នាវាលាច្រាំង
នាវាលាច្រាំង
ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក អ៊ែលប៊ុណ្ណា
១/ នាវាលាច្រាំង ថ្ងៃចាំងក្តៅហែង ចិត្តអើយចំបែង ទឹកភ្នែកប្រឡែងរង្វង់ភក្ត្រា ក្រុងភ្នំពេញធ្លាប់ថ្នមសុខា ឥលូវក្លាយវាលមរណា កំណប់សាវតារឧក្រិដ្ឋ។
២/ នាវាលាទៅពៅយំទន្ទេញ ឱរាទោម្នេញ គ្មានទេវិលវិញជួបស្នាមអតីត លាស្នេហ៍ដែលធ្លាប់នែបនិត្យ លាហើយលាភពឧក្រិដ្ឋ សម្លាប់ដួងចិត្តដ៏ស្មោះ។
បន្ទរ. លា! លាហើយ! លាហើយ! លាហើយ! លាគ្មានថ្ងៃវិលវិញឡើយ លាគ្មានសោកស្តាយស្រណោះ លាភពឬស្យាអសប្បុរស លាគ្មានអាឡោះ លាភាពអសុរស អប្រិយ។
៣/ នាវាលាចេញលែងអាល័យត្រើយ លាស្នេហ៍បងហើយ ជួតទឹកភ្នែកស្បើយ ញញឹមជាថ្មី សង្ឃឹមស្អែកនាំនូវសិរី ជីវិតសុខសាន្តមេត្រី ផុតកម្មអវិចីរៀងអើយ។
វាចាអ្នកនិពន្ធ៖
ខ្ញុំបាននិពន្ធបទនេះ នៅថ្ងៃ៦ វិច្ឆិកា១៩៧៩ រត់ឆ្លេឆ្លាគេចពីគ្រោះថ្នាក់បណ្តើរ គិតខ្សិបៗក្នុងចិត្ត រកទំនុកបទបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ ពេលធ្វើដំណើរកាត់ព្រៃ កាត់បន្លា កាត់មីនមហន្តរាយ ចោរប្លន់ និងពពួកកងទ័ព បីបួនមុំ ដែលកំពុងប្រយុទ្ធតតាំងគ្នា នៅភូមិភាគពាយ័ព្យ នៃខេត្តបាត់ដំបង។ ខ្ញុំសរសេរបទនេះ មិនមែនដើម្បីលាជាតិ លាមាតុភូមិរបស់ខ្លួនទេ តែខ្ញុំកំពុងច្រៀងលាភាពឧក្រិដ្ឋ ក្នុងសន្តានចិត្ត របស់បងប្អូនខ្មែរយើង ដែលកំពុងស៊ីសាច់ហុតឈាមគ្នា ទៅវិញទៅមក តែសាច់ឯងឈាមឯង លែងមានចិត្តស្រឡាញ់គ្នា ជាញាតិជាសន្តាន ឈាមជ័រតែមួយ នៅលើទឹកដីខ្មែរ ដូចគ្នា។ ក្រោយៗមក បទនេះ បានត្រូវគេយកទៅផលិត ជាបទចម្រៀង ចាក់នៅក្នុងរឿងល្ខោននិយាយ នៅតាមជំរុំទល់ដែន និងនៅអាមេរិក ជំនាន់ឆ្នាំ១៩៨០។ ប៉ុន្មានឆ្នាំកន្លងទៅនេះ បទនេះ បានត្រូវគេយកទៅសម្រួល ពាក្យពេចន៍ ខ្លះៗ ដោយប្តូរទៅជា បទមនោសញ្ចេតនា ស្នេហារវាងបុរសស្ត្រីវិញ ព្រោះអ្នកច្រៀង មិនបានយល់ អត្ថន័យដើមរបស់ទំនុកច្រៀង ដែលខ្ញុំបានសរសេរ។