ធាតុខាងក្នុង និង ធាតុខាងក្រៅជាបច្ច័យទាក់ទងគ្នា
វិចារណកថា ដោយ ផេង ជ្រីវ
ចំណងជើងនេះ មានន័យថា មនោសញ្ចេតនា ផល-កម្ម និងធាតុ ទឹក-ដី-ភ្លើង-ខ្យល់ របស់ ជនម្នាក់អាចមានអានុភាពជាបច្ច័យទាក់ទងទៅលើមនោសញ្ចេតនា កម្ម និងធាតុទឹក-ដីភ្លើង-ខ្យល់ របស់ជនម្នាក់ទៀត ឬច្រើននាក់ដែលនៅរួមនៅក្នុងសង្គមជាមួយគ្នា ។ មិនតែប៉ុណ្ណោះអានុភាពនេះ រមែងជាបច្ច័យទាក់ទង រហូតដល់បរិយាកាសរបស់សង្គមនោះ ដូចជាអាកាសរុក្ខជាតិទាំងពួងផ្កាយទងឡាយ មានព្រះចន្ទនឹងព្រះអាទិត្យជាដើមព្រមទាំងទេវតាផងទៀត ហើយអានុភាពនេះទៀតមិនមែនផ្សាយទៅជាអនុលោមតែប៉ុណ្ណោះទេ គឺត្រូវផ្សាយវិលមកវិញ ជាបដិលោមផងជាដរាប ។
ដូច្នេះ ហើយ ទើបបុរាណាចារ្យតែងពោលទុកមកថាក្នុងរដ្ឋណាមួយ ដែលព្រះរាជឬស្ដេចមិនប្រកបដោយធម៌ រដ្ឋនឹងកើតទុរ្ភិក្ស កើតចោរកម្ម ព្រមទាំងមហន្តរាយទាំងឡាយដទៃ មានការស៊ីសំណូកសូកប៉ាន់អំពើពុករលួយនិងរដ្ឋប្រហារជាដើម ដែលជាប្រភពនៃសេចក្ដីទុក្ខវេទនា នៃអាណាប្រជានុរាស្ត្រគ្រប់ទិសដំបន់មិនខាន ។ ខ្ញុំបាទសូមបើកវង់ក្រចកត្រង់ទីនេះបន្តិច ដើម្បីបញ្ជាក់នូវពាក្យថ "រាជា ឬរាជៈឬមួយ ក្សត្រ" ជូនជាដំណឹងចំពោះអស់លោកអ្នកអានទាំងឡាយ ។ ពាក្យថា រាជាឬរាជៈឬមួយក្សត្រ នេះ មានន័យយ៉ាងណា ? រាជាឬរាជៈប្រែថា បុគ្គលអ្នកញ៉ាំងប្រជាពលរដ្ឋឲ្យត្រេកអរឲ្យសប្បាយរីករាយ ក្សត្រប្រែថាមេដីស្រែចំការ ។ សូមជ្រាបថាសម័យជាបឋមកប្បដំបូង មនុស្សរស់នៅគ្មានមេកោយទេ នរណាចង់ធ្វើអ្វីក៏ធ្វើទៅ ម្ល៉ោះហើយអនាធិបតេយ្យក៏កើតមានឡើង ហើយបណ្ដាមនុស្សទាំងនោះ ពួកខ្លះជាបណ្ឌិតយល់ថា បើយើងបណ្ដោយទុកស្ថានការណ៍បែបនេះអីចឹងតទៅ សេចក្ដីសុខរបៀបរៀបរយក្នុងសង្គមនឹងមិនមានឡើយ គួរគប្បីតែយើងរួបរួមគ្នា ធ្វើសន្និបាតដើម្បីជ្រើសរើសមនុស្សណាម្នាក់មានសមត្ថភាពជាងគេ ឲ្យធ្វើនៅអធិបតីលើដីស្រែសម្រាប់ត្រួតពិនិត្យនឹងចាត់ការនេះទើបមានផ្លូវសុខ ទើបមានផ្លូវខាងរបៀបរៀបរយក្នុងសង្គម ។ ចាប់ពីពេលនោះមក ទើបមានរាជាឬរាជៈ ខត្តិយៈ ឬ ក្សត្រិយ នេះឯង ។ បានជាហៅថា រាជាឬរាជៈ ព្រោះជាអ្នកញ៉ាំងសេចក្ដីរីករាយឲ្យកើតមានដល់អ្នកនៅក្រោមបង្គាប់ បានជាហៅខត្តិយឬក្សត្រិយ ព្រោះជាអ្នកម្ចាស់ដីឬមេដីស្រែចំការ ។ តែដោយអ្នកនេះមានសេចក្ដីលោភផ្ទល់ខ្លួនខ្លាំងពេក ក៏តាំងបង្កើតច្បាប់ទុកដាក់រឿងនេះមិនមែនមានឡើងនៅគ្រាដំបូងទេ គឺក្នុងរយៈពេលជាច្រើន កូនចៅឬវង្សត្រកូលរបស់ខ្លួន ឲ្យឋិតនៅក្នុងឋានៈជាមេដី រហូតទៅ ។ ឆ្នាំជាខាងក្រោយមក ។ ហេតុនេះ តែបុគ្គលណាដែលចេះញ៉ាំងសេចក្ដីរីករាយ សេចក្ដីសុខចម្រើន សុភមង្គលឲ្យកើតឡើងដល់ប្រជារាស្ត្រ គេត្រូវហៅបុគ្គលនោះជារាជា ឬរាជៈ បានតែបុគ្គលណាមេដីស្រែចំការ គឺថាបុគ្គលជាអ្នកចាត់ចែង អាចត្រួតត្រាមើលការខុសត្រូវ ខាងបែងចែកដីស្រែចំការបាន ហើយអាចញ៉ាំងប្រទេសឲ្យឋិតនៅក្នុងរបៀបរៀបរយបាន គេត្រូវហៅបុគ្គលនោះជា ខត្តិយៈឬក្សត្រិយបាន ទោះបីខ្លួនឥតពូជខត្តិយ ឬក្សត្រិយមុនក្ដី ទោះបីខ្លួនមិនឋិតនៅក្នុងវង្សរាជាឬរាជៈមុនក្ដី បានសេចក្ដីថាបើខ្លួនជារាជា តែមិនចេះញ៉ាំងរាស្ត្រឲ្យត្រេកអរឲ្យចម្រើនបាន មិនចំជារាជាទេ បើខ្លួនជាក្សត្រមិនចេះបែងចែកដីស្រែចំការឲ្យបានស្រួលឲ្យមានរបៀបរៀបរយ ឲ្យមានសន្តិសុខ មិនចំជាក្សត្រិយទេ ។
ចុះហេតុអ្វីបានជាគេមិនហៅមេដឹកនាំប្រទេសសាធារណរដ្ឋ ថាជារាជាឬក្សត្រិយ បានជាគេមិនយកនាមហ្នឹងមកហៅ ព្រោះគេមិនពេញចិត្ត ដោយនាមហ្នឹងមិនល្អ ជានាមពុករលួយ ជានាមកាន់អំណាចផ្ដាច់ការ ជានាមមិនគោរពច្បាប់ ។ រឿងមិនខុសគ្នាពីរឿង "យីហោ" ទេ តែយីហោណារកស៊ីទៅរលំហើយ គេទុកជាយីហោមិនល្អ គេត្រូវតែ រកយីហោថ្មីមកជំនួសជាដរាប ។ បានជាសព្វថ្ងៃនេះ គេឲ្យនាមថាអធិបតីវិញ ហើយអធិបតីណាធំផ្ដាច់គេ គេហៅថាប្រធានាធិបតី ។ ឯការប្លែករវាងរាជាឬក្សត្រ និងប្រធានាធិបតី ឬអធិបតីនោះ គឺនៅត្រង់រាជាឬក្សត្រកាន់កាប់ប្រទេសតកូនតចៅ ចំណែកប្រធានាធិបតីកាន់កាប់រដ្ឋមានរយៈវេលាជា ៣ ឆ្នាំ ឬ ៤ ឆ្នាំ ឬ ៥ ឆ្នាំ តាមច្បាប់កំណត់ទុកឲ្យ បើហួសអាណត្តិនេះត្រូវបោះឆ្នោត ជ្រើសរើសមនុស្សថ្មីឲ្យគ្រប់គ្រង រដ្ឋមន្ត្រីវិញ ។
ខ្ញុំត្រូវបិទវង់ក្រចកត្រឹមនេះ ហើយងាកមករកប្រធានវិញ ។ ជាការណ៍ពិតណាស់ រឿងធាតុខាងក្នុងនិងធាតុខាងក្រៅពិតជាបច្ច័យប្រទាក់ប្រទងរកគ្នា ។ រឿងនេះបានជាយើងថាដូច្នេះ ព្រោះមានភាពជាក់ស្ដែងណាស់ ។ ហេតុដូច្នេះហើយបានថាបើកាលណាគេឃើញរាជាឬប្រធានាធិបតីណាមិនប្រកបដោយធម៌ ពួកចាស់ព្រឹទ្ធាចារ្យជាបណ្ឌិត តែងមានសេចក្ដីព្រួយបារម្ភណាស់ ព្រោះថាមិនយូរ ប្រទេសនោះនឹងកើតមានហេតុមិនល្អពុំខានឡើយ ។ នេះជាចំណាំរបស់អ្នកចាស់ទុំ ដូចជាគេចំណាំថាកាលណាមានផ្កាយដុះកន្ទុយ ប្រទេសត្រូវមានចម្បាំងដូច្នោះដែរ ។
រីឯក្នុងធម៌នៃព្រះពុទ្ធបរមគ្រូក៏មានចែងដូចគ្នានេះដែរ ៖
ព្រះពុទ្ធទ្រង់សម្ដែងថា : “ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការមិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍និងគហបតី ក៏មិនប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍និងគហបតី មិនប្រកបដោយធម៌ សម័យនោះពួកអ្នកនិគមនិងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគមនិងអ្នកជនបទ មិនប្រកបដោយដោយធម៌ ព្រះចន្ទនិងព្រះអាទិត្យក៏គោចរទៅមិនស្មើដែរ កាលព្រះចន្ទនិងព្រះអាទិត្យគោចរទៅមិនស្មើ ផ្កាយនក្ខត្តឫក្សក៏គោចរមិនទៅស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្សគោចរទៅមិនស្មើ យប់និងថ្ងៃក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់និងថ្ងៃក៏ប្រព្រឹត្តទៅមិនស្មើ ខែនិងកន្លះខែក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខែនិងកន្លះខែក៏ប្រព្រឹត្តទៅមិនស្មើ រដូវនិងឆ្នាំក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវនិងឆ្នាំក៏ប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់ក៏បក់មិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់បក់ខុសផ្លូវទាំងឡាយប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយខឹងសម្បា កាលទេវតាខឹងសម្បា ភ្លៀងក៏មិនបង្អុរទឹកភ្លៀងធ្លាក់ចុះមកដោយប្រពៃ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ស្រូវទាំងឡាយក៏ឲ្យផលមិនស្មើ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សកាលបរិភោគស្រូវឲ្យផលមិនស្មើល្អ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកម្លាំងតិច មានអាពាធច្រើន" ។
ការពោលរៀបរាប់ អំពីធាតុខាងក្នុងនិងធាតុខាងក្រៅ ដែលមានបច្ច័យប្រទាក់គ្នាដូចច្រវាក់នេះបញ្ជាក់ឲ្យឃើញថាភាពសុខទុក្ខនៃប្រទេស ឬរដ្ឋនីមួយ ៗ ក្នុងលោក សុទ្ធតែមានប្រភពដើមជាអ្នកបង្កបង្កើតឡើង ។ ឯប្រភពដើម គឺព្រះរាជាឬប្រធានាធិបតីនេះឯង ។ បើបុគ្គលជាអធិបតីនៃប្រទេស ប្រកបដោយធម៌ សេចក្ដីសុខចម្រើនសន្តិភាពនិងសុភមង្គល មានពិតប្រាកដណាស់ ផ្ទុយទៅវិញប្រជានុរាស្ត្រទៀងតែត្រូវទទួលនូវទុក្ខវេទនាដ៏ប្រាកដ ។ ប្រទេសដូចជាគ្រួសារដែរ បើមេគ្រួសារមិនប្រកបដោយធម៌ សមាជិកមិនប្រកបដោយធម៌ដែរ ។
ឧទាហរណ៍ ដូចកាលរដ្ឋខ្មែរ មានបារាំងជអធិបតី ព្រោះបារាំងជាពួកសេយ្យសាសន៍ សម័យនោះ ជនជាតិខ្មែរបានស្គាល់សេចក្ដីទុក្ខសោកយ៉ាងណា ដូចអស់លោកអ្នកអានបានធ្លាប់ជ្រាបស្រាប់ គឺថាពេលនោះខ្មែរគ្មានសេរីភាពបន្តិចទាល់តែសោះ ពាក្យថាគ្មានសេរីភាពនេះ បញ្ជាក់ឲ្យយល់យ៉ាងច្បាស់ថា វាគ្មានសុខគ្មានភាពចម្រើនឡើយ ។ កាលអធិបតីបារាំងគ្រប់គ្រងកម្ពុជា មិនប្រកបដោយធម៌គំនិតទុច្ចរិតហ្នឹង ដូចចរន្តអគ្គិសនី វារត់ចូលទៅជ្រួតជ្រាបក្នុងសន្ដានចិត្តខ្មែរខ្លះដែលជាអធិបតីបន្ទាប់ពីបារាំងមក រួចវារាលដាលដល់ខ្មែរទូទៅ ម្ល៉ោះហើយ សម័យនោះ ចោរកម្មកើតមានគ្រប់ទីដំបន់នៃកម្ពុជា ដែលជាហេតុធ្វើឲ្យខ្មែរទាំងប្រទេសរងទុក្ខសោកក្រៃលែង អាធំស៊ីតាមអាធំទៅ អាធុនកណ្ដាលស៊ីតាមអាធុនកណ្ដាលទៅ អាតូចស៊ីតាមអាតូចទៅ ។ បើមានកើតរឿងប្ដឹងផ្ដល់គ្នា អាត្រូវទៅជាខុស អាខុសទៅជាត្រូវ គុណទៅជាទោស ទោសទៅជាគុណ បុណ្យជាបាប ៗ ទៅជាបុណ្យ ប្រជារាស្ត្រខ្មែរមុខជូរហួញ តប់ប្រមល់មិនដឹងមានមធ្យោបាយយ៉ាងណានឹងយកមកដោះស្រាយរួច គិតឃើញធ្វើមិនកើត មុជមិនជ្រៅទៅមិនឆ្ងាយ នាំគ្នាដេកចាំតែស្លាប់ គឺថាស្លាប់ដូចពស់រសដូចកង្កែប ។ ជីវភាពខ្មែរបែបនេះតាំងនៅអស់រយៈពេលជិតមួយសតវត្ស ។ នេះហើយដែលហៅថាប្រទេសឋិតនៅក្នុងអំណាចអាណានិគមនិយមបារាំង ។
មកដល់ឆ្នាំ ១៩៥៣ កម្ពុជាបានទទួលឯករាជ្យពេញបរិបូណ៌ ។ កម្ពុជាទាំងមូល ធ្លាក់មកក្នុងកណ្ដាប់ដៃខ្មែរ ដែលមានស្ដេចសីហនុ ជាអធិបតី ។ ខ្មែរត្រេកអរណាស់ស្រែកច្រៀងរាំ ស្រែកហ៊ោកញ្ជ្រៀវថា យើងត្រឡប់មានសេរីភាពឡើងវិញហើយ ។ តែសូមជ្រាបថា ក្នុងរយៈ ២-៣ ឆ្នាំដំបូងនៃកម្ពុជាឯករាជ្យ គឺថាចាប់ពី ១៩៥៣ ឃើញថា ជីវភាពខ្មែរហាក់ដូចជាធូរស្រាលបន្តិច តែចាប់ពីឆ្នាំ ១៩៥៥ ឡើងទៅជីវភាពនេះទ្រង់បែបដូចជាំតឹងបន្តិច ៗ ឡើងវិញ តែភាពតឹងតែងនេះមិនទាន់ជាលេចឃើញជាក់ស្ដែងនៅឡើយ ។ លុះអធិបតីសីហនុប្រើឧបាយកលប្រជាភិថុតិ ក្ដោបយកប្រជាប្រិយភាពនៃប្រជារាស្ត្រខ្មែរមកទុកក្នុងហោប៉ៅខ្លួនយ៉ាងមាំ ដូចជាគេបញ្ឆោតត្រីដោយប្រើនុយកន្ទក់ឲ្យចូលក្នុងស៊ងហើយស្រេចបាច់អស់ហើយ ៗ អធិបតីសីហនុក៏ដឹងជាក់ច្បាស់ដោយខ្លួនឯងថា រាស្ត្រខ្មែរពិតជាគាំទ្រខ្លួន ១០០ ភាគ ១០០ ហើយ ចាប់ពីពេលនោះ ទើបសីហនុចាប់ក្រឡុកខ្មែរតាមអំពើចិត្ត ចង់ឲ្យអាណាងាប់ អានោះត្រូវតែងាប់ ចង់ឲ្យអាណារស់មានបុណ្យយសស័ក្ដិ អានោះត្រូវតែរស់មានបុណ្យយសស័ក្ដិ ទោះបីសាមីខ្លួនមិនមានសមត្ថភាពក៏ដោយ ។ ក្រឡេកមើលពីខាងក្រៅ ឃើញថា អធិបតីសីហនុ រុងរឿងនិងថ្កុំថ្កើងភ្លឺចិញ្ចាចចិញ្ចែងដូចព្រះចន្ទថ្ងៃពេញបូណ៌ តែបើសំឡឹងមើលដោយវិចារណញ្ញាណ ទម្លុះទៅខាងក្នុង ឃើញថា សីហនុពោរពេញទៅដោយគំនិតពាលដ៏យ៉ាងសាហាវសាមាន្យ គឺ ថា លោកចង់លើកតម្លើងអ្នកណា ក៏លើកទៅ លុះមិនត្រូវចិត្តក៏ទម្លាក់មកវិញភ្លាមហើយនិយាយស្ដីតាមតែនឹកឃើញ ឥតមនការក្រែងរអែង ឥតមានការអៀនខ្មាស ម្ដងផ្កាប់ ម្ដងផ្ងារ ដូចពួកបនលេងបៀកូនក្រមុំនៅតាមចិញ្ចើមផ្សារ រហូតដល់ក្នុងប្រជុំជនមនុស្សរាប់ពាន់ម៉ឺននាក់ អធិបតីសីហនុ ឥតកោតញញើតនិងពោលពាក្យមាតុគ្រាម ពាក្យអាសអាភាសជាពាក្យដែលមានតែពួកលក់នៅផ្សារធុនថោកបំផុតទើបហ៊ាននិយាយនោះ ។ ទាំងនេះមិនសឲ្យឃើញថា អធិបតីសីហនុមើលងាយនិងទុកខ្មែរទាំងអស់ជាមនុស្សព្រៃផ្សៃដូចសត្វតិរច្ឆាន ?
ចុះបើអធិបតីប្រទេសមិនប្រកបដោយធម៌ហើយ តើប្រជាពលរដ្ឋក្នុងប្រទេសនោះប្រកបដោយធម៌ដែរឬ ? ព្រះពុទ្ធទ្រង់សម្ដែងថា "ទេ" ដូចដែលខ្ញុំបានលើកពុទ្ធដីកាសុទ្ធ មកថ្លែងរៀបរាប់នៅខាងលើស្រាប់ ។ កាលណាធាតុខាងក្នុងទី ១ ស្អុយហើយ ធាតុស្អុយនោះ មានអានុភាពខ្លាំងណាស់វាផ្សព្វផ្សាយទៅខាងក្នុងរដ្ឋទាំងមូល ដូចជាគ្រាប់ស្វាយ តែកាលណាពន្លកកណ្ដាលស្អុយហើយ មិនយូរប៉ុន្មានសាច់គ្រាប់ដែលនៅជុំវិញ ទៀងតែស្អុយតាមមិនខាន កាលណាធាតុស្អុយរបស់ខ្មែរមានពាសពេញហើយ វាផ្សព្វផ្សាយទូទៅក្នុងបរិយាកាសទាំងរុក្ខជាតិផងទាំងពួងទាំងទឹកទាំងខ្យល់រហូតទេពតា ហើយរុក្ខជាតិទាំងឡាយមានស្រូវជាដើមដល់ផ្លែមក ដោយទាំងធាតុស្អុយមកជាមួយផង លុះមនុស្សខ្មែរយកផលានុផលមកបរិភោគក៏បណ្ដាលឲ្យទៅជាមានអាយុខ្លី មានកម្លាំងតិចនិងមានជម្ងឺច្រើន មានក្ដីទោមនស្សមិនដាច់ លុះដល់ថ្ងៃទី ១៨ មីនា ១៩៧០ បណ្ដាខ្មែរទាំងនោះ មានពួកបណ្ឌិតខ្លះដែលមិនពុលដោយពិសសំអុយ សម្រេចទម្លាក់អធិបតីសីហនុចេញ ដើម្បីកំចាត់ធាតុពិសស្អុយ ខាងក្នុងទី ១ ចោល ។ សូម្បីគេកេះធាតុស្អុយនេះចោលចេញហើយក៏ធាតុស្អុយនេះទៅនៅឈរជះចំហុយស្អុយនេះ ពីប៉េកាំងឲ្យរសាត់មកលើជនជាតិខ្មែរខ្លះទៀត នេះបានចំជាមហាអកុសលធំណាស់ ដែលបណ្ដាលឲ្យទៅជាសង្គ្រាមទាល់សព្វថ្ងៃនេះឯង សង្គ្រាមនេះជាធាតុសំអុយរបស់សីហនុ ។
ឥឡូវយើងផ្លាស់អធិបតីថ្មីហើយដូចជាគ្រាប់ស្អុយ ដែលយើងបេះបោះចោលហើយ យកគ្រាប់ថ្មីមកដាក់ជំនួសវិញហើយ តើនឹងដុះល្អឬមិនល្អ ? ចំណុចនេះអនាគតមុខជានឹងប្រាប់យើងមិនខាន ។ ដូច្នេះ យើងតោងរង់ចាំមើលតទៅទៀត គង់តែឃើញដ៏ពិតប្រាកដ ។
យ៉ាងនេះឯងដែល ធាតុខាងក្រៅនិងធាតុខាងក្រៅ ជាបច្ច័យប្រស្រ័យទាក់ទងគ្នានោះ ។
ផេង ជ្រីវ
ថ្ងៃទី ៣ ខែ ៤ ឆ្នាំ ១៩៧១