ស្រីរាជា

ពីវិគីភីឌា
Jump to navigation Jump to search
ស្រីរាជា
ព្រះបាទ
រជ្ជកាលគ.ស ១៤៦៩-១៤៨៦
រាជ្យមុននរាយណ៍រាជាទី១
រាជ្យបន្តស្រីសុរិយោទ័យទី២ និង ធម្មរាជាទី១
ស្វាមី/មហេសីអ្នកព្រះបរមចន្ទារពិសេស
បុត្រឱកញាឱង (សិលាចារឹកសម័យកណ្ដាល)
ព្រះនាមពេញ
​ព្រះរាជឱង្ការ ព្រះសេរីរាជា រាមាធិបតី ធម្មិកវរោត្តម បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ
វង្សអង្គជ័យ
សន្តតិវង្សទេវង្សអស្ចារ្យ
បិតាស្រីសុរិយោពណ៌ទី២
មាតាអ្នកម្នាងទេវី
ប្រសូតចតុម្មុខ
សុគតគ.ស ១៤៨៦
ស្រីអយុធ្យា
ព្រះសុសានសួគ៌លោក, អយុធ្យា

ព្រះបាទស្រីរាជា រឺ សេរីរាជា រឺ សិរីរាជា រជ្ជកាល (គ.ស ១៤៦៩-១៤៨៦) ទ្រង់ជាបុត្រទីពីរនៃព្រះបាទស្រីសុរិយោពណ៌ទី២ និងត្រូវជាព្រះភាតានឹងព្រះបាទនរាយណ៍រាជាទី១ និង ព្រះបាទធម្មរាជាទី១។ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ឱកញាឱង ដែលជាព្រះរាម (ឧកញាសួគ៌ាលោក) ប្រចាំខេត្តពោធិ៍សាត់ បានធ្វើការដណ្ដើមរាជ្យនឹងព្រះបាទចន្ទរាជា ដែលជាបុត្ររបស់ព្រះបាទស្រីធម្មរាជាទី១។ ព្រះបរមនាមសំរាប់រាជ្យ ​ព្រះរាជឱង្ការ ព្រះសេរីរាជា រាមាធិបតី ធម្មិកវរោត្តម បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ

ប្រវត្តិ[កែប្រែ]

ក្រោយពីរំដោះនគរពីកណ្ដាប់ដៅសៀមរួច ហើយ ព្រះបាទពញាយ៉ាតបានរៀបចំក្រុងចតុមុខ ហើយអោយព្រះរាជបុត្រទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ) ។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា។

សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម[កែប្រែ]

ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនរាយណ៍រាជា (បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅឆ្នាំ គ.ស ១៤៦៩ មក ជានិច្ចកាលតែងតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកំលាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបំរុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។

នៅឆ្នាំ ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចំបាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកំលាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកំចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រៈយង និងចន្ទបុរី។ នៅក្នុងចំបាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកំលាំងគ្នានឹងកងទ័ពជាតិដើម្បីកំចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចំបាំងនោះបានជំរុញឲ្យព្រះរាជាខ្មែរសំរេចព្រះទ័យវាយកំទេចកំលាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសំរេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទំងន់ និងដោយកងទ័ពខ្មែរថមថយកំលាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។

អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ[កែប្រែ]

ក្បួនរាជពង្សាវតារផ្សេងៗ សុទ្ធតែបាននិយាយពីអន្តរាគមន៍របស់សៀម ក្នុងជំលោះរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមន៍នោះឃើញថា មានបែបផែនខុសៗគ្នា។ ក្បួនខ្លះបញ្ជាក់ថា គឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀមនេះឯងដែលទៅពឹងកំលាំងសៀមដើម្បីដោះស្រាយបញ្ហាចំបាំងក្នុងគ្រួសារផង និងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង។ នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យទី២ជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសន្ធរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសំរាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចំបាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តអម្រគិរិន្ទបូរ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើតទន្លេធំ (មេគង្គ)វិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។ ការបែកបាក់គ្នា និងចំបាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សំលាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសំងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកំលាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកំលាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសំរុះសំរួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចំបាំងកំចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។ កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកំលាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសំរេចយកផ្លូវចរចាបញ្ចប់ចំបាំង។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សារទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសំរេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។ ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សារទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកឱកញាឱងជាបុត្រផ្ញើរនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យទី២ក៏ចូលទិវង្គតបន្តទៀត។ (ត្រង់នេះគួរតែ ស្ដេចសៀមនាម បរមត្រៃលោកនាថ ត្រូវជាងត្បិតក្នុងពង្សាវតារសៀម ចំណែកចក្រពត្រាធិរាជ ប្រសូតនៅឆ្នាំ១៥០៩ ទេក្នុងវិបត្តិនេះគេខ្ចីសាច់រឿងសតវត្សទី១៦ មកបំពេញចន្លោះព្រឹត្តិការណ៍សតវត្សទី១៥ ព្រោះសម័យនោះសៀមជាប់ចំបាំងនឹង លាននា ដូច្នេះខ្មែរប្រហែលឆ្លៀតឱកាសនេះច្បាំងយកខេត្តចាស់មកវិញ រឺ ក៏ថាព្រឹត្តិការណ៍នេះអាចគ្មាន រឺ ក៏នគរបានបែកជាបីរដ្ឋដរាបដល់ចន្ទរាជាឡើងសោយរាជ្យទើបរដ្ឋទាំងបីក្លាយជារាជាណាចក្រឯកភាពមួយវិញនៅសម័យលង្វែកយ៉ាងណា?)


គោរម្យងារសំរាប់រាជ្យ
មុនដោយ
នរាយណ៍រាជាទី១
ព្រះបាទសម្ដេចនៃក្រុងកម្ពុជាធិបតី
គ.ស ១៤៦៩-១៤៨៦
តដោយ
ធម្មរាជាទី១
មុនដោយ
នរាយណ៍រាជាទី១
ព្រះបាទសម្ដេចនៃក្រុងកំពង់សៀម
គ.ស ១៤៧៥–១៤៨៥
តដោយ
ស្រីសុរិយោទ័យទី២ និង ធម្មរាជាទី១