នាយករដ្ឋបាលក្រុង-ស្រុក
តួនាទី និងភារកិច្ចរដ្ឋបាលស្រុក-ក្រុង
[កែប្រែ]ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងត្រូវមាននាយករដ្ឋបាលមួយរូប ហៅថានាយករដ្ឋបាលសាលាស្រុក-ក្រុង។ នាយករដ្ឋបាលសាលាស្រុក-ក្រុងត្រូវមាននាយករងរដ្ឋបាលសាលាស្រុក-ក្រុងយ៉ាងច្រើនពីររូបជាជំនួយការ។
១.ការងារ និងភារកិច្ចរបស់នាយករដ្ឋបាលស្រុក-ក្រុង
[កែប្រែ]- ជាជំនួយការដល់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងអភិបាលស្រុក-ក្រុងក្នុងការចាត់ចែងកិច្ចការរដ្ឋបាល និងការធានានិរន្ដរភាពកិច្ចការរដ្ឋបាលប្រចាំថ្ងៃក្នុងសាលាស្រុក-ក្រុង។ ក្នុងការអនុវត្ដតួនាទីនេះ នាយករដ្ឋបាលសាលាស្រុក-ក្រុងត្រូវ ៖
- ធ្វើរបាយការណ៍ និងត្រូវមានគណនេយ្យភាពចំពោះគណៈអភិបាលស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន
- រៀបចំ និងដាក់ជូនគណៈអភិបាលស្រុក-ក្រុងពិនិត្យ សម្រេចនូវកិច្ចការរដ្ឋបាលប្រចាំថ្ងៃក្នុងសាលាស្រុក-ក្រុង ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់គណៈអភិបាលស្រុក-ក្រុង ហើយត្រូវធានាថា កិច្ចការទាំងនោះត្រូវបានរៀបចំឡើងស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងទម្រង់បែបបទនៃលិខិតស្នាមរដ្ឋបាល
- រៀបចំ និងដាក់ជូនគណៈអភិបាលស្រុក-ក្រុងនូវវិធានការ និងគោលការណ៍ក្នុងការអនុវត្ដដីកា និងសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
- ធ្វើជាសេនាធិការជូនអភិបាលស្រុក-ក្រុង និងប្រធានក្រុមប្រឹក្សាស្រុក-ក្រុង ក្នុងការត្រៀមរៀបចំសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង រួមទាំងការសម្របសម្រួលក្នុងការរៀបចំឯកសារ និងខ្លឹមសារសម្រាប់របៀបវារៈនីមួយៗនៃកិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង ស្របតាមបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សារបស់ខ្លួន។ សេចក្ដីព្រាងរបៀបវារៈ ឯកសារ និងខ្លឹមសារទាំងអស់ ដែលនាយករដ្ឋបាលសាលាស្រុក-ក្រុងបានរៀបចំ សម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាស្រុក-ក្រុង ត្រូវដាក់ជូនគណៈអភិបាលស្រុក-ក្រុង ដើម្បី ពិនិត្យ និងផ្ដល់យោបល់ជាមុន លើកលែងតែមានការកំណត់ផ្សេងដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
- ធ្វើជាសេនាធិការជូនក្រុមប្រឹក្សាស្រុក-ក្រុងក្នុងការរៀបចំ និងបែងចែកលិខិតអញ្ជើញប្រជុំ ការរៀបចំទីកន្លែងប្រជុំ និងកំណត់ហេតុគ្រប់កិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង
- ត្រៀមរៀបចំកិច្ចការនានា សម្រាប់បម្រើឱ្យកិច្ចប្រជុំទាំងអស់របស់គណៈអភិបាលស្រុក-ក្រុង តាមការណែនាំរបស់អភិបាលស្រុក-ក្រុង
- ធានាក្នុងការទទួល និងបែងចែកលិខិតស្នាម ឯកសារនានាឱ្យបានត្រឹមត្រូវដល់សមាជិកក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុង ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ការិយាល័យ និងអ្នកពាក់ព័ន្ធនានា
- គ្រប់គ្រង និងប្រើប្រាស់ត្រារដ្ឋបាលស្រុក-ក្រុងឱ្យបានត្រឹមត្រូវតាមការកំណត់
- ធានារក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងគង់វង្សនូវឯកសារ លិខិតបទដ្ឋានទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង និងរដ្ឋបាលរបស់ខ្លួន
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ភារកិច្ចពីក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង អភិបាលស្រុក-ក្រុង ឬដែលតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។
- មានសិទ្ធិចូលរួម និងបញ្ចេញយោបល់ក្នុងគ្រប់កិច្ចប្រជុំក្រុមប្រឹក្សាស្រុក-ក្រុង កិច្ចប្រជុំគណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងក្នុងកិច្ចប្រជុំគណៈអភិបាលស្រុក-ក្រុង ប៉ុន្ដែពុំមានសិទ្ធិបោះឆ្នោតអនុម័តឡើយ លើកលែងតែនាយករដ្ឋបាលសាលាស្រុក-ក្រុងជាសមាជិកគណកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារណាមួយនោះ
- ក្នុងការចូលរួមក្នុងកិច្ចប្រជុំ និងការអនុវត្ដការងារប្រចាំថ្ងៃ នាយករដ្ឋបាលសាលាស្រុក-ក្រុងអាចផ្ដល់យោបល់ដល់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន អំពីបញ្ហាច្បាប់ និងបច្ចេកទេស ដើម្បីធានាថាសេចក្ដីសម្រេច និងសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងអភិបាលស្រុក-ក្រុងមានលក្ខណៈសមស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ព្រមទាំងបទដ្ឋានជាតិ សម្រាប់សុវត្ថិភាព និងគុណភាពដែលបានកំណត់ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងសាលាស្រុក-ក្រុង
- ត្រូវធានាឱ្យការិយាល័យ មន្ដ្រី បុគ្គលិកទាំងអស់អនុវត្ដការងារបានត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដ នីតិវិធីនានា និងតាមការសម្រេចរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន។
គណៈអភិបាលស្រុក-ក្រុង និងអភិបាលស្រុក-ក្រុង អាចធ្វើប្រតិភូកម្មដល់ នាយករដ្ឋបាលសាលាស្រុក-ក្រុងឱ្យលើកយោបល់លើកិច្ចការណាមួយ ដែលស្ថិតក្នុងវិសាលភាពនៃតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីគណៈអភិបាលស្រុក-ក្រុង ឬអភិបាលស្រុក-ក្រុង ពិនិត្យ សម្រេចតាមការចាំបាច់។