នរាយណ៍រាជាទី១

ពីវិគីភីឌា
Jump to navigation Jump to search
នរាយណ៍រាជាទី១
ព្រះបាទ
រជ្ជកាល គ.ស ១៤២៧-១៤៣៣
រាជ្យមុន ស្រីសុរិយោពណ៌ទី២
រាជ្យបន្ត ស្រីរាជា
ស្វាមី/មហេសី អ្នកម្នាងកែវទី២
បុត្រ ស្រីសុរិយោទ័យទី២
ព្រះនាមពេញ
​ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជ បរមបពិត្របណ្ឌិតជាឥសូរ គង់ចតុម្មុខមង្គល សកលកម្ពុជាធិបតី បវរឥន្ទបត្តបូរីរដ្ឋមហារាជធានី បូរីរម ឧត្តម ព្រះរាជនិវេសន៍ វិសេសមហានគរ តមក
វង្ស អង្គជ័យ
សន្តតិវង្ស ទេវង្សអស្ចារ្យ
បិតា ស្រីសុរិយោពណ៌ទី២
មាតា អ្នកម្នាងទេវី
ប្រសូត គ.ស ១៣៩៤
ចតុម្មុខ
សុគត គ.ស ១៤៣៣
ខេត្តភ្នំពេញ (ភ្នំពេញ)
ព្រះសុសាន វត្តភ្នំ

ព្រះបាទនរាយណ៍រាជាទី១ រឺ ស្រីសុរិយោពណ៌ទី៣ ផែនដីព្រះនរាយណ៍រាជា (សំស្ក្រឹត:នារាយណរាជា) (ពីគ.ស.១៤២៧-គ.ស.១៤៣៣) ព្រះនរាយណ៍រាជាទី១ ស្ដេចឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស.១៩៤៤-គ.ស. ១៤២៧-ម.ស. ១៣៤៩-ច.ស. ៧៨៩ ក្នុងព្រះជន្មាយុ ៣៣ វស្សា ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជ បរមបពិត្របណ្ឌិតជាឥសូរ គង់ចតុម្មុខមង្គល សកលកម្ពុជាធិបតី បវរឥន្ទបត្តបូរីរដ្ឋមហារាជធានី បូរីរម ឧត្តម ព្រះរាជនិវេសន៍ វិសេសមហានគរ តមក។ ព្រះអង្គទ្រង់ឲ្យធ្វើព្រះមេរុធំ កំពូល ៤ កំពស់ ៣ សិន ១០ ព្យាមហត្ថចំអាម (កំពស់ទាំងកំពូលផង) មានទាំងមេរុជ្រែក មេរុទិសស្រេចហើយ ស្ដេចរៀបដង្ហែ ព្រះបរមសព ចូលព្រះមេរុធ្វើបុណ្យ ៧ថ្ងៃ។ លុះថ្វាយព្រះភ្លើងជាសូរេចបុណ្យហើយ សម្ដេចព្រះមាលាទេវី ជាសម្ដេចព្រះវររាជិនី ព្រះអង្គសាងព្រះវាំង នៅព្រះវិហារឪជ្រឹង

សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គគង់ព្រះយានុកាមាត្យ ព្រមដោយមន្ត្រី ក្រុមរក្សាព្រះអង្គ ដើម្បីស្ដេចទៅគាល់ សម្ដេចព្រះវររាជជិនីនាថ។ ខណៈនោះ ស្ដេចទតព្រះនេត្រ យល់ដូនពេញ និងស្ម័គ្របក្សពួកគាត់ ជាងរយពាន់នាក់ នាំគ្នាដឹកដីរែកជញ្ជូន ឥតឈប់ឈរ ទើបទ្រង់ត្រាស់សួរថា : អ្នកទាំងនោះគេធ្វើអ្វីហ្ន៎ ? មន្ត្រីរក្សាព្រះអង្គ ដែលដើរកាន់គ្រឿងហែ អមព្រះទីនាំងនោះក្រាបទូលថា : (សូមទ្រង់ព្រះមេត្តាប្រោស ដូនពេញនេះ បានព្រះចតុម្មុខមួយព្រះអង្គ មកជាសម្បត្តិដ៏មានតំលៃរបស់គាត់។ ឥឡូវនេះ គាត់ឃោសនាអ្នកស្រុក ឲ្យមកជួយលើកដីឲ្យបានខ្ពស់ ដើម្បីនឹងតាំងព្រះអារាមព្រមទាំងចេតិយ តំកល់ព្រះចតុម្មុខនោះ)។ ព្រះបាទបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះចិន្តាថា : (ដូនពេញនេះ ជារាស្ត្រពិត តែគាត់គិតកសាងកុសលនេះ ល្អប្រសើរណាស់ គួរតែអញជាក្សត្រ ចូលជួយកសាងផង)។ តាំងថ្ងៃនោះមក សម្ដេចព្រះនរាយណ៍រាជាទី១ ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំ ក្រុមស្រឹង្គារ នាម៉ឺនសព្វមុខមន្ត្រី លើកដៃទៅជញ្ជូនដីនោះ លើកឡើងឲ្យបានជាភ្នំ។ អាស្រ័យហេតុនោះហើយ ទើបបានជាអាណាប្រជានុរាស្ត្រ ទាំងស្រុកក្រៅស្រុកក្នុង ស្រុះស្រួលបបួលគ្នា ទៅជួយជញ្ជូនដីនោះ លើកឡើងបានជាភ្នំមែន។ សម្ដេចព្រះនរាយណ៍រាជាទី១ ទ្រង់បានសាងព្រះចេតិយមួយធំ បញ្ចុះព្រះបរមសារីរិកធាតុនិងព្រះចតុម្មុខនោះ។ ដើម្បីនឹងមិនអោយរាជសត្រូវប្រាថ្នាយកព្រះនគរបាន ទ្រង់ឲ្យយកដើមគគីរនោះ កាត់រំលែកជាពីរកំណាត់ គឺមួយកំណាត់ទ្រង់ឲ្យសាង ជារូបតំណាងព្រះចតុម្មុខ ទុកលើភ្នំនោះ ហើយទ្រង់ឲ្យសាងព្រះអារាមមួយ តំកល់ព្រះតំណាងនោះ។ គគីរមួយកំណាត់ទៀត ទ្រង់ឲ្យធ្វើជារូបតំណាងព្រះ ៤ មុខ ដែលនៅវត្តព្រែកបង្កង។ ឯព្រះរូបព្រះចតុម្មុខនោះ ទ្រង់អាយ័តឲ្យនៅជាប់តែនឹងព្រះអង្គចៅអធិការ។ ទ្រង់ព្រះបណ្ដាំថា: "ព្រះពុទ្ធរូបអង្គនេះ វិសេសណាស់ បើស្រុកមានភប់ភាន់បណ្ដាលអោយមានរាជសត្រូវ ឲ្យកប់សន្ធប់ ព្រះអង្គ ព្រះពុទ្ធរូបនោះកុំឲ្យគេយកបាន"។ ព្រះអង្គតាំងនាមវត្ត ដែលលើកនោះ ឲ្យហៅថា វត្តភ្នំពេញ តាមនាមដូនពេញ ហើយទ្រង់ប្រែឈ្មោះខេត្តកោះឫស្សីកែវនោះ ឲ្យហៅថា ខេត្តភ្នំពេញ តរៀងមក។ ឆ្នាំជូត ចត្វាស័ក ព.ស. ១៩៧៦-គ.ស. ១៤៣២-ម.ស. ១៣៥៤-ច.ស. ៧៩៤ ព្រះបរមបពិត្រ ស្ដេចសាងព្រះចេតិយមួយ នៅចង្កេះភ្នំពេញ រួចហើយធ្វើបុណ្យសង្គាយនា ៧ថ្ងៃ បញ្ចុះព្រះបរមធាតុ សម្ដេចវររាជបិតា (ព្រះបាទពញាយ៉ាត)។ លុះសូរេចហើយ ព្រះអង្គសោយរាជ្យ រក្សាអាណាប្រជានុរាស្ត្រ ជាសុខក្សេមក្សាន្ត ទាំងព្រះសង្ឃសមណជីព្រាហ្មណ៍ ឥតមានមោះមន្ទិលឡើយ។ ព្រះអង្គមាន ព្រះរាជបុត្រាមួយ ព្រះអង្គ ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ លុះព្រះអង្គសោយរាជ្យបាន ៦ព្រះវស្សា ព្រះជន្ម៣៩ព្រះវស្សា ទ្រង់ប្រឈួនជាទំងន់ហើយសុគតទៅ។ ព្រះបរមរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតំកល់ក្នុងព្រះកោដ្ឋស្រេច ទើបអញ្ជើញព្រះសេរីរាជា ជាព្រះអនុជបន្ទាប់នោះឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា។ សាស្ត្រាវត្តកំពង់ត្រឡាចក្រោម មានដាក់សេចក្ដី ដូចតទៅនេះថា : "រាជពង្សាវតារ ដែលសំដែងព្រះនាមស្ដេច និងសករាជស្ដេចនោះ គឺតែងតាមអក្សរថ្ម ដែលស្ដេចព្រះសុគន្ធាធិបតី ព្រះនាមប៉ាន បានចំលងយកមកពីអក្សរថ្មនៅមហានគរ និង តាមរបាក្សត្រ ស្ដេចក្នុងព្រះរាជត្រកូល អស់ក្នុងអក្សរថ្មតែប៉ុណ្ណោះ។ អំពីនេះនឹងសំដែង តាមលំអាន ព្រះរាជពង្សាវតារ ដែលអ្នកប្រាជ្ញជាន់មុនចារឹកទុកមកនោះ ទុកជាលំដាប់តទៅ តែបើតាមសករាជក្នុងអក្សរថ្មនោះ ឃើញលឿនលើសទៅលើ តែលើសនោះ ខ្ញុំយល់ថា : ព្រោះពុំបានកាត់បច្ចុប្បន្នហេតុនោះ សូមអ្នកប្រាជ្ញទាំងឡាយ ពិចារណាតំរង់សេចក្ដីទៅ។


គោរម្យងារសំរាប់រាជ្យ
មុនដោយ
ស្រីសុរិយោពណ៌ទី២
ព្រះបាទសម្ដេច ព្រះរាជឱង្ការនៃកម្ពុជាធិបតី
គ.ស ១៤២៧-១៤៣៣
តដោយ
ស្រីរាជា

ឯកសារយោង[កែប្រែ]

  • [វិគីប្រភពដើម]
  • ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ (ភាគរឿងនិទាន)
  • ឯកសារមហាបុរសខ្មែរ