្វេង​ទិស ធម្មតា​មនុស្ស​វង្វេង​ទិស រមែង​មិន​ស្គាល់​ទិស​ទី ឬ​ផ្លូវ​ដែល​ធ្វើ​ដំណើរ​ទៅ ហើយ​បាន​សេចក្ដី​សុខ​ស្រួល​ទេ តែង​តែ​បាន​សេចក្ដី​គ្រោះ​ថ្នាក់​ជា​ធម្មតា ពី​ព្រោះ​តែ​មាន​សេចក្ដី​វង្វេង​យល់​ខុស​នោះ​ឯង​ជា​ហេតុ ព្រោះ​ហេតុ​អ្វី ? ព្រោះ​ហេតុ​ថា សម្បត្តិ​ក្នុង​កាម​ភព​មាន​សម្បត្តិ​ទេវតា​ជា​ដើម ជា​របស់​មិន​ទៀង​ទាត់​ទាំង​អាយុ​របស់​ទេវតា​ក្នុង​ឋាន​នីមួយ ៗ សោត​ទៀត ក៏​មិន​ទៀង​ទាត់​ដែរ ទាំង​អាយុ​របស់​ទេវតា​ក្នុង​ឋាន​នីមួយ ៗ សោត​ទៀត ក៏​មិន​ទៀង​ទាត់​ដែរ​ព្រោះ​ហេតុ​នោះ ទេវតា​ដែល​ឋិត​នៅ​ក្នុង​ទេវលោក​នោះ កាល​បើ​ដល់​កំណត់​អាយុ​ហើយ ក៏​ត្រូវ​ច្យុត​មក​កាន់​ឋាន​មនុស្ស​លោក​នេះ​ដដែល​វិញ ចំណែក​ខាង​បុគ្គល​ជា​យោគាវចរ ដែល​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ដោយ​អំណាច​ឈាន​នោះ ក៏​មិន​ទៀង​ទាត់ កាល​បើ​ដល់​កំណត់​អាយុ​ហើយ ក៏​ត្រូវ​ច្យុត​មក​កើត​ក្នុង​មនុស្ស​លោក​នេះ​ដដែល​វិញ ជា​ហេតុ​នាំ​ឲ្យ​ធ្វើ​បុណ្យ​ខ្លះ ធ្វើ​បាប​ខ្លះ​ជា​ថ្មី​ទៀត ។ បុណ្យ​ណា​ដែល​នាំ​សត្វ​ឲ្យ​អន្ទោល​យោន​យក​កំណើត​វិល​ចុះ​វិល​ឡើង ពី​មនុស្ស​លោក​ទៅ​កាន់​ទេវលោក​នឹង​ព្រហ្មលោក ឬ ទេវលោក​និង​ព្រហ្មលោក​មក​កាន់​មនុស្ស​លោក​វិញ បុណ្យ​នោះ​ហៅ​ថា​បុញ្ញាភិ​សង្ខារ ៗ នេះ​ចាត់​ជា​វដ្តគាមិ​កុសល ព្រោះ​ជា​កុសល​ញ៉ាំង​សត្វ​ឲ្យ​ធ្វើ​ដំណើរ​ត្រាច់​រង្គាត់​នៅ​តែ​ក្នុង​វដ្ដ​សង្សារ​មិន​មាន​ទី​បំផុត ។ បុណ្យ​ណា ទោះ​ជា​កាមាវចរ​កុសល​ក្ដី រូបាវចរ​កុសល​ក្ដី អ​រូបាវចរ​កុសល​ក្ដី ដែល​គេ​ធ្វើ​ទៅ​ហើយ មិន​ជាប់​ជំពាក់​ដោយ​កិលេស​តណ្ហា​ក្នុង​ភព​តូច​ភព​ធំ​ទេ គឺ​មាន​ប្រាជ្ញា​ប្រកប​ដោយ​វិបស្សនា​ឃើញ​ច្បាស់​នូវ​ទោស​របស់​សង្ខារ​ទាំង​ឡាយ ក្នុង​ភព​តូច​ភព​ធំ​នោះ ៗ ហើយ​រិះ​រក​ឧបាយ​ដើម្បី​រលាស់​ចោល​នូវ​សង្ខារ​ទាំង​នោះ​ចេញ បុណ្យ​នោះ​ហៅ​ថា​វិវដ្ដគាមិ​កុសល ព្រោះ​ជា​កុសល​ញ៉ាំង​សត្វ​ឲ្យ​មាន​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​បរម​សុខ គឺ​និព្វាន ដែល​ជា​ដំណើរ​ប្រាស​ចាក​វដ្ដ​សង្សារ ។

នៅ​ទី​អវសាន​នៃ​ធម្ម​វិចារណកថា​នេះ ខ្ញុំ​សូម​លើក​យក​ពាក្យ​មួយ​ម៉ាត់​គឺ​សីល​ព្វ័ត ឬ​សីលព្វត​បរាមាសៈ មក​អធិប្បាយ​វែក​ញែក​ដោះ​ស្រាយ​ជូន​ជា​សណ្ដាប់ ដោយ​ហេតុ​ថា សីលព្វត​បរាមាសៈ​នេះ ជា​បញ្ហា​មួយ​ដ៏​ស្មុគ្រ​ស្មាញ គេ​មិន​អាច​នឹង​វិនិច្ឆ័យ​សេចក្ដី​ឲ្យ​បាន​ច្បាស់​លាស់​ជា​យូរ​មក​ហើយ ពី​ព្រោះ​មតិ​របស់​បុគ្គល​ខ្លះ​យល់​ដូច្នេះ បុគ្គល​ខ្លះ​យល់​ដូច្នោះ ឧទាហរណ៍ ដូច​អ្នក​ខ្លះ​យល់​ថា ពួក​វិជ្ជា មន្ត អាគម គាថា អូមអាម ទាំង​ប៉ុន្មាន​ហៅ​ថា​សីលព្វត​បរាមាសៈ អ្នក​ខ្លះ​យល់​ថា ការ​កាន់​សាសនា​ដទៃ​ក្រៅ​ពី​ពុទ្ធ​សាសនា​ទាំង​ប៉ុន្មាន​ហៅ​ថា​ សីលព្វត​បរាមាសៈ អ្នក​ខ្លះ​យល់​ថា សីល​នឹង​វត្ត​របស់​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ខាង​ក្រៅ​ពុទ្ធ​សាសនា​នេះ​ទាំង​ប៉ុន្មាន ហៅ​ថា សីលព្វត​បរាមាសៈ សេចក្ដី​យល់​អស់​ទាំង​នេះ​ជា​ការ​គួរ​ដែរ ខ្ញុំ​ក៏​ពុំ​អាច​បដិសេធ​បាន​ឡើយ ។ មួយ​យ៉ាង​ទៀត តាម​ន័យ​ក្នុង​អដ្ឋ​កថា សុត្តន្តបិដក​ថា ការ​ប្រព្រឹត្តិ​កាន់​តាម​វត្ត​គោ ឬ​វត្ត​សុនខ ហៅ​ថា សីលព្វត​បរាមាសៈ ដូច​ជា សេដ្ឋី​បុត្រ​ពីរ​នាក់​ជា​មិត្រ​នឹង​គ្នា​តាំង​ពី​ក្មេង​មក ។ សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ លុះ​មាន​វ័យ​ចំរើន​ធំ​ឡើង​រៀង​ខ្លួន មាន​សេចក្ដី​នឿយ​ណាយ​នឹង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ​សម្បែង ហើយ​ក៏​គិត​គ្នា​ថា យើង​គួរ​រក​ឧបាយ​ប្រព្រឹត្ត​ប្រតិបត្តិ​បែប​យ៉ាង​ណា ដើម្បី​ញ៉ាំង​ខ្លួន​យើង​ឲ្យ​បាន​សេចក្ដី​បរិសុទ្ធ​នឹង​សេចក្ដី​សុខ​សម្រាប់​អនាគត​របស់​យើង ។ បណ្ដា​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ សេដ្ឋី​បុត្រ​ម្នាក់ គិត​ឃើញ​ថា គោ​ជា​សត្វ​ស្រួល​ជាង​គេ​ទាំង​អស់ ពី​ព្រោះ​គោ​គ្មាន​ឃ្លាំង ឬ​ជង្រុក​សម្រាប់​សន្សំ​របស់​ទ្រព្យ​ទុក​ដាក់​ទេ កាល​បើ​សេចក្ដី​ស្រេក​ឃ្លាន​កើត​ឡើង ក៏​ដើរ​ស្វែង​រក​ស្មៅ​ឬ​ស្លឹក​ឈើ នឹ​ទឹក​ដែល​មាន​ស្រាប់ ៗ ជា​អាហារ ឥត​មាន​ព្រួយ​អំពី​ការ​ខ្វះ​ខាត​អ្វី​ឡើយ បើ​ធ្វើ​យ៉ាង​នេះ ទើប​ឈ្មោះ​ថា​អាត្មា​អញ​ធ្វើ​ខ្លួន​ឲ្យ​បរិសុទ្ធ​បាន ។ ចំណែក​ខាង​សេដ្ឋី​បុត្រ​ម្នាក់​ទៀត គិត​ឃើញ​ថា ឆ្កែ​ជា​សត្វ​ស្រួល​ជាង​គេ​ទាំង​អស់ ពី​ព្រោះ​ឆ្កែ​គ្មាន​ឃ្លាំង ឬ​ជង្រុក​សម្រាប់​សន្សំ​ទ្រព្យ​របស់​ទុក​ដាក់​ទេ កាល​បើ​មាន​សេចក្ដី​ស្រេក​ឃ្លាន​កើត​ឡើង​ក៏​ដើរ​ស្វែង​រក​អាហារ​ដែល​មាន​ស្រាប់ ៗ បរិភោគ​ទៅ មិន​បាច់​ព្រួយ​អំពី​ការ​ខ្វះ​ខាត​អ្វី​ឡើយ បើ​ធ្វើ​យ៉ាង​នេះ ទើប​ឈ្មោះ​ថា​អាត្មា​អញ​ធ្វើ​ខ្លួន​ឲ្យ​មាន​សេចក្ដី​បរិសុទ្ធ​បាន ។

សេដ្ឋី​បុត្រ​ដែល​យល់​ឃើញ​គោ​ស្រួល ហើយ​ក៏​តាំង​ផ្ដើម​ប្រព្រឹត្ត​វត្ត​គោ យក​ស្នែង​គោ​មក​ចង​បន្តុប​ពី​លើ​ក្បាល​ធ្វើ​ជា​ស្នែង យក​កន្ទុយ​គោ​មក​ចង​ភ្ជាប់​ពី​ក្រោយ​ធ្វើ​ជា​កន្ទុយ​របស់​ខ្លួន ដៃ​ទាំង​ពីរ​ធ្វើ​ជា​ជើង ។ គោវត្តៈ ការ​ប្រព្រឹត្តិ​របស់​គោ គោសីល ប្រក្រតី​របស់​គោ គវាកប្បៈ អាកប្ប​កិរិយា (សណ្ដាប់​ធ្នាប់) របស់​គោ គវាចារៈ អាចារៈ (មារយាទ) របស់​គោ យ៉ាង​ណា ឯ​សេដ្ឋី​បុត្រ​នោះ ក៏​ប្រព្រឹត្ត​ដូច​ជា​គោ​យ៉ាង​នោះ​ដែរ ។ សេដ្ឋី​បុត្រ​ដែល​យល់​ឃើញ​ថា​ឆ្កែ​ស្រួល ក៏​តាំង​ប្រព្រឹត្ត​វត្ត​ឆ្កែ គឺ​យក​កន្ទុយ​ឆ្កែ​មក​ចង​ពី​ខាង​ក្រោយ​ធ្វើ​ជា​កន្ទុយ​របស់​ខ្លួន​ដៃ​ទាំង​ពីរ​ធ្វើ​ជា​ជើង ។ កុក្កុរវត្តៈ ការ​ប្រព្រឹត្ត​របស់​ឆ្កែ កុក្កុរ​សីលៈ ប្រក្រតី​របស់​ឆ្កែ កុក្កុរាកប្បៈ អាកប្បកិរិយា​របស់​ឆ្កែ កុក្កុរាចារៈ អាចារៈ​របស់​ឆ្កែ យ៉ាង​ណា សេដ្ឋី​បុត្រ​នោះ ក៏​ប្រព្រឹត្ត​ដូច​ជា​ឆ្កែ​យ៉ាង​នោះ​ដែរ ។ ការ​ប្រព្រឹត្តិ​វត្ត​គោ នឹង​វត្ត​ឆ្កែ​របស់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​អស់ ១២ ឆ្នាំ ។ ថ្ងៃ​មួយ​អ្នក​ទាំង​ពីរ​នោះ​បាន​ជួប​គ្នា ក៏​តាំង​ពោល​អួត​គុណ​វិសេស​របស់​ខ្លួន ៗ ថា​គ្រាន់​បើ​ប្រសើរ​ជាង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​អ្នក​ទាំង​ពីរ​នោះ មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​សុខ​ចិត្ត​បាន​ឡើយ ។ ថ្ងៃ​ក្រោយ​មក សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ ឮ​ដំណឹង​ថា ព្រះ​សម្មា​សម្ពុទ្ធ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ព្រះ​អង្គ​មាន​ប្រាជ្ញា​ញាណ​ដ៏​មោះ​មុត​ប្រសើរ​ជាង​មនុស្ស ទេវតា មារ និង​ព្រហ្ម​ទាំង​អស់ ទោះបី​មាន​អ្នក​ណា​មួយ​សួរ​បញ្ហា​ដ៏​ល្អិត​ជ្រាល​ជ្រៅ​យ៉ាង​ណា ព្រះ​អង្គ​ក៏​អាច​ដោះ​ស្រាយ​បាន​ទាំង​អស់ ដោយ​ឥត​មាន​ទើស​ទាក់​នឹង​អ្វី​ឡើយ ក៏​នាំ​គ្នា​ទៅ​កាន់​សំណាក់​ព្រះ​អង្គ លុះ​ដល់​ហើយ​ក៏​ថ្វាយ​បង្គំ ហើយ​ក្រាប​ទូល​អំពី​គុណ​វិសេស​របស់​ខ្លួន ដើម្បី​ឲ្យ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា តើ​ខាង​ណា​ប្រសើរ​ជាង​ខាង​ណា ? ខណៈ​នោះ ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ទ្រង់​មិន​ព្យាករ​ថា​អ្នក​ណា​វិសេស​ជាង​អ្នក​ណា​ទេ ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ការ​ប្រព្រឹត្តិ​វត្ត​គោ​នឹង​ឆ្កែ​របស់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នេះ​ជា​អត្តកិលមថានុយោគ​ដូច​គ្នា ។ លំដាប់​នោះ​ព្រះ​អង្គ​ទ្រង់​សំដែង​អំពី​វត្ត​ទាំង​ឡាយ​របស់​បុគ្គល​អ្នក​មាន​សេចក្ដី​យល់​ខុស​ហើយ​ប្រព្រឹត្ត​វត្ត​ញ៉ាំង​ខ្លួន​ឲ្យ​បាន​សេចក្ដី​ទុក្ខ​លំបាក​ឥត​ផល​ប្រយោជន៍ ដូច​ជា​ការ​ប្រព្រឹត្តិ​វត្ត គឺ​ព្យាយាម​អង្គុយ​ហា​លក់​កំដៅ​ថ្ងៃ​ក្ដី បង្អត់​អាហារ​ខ្លួន​ឯង​អស់​ជា​ច្រើន​ថ្ងៃ​ក្ដី ដុត​ភ្លើង​ឆ្អើរ​ខ្លួន​ឯង​ក្ដី យ៉ាង​នេះ​ជា​ដើម យ៉ាង​នេះ​ជា​ដើម ក៏​រាប់​បញ្ចូល​ក្នុង​អត្តកិលមថានុយោគ​វត្ត​ទាំង​អស់ ។ សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ លុះ​ស្ដាប់​ធម្មទេសនា​របស់​ព្រះ​អង្គ​ចប់​ហើយ ក៏​យល់​ថា វត្ត​ដែល​ខ្លួន​បាន​ព្យាយាម​ប្រព្រឹត្ត​អស់​តយៈកាល ១២ ឆ្នាំ ត្រឡប់​ជា​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ក៏​ទ្រហោ​យំ​ដោយ​នឹក​ស្ដាយ​បង់​គំនិត​ដែល​គិត​ខុស​នោះ ។ ក្នុង​ខណៈ​នោះ អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​លះ​បង់​វត្ត​គោ​នឹង​វត្ត​ឆ្កែ​នោះ​ចេញ ហើយ​ប្រកាស​ខ្លួន​ជា​សាវ័ក​ចូល​ក្នុង​ពុទ្ធ​សាសនា​វិញ ។ ការ​ប្រព្រឹត្តិ​វត្ត​គោ​នឹង​វត្ត​ឆ្កែ​របស់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់ ដូច​បាន​ពណ៌នា​មក​នេះ ក៏​ហៅ​ថា សីលព្វតបរាមាសៈ​ដែរ ។ ប៉ុន្តែ​បញ្ហា​ធម៌​នេះ ខ្ញុំ​បាន​ពិនិត្យ​មើល​សេចក្ដី​ជា​ច្រើន​អន្លើ​ក្នុង​អដ្ឋកថា​នៃ​សុត្តន្តបិដក​ ព្រម​ទាំង​មតិ​របស់​ខ្ញុំ​ផង​យល់​ថា សីលព្វតបរាមាសៈ​នេះ​ប្រែ​ថា ការ​ស្ទាប​អង្អែល ឬ ការ​ប្រកាន់​ខ្ជាប់​នូវ​សីល និង​វត្ត បាន​ន័យ​ថា ការ​ប្រកាន់​ខ្ជាប់​នូវ​សីល និង វត្ត បាន​ន័យ​ថា ការ​ប្រកាន់​ខ្ជាប់​នូវ​សីល​និង​វត្ត​របស់​សមណ​ព្រហ្មណ៍ (អ្នក​បួស​ខាង​ក្រៅ​ពុទ្ធ​សាសនា) ដោយ​គំនិត​យល់​ថា សេចក្ដី​បរិសុទ្ធិ​របស់​អាត្មា​អញ​មិន​មែន​ដោយ​ហេតុ​ដទៃ​ទេ គឺ​ដោយ​សារ​សីល និង​វត្ត​ដែល​អាត្មា​អញ​បាន​កាន់​ប្រព្រឹត្ត​នេះ​ឯង ។ សមណ​ព្រាហ្មណ៍​ជា​អ្នក​បួស​ខាង​ក្រៅ​ពុទ្ធ​សាសនា​នោះ តើ​សំដៅ​យក​អ្នក​បួស​បែប​ណា ? សំដៅ​យក​បុគ្គល​ដែល​មាន​សេចក្ដី​នឿយ​ណាយ​ក្នុង​កាម ទាំង​ឃើញ​ទោស​ផ្សេង​ៗ របស់​កាម ហើយ​ចេញ​ទៅ​បួស​ជា​តាបស​ឬ​ឥសី ។ តាបស ឬ ឥសី ពួក​នេះ​ជា​កម្ម​វាទី​បុគ្គល (អ្នក​ជឿ​កម្ម​និង​ផល​របស់​កម្ម) បាន​ប្រព្រឹត្ត​តប​ធម៌ គឺ​សីល​និង​វត្ត​យ៉ាង​តឹងរ៉ឹង ទាំង​មាន​គំនិត​យល់​ថា​សេចក្ដី​បរិសុទ្ធិ​ផុត​ចាក​ទុក្ខ​របស់​អាត្មា​អញ​ក្នុង​សង្សារ​នេះ អាស្រ័យ​ដោយសារ​សីល​និង​ វត្ត​ដែល​អាត្មា​អញ​ប្រព្រឹត្ត​នេះ ។ ការ​ប្រព្រឹត្តិ​កាន់​សីល​និង​វត្ត​របស់​តាបស ឬ​ឥសី​ពួក​នេះ​ដោយ​មាន​បំណង​ឆ្ពោះ​ទៅ​រក​សុខ​ក្នុង​ភព​តែ​ម្យ៉ាង​ប៉ុណ្ណោះ ឈ្មោះ​ថា សីលព្វតបរាមាសៈ ព្រោះ​ហេតុ​អ្វី ? ព្រោះ​ហេតុ​ថា តាបស ឬ ឥសី ពួក​នេះ ប្រព្រឹត្ត​តប​ធម៌​នៅ​ជាប់​ជំពាក់​ដោយ​កិលេស​តណ្ហា​នៅ​ឡើយ ឬ​ថា​មិន​ទាន់​ឃើញ​ទោស​ក្នុង​ភព​នៅ​ឡើយ ។ ត្រង់​តាបស ឬ​ឥសី​ខាង​ក្រៅ​ពុទ្ធ​សាសនា ប្រព្រឹត្ត​កាន់​សីល​និង​វត្ត​ដោយ​មាន​គំនិត​យល់​ដូច​បាន​ពោល​មក​ហើយ​នោះ លោក​ចាត់​ថា​ជា​សីលព្វតបរាមាសៈ ចុះ​ចំណែក​ខាង​ពុទ្ធ​បរិស័ទ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ ក្នុង​ពុទ្ធ​សាសនា បើ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​គឺ សីល​និង​វត្ត ហើយ​មាន​គំនិត​យល់​ដូច​ជា​ពួក​តាបស ឬ ឥសី​ខាង​ក្រៅ​ពុទ្ធ​សាសនា​នោះ​ដែរ តើ​អាច​ចាត់​ថា ជា​សីលព្វតបរាមាសៈ​បាន​ដែរ​ឬ​ទេ ? អាច​ចាត់​ថា​ជា​សីលព្វតបរាមាសៈ​បាន​ដោយ​ពិត ព្រោះ​នៅ​មាន​គំនិត​ជាប់​ជំពាក់​ដោយ​កិលេស​តណ្ហា ក្នុង​ភព​ដូច​គ្នា ។ បើ​យើង​យល់​ថា សីលព្វតបរាមាសៈ មាន​តែ​លើ​បុគ្គល​ខាង​ក្រៅ​ពុទ្ធ​សាសនា​តែ​ម្យ៉ាង ឯ​បុគ្គល​អ្នក​កាន់​ពុទ្ធ​សាសនា​មិន​មាន​សីលព្វតបរាមាសៈ​ទេ ចុះ​ហេតុ​អ្វី​ក្នុង​គម្ពីរ​ជា​ច្រើន​អន្លើ​និយាយ​ថា បុគ្គល​អ្នក​បាន​ដល់​នូវ​សោតាបត្តិមគ្គ ឬ​សោតាបត្តិផល ទើប​អាច​លះ​ផ្ដាច់​នូវ​សីលព្វតបរាមាសៈ​ចេញ​បាន ។ សេចក្ដី​នេះ យើង​អាច​សន្និដ្ឋាន​ថា បុគ្គល​ណា​មួយ​ដែល​មាន​សន្ដាន​ចិត្ត​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ បុគ្គល​នោះ​ឈ្មោះ​ថា​នៅ​ជាប់​ដោយ​សីលព្វតបរាមាសៈ​ដូច​គ្នា​ទាំង​អស់ ដោយ​ហេតុ​ថា សីលព្វតបរាមាសៈ​នេះ​ជា​ពួក​នៃ​សំយោជន​ធម៌ លុះ​តែ​អរិយ​មគ្គ​អរិយ​ផល​កើត​ឡើង​កាល​ណា ទើប​អាច​លះ​បង់​បាន​នូវ​សីលព្វតបរាមាសៈ​កាល​នោះ ។


ចប់ ធម្មវិចារណកថា ដោយ​សង្ខេប